Monday, 23 December 2024

មន្ត្រី​បក្ស​កម្លាំង​ជាតិ លោក គា វិសាល ផ្ដាំ​ផ្ញើ​ឱ្យ​អ្នក​គាំទ្រ​រឹងមាំ​ទោះ​បី​លោក​កំពុង​ជាប់​ពន្ធនាគារ


ដោយ ទីន ហ្សាការីយ៉ា
2024.12.22

មន្ត្រី​បក្ស​កម្លាំង​ជាតិ លោក គា វិសាល ផ្ដាំ​ផ្ញើ​ឱ្យ​អ្នក​គាំទ្រ​រឹងមាំ​ទោះ​បី​លោក​កំពុង​ជាប់​ពន្ធនាគារ  
រូបឯកសារ៖ លោក គា វិសាល (កណ្ដាល) សកម្មជន​គណបក្ស​កម្លាំង​ជាតិ ពេល​អាជ្ញាធរ​នាំ​មក​ចូលរួម​សវនាការ​ស្ដីពី​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក នៅ​តុលាការ​កំពូល កាល​ពីថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ពីពលរដ្ឋ

មន្ត្រី​បក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល ដែល​កំពុង​ជាប់​ពន្ធនាគារ រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​អ្នក​គាំទ្រ និង​យុវជន​បន្ត​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​យុត្តិធម៌​សង្គម។ សាច់ញាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា តុលាការ​គួរតែ​ដោះលែង លោក គា វិសាល អ្នកទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​បញ្ច្រាស​ការ​រិះគន់​ពី​ពលរដ្ឋ និង​អង្គការ​អន្តរជាតិ។

អនុប្រធាន​ក្រុមការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល ប្រកាន់​គោលជំហរ​ចង់​ឃើញ​កម្ពុជា​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ បើ​ទោះ​បី​ជា​លោក​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​បែប​ណា​ក្ដី ក៏​លោក​នៅ​តែ​មាន​ស្មារតី​ជំរុញ​ឱ្យ​យុវជន​ចេះ​រួបរួម​សាមគ្គី​គ្នា។

ជំទប់​ទី​២​នៃ​ឃុំ​កោះ​មិត្ត​មកពី​បក្ស​ភ្លើង​ទៀន​ដែល​ជា​ប្រពន្ធ​របស់​លោក គា វិសាល គឺ​អ្នកស្រី ញ៉ែ សុខឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ថា អ្នកស្រី​បាន​ទៅ​ជួប​សួរ​សុខទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី (PJ) កាល​ពី​ថ្ងៃទី២១ ធ្នូ ដោយ​ប្ដី​របស់​អ្នកស្រី​នៅ​តែ​មាន​ស្មារតី​រឹងមាំ និង​ក្រាញននៀល​មិន​ចុះ​ចាញ់​នឹង​អំពើ​អយុត្តិធម៌​ឡើយ។ អ្នកស្រី​បន្ត​ថា ប្ដី​ផ្ដាំផ្ញើ​ឱ្យ​អ្នក​គាំទ្រ​កុំ​បាក់ស្បាត​ដោយសារតែ​ឃើញ​អាជ្ញាធរ​ចាប់​លោក​ដាក់​ពន្ធនាគារ ហើយ​ការ​ជាប់​ពន្ធនាគារ​មិន​អាច​រារាំង​ស្មារតី​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​សិទ្ធិ​សេរីភាព​ពិត​ប្រាកដ​នោះ​ទេ។

អ្នកស្រី ញ៉ែ សុខឿន៖ «កុំ​ធ្វើ​បាប​ខ្មែរ​ខ្មែរ​យើង​ដូចគ្នា​ទេ យើង​រួបរួម​គ្នា​ទៅ​ដើម្បី​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា ដោយសារ​យក​មតិ​ជំទាស់​របស់​ពួក​ខ្ញុំ​ទៅ​គិត​ពិចារណា​ថ្លឹងថ្លែង​ទាំងអស់​គ្នា។ ថា​ពួក​ខ្ញុំ​ធ្វើ​ហ្នឹង​ក៏​មិនមែន​ដើម្បី តែ​គ្រួសារ​តែ​ប៉ុន្មាន​នាក់​ទេ​យើង​ធ្វើ​ដើម្បី​ជាតិ​យើង​ទាំងអស់​គ្នា​ទេ យើង​រួបរួម​គ្នា​ទៅ​ហើយ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់​ហ្នឹង​ទៅ»

 

កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា អាជ្ញាធរ​ក្រោម​កា​រដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​អនុប្រធាន​ក្រុមការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ លោក គា វិសាល នៅ​ភូមិ​កោះប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ហើយ​បញ្ជូន​មក​រាជធានី​ភ្នំពេញ​ដោយ​មិន​បង្ហាញ​ដីកា​ចាប់ខ្លួន និង​បញ្ជាក់​ពី​មូលហេតុ​ឡើយ។ ប៉ុន្តែ​គ្រួសារ​អះអាង​ថា ការ​ចាប់​ខ្លួន​លោក គា វិសាល ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​នេះ​ដោយសារតែ​លោក​មិនព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ ក្រោយ​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែ​សីហា បាន​ផ្ដន្ទាទោស​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើសអើង និង​ការ​ជេរប្រមាថ​ជា​សាធារណៈ» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៤​លាន​រៀល តាម​បណ្ដឹង​របស់ លោក ម៉ៃ ហុងស្រៀង អតីត​មន្ត្រី​របស់​គណបក្ស​ភ្លើង​ទៀន តែ​ក្រោយ​មក​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក ម៉ៃ ហុងស្រៀង ត្រូវ​បាន​ប្រធាន​គណបក្ស ប្រជាជន កម្ពុជា​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ការងារ​ជា​អ្នក​ដើរ​បញ្ចុះបញ្ចូល​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​តាម​យុទ្ធសាស្ត្រ «លលក​ទាក់​លលក» របស់​លោក ហ៊ុន សែន។

ទីប្រឹក្សា​របស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ស្ញប់ស្ញែង​ចំពោះ​ការ​លះបង់​របស់​លោក គា វិសាល ចំពោះ​ជាតិ​មាតុភូមិ។ លោក​បន្ត​ថា តុលាការ​គួរតែ​ដោះលែង​លោក គា វិសាល ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​បន្ថែម​ទៀត។

លោក រ៉ុង ឈុន៖ «ជុំវិញ​ការ​បន្ត​ឃុំខ្លួន​លោក គា វិសាល ក៏​ដូចជា​អ្នក​ជាប់​ឃុំ​មនសិការ​ផ្សេងៗ​ទៀត​ខ្ញុំ​មើល​ឃើញ​ថា វា​មិន​រឿង​ល្អ​សម្រាប់​កម្ពុជា​យើង​នោះ​ទេ។ គណបក្ស​កម្លាំង​ជាតិ​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ម៉េច​ផ្ដល់​នូវ​សេរីភាព​ដល់​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់​នោះ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ និង​សិទ្ធិ​បញ្ចេញមតិ។ លោក​បន្ត​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត ហើយ​ករណី​មាន​ការ​បង្ខិតបង្ខំ​នោះ គឺជា​ទង្វើ​ខុស​ច្បាប់។

លោក អំ សំអាត៖ «យើង​ឃើញ​ហើយ​កន្លងមក​នៅ​ក្នុង​ការ​ផ្តល់​អនុសាសន៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ទៅ​លើ​ការ​ប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិញ​ស្ដីពី​សិទ្ធិ​មនុស្ស។ គេ​តែង​ផ្ដល់​អនុសាសន៍​ទាក់ទង​នឹង​រំលោភ​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​តុលាការ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​ប្រព័ន្ធ​តុលាការ ឬក៏​ប្រព័ន្ធ​យុត្តិធម៌​មាន​ភាព​ឯករាជ្យ ដើម្បី​ធានា​ដល់​ការ​អនុវត្ត​សិទ្ធិ​ឱ្យ​បាន​ពេញលេញ»

កន្លងទៅ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​ឪ​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត តែង​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដើម្បី​ចាប់​អ្នក​រិះគន់ និង​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ និង​តាម​គំរាមកំហែង​បំភិតបំភ័យ​ប្រសិន​ពួកគេ​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ ទោះបីជា​មានការ​គាបសង្កត់​បែប​នេះ​ក្ដី ក៏​បច្ចុប្បន្ន​មាន​អ្នកទោស​មនសិការ​ជិត ១០០នាក់​កំពុង​ជាប់​ឃុំ ហើយ​ភាគច្រើន​ពួកគាត់​នៅតែ​រក្សា​ជំហរ​រឹងមាំ​ដោយ​សុខចិត្ត​បន្ត​ជាប់​ពន្ធនាគារ​ក៏​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែរ។

គ្រួសារ និង​មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរតែ​ការ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ និង​តាម​យាយី​អ្នក​រិះគន់​ត​ទៅ​ទៀត ហើយ​ងាក​មក​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​ស្ដារ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ៕

No comments: