Wednesday, 20 November 2024

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​មួយ​ថា ពលរដ្ឋ​កម្ពុជា​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​អាហារ​ដើម្បី​សង​បំណុល​ធនាគារ

Khmer Circle

Are not the Cambodian people supposed to be living in the glorious era of Peace, Prosperity and Development of Samdach Techo? So why are they told to tighten their belts then?!

^^^

ដោយ ប្រាជ្ញ ចេវ
2024.11.19

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​មួយ​ថា ពលរដ្ឋ​កម្ពុជា​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​អាហារ​ដើម្បី​សង​បំណុល​ធនាគារ  
រូបឯកសារ៖ អ្នក​លក់​ដូរ​បន្លែ​​​នៅ​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA/Brach Chev

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ឈ្មោះ ៦០ ដេស៊ីបែល (60 Decibels) រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​លើ​អាហារ​ដើម្បី​ សន្សំ​ប្រាក់​សង​បំណុល​ធនាគារ​ និង​​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ដែល​ពលរដ្ឋ​ភាគ​ច្រើន​កំពុង​ជាប់ជំពាក់។ ​​​​​​

ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ឈ្មោះ ៦០ ដេស៊ីបែល​ ដែល​ធ្វើ​ការ​ស្រាវជ្រាវ​​​ទៅ​លើ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​​នៅ​កម្ពុជា​​បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​នៅ​​ខែ​​​​វិច្ឆិកា ​ថា ប្រជាជន​កម្ពុជា​​​​មាន​ចំណេះ​ដឹង​ទាប​ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​​​​​​​ក្នុង​តំបន់​ និង​នៅ​លើ​ពិភព​លោក​ពាក់​ព័ន្ធ​នឹង ​ប្រាក់​កម្ចី​​ ភាព​យុត្តិធម៌​ភ្នាក់ងារ និង​ជម្រើស។

របាយការណ៍​នៃ​​ការ​ស្រាវជ្រាវ​នេះ​រក​ឃើញ​ថា ទីផ្សារ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​​មាន​ចំនួន​កើន​ឡើង​​លើស​ពី​តម្រូវការ​​ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បំណុល​ហួសហេតុ ​​ហើយ​​​នាំ​ឱ្យ​មាន​ការ​យល់​ឃើញ​ថា មីក្រូហិរញ្ញវត្ថុ​បាន​ធ្វើ​​ឱ្យ​​ពលរដ្ឋ​​មាន​​ជីវភាព​​កាន់​តែ​ក្រីក្រ​ជាង​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ។ កម្ពុជា​​​មាន​អ្នក​ខ្ចី​លុយ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​​​ជាង​៣​លាន​នាក់​ ​ ដែល​ធ្វើ​ឱ្យ​​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​​បំណុល​មីក្រូហិរញ្ញវត្ថុ​កម្រិត​ខ្ពស់​​លើស​ពី​​ប្រាក់​ចំណូល​​ដែល​ទទួល​បាន។

 

ការ​ស្រាវជ្រាវ​នេះ​​ឱ្យ​ដឹង​ទៀត​ថា ស្ថានភាព​​​ នេះ​បាន​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​​ខ្លាំង​​អំពី​ស្ថានភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដោយ​អំពាវនាវ​ឱ្យ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវ​ការ​សម្រាប់​ការ​ការពារ​អតិថិជន ឱ្យ​កាន់​តែ​រឹងមាំ ​ការ​អនុវត្ត​ការ​ផ្ដល់​ប្រាក់​កម្ចី​ប្រកប​ដោយ​និរន្តរភាព និង​ការ​ត្រួត​ពិនិត្យ​បទប្បញ្ញត្តិ​កាន់​តែ​តឹងរ៉ឹង។

ការ​ពី​ឆ្នាំ​មុន​ស្ថាប័ន​ស្រាវជ្រាវ​ ៦០ដេស៊ីបែល រក​ឃើញ​​​ថា អតិថិជន​កម្ពុជា​​​​​​​មាន​តែ ​៦%​ ភាគរយ​ដែល​បាន​លើក​ឡើង​ថា ជីវភាព​របស់​​ពួកគាត់​មាន​ភាព​ប្រសើរ​ឡើង​បន្ទាប់​ពី​ខ្ចី​លុយ​មីក្រូហិរញ្ញវត្ថុ​ ខណៈ​ដែល​​អតិថិជន​​ចំនួន​ ៣៩​ភាគរយ​ទៀត​អះអាង​ថា​​ ពួកគាត់​ បាន​ជួប​ប្រទះ​នឹង​ការ​កើន​ឡើង​នូវ​ការ​ព្រួយ​បារម្ភ​ផ្នែក​ហិរញ្ញវត្ថុ។ ការ​រក​ឃើញ​ទាំង​នេះ​បាន​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​​ក្រីក្រ​ជាង​ប្រទេស​នៅ​តំបន់​អាស៊ាន​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​​កំពុង​កាត់​បន្ថយ​លើ​ថ្លៃ​អាហារ​ដើម្បី​​​ទុក​លុយ​សង​ធនាគារ។

អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​លោក កាំង តុងងី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​ទាន់​អាច​ឆ្លើយ​តប​ភ្លាមៗ ​បាន​នៅ​ឡើយ​ទេ​ ដោយ​លោក​ត្រូវ​អាន​របាយការណ៍​ស្រាវជ្រាវ​ជា​មុន​សិន។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ប្រធាន​អង្គភាព​​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​ លោក ​ប៉ែន​ បូណា​ បាន​ទេ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​​​ថា ការ​រក​ឃើញ​នេះ​គឺ​ដូច​គ្នា​នឹង​ការ​រក​ឃើញ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ដែរ​​​​ដោយ​បាន​រក​ឃើញ​ថា ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ធ្លាក់​ក្នុង​បំណុល​ធ្ងន់ធ្ងរ។ លោក​ថា ការ​ជាប់​បំណុល​ធ្ងន់ធ្ងរ​នេះ​បាន​ធ្វើ​ឱ្យ​​​មាន​ករណី​កេង​​​​​ប្រវ័ញ្ច​​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាក​ស្រុក​ ការ​បង្ខំ​លក់​​ផ្ទះសម្បែង​ និង​ការ​កាត់​បន្ថយ​អាហារ​បរិភោគ​ជា​ដើម។

លោក អំ សំអាត«ជា​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​​ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​រឿង​ហ្នឹង​​​ ហើយ​ថា​ទី​មួយ​ត្រូវ​បញ្ឈប់​ការ​​លក់​ដី​ដោយ​បង្ខំ​ ហើយ​ទី​ពីរ​ត្រូវ​ប្រើ​សិទ្ធិ​នៃ​កូន​បំណុល​ត្រូវ​អនុវត្ត​ ហើយ​ទី​៣​មិន​ត្រូវ​មាន​ការ​គំរាម​កំហែង​ការ​បំភិត​បំភ័យ​ណា​មួយ​ទៅ​ដល់​អ្នក​ខ្ចី»

កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ អង្គការ​លីកាដូ (Licadho) និង​អង្គការ​សមធម៌​កម្ពុជា​សិក្សា​រួមគ្នា​រក​ឃើញ​គ្រួសារ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​កាន់​តែ​ច្រើន​ឡើង។ របាយការណ៍​បង្ហាញ​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​លើស​ពី​​ ៨០ភាគរយ​ ជំពាក់​បំណុល​ធនាគារ​យ៉ាង​តិច​ ១​ស្ថាប័ន ក្នុង​នោះ​ពលរដ្ឋ​ ២​ភាគ​៣ អះអាង​ថា ពួកគាត់​​ជាប់​បំណុល​ធ្ងន់ធ្ងរ​លើស​ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់។

ដោយ​ឡែក​ របាយ​ការណ៍​ក្រុមហ៊ុន​ស៊ីប៊ីស៊ី​ (CBC) ដែល​ជា​ក្រុមហ៊ុន​កត់ត្រា​ទិន្នន័យ​នៃ​ទំហំ​ឥណទាន​របស់​រូបវន្តបុគ្គល​ គ្រឹះស្ថាន​ ឬ​សហ​គ្រាស ចេញផ្សាយ​កាល​ពី​ចុង​ខែ​មីនា ​​ថា​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២៣​ ពលរដ្ឋ​កម្ពុជា​ជិត​ ៥០%​ដែល​មាន​អាយុ​ ១៨​ឆ្នាំ​ឡើង​ ឬ​ប្រមាណ​ ៥​លាន​នាក់ ​បាន​ខ្ចី​លុយ​ពី​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ​ក្នុង​ទំហំ​ប្រមាណ​ ៥៧​ពាន់​លាន​ដុល្លារ​អាមេរិក៕

No comments: