Monday, 18 November 2024

មន្ត្រី​បក្ស​ប្រឆាំង៖ កម្ពុជា​គឺជា​«គីង្គក់​លក់​ថ្នាំ​ស្រែង» ខណៈ ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព


ដោយ មាន ឫទ្ធិ
2024.11.18

មន្ត្រី​បក្ស​ប្រឆាំង៖ កម្ពុជា​គឺជា​«គីង្គក់​លក់​ថ្នាំ​ស្រែង» ខណៈ ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព  
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចួលរួមប្រជុំព្រឺទ្ធសភា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គឺជា​គីង្គក់​លក់​ថ្នាំ​ស្រែង ខណៈ​រដ្ឋសភា​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​ដែល​ហៅ​កាត់​ថា អាយភីធីភី (IPTP)។ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គ្រោង​ថ្លែង​សារ​ស្ដីពី​ដំណើរ​កសាង​សន្តិភាព ឬ​អ្វី​មួយ​ដែល​លោក​ហៅ​ថា នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​ដែរ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​សង្គម​លើកឡើង​ថា កម្ពុជា​មិន​ទទួល​បាន​ផ្ដល់​ចំណេញ​ពី​ការ​រៀបចំ​កិច្ច​ប្រជុំ​ខាង​មុខ​នេះ​ឡើយ ដោយសារតែ​មេ​ដឹកនាំ​កម្ពុជា​មិន​បាន​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​នោះ​ឡើយ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា ថា លោក ហ៊ុន សែន នៅ​មិន​ទាន់​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា​ដែល​កំពុង​ជាប់​គាំង​ដោយសារ​ការ​ដឹក​នាំ​បែប​ផ្ដាច់ការ​នៅ​ឡើយ​ទេ ដូច្នេះ​ការ​អួត​រឿង​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​មិន​ខុស​អ្វី​ពី​គីង្គក់​លក់​ថ្នាំ​ស្រែង​នោះ​ទេ។ លោក​បន្ត​ថា មេ​ដឹក​នាំ​កម្ពុជា​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​អ្វី​បាន​ឡើយ​ប្រសិនបើ​មេ​ដឹក​នាំ​កម្ពុជា​នៅតែ​ចាត់​ទុក​ពលរដ្ឋ​មាន​មតិផ្ទុយ​ជា​សត្រូវ។

លោក អ៊ំ សំអាន៖ «សុភាសិត​ខ្មែរ​យើង​និយាយ​ថា គីង្គក់​លក់​ថ្នាំ​ស្រែង ស្រែង​ខ្លួន​ឯង​មិន​ទាន់​ព្យាបាល​ជា​ផង​ទៅ​ព្យាបាល​ឱ្យ​គេ​ធ្វើ​ម៉េច​ជា។ ដូច្នេះ​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​អត់​ឱន​ចំពោះ​អ្នក​ដទៃ​បាន​ទេ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ខ្លួនឯង​នេះ​នៅ​មិន​ទាន់​បាន​អត់​ឱន​ឱ្យ​គ្នា​ផង​ហ្នឹង​នៅ​តែ​ចាប់ចង​បង្ក្រាប​មន្ត្រី​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន ឃើញ​ថា​នៅ​តែ​ចាប់ចង​បន្ត​ទៀត»

 

ស្រដៀង​គ្នា​នេះ​ដែរ អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ប៉ៃលិន លោក ខឹម មុន្នីកុសល យល់​ឃើញ​ថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​បច្ចុប្បន្ន​នេះ កំពុង​ធ្វើ​ទុក្ខបុកម្នេញ គំរាមកំហែង និង​ប្រើ​ពាក្យ​ជេរប្រមាថ​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស ដូច្នេះ​ការ​រៀបចំ​កិច្ច​ប្រជុំ​ការ​ស្វែង​រក​សន្តិភាព គឺ​មិន​ស័ក្ដិសម​នឹង​កម្ពុជា​ឡើយ។ លោក​បន្ថែម​ថា ស្ថាប័ន​រដ្ឋសភា​សព្វថ្ងៃ​នេះ​ហាក់​ដើរ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ដោយ​ចាំ​តែ​អនុម័ត​ទៅ​លើ​ការ​សម្រេច​របស់​គណបក្ស​កាន់​អំណាច។

លោក ខឹម មុន្នីកុសល៖ «រដ្ឋសភា​យើង​ឃើញ​ហើយ​ពេល​ប្រជុំ​ឥឡូវ​នេះ​យើង​ឃើញ​ហើយ​គឺ​ល្អ​មើល​បំផុត​ហើយ​ការ​ប្រជុំ​រដ្ឋសភា​ហ្នឹង​សឹងតែ​ថា មនុស្ស​ទាំងអស់​ហ្នឹង​គឺជា​មនុស្ស​យន្ត​អត់​ចេះ​និយាយ​អត់​ចេះ​ឆ្លងឆ្លើយ​អី​ទេ​សួរដេញដោល​ទេ។ គេ​ដាក់​ប្រធានបទ​អី​អ៊ីចឹង​ទៅ​ដល់​ម៉ោង​គោះ​ញញួរ​ទៅ​នាំ​គ្នា​លើកដៃ​ទៅ​ទាំង​ស្ថាប័ន​ព្រឹទ្ធសភា និង​រដ្ឋសភា ហើយ​នាំ​គ្នា​ទៅ​ដេក​ក្នុង​សភា​ហ្នឹង​ទេ​អត់​មាន​ការងារ​ទៅ​បំពេញ​តួនាទី​ខ្លួន​ទេ»

