ដោយ ខាន់ លក្ខិណា
2024.12.30
ស្នងការនគរបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន ថ្លែងកាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកស្នងការនគរបាលខេត្តព្រៃវែង
សមត្ថកិច្ចចាប់ជនវៀតណាមចំនួន ១២នាក់ ករណីសង្ស័យចាប់ជំរិតទារប្រាក់ក្រោយបាញ់រះឱ្យពលរដ្ឋម្នាក់របួសធ្ងន់នៅខេត្តព្រៃវែង។ សង្គមស៊ីវិលជំរុញឱ្យចាត់វិធានការច្បាប់ឱ្យបានតឹងរឹងទាំងលើជនជាតិវៀតណាម ១២នាក់ និងសមត្ថកិច្ចដែលបំផ្ទុះអាវុធខុសវិជ្ជាជីវៈបង្កឱ្យប្រជាពលរដ្ឋ ដែលមិនពាក់ព័ន្ធសោះរងរបួសធ្ងន់។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចាប់ជំរិតរបស់សមត្ថកិច្ច ដែលល្បីសុះសាយពី ការបាញ់រះលើប្រជាពលរដ្ឋ ឱ្យរបួសធ្ងន់ម្នាក់នៅខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែធ្នូ ព័ត៌មានចុងក្រោយថា សមត្ថកិច្ចចាប់បានជនជាតិវៀតណាម ១២នាក់ដែល សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ជាឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់ពីបុរសជនជាតិចិនម្នាក់នៅខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការនៅថ្ងៃទី២៩ ខែធ្នូ កម្លាំងនគរបាលជាតិ និង នគរបាលខេត្ត ស្វាយរៀងបានសង្គ្រោះបុរសរងគ្រោះជនជាតិចិនម្នាក់ឈ្មោះ ឈិន អ៊ីតុង (CHEN YITONG) ដែលត្រូវបានក្រុមជនសង្ស័យ បង្ខាំងចាក់សោទុកនៅក្នុងផ្ទះជួលមួយ កន្លែងក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង។ រីឯជនសង្ស័យជាជនជាតិវៀតណាមទាំង១២នាក់មានអាយុពី១៧ ដល់ ៣៥ឆ្នាំ ក្នុងនោះមានស្ត្រី ២នាក់ ដែលសមត្ថកិច្ចចាប់បាន ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរហើយ។
អ្នកសម្របសម្រួល ការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែធ្នូ ថា តាមបទពិសោធន៍ការងាររបស់លោក ករណីចាប់ជំរិតដែលកើតឡើងនៅខេត្តស្វាយរៀង ពាក់ព័ន្ធតែជនជាតិវៀតណាម និងជនជាតិចិនប៉ុណ្ណោះ គឺមិនធ្លាប់ មានជនជាតិខ្មែរទេ។
លោក នុត បូពិណ្ណារ័ត្ន៖ «ក្នុងខេត្តស្វាយរៀង ជាពិសេសបទល្មើសចាប់ជំរិត ដូចខ្ញុំនិយាយខាងអ៊ីចឹង គឺមិនមានខ្មែរទេ ភាគច្រើនគឺចិន និងវៀតណាម ហើយការចាប់ជំរិតហ្នឹង ភាគច្រើននៅបនល្បែងអនឡាញអីអ៊ីចឹង ពាក់ព័ន្ធនឹងជនជាតិខ្មែរ ខ្ញុំនៅនេះ ខ្ញុំមិនឮប្រជាពលរដ្ឋពាក់ព័ន្ធនឹងការចាប់ជំរិត គឺមិនដែលមានទេ»។
កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ បានទទួលបណ្ដឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងទៅលើបុរសរងគ្រោះជនជាតិចិនឈ្មោះ ឈិន អ៊ីតុង អាយុ២៥ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានបាញ់រះច្រឡំលើរថយន្តមួយគ្រឿង ដែល សមត្ថកិច្ចអះអាងថា មានភិនភាគដូចរថយន្តរបស់ជនល្មើសនៅត្រង់ចំណុចក-អណ្ដើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក នៅខេត្តព្រៃវែង លើផ្លូវជាតិលេខ១ កាលពីថ្ងៃទី២៧ ខែធ្នូ បណ្ដាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាល។ក្រោយបាញ់ច្រឡំរួច ទើបសមត្ថកិច្ចចាប់បានជនសង្ស័យវៀតណាមចំនួន ១២នាក់ ជាបន្តបន្ទាប់។
យ៉ាងណា ករណីបាញ់រះធ្វើឱ្យពលរដ្ឋរបួសនៅខេត្តព្រៃវែង នគរបាលខេត្តព្រៃវែង បំភ្លឺកាលពីថ្ងៃ២៨ ខែធ្នូ ថា សមត្ថកិច្ចក៏ទទួលស្គាល់កំហុស និងទទួលខុសត្រូវទាំងស្រុងលើការខូចខាត ដែលសមត្ថកិច្ចថា ជាកំហុសនៃការសម្រេចចិត្តលឿន ក្នុងការបំផ្ទុះអាវុធ និងថា ការបង្កឱ្យពលរដ្ឋរបួស គឺឧបទ្ទវហេតុប្លាតគ្រាប់ត្រូវ។
សមត្ថកិច្ចថា ការបាញ់រះលើរថយន្ត ម៉ាកស្តារិចពណ៌សពេលនោះ គឺព្រោះតែរថយន្តនោះ ដែលបណ្ដាញសម្ងាត់ឱ្យព័ត៌មានថា មានភិនភាគដូចរថយន្តជនល្មើស មិនព្រមឈប់តាមការឃាត់របស់សមត្ថកិច្ច។ នគរបាលខេត្តព្រៃវែងថា រថយន្តសង្ស័យបិទស្ទីកគ័រខ្មៅពេញមួយជុំឡាន ដែលសមត្ថកិច្ចមិនអាចកំណត់បានថា ក្នុងរថយន្តមានអ្វីឱ្យប្រាកដ។ ម្យ៉ាងទៀត សមត្ថកិច្ចខ្លាចថា ជនល្មើសអាចបំផ្ទុះអាវុធមុនសមត្ថកិច្ច ទើបបានសមត្ថកិច្ចសម្រេចចិត្តបំផ្ទុះអាវុធមុន។
លោក នុត បូពិណ្ណារ័ត្ន លើកឡើងថា ការបំភ្លឺរបស់សមត្ថកិច្ចមិនសមទំនងឡើយ ពីព្រោះពុំមានភស្តុតាងណាមួយ ដែលអ្នកបើករថយន្តម៉ាក់ស្ដារិច មានអាវុធជាប់ខ្លួនទេ ហើយអ្នកនៅក្នុងរថយន្ត នាំគ្នាក្រាបនៅពេលដែលនគរបាលបាញ់រះលើរថយន្តស្ដារិចនោះ។
លោក នុត បូពិណ្ណារ័ត្ន៖ «ការប្រើកម្លាំងបាញ់ក្នុងឡាន គឺខ្ញុំមិនបានយល់ ប៉ុន្តែបើខ្ញុំដឹងការដែលបាញ់ស្ទាក់ឡានអីមួយ លុះត្រាតែភាគីម្ខាងគេមានអាវុធដែរ បាញ់មកសមត្ថកិច្ច ទើបសមត្ថកិច្ចយើង គាត់អាចមានសិទ្ធិប្រើប្រាស់អាវុធតដៃទៅលើជនសង្ស័យហ្នឹង។ តែក្នុងរឿងនេះ ខ្ញុំចេះតែឆ្ងល់ដែរ ហេតុអីបានបាញ់ បើសិនជាបាញ់ គឺបាញ់កងឡានបំបែកកុំឱ្យទៅមុខបាន»។
សមត្ថកិច្ចដែលបំផ្ទុះអាវុធ បណ្ដាលឱ្យពលរដ្ឋម្នាក់របួសធ្ងន់ គឺជាកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងពេលប្រតិបត្តិការ ដែលដឹកនាំដោយលោក ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ជនរងគ្រោះពីអំពើបំផ្ទុះអាវុធរបស់សមត្ថកិច្ច មានចំនួន០២ នាក់ ម្នាក់នៅក្នុងរថយន្តរបួសស្រាលត្រង់ដៃ និងពលរដ្ឋម្នាក់ទៀត ដែលមានមុខរបរជា លក់អេតចាយលោក ខន ឡាញ់ រងរបួសធ្ងន់ត្រូវគ្រាប់ត្រង់ឆ្អឹងខ្នងខាងស្ដាំផ្នែកខាងក្រោយ។
ជនរងគ្រោះលោក ខន ឡាញ់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ ម៉ែត្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែធ្នូថា សមត្ថកិច្ចបានទៅជួបគាត់ និង សុំការអភ័យទោស ហើយសន្យាចេញថ្លៃព្យាបាល និងសំណងជំងឺចិត្តផ្សេងទៀត ដោយសមត្ថកិច្ចអះអាងថា ជារឿងអចេតនា។
លោក ខន ឡាញ់៖ «គាត់ជួយព្យាបាលយើង ហើយនឹងមានសំណងអ្វីទៀតចាំពេលហើយចាំនិយាយអីទៀត ពេលនឹងស្ថានភាពជំងឺបានធូរស្រាលហើយ អត់អីទេ ខ្ញុំវះកាត់បានជោគជ័យអស់ហើយ យើងនៅតែកម្រើកព្យាបាលឱ្យជា គ្រាន់តែយើងមិនអាចធ្វើការធ្ងន់បានអ៊ីចឹង មិនពេលណាយើងបានធ្វើបានវិញដូចដើម»។
អ្នកឃ្លាំមើលលើកឡើងថា ដើម្បីយុត្តិធម៌ ទាំងជនជាតិវៀតណាមចំនួន ១២នាក់ ដែលជាប់សង្ស័យពីបទល្មើសចាប់ជំរិត និងទាំងកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ដែលបំផ្ទុះអាវុធបង្កឱ្យពលរដ្ឋរបួសធ្ងន់ត្រូវបញ្ជូនទៅតុលាការ ឱ្យចាត់ការស៊ើអង្កេតឱ្យបានហ្មត់ចត់ និងកាត់សេចក្ដីតាមច្បាប់ ដោយគ្មានការលើកលែង៕
No comments:
Post a Comment