Saturday, 23 November 2024

ពលរដ្ឋ​រិះគន់​មេដឹកនាំ​ពីរ​នាក់​ឪពុក និង​កូន​ត្រកូល «ហ៊ុន» ថា មិន​ហ៊ាន​និយាយ​រឿង​កោះ​គជ់​ជាមួយ​ថៃ តែ​បែរ​មក​គំរាម​ពលរដ្ឋ​ខ្លួន​ឯង

 

ដោយ ហ៊ុំ ចំរើន
2024.11.22

ពលរដ្ឋ​រិះគន់​មេដឹកនាំ​ពីរ​នាក់​ឪពុក និង​កូន​ត្រកូល «ហ៊ុន» ថា មិន​ហ៊ាន​និយាយ​រឿង​កោះ​គជ់​ជាមួយ​ថៃ តែ​បែរ​មក​គំរាម​ពលរដ្ឋ​ខ្លួន​ឯង  
លោក ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក ហ៊ុន សែន ប្រធានព្រឺទ្ធសភា
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ​ហួស​ចិត្ត​នឹង​មេ​ដឹកនាំ​រដ្ឋាភិបាល​ពីរ​នាក់​ឪពុក និង​កូន​ត្រកូល «ហ៊ុន» ដែល​មិន​ហ៊ាន​បក​ស្រាយ​ពី​គោលជំហរ​ក្នុង​ការ​លើក​យក​រឿង​កោះ​គជ់ ទៅ​និយាយ​ជាមួយ​ថៃ ប៉ុន្តែ​បែរ​ជា​មក​ជះ​កំហឹង​លើ​អ្នក​បញ្ចេញ​មតិ​ក្នុង​រឿង​នេះ និង​ចោទ​ថា​ជា​អ្នក​ប្រឆាំង​ជ្រុលនិយម និង​គំរាម​មិន​ឱ្យ​និយាយ​រឿង​នេះ​ទៅ​វិញ។ ពួក​គាត់​យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​មេ​ដឹកនាំ​ពីរ​នាក់​ឪពុក និង​កូន​ក្នុង​រឿង​ជម្លោះ​ដែន​សមុទ្រ និង​បញ្ហា​កោះ​គជ់​នេះ គ្មាន​ភាព​ច្បាស់លាស់​នោះ​ទេ ដោយ​ឪពុក និង​កូន​ទាំងពីរ ហាក់​ព្យាយាម​និយាយ​បង្វែរ​បញ្ហា​នេះ ផ្អែក​តាម​ហេតុផល​ម្យ៉ាង​ម្នាក់។

ទោះបី​មេដឹកនាំ​ទាំងពីរ​រូប​នៃ​គ្រួសារ​ត្រកូល «ហ៊ុន» ចេញ​មក​និយាយ​ព្រមៗ គ្នា ដោយ​មាន​ទាំង​ការ​គំរាម​ផង និង​ការ​ធានា​អះអាង​ផង ទៅលើ​បញ្ហា​ដែនសមុទ្រ និង​កោះ​គជ់​យ៉ាងណាក្ដី ប្រជាពលរដ្ឋ​មួយ​ចំនួន នៅតែ​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​នឹង​អាច​ទាមទារ​អធិបតេយ្យ​ខ្លួន​ត្រឡប់​មកវិញ​បាន​ឡើយ។

ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង លោក យ័ន សេងយឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២២ ខែវិច្ឆិកា​ថា ការ​លើក​ឡើង​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​កូនប្រុស​ដែល​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត គឺជា​ការ​និយាយ​កុហក ដើម្បី​គេចវេះ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក យ័ន សេងយឿន មិន​ជឿ​ថា មេ​ដឹកនាំ​ឪពុក និង​កូន​ត្រកូល «ហ៊ុន» នឹង​លើក​យក​រឿង​កោះ​គជ់​ទៅ​និយាយ​ជាមួយ​ថៃ​នោះ​ទេ ដោយសារ​គ្រួសារ​ត្រកូល​ហ៊ុន ត្រូវការ​ពឹង​ពាក់​អំណាច​នយោបាយ​របស់​មេដឹកនាំ​ត្រកូល​ថាក់ស៊ីន ដើម្បី​ពង្រឹង​អំណាច និង​បង្ក្រាប​អ្នក​ប្រឆាំង​កម្ពុជា ដែល​កំពុង​ជ្រកកោន​នៅ​លើ​ទឹកដី​ថៃ។

