2024.11.19
រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹងរុះរើគណៈរដ្ឋមន្ត្រីដោយដាក់ឱ្យអតីតរដ្ឋមន្ត្រីក្រសួងបរទេស និងបច្ចុប្បន្នជាអនុប្រធានព្រឹទ្ធសភា លោក ប្រាក់ សុខុន ឱ្យមកកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងការបរទេសសាជាថ្មី។ អ្នកវិភាគថា ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនៅក្រសួងការបរទេសនេះ ដោយសារតែលោក ប្រាក់ សុខុន ជាមនុស្សមានឥទ្ធិពលក្នុងជួរបក្សកាន់អំណាច និងឆ្អិនឆ្អៅផ្នែកនយោបាយការបរទេសជាងរដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក សុខ ចិន្តាសោនា ស្របពេលបញ្ហាលើកោះគុត រវាងកម្ពុជា និងថៃកំពុងឡើងកម្ដៅ។
លោក ប្រាក់ សុខុន នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសាជាថ្មី រីឯលោក សុខ ចិន្តាសោភា នឹងបន្តមានឋានៈជាឧបនាយករដ្ឋមន្ត្រីដដែល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ជុំវិញការបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ លើការបោះឆ្នោតផ្ដល់សេចក្ដីទុកលើការកែសម្រួល និងតែងតាំងសមាសភាពរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត លើមន្ត្រីចំនួន ២រូបនេះ។
ទាក់ទងនឹងរឿងនេះ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិមើលឃើញថា ការផ្លាស់ប្ដូរសមាសភាពគណៈរដ្ឋមន្ត្រីក្នុងក្រសួងការបរទេសនេះ ដោយសារតែលោក សុខ ចិន្តាសោភា ដែលកាន់តួនាទីជាង ១ឆ្នាំមកនេះ ពុំសូវមានឥទ្ធិពលក្នុងការសម្រេចចិត្តក្នុងរឿងសំខាន់ទាក់ទងនឹងគោលនយោបាយ និងបញ្ហានៃទំនាក់ទំនងជាមួយអន្តរជាតិ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែវិច្ឆិកាថា ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងការទេសលោក សុខ ចិន្តាសោភា ហាក់បរាជ័យក្នុងការរុញ និងអនុវត្តគោលនយោបាយកម្ពុជា ដែលផ្ដោតសំខាន់ក្នុងការចងសម្ពន្ធភាពនយោបាយ សេដ្ឋកិច្ច សង្គម ជាមួយអន្តរជាតិ។ ទោះជាយ៉ាងណាក្ដី លោកវាយតម្លៃថា គម្រោងរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លើកលោក ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសជាថ្មីនេះ ក៏លោកមិនរំពឹងថា សេដ្ឋកិច្ច និងការធ្វើទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសលោកសេរីមានភាពល្អប្រសើរ និងជោគជ័យដែរ ដោយសារតែកម្ពុជាកំពុងរួបរឹតទៅដោយបញ្ហាឧក្រិដ្ឋកម្ម បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យដើរថយក្រោយ អំពើពុករលួយ និងបក្ខពួកនិយមជាដើម។
ទោះជាបែបនេះក្ដី លោក សេង វណ្ណលី យល់ថា ការផ្លាស់ប្ដូរឱ្យលោក ប្រាក់ សុខុន មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជាថ្មី ក៏អាចជារឿងសំខាន់សម្រាប់គណបក្សកាន់អំណាច ស្របពេលបញ្ហាតំបន់កោះគុត ដែលភាគីកម្ពុជា និងថៃចាត់ទុកជា «តំបន់ត្រួតស៊ីគ្នា» នោះកំពុងកើនឡើងកម្ដៅ ដោយសារតែក្រុមគណបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិក្នុងការទាមទារអធិបតេយ្យមួយភាគធំលើកោះគុតនេះ ដោយផ្អែកតាមសន្ធិសញ្ញាបារាំង-សៀម កាលពីឆ្នាំ១៩០៧។
