Saturday, 21 December 2024

រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា លោក ទៀ សីហា ទៅ​វៀតណាម ​ដើម្បី​រឹត​ចំណង​វិស័យ​ការពារ​ជាតិ



រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា លោក ទៀ សីហា ទៅ​វៀតណាម ​ដើម្បី​រឹត​ចំណង​វិស័យ​ការពារ​ជាតិ

ដោយ សេក បណ្ឌិត
2024.12.19


រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា លោក ទៀ សីហា ទៅ​វៀតណាម ​ដើម្បី​រឹត​ចំណង​វិស័យ​ការពារ​ជាតិ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ (កណ្ដាល) ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍​ថ្ងៃកំណើតកងទ័ពប្រជាជន​វៀតណាម​លើកទី៨០ និង​ខួប​លើក​ទី៣៥ ឆ្នាំ ទិវាបុណ្យការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅ​ប្រទេសវៀតណាម នៅ​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ សីហា កំពុង​មាន​វត្តមាន​នៅ​ប្រទេសវៀតណាម (Vietnam) និង​ដឹកនាំ​មន្ត្រី​គ្រាក់ៗ ដើម្បី​ជជែក​ពិភាក្សា​ក្នុង​រឹត​ចំណង​លើ​វិស័យ​ការពារ​ជាតិ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួងការពារជាតិ​វៀតណាម។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា វៀតណាម​នៅ​តែ​ចង់​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា ហើយ​ការ​ហៅ​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​ទៅ​ជជែក​លើ​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​វៀតណាម​ទប់ទល់​នឹង​ឥទ្ធិពល​ចិន (China) នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម​ លោក ហ្វាន វ៉ាន់យ៉ាង (Phan Van Giang) អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ សីហា ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម​លើក​នេះ គឺ​ដើម្បី​បញ្ជាក់​ជំហរ​ជា​ថ្មីទៀត​នៃ​ចំណង​មិត្តភាព​សាមគ្គីភាព ដ៏​យូរ​អង្វែង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួងការពារជាតិ​កម្ពុជា និង​កងយោធពលខេមរភូមិន្ទ​ជាមួយ​កងទ័ព​ប្រជាជន​វៀតណាម ក្នុង​គោល​បំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​រឹង​មាំ​បន្ថែម​ទៀត។



ក្រៅ​ពី​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ សីហា ចាប់​ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី២១ ខែធ្នូ ទៅ​វៀតណាម​លើក​នេះ ក៏​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ការពារ​ជាតិ​វៀតណាម និង​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​កំណើត​កងទ័ព​ប្រជាជន​វៀតណាម​លើក​ទី៨០។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៧ ខែធ្នូ។

ប្រមុខ​ការពារ​ជាតិ​កម្ពុជា​លោក ទៀ សីហា នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម ដើម្បី​ជជែក​អំពី​ក្នុង​ការ​បន្ត​ធ្វើ​ការងារ​លើ​វិស័យ​ការពារ​ជាតិ​រួម​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ដោយ​ផ្ដោត​លើ​ទំនាក់ទំនង​កម្រិត​ខ្ពស់ ពិសេស​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ដូចជា ការ​ធ្វើ​សមយុទ្ធ និង​បណ្ដុះបណ្ដាល​ជំនាញ​សមត្ថភាព​យោធា​ជាដើម ដែល​ស្រប​នឹង​ខ្លឹមសារ​ស្ដីពី​ផែនការ ៥ឆ្នាំ​នៃ​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​រួម​គ្នា។ ជា​មួយ​គ្នា​នេះ លោក​ក៏​នឹង​គ្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​បណ្តា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា អាមេរិក ចិន និង​ឡាវ ក្នុង​ក្របខ័ណ្ឌ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ​ទ្វេភាគី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា មូល​ហេតុ​លោក ទៀ សីហា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ញឹកញាប់​នោះ គឺ​ដោយសារ​តែ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​ត្រកូល ហ៊ុន ចង់​ស្អំ​ចិត្ត​វៀតណាម​ឱ្យ​បន្ត​មាន​ឥទ្ធិពល​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា ជា​ថ្នូរ​នឹង​ការ​រក្សា​បាន​អំណាច​បែប​គ្រួសារ​បក្ខ​ពួក​និយម។ លោក​បន្ថែម​ទៀត​ថា វៀតណាម​អាច​នឹង​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ភាព​ល្អូកល្អិន​ជាមួយ​ចិន ហើយ​យុទ្ធសាស្ត្រ​វៀតណាម​ដែល​ខិតខំ​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​កម្ពុជា និង​ឡាវ​នោះ គឺ​វៀតណាម​ចង់​រក្សា​អំណាច​ជា​បង​ធំ​ក្នុង​មហិច្ឆតា​ចង់​គ្រប់គ្រង​តំបន់​ឥណ្ឌូ​ចិន និង​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​ដែល​កំពុង​មាន​ជម្លោះ​ដណ្ដើម​ដែន​សមុទ្រ​ជាមួយ​វៀតណាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

