2024.12.31
អ្នកឃ្លាំមើលរិះគន់គ្រួសារត្រកូលហ៊ុនថា យកសមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតា (TYDA) ធ្វើសកម្មភាពជ្រកក្រោមស្លាកមនុស្សធម៌ ដើម្បីកេងចំណេញនយោបាយ។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលពង្រឹងគុណភាពប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពក្នុងការផ្តល់សេវាព្យាបាល ទើបចាត់ទុកថាជាមេដឹកនាំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពិតប្រាកដ។
សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យសម្ដេចតេជោហៅថា ធីតា(TYDA) ដឹកនាំដោយភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ ចន្ទមុន្នី ត្រូវអ្នកឃ្លាំមើលរិះគន់ថាជាឧបករណ៍ដ៏សំខាន់មួយសម្រាប់អំណាចគ្រួសារត្រកូលហ៊ុនកេងចំណេញនយោបាយ។
អ្នកជំនាញសុខាភិបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Novant Health Forsyth Medical Centre នៅរដ្ឋណតខារ៉ូឡាញណា(North Carolina) សហរដ្ឋអាមេរិក និងជាប្រធានចលនាស្ត្រី និងកិច្ចការបរទេសនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ធិត គឹមហ៊ុន មានប្រសាសន៍ថានៅប្រទេសប្រជាធិបតេយ្យ ជាពិសេសនៅសហរដ្ឋមេរិក ហាមខាច់ដាច់ចំពោះគ្រួសារមេដឹកនាំ យកបញ្ហាមនុស្សធម៌លាយឡំជាមួយរឿងនយោបាយ។ អ្នកស្រីថា ការណ៍ដែលប្រពន្ធនាយករដ្ឋមន្ត្រីចេញមុខដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តក្រោមរូបភាពមនុស្សធម៌ គឺជៀសមិនផុតការស្វែងរកផលប្រយោជន៍នយោបាយឱ្យប្តីនោះទេ។ អ្នកស្រី ធិត គឹមហ៊ុន បានផ្តល់យោបល់ថា បើសិនលោក ហ៊ុន ម៉ាណែត និងភរិយាគឺអ្នកស្រី ពេជ ចន្ទមុន្នី ដែលមានជំនាញសុខាភិបាលស្រាប់ ពិតជាមានបេះដូងសប្បុរសចង់ជួយប្រជាពលរដ្ឋមែននោះ ត្រូវពង្រឹងគុណភាពសុខាភិបាលរបស់រដ្ឋឱ្យប្រសើរ ជាជាងបង្កើតសមាគមនាំគ្រូពេទ្យដើរព្យាបាលអ្នកជំងឺ ថតវីដេអូបង្ហោះឱ្យពលរដ្ឋរំលឹកដឹងគុណនោះ។
អ្នកស្រី ធិត គឹមហ៊ុន៖ «ខ្ញុំសុំលើកទឹកចិត្តឱ្យប្រែក្លាយសមាគមហ្នឹង កុំឱ្យជាសមាគមកម្មសិទ្ធិបុគ្គលដែលជាភរិយារបស់គាត់(លោក ហ៊ុន ម៉ាណែត) តែសូមឱ្យបើកសេវាកម្មលក្ខណៈសហគមន៍ ឬនៅតាមខេត្តដែលជួយដល់ប្រជាពលរដ្ឋហ្នឹង ឱ្យមានសេវាកម្មសុខាភិបាលឱ្យបានគ្រប់គ្រាន់ សូមកុំឱ្យយើងមកផ្តល់សេវាកម្មដើម្បីផលប្រយោជន៍បុគ្គល ដើម្បីឱ្យប្រជាពលរដ្ឋសងគុណត្រឡប់ទៅវិញ ដោយសារពាក្យថាអរគុណសន្តិភាពហ្នឹង »។
ប្រតិកម្មនេះ មេដឹកនាំក្រុងភ្នំពេញកំពុងប្រើប្រាស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ធីតា (TYDA) ដែលដឹកនាំដោយភរិយារបស់លោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ្រ ចន្ទមុន្នី ធ្វើជាឈ្នាន់ដើម្បីទាញសំឡេងគាំទ្រពីពលរដ្ឋ ក្រោមរូបភាពមនុស្សធម៌ ដូចជាសកម្មភាពចុះពិនិត្យ និងព្យាបាលជូនពលរដ្ឋក្រីក្រ មនុស្សចាស់ដោយឥតគិតថ្លៃ។ សមាគមដែលប្រមូលផ្តុំដោយគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរពេទ្យរដ្ឋ ឯកជន និងសិស្សនិស្សិតពេទ្យនោះ តែងតែបង្ហោះវីដេអូបង្ហាញពីពលរដ្ឋជាអ្នកជំងឺនិយាយអួតសរសើរ លើកដៃរំលឹកដឹងគុណរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងភរិយាតែម្តង។