លោក សេង វណ្ណលី៖ ៖«ក្រសួងការបរទេស ដែលដឹកនាំដោយឯកឧត្ដម ប្រាក់ សុខុន កាលពីសម័យមុនយើងឃើញថា រដ្ឋាភិបាលបានព្យាយាមចាក់បញ្ចូលឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងចាក់បំបែកអ្នកប្រជាធិបតេយ្យទាំង កឹម សុខា និយម និង សម រង្ស៊ី និយមនៅបរទេសឱ្យខ្ចាត់ខ្ចាយ ក៏ប៉ុន្តែ ស្ថានភាពក្រោយៗ មកនេះ ក្រោមការគ្រប់គ្រងដោយឯកឧត្ដម សុខ ចិន្តាសោភា កំណើនអ្នកធ្លាប់ចូលជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ ចាប់ផ្ដើមវិលមករួបរួមសាជាថ្មីមូលហេតុគឺ ដោយសារតែបញ្ហាគម្រោង (CLV) នេះជាចំណុចមួយ ដែលធ្វើឱ្យជនជាតិបរទេសមានកំណើតខ្មែរនៅទូទាំងពិភពលោក វិលមកសាមគ្គីគ្នាជាថ្មី ដើម្បីជំរុញឱ្យរដ្ឋាភិបាលត្រួតពិនិត្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាពិសេស ក្របខ័ណ្ឌ (CLV) និងថ្មីៗ នេះ បញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ឬបញ្ហាកោះគុត ហាក់ក្លាយជាប្រធានបទក្ដៅ។ ចំណុចទាំងនេះ ខ្ញុំគិតថា ជាប្រធានបទមួយ ដែលឯកឧត្ដម ប្រាក់ សុខុន កាន់កាប់ក្រសួងការបរទេសហាក់មានភាពជោគជ័យ ប៉ុន្តែ ក្រោមការគ្រប់គ្រងរបស់ឯកឧត្ដម សុខ ចិន្តាសោភា នៅតែបន្តបន្ទាត់គោលនយោបាយចាស់ ហាក់បីដូចជាមិនមានអ្វីដែលថ្មី»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះ ប៉ុន្តែ ទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៩ ខែវិច្ឆិកា។
លោក ប្រាក់ សុខុន គឺជាអ្នកនយោបាយការទូតជាន់ខ្ពស់ និងជាមនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣។ លោកក៏ត្រូវបានគេមើលឃើញថា ជាបុគ្គលប្រកាន់បក្ខពួកនិយម និងជាមនុស្សគន្លឹះម្នាក់ ការពារគណបក្សកាន់អំណាចក្នុងការវាយបក និងបញ្ចេញប្រតិកម្មនានា នៅពេលអន្តរជាតិថ្កោលទោសកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ។
អ្នកឃ្លាំមើលរិះគន់ថា ទោះបីជាលោក ប្រាក់ សុខុន មានបទពិសោធន៍ឆ្អិនឆ្អៅផ្នែកកិច្ចការបរទេស និង នយោបាយការទូតទំនងជាលោកក៏មិនអាចរួមចំណែកក្នុងការទាញឱ្យកម្ពុជារក្សាបាននូវជំហរនយោបាយឯករាជ្យ និងមានទំនាក់ទំនងល្អផ្នែកនយោបាយការទូត និងសេដ្ឋកិច្ចជាមួយប្រទេសលោកសេរីដែរ ដោយសារតែការសម្រេចចិត្តធំៗ លើគោលនយោបាយ និងកិច្ចការងារពាក់ព័ន្ធនឹងអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងសេដ្ឋកិច្ចជាដើម មានតែរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន មានអំណាចខ្លាំងក្នុងការអនុម័ត ឬធ្វើសេចក្ដីសម្រេចចិត្តដោយខ្លួនឯង។
ចាប់តាំងពីឡើងកាន់អំណាចនៅខែសីហា ឆ្នាំ២០២៣ រហូតដល់ពេលនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានរុះរើគណៈរដ្ឋមន្ត្រីចំនួនពីរលើកមកហើយ ដោយលើកទី១ គឺការផ្លាស់ប្ដូរអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក សុខ សូកេន ពីក្រសួងទេសចរណ៍ កាលពីខែកញ្ញា ឱ្យទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងអតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ ឱ្យមកធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍វិញ និងលើកទី២គឺការដាក់លោក ប្រាក់ សុខុន ឱ្យជំនួសលោក សុខ ចិន្តាសោភា នៅពេលនេះ៕
No comments:
Post a Comment