    លោក អ៊ុំ សំអាន៖ «សុបិន​របស់​ហូ ជីមិញ (Ho Chi Minh) គឺ​ចង់​បង្កើត​កម្ពុជា វៀតណាម ឡាវ ទៅ​ជា​ប្រទេស​តែ​មួយ ទៅ​ជា​សហព័ទ្ធ​ឥណ្ឌូ​ចិន​ដែល​គ្រប់គ្រង​ដោយ​វៀតណាម ដើម្បី​ឱ្យ​វៀតណាម​មាន​ឥទ្ធិពល​ទប់​នឹង​មហា​អំណាច​ចិន។ លោក ហ៊ុន សែន បើ​ទោះ​បី​ជា​ទៅ​ចាប់​ចិន ប៉ុន្តែ​គាត់​មិន​ចោល​វៀតណាម​នោះ​ទេ។ វៀតណាម​នៅ​តែ​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​តាមរយៈ​ផ្នែក​យោធា តាមរយៈ​ការ​វិនិយោគ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស ក៏​ដូចជា​តំបន់ (CLV) ហ្នឹង​គឺ​ជា​កន្លែង​ដែល​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​វៀតណាម​មក​ធ្វើការ មក​រស់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​កើត​កូន​ពូន​ជា​ចៅ​ទៅ​ថ្ងៃ​ក្រោយ គឺ​វា​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​របស់​កម្ពុជា និង​ឈាន​ដល់​ការ​បាត់បង់​កម្ពុជា​ដូច​ដែល​កម្ពុជា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​អ៊ីចឹង»។

រីឯ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ វាយ​តម្លៃ​ថា ភាគី​វៀតណាម​ហៅ​លោក ទៀ សីហា ទៅ​បំពេញ​ទស្សនកិច្ច​លើ​នេះ ពុំ​មាន​អ្វី​ក្រៅ​ពី​ពង្រឹង​ទំនាក់ទំនង​ផ្នែក​យោធា និង​ចង់​ស្ទាបស្ទង់​ជំហរ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ក្នុង​គ្រា​បង្កើន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន និង​ការ​កែប្រែ​ស្ថានការណ៍​ខ្លះ​ក្នុង​ទំនាក់ទំនង​ជាមួយ​អាមេរិក ដើម្បី​វៀតណាម​បន្ត​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ក្នុង​មហិច្ឆតា​ចង់​ត្រួតត្រា និង​មាន​ឥទ្ធិពល​នៅ​កម្ពុជា។

    លោក គឹម សុខ៖ «គោលដៅ​ធំ​របស់​វៀតណាម​គឺ​ការ​ពង្រឹង​ឥទ្ធិពល​យោធា​ជាមួយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ទី​មួយ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ផង ហើយ​គោលដៅ​មួយ​ទៀត​គឺ​វៀតណាម​នៅ​តែ​ចិញ្ចឹម​ចិត្ត​ក្នុង​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា ម្ល៉ោះ​ហើយ​ការ​ពង្រឹង​យុទ្ធសាស្ត្រ​យោធា​ជាមួយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​រឿង​ចាំ​បាច់​ណាស់។ គ្រាន់​តែ​ថា ក្នុង​ដំណាក់កាល​នេះ ដោយសារ​តែ​មាន​ការ​ប្រែប្រួល​ខ្លះ​នៃ​ទំនាក់ទំនង​យោធា​កម្ពុជា-អាមេរិក និង​យោធា​កម្ពុជា-ចិន វៀតណាម​ត្រូវ​ស្ទង់​ឱ្យ​ដឹង​ថា តើ​គេ​ត្រូវ​ធ្វើ​ក្នុង​កម្រិត​ណា ដើម្បី​ឱ្យ​យុទ្ធសាស្ត្រ​សមយុទ្ធ​យោធា​កម្ពុជា​ជាមួយ​វៀតណាម​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​នយោបាយ​ឈ្លានពាន»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ្នកស្រី ម៉ាលី សុជាតា និង​លោក ឈុំ សុជាត ដើម្បី​ប្រតិកម្ម​ជុំវិញ​នឹង​ការ​លើកឡើង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៩ ខែធ្នូ។

ស្រប​ពេល​មាន​ការ​ព្រួយបារម្ភ​ពី​កំណើន​ឥទ្ធិពល​យោធា​ចិន​ក្នុង​តំបន់ និង​ការ​បង្ហាញ​ជំហរ​របស់​កម្ពុជា​ដែល​បន្ត​រឹត​ចំណង​ជាមួយ​មិត្ត​ដែកថែប​ចិន​លើ​វិស័យ​ការពារ​ជាតិ​នោះ វៀតណាម​ដែល​ជា​ចៅហ្វាយ​ចាស់​កម្ពុជា​បាន​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជាមួយ​ប្រមុខ​ការពារ​ជាតិ និង​ប្រមុខ​ស្ថាប័ន​រដ្ឋសភា​កម្ពុជា ជា​ញឹកញាប់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្នុង​គោលដៅ​សំខាន់​ជំរុញ​ឱ្យ​កាន់​តែ​មាន​ភាព​ស៊ីជម្រៅ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ និង​យោធា​រវាង​កម្ពុជា និង​វៀតណាម។

កាល​ពី​ខែវិច្ឆិកា លោក ទៀ សីហា ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ដើម្បី​ចុះ​ហត្ថលេខា​ស្ដី​ពី​ផែនការ ៥ឆ្នាំ​នៃ​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​រួម​គ្នា។ ទោះ​ជា​យ៉ាងណា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ​រង​ការ​រិះគន់​ថា វៀតណាម​នៅ​តែ​មាន​ឥទ្ធិពល និង​មហិច្ឆតា​ចង់​ត្រួតត្រា​កម្ពុជា ដោយសារ​តែ​ផែនការ ៥ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​រួម​គ្នា​នោះ វៀតណាម​តែងតែ​ទាមទារ​ឱ្យ​ភាគី​កម្ពុជា​បន្ត​ដឹង​គុណ​វៀតណាម និង​ស្នើ​ឱ្យ​ជួយ​ការពារ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា៕

1 comment:

Anonymous said...

Tea Seyha needed to pay respect to his master and get new orders.