2024.12.25

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បដិសេធមិនទទួលលិខិតរបស់បក្សកម្លាំងជាតិដែលស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការ។ គណបក្សកម្លាំងជាតិចាត់ទុកការមិនទទួលយកលិខិតនេះគឺជាការរើសអើងនយោបាយ ហើយធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាកាន់តែដាំក្បាលចុះ។
ស្របពេលប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក ទន្ទឹមរង់ចាំឱ្យរដ្ឋាភិបាលត្រកូល«ហ៊ុន»ស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ បានដាក់លិខិតនៅ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើឱ្យរដ្ឋាភិបាល ស្ដារប្រជាធិបតេយ្យ និងដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ ប៉ុន្តែ លិខិតនេះ មិនត្រូវបានខុទ្ទកាល័យនាយករដ្ឋមន្ត្រីទទួលយក ហើយក៏មិនបានបញ្ជាក់ ពីហេតុផលច្បាស់លាស់នោះដែរ។
នៅក្នុងលិខិតដាក់ស្នើសុំ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គណបក្សកម្លាំងជាតិលើកឡើងថាអ្នកជាប់ឃុំមនសិការ ជាច្រើននាក់បានទទួលរងនូវពាក្យបបណ្ដឹង ការចោទប្រកាន់ និងកំពុងជាប់ឃុំយ៉ាងអយុត្តិធម៌ក្នុងពន្ធនាគារ ដែលរដ្ឋាភិបាល គួរតែពិចារណាដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
ទន្ទឹមនឹងនោះគណបក្សកម្លាំងជាតិបារម្ភថា ប្រសិនបើអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនសង្គម សកម្មជនព្រំដែន និងសកម្មជនដីធ្លីជាដើម មិនត្រូវបានដោះលែង ហើយបន្តទទួលរងនូវការចោទប្រកាន់កាន់តែច្រើនថែមទៀតនោះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយសរបស់រាជរដ្ឋាភិបាល និងធ្វើឱ្យស្ថានភាព សិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យ កាន់តែរួមតូចចង្អៀត។
គណបក្សកម្លាំងជាតិអះអាងថា ការមិនស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស នឹងធ្វើឱ្យប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេស កម្ពុជាប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សភាអឺរ៉ុបបន្ថែមទៀត និងមិនអាចទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកមកវិញនោះដែរ។ បន្ថែមពីនោះ គណបក្សកម្លាំងជាតិលើកឡើងថា ប្រទេសកម្ពុជានឹងកាន់តែប្រឈមវិបត្តិសេដ្ឋកិច្ច សង្គម ជាពិសេសបញ្ហាបំណុលរបស់ប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែធ្នូ ថា គួរឱ្យសោកស្ដាយដែលមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបដិសេធមិនទទួលយកលិខិតរបស់គណបក្សកម្លាំងជាតិ។ លោកថា នេះជាការរើសអើងផ្នែកនយោបាយ។ លោកបញ្ជាក់ថា ការដាក់លិខិតស្នើសុំ ឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការនេះ គឺជាការជំរុញបន្ថែម ឱ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ។ លោកបន្តថា ប្រសិនបើ រដ្ឋាភិបាល មិនស្ដារប្រជាធិបតេយ្យឡើងវិញទេនោះ កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធជាច្រើនបន្ថែមទៀត។
ការស្នើសុំឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងអ្នកនយោបាយរបស់គណបក្សកម្លាំងជាតិ ដើម្បីស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញនេះធ្វើឡើង ក្រោយពីសភាអឺរ៉ុប កាលពីខែវិច្ឆិកា បានជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យឡើងវិញលើការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ ប្រសិនបើកម្ពុជានៅតែរឹងរូសមិនស្ដារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពវិញ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេនៅថ្ងៃទី២៥ ខែធ្នូ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃដដែលនេះថា បច្ចុប្បន្នកម្ពុជា គ្មានអ្នកទោសនយោបាយ ឬ អ្នកជាប់ឃុំមនសិការ ដូចការលើកឡើងរបស់បក្សកម្លាំងជាតិនោះទេ។ លោកថា អ្នកជាប់ឃុំទាំងនោះភាគច្រើន គឺជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែង ជាពិសេសមានចេតនាញុះញង់ និងចង់ផ្ដួលរំលំរដ្ឋាភិបាលជាដើម។ ជាងនេះទៀត លោកថា បច្ចុប្បន្ន កម្ពុជាពុំខ្វល់ពីការរិះគន់ ពាក់ព័ន្ធ ការរំលោភសិទ្ធិមនុស្ស និងការស្ដារប្រជាធិបតេយ្យនោះទេ ព្រោះថា សព្វថ្ងៃកម្ពុជាមានប្រជាធិបតេយ្យ និងមានការគោរពសិទ្ធិមនុស្សបានពេញលេញរួចមកហើយ។ «»
បើទោះជាមានការអះអាងបែបនេះក្កី អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម សង្កេតឃើញថាចាប់តាំងពីឆ្នាំ២០១៧ ក្រោយពីតុលាការក្រុងភ្នំពេញរំលាយគណបក្សប្រឆាំងដ៏ធំគឺ គណបក្សសង្គ្រោះជាតិមក ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជាបានដាំក្បាលចុះកាន់តែខ្លាំង។ ចំណែកបញ្ហានយោបាយបានជាប់គាំងជិត១០ឆ្នាំមកហើយ មកទល់សព្វថ្ងៃ។ ករណីនេះបានជះឥទ្ធិពល អាក្រក់ដល់ស្ថានភាពសេដ្ឋកិច្ច ធ្វើឱ្យកម្មករខ្វះការងារធ្វើ ហើយប្រជាពលរដ្ឋភាគច្រើនធ្វើចំណាស្រុក រកការងារធ្វើនៅក្រៅប្រទេស។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា យោងតាមមាត្រា៣៥នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថាសេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ រួមនិងអ្នកនយោបាយបក្សប្រឆាំងគឺ ត្រូវបានទទួលការដោះស្រាយ ដោយយកចិត្តទុកដាក់ពីសំណាក់អង្គការរដ្ឋ។ ដូច្នេះ លោកថា ការដែលខុទ្ទកាល័យនាយករដ្ឋមន្ត្រីមិនទទួលសំណើ របស់មន្ត្រី បក្សកម្លាំងជាតិនេះ ហាក់ដើរផ្ទុយទៅនឹងច្បាប់។
បន្ថែមពីនោះ លោកថា ការស្នើសុំឱ្យដោះលែងអ្នកនយោបាយនេះ គឺជារឿងល្អ ព្រោះថាកន្លងទៅទាំងអង្គការជាតិ និងអន្តរជាតិ ក៏បានឃើញដែរថា ការចាប់ខ្លួនសកម្មជននយោបាយ អ្នកការពារ សិទ្ធិមនុស្ស និង សកម្មជនបរិស្ថានជាដើមនោះ គឺធ្វើឡើងក្រោមហេតុផលនយោបាយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ «»
កាលពីថ្ងៃទី១១ខែធ្នូ អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានបង្ហាញថា ជិត១ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានចាប់ខ្លួននិងឃុំខ្លួន ពលរដ្ឋយ៉ាងហោចណាស់ ១០២នាក់ រួមមានសកម្មជននយោបាយ សហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន អ្នកសារព័ត៌មាន និងពលរដ្ឋសាមញ្ញដទៃទៀត ដោយសារសកម្មភាពអនុវត្តសិទ្ធិរបស់ពួកគាត់៕
No comments:
Post a Comment