អ្នកជំងឺ៖ « ខ្ញុំអរគុណក្មួយ ម៉ាណែត និងក្មួយ ពេជ្រ ចន្ទមុន្នី ដែលបានជួយខ្ញុំមកព្យាបាលនៅពេទ្យ ឥឡូវខ្ញុំជាហើយ ខ្ញុំទៅវិញហើយក្មួយ សូមឱ្យសុខសប្បាយទាំងគ្រួសារ ខ្ញុំមិនភ្លេចគុណទេ នៅពេលខ្ញុំបានចេញពីពេទ្យ ខ្ញុំសប្បាយចិត្តខ្លាំងណាស់»។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បង្កើតឡើងនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១២។ ក្នុងឱកាសពិធីរំលឹកខួប១២ឆ្នាំ នៃការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះ អ្នកស្រី ពេជ្រ ចន្ទមុន្នី បានបង្ហោះវីដេអូ និងសារនៅហ្វេសប៊ុកផ្ទាល់ខ្លួនលើកឡើងថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតា (TYDA) បានជួយប្រជាពលរដ្ឋខ្មែរឈរលើមនុស្សធម៌ កើតចេញពីបេះដូង ដោយមិនខ្លាចហត់នឿយទេជាពិសេសជំនាន់រីករាលដាលជំងឺកូវីដ-១៩។
អ្នកស្រី ពេជ្រ ចន្ទមុន្នី៖ «ខ្ញុំផ្តាំផ្ញើទៅប្អូនប្រុស ប្អូនស្រី ដែលជាសមាជិកសមាជិការបស់ធីតាទាំងអស់ សូមប្រើជំនាញរបស់ប្អូន ក្រមសីលធម៌ ចា៎នៅក្នុងវិស័យសុខាភិបាលនេះ ជួយមនុស្សដោយប្រើគុណធម៌ ប្រើបេះដូងក្នុងការធ្វើការ នៅពេលណាយើងធ្វើអ្វីសូមចាំបណ្តាំរបស់បងប្រាប់ចា៎ »។
ចំណែកប្តីរបស់អ្នកស្រី ពេជ្រ ចន្ទមុន្នី គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុកថា លោកមានមោទនភាពចំពោះគ្រួសារ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតា(TYDA) ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការជួយប្រជាពលរដ្ឋដែលជួបការលំបាក ហើយលោកប្ដេជ្ញាបន្តដំណើរជាមួយសមាគមនេះ ក្នុងបុព្វហេតុកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌។
ទោះជាយ៉ាងណា ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្រ្តាលីលោក ស៊ឹង សែនករូណា មានប្រសាសន៍ថា ការទាញយកក្រុមគ្រូពេទ្យ ឬមន្រ្តីរាជការឱ្យនៅស្ថិតក្រោមការគ្រប់គ្រងគ្រួសារត្រកូលហ៊ុន ក្រោមរូបភាពធ្វើកិច្ចការងារមនុស្សធម៌កន្លងមក គ្រាន់តែជានយោបាយប្រជាភិថុតិហូតទឹកសម្លឹងកាក ដើម្បីលើកតម្កើងកិត្តិយសរបស់មេដឹកនាំតែប៉ុណ្ណោះ។ លោកមើលឃើញថាមេដឹកនាំដែលបង្កើតស្ថាប័នផ្ទាល់ខ្លួនទាញយកមុខមាត់ ស្របពេលប្រព័ន្ធសុខាភិបាលអន់ថយ និងគ្មានទំនុកចិត្តនោះ គឺមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវទទួលខុសត្រូវចំពោះសុខមាលភាពរបស់ពលរដ្ឋនោះទេ។
លោក ស៊ឹង សែនករូណា៖ « មិនត្រូវបង្កើតស្ថាប័នដែលដាច់ដោយឡែកអ៊ីចឹងទេ យើងត្រូវពង្រឹងប្រព័ន្ធសុខាភិបាលរបស់រដ្ឋដែលមានស្រាប់ ដើម្បីឱ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅដើម្បីប្រើប្រាស់សេវាកម្មសុខាភិបាលទាំងអស់ហ្នឹង គ្រប់ទីកន្លែង ដោយមិនចាំបាច់ប្រើប្រាស់ថវិកាណាមួយទេ អាហ្នឹងជាការងាររបស់នាយករដ្ឋមន្ត្រីដែលដឹកនាំ និងក្រសួងសាមីហ្នឹងតែម្តង គឺមិនមែនយកក្រុមគ្រូពេទ្យធ្វើអ៊ីចឹងមកមានមោទនភាពអ៊ីចឹងទេ នេះជាការទាញយកមុខមាត់ កេងចំណេញផ្នែកនយោបាយពីគ្រួសារមេដឹកនាំហ្នឹងហើយ»។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមើលឃើញថា គ្រួសារត្រកូលហ៊ុនយកសមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតា(TYDA) ធ្វើសកម្មភាពក្រោមស្លាកមនុស្សធម៌ បានជាន់ពន្លិចតួនាទីក្រសួងសុខាភិបាល និងជាការកេងចំណេញនយោបាយសម្រាប់ការកាន់អំណាចតត្រកូល។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញឆន្ទៈពិតក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់រដ្ឋឱ្យមានគុណភាពជាងបច្ចុប្បន្ន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងទទួលបានភាពកក់ក្តៅ ដោយមិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬការទាញយកផលប្រយោជន៍តបស្នងត្រឡប់ទៅវិញ៕
No comments:
Post a Comment