លោក យ័ន សេងយឿន៖ «ប៉ុន្តែ បើ​ឱ្យ ហ៊ុន សែន ប្ដឹង​ហ្មង គឺ ហ៊ុន សែន គ្មាន​ឥទ្ធិពល​ទេ ខ្ញុំ​ជឿជាក់​ថា​អ៊ីចឹង ហើយ​ក៏​មិន​អាច​យក​កេង​ចំណេញ​នយោបាយ​ថា ដោះស្រាយ​កោះ​គជ់​ហ្នឹង ដើម្បី​ស្ដារ​កិត្តិយស​ឡើង​វិញ ក៏​មិន​អាច​ដែរ»

 

ការ​ថ្លែង​របស់​ពលរដ្ឋ​រូប​នេះ ធ្វើឡើង​បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន និង​កូនប្រុស​ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា បាន​ចេញ​បក​ស្រាយ​ព្រម​គ្នា​ទៅលើ​បញ្ហា​ដែន​សមុទ្រ​កម្ពុជា-ថៃ និង​បញ្ហា​កោះ​គជ់ បន្ទាប់ពី​រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ និង​អ្នក​ឃ្លាំមើល​ថា មាន​ភាព​ស្ងៀមស្ងាត់ និង​គ្មាន​គោលជំហរ​ច្បាស់លាស់​ក្នុង​ការ​លើក​យក​រឿង​កោះ​គជ់ ទៅ​ជជែក​ជាមួយ​ថៃ។

ក្នុង​នោះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ហៅ​អ្នក​ដែល​លើក​យក​បញ្ហា​កោះគជ់ មក​ជជែក​ថា​ជា​ក្រុម​ប្រឆាំង​ជ្រុលនិយម ដែល​លោក​ប្រដូច​ទៅ​នឹង​សុភាសិត «ដំបៅ​មិន​ឈឺ យក​ឈឺ​ចាក់» ហើយ​លោក​បាន​ព្រមាន​ថា​នឹង​បង្កើត​ច្បាប់​ភេរវកម្ម ហើយ​បញ្ចូល​ឈ្មោះ​បុគ្គល​ទាំងនោះ​ចូល​ក្នុង​បញ្ជី​ភេរវករ​ទៀត​ផង។

ខុស​គ្នា​បន្តិច​ពី​ឪពុក​ដែល​តែងតែ​ប្រើប្រាស់​ភាសា​បែប​ហិង្សា​និយម និង​គំរាមកំហែង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ជា​កូន បាន​បកស្រាយ​ថា ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល​លើ​បញ្ហា​កោះ​គជ់​នេះ គឺ​ដោយសារ​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ ដោយ​កម្ពុជា​នឹង​ចរចា​តែ​ក្នុង​លក្ខខណ្ឌ​ផ្លូវការ ផ្អែក​លើ​យន្តការ​ដោះស្រាយ​ជាក់លាក់​ជាមួយ​ថៃ​តែប៉ុណ្ណោះ។

ទោះជា​បែបនេះ​ក្ដី នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) បាន​អះអាង​ថា នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុង​កិច្ចប្រជុំ​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​អ្នកស្រី​ថា «កម្ពុជា​មិន​មាន​បញ្ហា​នឹង​រឿង​កោះ​គជ់​នោះ​ទេ ហើយ​កម្ពុជា​នឹង​ជួយ​ដល់​ថៃ ប្រសិន​បើ​ត្រូវការ​ការ​សហការ​ពី​កម្ពុជា​ក្នុង​កិច្ចព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា (MOU)»

អតីត​ពលករ​ធ្វើការ​នៅ​លើ​កោះ​គជ់ លោក ប៊ុន សុបណ្ណ សង្ស័យ​ថា រដ្ឋាភិបាល​ជំនាន់​លោក ហ៊ុន សែន បាន​ប្រគល់​កោះ​គជ់​ទៅ​ឱ្យ​ថៃ ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​ថៃ​បាន​គ្រប់គ្រង និង​អភិវឌ្ឍ​នៅ​លើ​កោះ​នេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ប៉ុន្តែ​មិនដែល​ឃើញ​រដ្ឋាភិបាល​កម្ពុជា ចេញ​មក​អះអាង ឬ​ធ្វើ​កិច្ច​អន្តរាគមន៍​អ្វី​ឡើយ ហើយ​ទើប​តែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​រឿង​កោះ​គជ់​នេះ ចាប់ផ្ដើម​កក្រើក​ឡើង​វិញ ដោយ​ចេញ​ពី​ប្រទេស​ថៃ។

លោក ប៊ុន សុបណ្ណ៖ «ខ្ញុំ​មិន​ដឹង​ថា​របស់​យើង​ផង​ហ្នឹង ទើប​តែ​ពេល​នេះ​បែក​ធ្លាយ​មក មើល​ឃើញ​ការ​គូរ​សរសេរ និង​ឃើញ​ឈ្មោះ​កោះ​ទាំង​អស់​ហ្នឹង បាន​ដឹង​ថា​អានេះ​ជា​កោះ​របស់​ខ្មែរ។ អ៊ីចឹង មាន​ន័យ​ថា គេ​គ្រប់គ្រង​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ហើយ យើង​អត់​ដឹង​ផង​ហ្នឹង។ អ៊ីចឹង ទី​មួយ រដ្ឋាភិបាល​មាន​បំណង​ក្នុង​ការ​លាក់លៀម​ពី​ពលរដ្ឋ​មិន​ឱ្យ​ដឹង​ជាច្រើន ហើយ​ជាពិសេស មិន​ឱ្យ​ដឹង​ពី​ប្រវត្តិសាស្ត្រ មិន​ឱ្យ​កូន​ខ្មែរ​ហ្នឹង រៀន​បាន​ដឹង​ទឹកដី​ខ្មែរ​មាន​កោះ មាន​ព្រៃ ទឹកដី​សមុទ្រ​ឈូង​ហ្នឹង ដល់​ចំណុច​ណា អត់​ឱ្យ​កូនខ្មែរ​រៀន​ទេ»

បើ​តាម​ការ​ចុះផ្សាយ​របស់​ការិយាល័យ​អភិវឌ្ឍ​សហគមន៍​កោះ​គជ់ របស់​អាជ្ញាធរ​ថៃ បាន​អះអាង​ថា រដ្ឋាភិបាល​ថៃ បាន​ដាក់​កោះ​គជ់​ឱ្យ​ក្លាយ​ជា​ឃុំ​មួយ ស្ថិត​ក្នុង​ខេត្ត​ត្រាត កាល​ពី​ឆ្នាំ១៨៨០ ប៉ុន្តែ​ដោយសារ​កោះ​មួយ​នេះ មាន​ទីតាំង​ឆ្ងាយ​ពី​ខេត្ត​ត្រាត (Trat) និង​ជិត​ទឹកដី​ខេត្ត​កោះកុង របស់​កម្ពុជា ទើប​រដ្ឋាភិបាល​ថៃ បាន​បង្កើត​គោលនយោបាយ​សន្តិសុខ និង​ដំឡើង​កោះ​គជ់​ទៅ​ជា​ស្រុក​កាលពី​ឆ្នាំ១៩៩០។

ខណៈ​មេដឹកនាំ​កម្ពុជា គំរាម​មិន​ឱ្យ​ពលរដ្ឋ​ខ្លួន​និយាយ​រឿង​កោះ​គជ់​នោះ នៅ​ក្នុង​ប្រទេស​ថៃ​ឯណោះ​វិញ គណបក្ស​ប្រឆាំង​របស់​ថៃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០ម៉ឺន​នាក់ បាន​ចុះ​ហត្ថលេខា​ឱ្យ​រដ្ឋាភិបាល​របស់​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) ដក​ខ្លួន​ចេញ​ពី​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១(MOU44)ជាមួយ​កម្ពុជា ព្រោះ​មិន​ទុក​ចិត្ត ដោយសារ​គ្រួសារ​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា ដែល​អាច​ធ្វើ​ឱ្យ​ការ​ចរចា​បង្កប់​នូវ​អំពើ​ពុករលួយ។

ទោះជា​យ៉ាងណា នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន អះអាង​ថា ការ​ចរចា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ នៅតែ​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុជា និង​ថៃ ហើយ​ការ​ចរចា​នេះ មិន​រួម​បញ្ចូល​កោះ​គជ់​នោះ​ឡើយ។ អ្នកស្រី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​នឹង​បង្កើត​គណៈកម្មការ​ជំនាញ​ដើម្បី​ចរចា​ជាមួយ​កម្ពុជា មិន​ឱ្យ​លើស​ពី​ខែ​វិច្ឆិកា នេះ​ឡើយ។

កិច្ច​ចរចា​នៃ​ការ​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​រវាង​កម្ពុជា-ថៃ នៅ​តំបន់​នេះ បាន​ជាប់​គាំង​ជាង ២០ឆ្នាំ​មក​ហើយ ដែល​បាន​ប្រែក្លាយ​ជា​ចំណុច នៃ​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ កិច្ច​ចរចា​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​នោះ តាំងពី​ខែមិថុនា ឆ្នាំ២០០១ ប៉ុន្តែ ត្រូវ​បាន​ផ្អាក​ក្នុង​ពេល​ថៃ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ២០០៩ ខណៈ​កិច្ចចរចា​បាន​ផ្អាក​ម្ដង​ទៀត កាលពី​ចុង​ឆ្នាំ២០១៩ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

ទាក់ទិន​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា កោះ​គជ់​មិនមែន​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ថៃ​ឡើយ ព្រោះ​ការ​អះអាង​របស់​ថៃ​ពី​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​កោះ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា។ លោក​បន្ត​ថា ក្នុង​ស្ថានភាព​នេះ ថ្នាក់ដឹកនាំ​ត្រូវតែ​ផ្ដល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​ថា រដ្ឋាភិបាល នឹង​ព្យាយាម​ចរចា​យក​កោះ​គជ់​ត្រឡប់​មកវិញ និង​ដាក់​កោះ​គជ់​ជា​តំបន់​ស បណ្ដោះអាសន្ន​សិន ដោយ​មិន​ត្រូវ​ឱ្យ​ភាគី​ថៃ​កាន់កាប់​ផ្ដាច់មុខ​បែបនេះ​ឡើយ។

លោក សេង វណ្ណលី៖ «ចំណុច​ទាំង​នេះ ខ្ញុំ​យល់​ថា លោក​នាយក​រដ្ឋមន្ត្រី គួរ​តែ​ពិចារណា​ឡើង​វិញ ហើយ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​វិភាគ គឺ​ចង់​ឃើញ​ឱ្យ​មាន​តម្លាភាព ចង់​ឃើញ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ឱ្យ​ច្បាស់លាស់ ហើយ​បង្ហាញ​អំពី​តម្លាភាព​ថា តើ​ពីរ​ភាគ​បី នៃ​កោះ​គជ់​ពិត​ជា​របស់​កម្ពុជា​ដែរ​ឬ​ទេ? ដោយសារ​តែ​រដ្ឋាភិបាល​មាន​អ្នក​ជំនាញ​ព្រំដែន ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក។ ដូច្នេះ គួរតែ​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក ឱ្យ​មក​បកស្រាយ ពន្យល់ បំភ្លឺ​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​កោះ​គជ់​នឹង​តំបន់​ត្រួត​ស៊ីគ្នា»

ប្រជាពលរដ្ឋ ចង់​ឃើញ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល មាន​គោលជំហរ​រឹងមាំ និង​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ មិនមែន​ការ​គំរាមកំហែង​បំបិទ​មាត់​ពួកគាត់​មិន​ឱ្យ​ខ្វល់ខ្វាយ​នឹង​បញ្ហា​ប្រទេសជាតិ​បែបនេះ​ឡើយ៕

1 comment:

Anonymous said...

Hun Sen’s principles to stay in power the longest in the world:

1- “Kampuchea Oss Ey Oss Touv, EBA, GSP, Oss Koh (island) Ey Oss Touv, Oss PonMarn Khet (province) Oss Touv, Kom Oy Teh Anh Oss Amnach”.

2- Khmer Ngorp PonMarn Kor Ngorp Touv, Kamtich Oy Ktich, Kom Oy Teh Anh Oss Amnach”.

In Hun Sen’s language: “ Reaksa Sante Pheap Oy Barn Tuos Knong Damley Na Kor Doy”.