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​គឺ​មុន​ពេល​រដ្ឋ​សភា​ជាតិ​កម្ពុជា​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​ចាប់​ពី​ថ្ងៃ​ទី២៣ ដល់២៦ ខែ​វិច្ឆិកា ក្រោម​ប្រធាន​បទ«ការ​ស្វែងរក​សន្តិភាព ការ​ផ្សះផ្សា និង​ភាព​អត់​ឱន»។ គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​កៀរគរ​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ឱ្យ​លើក​កម្ពស់​សន្តិភាព ការ​អត់​ឱន និង​ការ​អភិវឌ្ឍ។

ទាក់ទង​រឿង​នេះ អ្នកនាំ​ពាក្យ​រដ្ឋសភា​កម្ពុជា លោក ឡេង ប៉េងឡុង សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ដោយ​លោក​អះអាង​ថា លោក​មិន​ផ្ដល់​បទ​សម្ភាសន៍​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ឡើយ។

តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋសភា​កម្ពុជា កាល​ពីថ្ងៃទី០៧ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នោះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក៏​គ្រោង​ចេញ​សេចក្ដី​ប្រកាស ធម្មនុញ្ញ​សន្តិភាព​សម្រាប់​មនុស្ស​ជាតិ និង​ភព​ផែន​ដី​ហើយ​លោក ហ៊ុន សែន នឹង​ប្រគល់«ពាន​រង្វាន់​សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និង​ភព​ផែន​ដី»ជូន​ដល់​ឥស្សរជន​ឆ្នើម​ផង​ដែរ។

សភា​អន្តរ​ជាតិ​សម្រាប់​ការ​អត់ឱន និង​សន្តិភាព ហៅ​កាត់​ថា អាយភីធីភី (IPTP) ជា​អង្គការ​មួយ​ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះ មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាល់តា (Malta) គឺជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ក្រុម​ប្រឹក្សា​សកល​សម្រាប់​ការ​អត់​ឱន និង​សន្តិភាព (Global Council for Tolerance and Peace) ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៧ ដោយ​អះអាង​ថា​ដើម្បី​ពិភាក្សា​ទៅ​លើ​បញ្ហា​ពិភព​លោក និង​មាន​សមាជិក​សភា​ជាង​៧០ប្រទេស​មក​ពី​ជុំវិញ​ពិភព​លោក។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា គឺជា​រឿង​ដ៏​អាម៉ាស់​ដែល​កម្ពុជា​មាន​មេ​ដឹកនាំ​ក្រាញ​អំណាច រំលោភ​សិទ្ធិ​មនុស្ស និង​ចាប់ចង​ពលរដ្ឋ​តាម​អំពើ​ចិត្ត ប៉ុន្តែ​បែរជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​សន្តិភាព​ទៅ​វិញ។ លោក​បន្ត​ថា កម្ពុជា​គួរតែ​រៀបចំ​កែលំអ​ប្រព័ន្ធ​ច្បាប់ និង​ផ្សះផ្សា​ជាតិ​ឡើងវិញ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សុខ​សន្តិភាព​ពិតប្រាកដ។

លោក ស៊ឹង សែនករុណា៖ «ដូច​ចាស់ៗ​ថា ដូច​គីង្គក់​លក់​ថ្នាំ​ស្រែង​បើ​ខ្លួនឯង​ពោរពេញ​ទៅ​ដោយ​ជំងឺ​ហើយ​យើង​ថា យើង​គឺ​ជា​គ្រូពេទ្យ​ហើយ​គេ​ជឿ​យើង​ដែល។ អ៊ីចឹង​គឺ​ទាល់តែ​យើង​គឺជា​បុគ្គល​មួយ​ស្អាតស្អំ​ដែល​បុគ្គល​គេ​មើល​ទៅ​ថា គប្បី​យក​ជា​ដំបូន្មាន​យក​ទៅ​អនុវត្ត​តាម​រៀន​សូត្រ​តាម​អា​ហ្នឹង​ច្បាស់​ណាស់​គេ​នឹង​យក​ជា​គំរូ។ ប៉ុន្តែ​ប្រសិនបើ​យើង​ជា​មនុស្ស​ទ្រុឌទ្រោម​មើ​ល​ទៅ​ជំងឺ​រុំ​សួត​អី​ទាំងអស់​នេះ​ស័ក្ដិសម​នឹង​គេ​យក​ជា​គំរូ»

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​យល់​ឃើញ​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​ចង់​បង្ហាញ​ពី​ភាព​ចាស់​ទុំ​នយោបាយ ការផ្សះផ្សាជាតិ និង​បង្រួបបង្រួម​ជាតិ​ឱ្យ​ពិភព​លោក​បាន​ឃើញ​ពិត​មែន​នោះ រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ខ្លួន​ឱ្យ​ស្មោះត្រង់​នឹង​ជាតិ​ពិត​ប្រាកដ ដោយ​ឈប់​ប្រើ​ភាសា​ជេរ​ប្រមាថ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ និង​លុប​បំបាត់​អំពើ​ពុក​រលួយ​ជា​ដើម៕

No comments: