2024.11.22
ពលរដ្ឋហួសចិត្តនឹងមេដឹកនាំរដ្ឋាភិបាលពីរនាក់ឪពុក និងកូនត្រកូល «ហ៊ុន» ដែលមិនហ៊ានបកស្រាយពីគោលជំហរក្នុងការលើកយករឿងកោះគជ់ ទៅនិយាយជាមួយថៃ ប៉ុន្តែបែរជាមកជះកំហឹងលើអ្នកបញ្ចេញមតិក្នុងរឿងនេះ និងចោទថាជាអ្នកប្រឆាំងជ្រុលនិយម និងគំរាមមិនឱ្យនិយាយរឿងនេះទៅវិញ។ ពួកគាត់យល់ឃើញថា ការលើកឡើងរបស់មេដឹកនាំពីរនាក់ឪពុក និងកូនក្នុងរឿងជម្លោះដែនសមុទ្រ និងបញ្ហាកោះគជ់នេះ គ្មានភាពច្បាស់លាស់នោះទេ ដោយឪពុក និងកូនទាំងពីរ ហាក់ព្យាយាមនិយាយបង្វែរបញ្ហានេះ ផ្អែកតាមហេតុផលម្យ៉ាងម្នាក់។
ទោះបីមេដឹកនាំទាំងពីររូបនៃគ្រួសារត្រកូល «ហ៊ុន» ចេញមកនិយាយព្រមៗ គ្នា ដោយមានទាំងការគំរាមផង និងការធានាអះអាងផង ទៅលើបញ្ហាដែនសមុទ្រ និងកោះគជ់យ៉ាងណាក្ដី ប្រជាពលរដ្ឋមួយចំនួន នៅតែគ្មានជំនឿថា រដ្ឋាភិបាលនឹងអាចទាមទារអធិបតេយ្យខ្លួនត្រឡប់មកវិញបានឡើយ។
ពលរដ្ឋនៅខេត្តបាត់ដំបង លោក យ័ន សេងយឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែវិច្ឆិកាថា ការលើកឡើងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងកូនប្រុសដែលជានាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត គឺជាការនិយាយកុហក ដើម្បីគេចវេះកុំឱ្យប្រជាពលរដ្ឋដាក់សម្ពាធមកលើរដ្ឋាភិបាលរបស់ខ្លួនតែប៉ុណ្ណោះ។ លោក យ័ន សេងយឿន មិនជឿថា មេដឹកនាំឪពុក និងកូនត្រកូល «ហ៊ុន» នឹងលើកយករឿងកោះគជ់ទៅនិយាយជាមួយថៃនោះទេ ដោយសារគ្រួសារត្រកូលហ៊ុន ត្រូវការពឹងពាក់អំណាចនយោបាយរបស់មេដឹកនាំត្រកូលថាក់ស៊ីន ដើម្បីពង្រឹងអំណាច និងបង្ក្រាបអ្នកប្រឆាំងកម្ពុជា ដែលកំពុងជ្រកកោននៅលើទឹកដីថៃ។
លោក យ័ន សេងយឿន៖ «ប៉ុន្តែ បើឱ្យ ហ៊ុន សែន ប្ដឹងហ្មង គឺ ហ៊ុន សែន គ្មានឥទ្ធិពលទេ ខ្ញុំជឿជាក់ថាអ៊ីចឹង ហើយក៏មិនអាចយកកេងចំណេញនយោបាយថា ដោះស្រាយកោះគជ់ហ្នឹង ដើម្បីស្ដារកិត្តិយសឡើងវិញ ក៏មិនអាចដែរ»។
ការថ្លែងរបស់ពលរដ្ឋរូបនេះ ធ្វើឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងកូនប្រុសដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានចេញបកស្រាយព្រមគ្នាទៅលើបញ្ហាដែនសមុទ្រកម្ពុជា-ថៃ និងបញ្ហាកោះគជ់ បន្ទាប់ពីរងការចោទប្រកាន់ពីពលរដ្ឋ និងអ្នកឃ្លាំមើលថា មានភាពស្ងៀមស្ងាត់ និងគ្មានគោលជំហរច្បាស់លាស់ក្នុងការលើកយករឿងកោះគជ់ ទៅជជែកជាមួយថៃ។
ក្នុងនោះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានហៅអ្នកដែលលើកយកបញ្ហាកោះគជ់ មកជជែកថាជាក្រុមប្រឆាំងជ្រុលនិយម ដែលលោកប្រដូចទៅនឹងសុភាសិត «ដំបៅមិនឈឺ យកឈឺចាក់» ហើយលោកបានព្រមានថានឹងបង្កើតច្បាប់ភេរវកម្ម ហើយបញ្ចូលឈ្មោះបុគ្គលទាំងនោះចូលក្នុងបញ្ជីភេរវករទៀតផង។
