Friday, 27 December 2024

លោក លី យ៉ុងផាត់ ដក​ស្លាក​សញ្ញា​ក្រុមហ៊ុន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​ក្រោយ​រង​ទណ្ឌកម្ម​ពី​អាមេរិក

 

ដោយ យ៉ង ចាន់តារា
2024.12.26

លោក លី យ៉ុងផាត់ ដក​ស្លាក​សញ្ញា​ក្រុមហ៊ុន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​ក្រោយ​រង​ទណ្ឌកម្ម​ពី​អាមេរិក 
(រូបឆ្វេង) ទិដ្ឋភាពមុខអគារ​ទីស្នាក់ការ​កណ្ដាលនៃក្រុមហ៊ុន​មេ អិល.វ៉ាយ.ភី គ្រុប (L.Y.P Group) និងរូបស្ដាំបន្ទាប់ពី​ដកស្លាក​ឈ្មោះក្រុមហ៊ុន​ចេញពីអគារ​របស់​ខ្លួន កាលពីថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ​២០២៤។
រូប៖ ថតពី Google Street View និង​រូប​ពលរដ្ឋផ្ដល់ឱ្យ

អ្នក​ជំនួញ​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ដែល​រង​ការ​ចោទ​ប្រកាន់​ថា រក​ស៊ី​ខាង​មុខ​របរ​ឧក្រិដ្ឋ​គឺ​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​លោក លី យ៉ុងផាត់ បាន​ដក​ស្លាក​សញ្ញា​ក្រុមហ៊ុន​មេ អិល.វ៉ាយ.ភី គ្រុប (L.Y.P Group) ចេញ​ពី​អគារ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក​តាម​អនឡាញ។ ឈ្មោះ​ក្រុមហ៊ុន​មេ​មួយ​នេះ ក៏​ពុំ​ឃើញ​មាន​នៅ​ក្នុង​ទិន្នន័យ​បញ្ជី​សាជីវកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​ទៀត​នោះ​ទេ ខណៈ​ក្នុង​គេហទំព័រ​ក្រុមហ៊ុន​បុត្រសម្ពន្ធ លោក លី យ៉ុងផាត់ មួយ​ចំនួន​ទៀត​បាន​កែ​ប្រែ​ទម្រង់ និង​មិន​ដំណើរ​ការ។

អគារ​ក្រុមហ៊ុន​មេ​របស់​លោក លី យ៉ុងផាត់ ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ក្នុង​រាជធានី​ភ្នំពេញ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ពុំ​មាន​មនុស្ស​ចេញ​ចូល​ច្រើន​ដូច​មុន​ទេ ចំណែក​ឯ​ស្លាក​សញ្ញា​ក្រុមហ៊ុន អិល. វ៉ាយ.ភី គ្រុប ក៏​ត្រូវ​បាន​ដក​ចេញ​ពី​អគារ​ដែរ។ ប៉ុន្តែ នៅ​ខាង​មុខ​អគារ​នៅ​តែ​មាន​ក្រុម​កង​សន្តិសុខ​នៅ​ចាំ​យាម​ជា​ប្រចាំ។

ក្រុមហ៊ុន អិល. វ៉ាយ.ភី គ្រុប របស់​លោក លី យ៉ុងផាត់ ក៏​ពុំ​ឃើញ​មាន​នៅ​ក្នុង​ទិន្នន័យ បញ្ជី​សាជីវកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​ទៀត​នោះ​ទេ ខណៈ​ក្រសួង​ពាណិជ្ជកម្ម​ក៏​មិន​ទាន់​ចេញ​មុខ​បកស្រាយ​លម្អិត​អំពី​រឿងរ៉ាវ​នេះ​នៅ​ឡើយ​ដែរ។

 

ការ​ដក​ស្លាក​ពាណិជ្ជកម្ម​ក្រុមហ៊ុន អិល. វ៉ាយ.ភី គ្រុប ចេញ​ពី​មុខ​អគារ​ស្នាក់​ការ​កណ្ដាល និង​ការ​បាត់​ឈ្មោះ​ក្រុមហ៊ុន​ពី​បញ្ជី​សាជីវកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​នេះ បន្ទាប់​ពី​ក្រសួង​រតនាគារ​អាមេរិក​កាល​ពី​ដើម​ខែកញ្ញា សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​បង្ក​ទ្រព្យ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក ចំនួន៥ រួមមាន ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន​អូរស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន កោះកុង (Koh Kong Resort), និង​សណ្ឋាគារ​ភ្នំពេញ ដោយសារ​តែ​លោក លី យ៉ុងផាត់ និង​សម្ព័ន្ធ​អាជីវកម្ម​របស់​លោក​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ (Online) និង​រូបិយប័ណ្ណ​គ្រីបតូ (Cryptocurrency)