ខុសគ្នាបន្តិចពីឪពុកដែលតែងតែប្រើប្រាស់ភាសាបែបហិង្សានិយម និងគំរាមកំហែង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូន បានបកស្រាយថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលលើបញ្ហាកោះគជ់នេះ គឺដោយសារភាពចាស់ទុំផ្នែកនយោបាយ ដោយកម្ពុជានឹងចរចាតែក្នុងលក្ខខណ្ឌផ្លូវការ ផ្អែកលើយន្តការដោះស្រាយជាក់លាក់ជាមួយថៃតែប៉ុណ្ណោះ។
ទោះជាបែបនេះក្ដី នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) បានអះអាងថា នៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុងកិច្ចប្រជុំនៅប្រទេសចិន កាលពីថ្ងៃទី៨ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត បានប្រាប់អ្នកស្រីថា «កម្ពុជាមិនមានបញ្ហានឹងរឿងកោះគជ់នោះទេ ហើយកម្ពុជានឹងជួយដល់ថៃ ប្រសិនបើត្រូវការការសហការពីកម្ពុជាក្នុងកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MOU)»។
អតីតពលករធ្វើការនៅលើកោះគជ់ លោក ប៊ុន សុបណ្ណ សង្ស័យថា រដ្ឋាភិបាលជំនាន់លោក ហ៊ុន សែន បានប្រគល់កោះគជ់ទៅឱ្យថៃ ជាច្រើនឆ្នាំមកហើយ ព្រោះថៃបានគ្រប់គ្រង និងអភិវឌ្ឍនៅលើកោះនេះ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលកម្ពុជា ចេញមកអះអាង ឬធ្វើកិច្ចអន្តរាគមន៍អ្វីឡើយ ហើយទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលរឿងកោះគជ់នេះ ចាប់ផ្ដើមកក្រើកឡើងវិញ ដោយចេញពីប្រទេសថៃ។
លោក ប៊ុន សុបណ្ណ៖ «ខ្ញុំមិនដឹងថារបស់យើងផងហ្នឹង ទើបតែពេលនេះបែកធ្លាយមក មើលឃើញការគូរសរសេរ និងឃើញឈ្មោះកោះទាំងអស់ហ្នឹង បានដឹងថាអានេះជាកោះរបស់ខ្មែរ។ អ៊ីចឹង មានន័យថា គេគ្រប់គ្រងអស់រយៈពេលយូរឆ្នាំហើយ យើងអត់ដឹងផងហ្នឹង។ អ៊ីចឹង ទីមួយ រដ្ឋាភិបាលមានបំណងក្នុងការលាក់លៀមពីពលរដ្ឋមិនឱ្យដឹងជាច្រើន ហើយជាពិសេស មិនឱ្យដឹងពីប្រវត្តិសាស្ត្រ មិនឱ្យកូនខ្មែរហ្នឹង រៀនបានដឹងទឹកដីខ្មែរមានកោះ មានព្រៃ ទឹកដីសមុទ្រឈូងហ្នឹង ដល់ចំណុចណា អត់ឱ្យកូនខ្មែររៀនទេ»។
បើតាមការចុះផ្សាយរបស់ការិយាល័យអភិវឌ្ឍសហគមន៍កោះគជ់ របស់អាជ្ញាធរថៃ បានអះអាងថា រដ្ឋាភិបាលថៃ បានដាក់កោះគជ់ឱ្យក្លាយជាឃុំមួយ ស្ថិតក្នុងខេត្តត្រាត កាលពីឆ្នាំ១៨៨០ ប៉ុន្តែដោយសារកោះមួយនេះ មានទីតាំងឆ្ងាយពីខេត្តត្រាត (Trat) និងជិតទឹកដីខេត្តកោះកុង របស់កម្ពុជា ទើបរដ្ឋាភិបាលថៃ បានបង្កើតគោលនយោបាយសន្តិសុខ និងដំឡើងកោះគជ់ទៅជាស្រុកកាលពីឆ្នាំ១៩៩០។
ខណៈមេដឹកនាំកម្ពុជា គំរាមមិនឱ្យពលរដ្ឋខ្លួននិយាយរឿងកោះគជ់នោះ នៅក្នុងប្រទេសថៃឯណោះវិញ គណបក្សប្រឆាំងរបស់ថៃ និងប្រជាពលរដ្ឋប្រមាណជាង ១០ម៉ឺននាក់ បានចុះហត្ថលេខាឱ្យរដ្ឋាភិបាលរបស់អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) ដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១(MOU44)ជាមួយកម្ពុជា ព្រោះមិនទុកចិត្ត ដោយសារគ្រួសារមេដឹកនាំនៃប្រទេសទាំងពីរ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដែលអាចធ្វើឱ្យការចរចាបង្កប់នូវអំពើពុករលួយ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន អះអាងថា ការចរចាលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នៅតែផ្ដល់ផលប្រយោជន៍ដល់កម្ពុជា និងថៃ ហើយការចរចានេះ មិនរួមបញ្ចូលកោះគជ់នោះឡើយ។ អ្នកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងបង្កើតគណៈកម្មការជំនាញដើម្បីចរចាជាមួយកម្ពុជា មិនឱ្យលើសពីខែវិច្ឆិកា នេះឡើយ។
កិច្ចចរចានៃការអភិវឌ្ឍប្រេង និងឧស្ម័នរវាងកម្ពុជា-ថៃ នៅតំបន់នេះ បានជាប់គាំងជាង ២០ឆ្នាំមកហើយ ដែលបានប្រែក្លាយជាចំណុច នៃជម្លោះរវាងប្រទេសកម្ពុជា និងថៃ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនា ឆ្នាំ២០០១ ប៉ុន្តែ ត្រូវបានផ្អាកក្នុងពេលថៃផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០០៩ ខណៈកិច្ចចរចាបានផ្អាកម្ដងទៀត កាលពីចុងឆ្នាំ២០១៩ ដោយសារវិបត្តិជំងឺកូវីដ១៩។
ទាក់ទិនរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថា កោះគជ់មិនមែនជាបញ្ហាផ្ទៃក្នុងរបស់ថៃឡើយ ព្រោះការអះអាងរបស់ថៃពីភាពជាម្ចាស់កម្មសិទ្ធិលើកោះនេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា។ លោកបន្តថា ក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំត្រូវតែផ្ដល់ទំនុកចិត្តដល់ពលរដ្ឋថា រដ្ឋាភិបាល នឹងព្យាយាមចរចាយកកោះគជ់ត្រឡប់មកវិញ និងដាក់កោះគជ់ជាតំបន់ស បណ្ដោះអាសន្នសិន ដោយមិនត្រូវឱ្យភាគីថៃកាន់កាប់ផ្ដាច់មុខបែបនេះឡើយ។
លោក សេង វណ្ណលី៖ «ចំណុចទាំងនេះ ខ្ញុំយល់ថា លោកនាយករដ្ឋមន្ត្រី គួរតែពិចារណាឡើងវិញ ហើយការលើកឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិភាគ គឺចង់ឃើញឱ្យមានតម្លាភាព ចង់ឃើញរដ្ឋាភិបាលប្រកាន់ជំហរឱ្យច្បាស់លាស់ ហើយបង្ហាញអំពីតម្លាភាពថា តើពីរភាគបី នៃកោះគជ់ពិតជារបស់កម្ពុជាដែរឬទេ? ដោយសារតែរដ្ឋាភិបាលមានអ្នកជំនាញព្រំដែន ទាំងព្រំដែនគោក និងព្រំដែនទឹក។ ដូច្នេះ គួរតែអនុញ្ញាតឱ្យអ្នកជំនាញទាំងព្រំដែនគោក និងព្រំដែនទឹក ឱ្យមកបកស្រាយ ពន្យល់ បំភ្លឺប្រជាពលរដ្ឋជុំវិញបញ្ហាកោះគជ់នឹងតំបន់ត្រួតស៊ីគ្នា»។
ប្រជាពលរដ្ឋ ចង់ឃើញថ្នាក់ដឹកនាំរដ្ឋាភិបាល មានគោលជំហររឹងមាំ និងឆន្ទៈការពារបូរណភាពទឹកដីសម្រាប់មនុស្សជំនាន់ក្រោយ មិនមែនការគំរាមកំហែងបំបិទមាត់ពួកគាត់មិនឱ្យខ្វល់ខ្វាយនឹងបញ្ហាប្រទេសជាតិបែបនេះឡើយ៕
1 comment:
Hun Sen’s principles to stay in power the longest in the world:
1- “Kampuchea Oss Ey Oss Touv, EBA, GSP, Oss Koh (island) Ey Oss Touv, Oss PonMarn Khet (province) Oss Touv, Kom Oy Teh Anh Oss Amnach”.
2- Khmer Ngorp PonMarn Kor Ngorp Touv, Kamtich Oy Ktich, Kom Oy Teh Anh Oss Amnach”.
In Hun Sen’s language: “ Reaksa Sante Pheap Oy Barn Tuos Knong Damley Na Kor Doy”.
Post a Comment