ក្រោយ​រង​ទណ្ឌកម្ម​នេះ ក្រៅពី​មាន​ការ​ដក​ស្លាក​សញ្ញា​ក្រុមហ៊ុន​ចេញ​ពី​ខាង​មុខ​អគារ​ស្នាក់​ការ​កណ្ដាល ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន (lypgroup) និង​ឆាណែល (Channel) យូធូប (YouTube) របស់​សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) ក៏​ត្រូវ​បាន​រាំង​ខ្ទប់​នៅ​តាម​អ៊ីនធឺណិត​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៦ ខែធ្នូ។ ចំណែក តំណាង​ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប របស់​លោក លី យ៉ុងផាត់ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​បិទ​បាំង​ព័ត៌មាន​អំពី​សាជីវកម្ម​នៃ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ក្រោយ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក អាច​ជា​ផែនការ​បង្វែងដាន​របស់​អ្នក​ជំនួញ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ត្រកូល ហ៊ុន រូប​នេះ ដើម្បី​បញ្ចៀស​ហានិភ័យ និង​បង្ការ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​បន្ថែម។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ក្រុមហ៊ុន លោក លី យ៉ុងផាត់ បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ទទួល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក។ ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា ក្រុមហ៊ុន​បង្កើត​ភាព​ស្មុគស្មាញ​បែប​នេះ ទំនង​ជា​ចង់​គេចវេះ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ជាមួយ​ម្ចាស់​ភាគ​ហ៊ុន​ផ្សេង​ទៀត​តាមរយៈ​ការ​ប្រកាស​ក្ស័យធន ប៉ុន្តែ​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ថ្មី។ លោក​ក៏​ទទូច​ដល់​តុលាការ​ស៊ើបអង្កេត​លើ​ករណី​នេះ។

លោក គឹម សុខ៖ «ល្បិចកល​របស់​គេ​ក៏​ទំនង​ជា​របៀប​បន្លំ​សហគមន៍​អន្តរជាតិ គេ​អាច​ប្ដូរ​ទៅ​ក្រុមហ៊ុន​ថ្មី ឬ​ម្ចាស់​ថ្មី​មក​គ្រប់គ្រង​មិនមែន​លោក លី យ៉ុងផាត់។ ក៏​ប៉ុន្តែ​ទោះ​បី​ជា​ប្រើ​ល្បិចកល​បែប​ហ្នឹង​ក៏​ដោយ​មិន​អាច​ជោគជ័យ​ទេ ដោយសារ​តែ​ស្ថានភាព​កម្ពុជា​ទាំង​មូល​ជាពិសេស​ក្រុម​គ្រួសារ ហ៊ុន កំពុងតែ​រង​ការ​ស៊ើបអង្កេត ឬ​ការ​ឃ្លាំមើល​យ៉ាង​ដិតដល់​ពី​សហគមន៍​អន្តរជាតិ​ទាក់ទង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ហើយ ទោះ​បី​ជា​ប្ដូរ​ម្ចាស់​ថ្មី​ក៏​នៅ​ក្រោម​អំណាច​ក្រុម​គ្រួសារ ហ៊ុន ដដែល​មិន​អាច​រើ​ពី​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​បាន​ទេ»

ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា លោក លី យ៉ុងផាត់ គឺ​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​កំពុង​ក្ដោបក្ដាប់​ជំនួញ​ធំៗ​នៅ​កម្ពុជា។ ក្រុមហ៊ុន​របស់​លោក​មាន​ប្រវត្តិ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ជា​ច្រើន។

កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា សមាគម​ឧកញ៉ា​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក​លើ​លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន​របស់​លោក​គឺ​ជា​រឿង​អយុត្តិធម៌។ សមាគម​ឧកញ៉ា​កម្ពុជា​អះអាង​ថា លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន L.Y.P Group មិន​បាន​ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ផ្ទុយ​ទៅ​វិញ​សមាគម​នេះ​ថា លោក លី យ៉ុងផាត់ និង​ក្រុមហ៊ុន​របស់​លោក​បាន​ដើរ​តួនាទី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា កសាង​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​ការងារ​ដល់​ពលរដ្ឋ និង​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

គិត​មក​ដល់​ពេល​នេះ មាន​ឈ្មួញ​គ្រាក់ៗ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ចំនួន ៥នាក់​ហើយ​បាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក។ អ្នក​ទាំង​នោះ​រួម​មាន​មេ​កង​អង្គរក្ស លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង អនុ​ប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ពជើងទឹក​នាយ​ឧត្ដម​នាវី ទៀ វិញ និង​អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ​ក្រសួងការពារជាតិ​នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ និង​ឈ្មួញ​បំផ្លាញ​ព្រៃ​ឈើ​ល្បី​ឈ្មោះ​គឺ​ឧកញ៉ា ទ្រី ភាព៕

No comments: