2024.12.26

អតីតនាយករដ្ឋមន្ត្រី និងជាឪពុកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានទម្លាយថា មានក្រុមឆបោកតាមអនឡាញ (Call Center) ស្ថិតនៅអគារលេខ២៥ ជាន់ទី២ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមួយកន្លែងផ្សេងទៀតនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) ដែលលោកអះអាងថា គឺជាកាស៊ីណូខុសច្បាប់របស់ជនជាតិថៃ ដែលបានប្រើប្រាស់គណនីធនាគារខុសច្បាប់។ សង្គមស៊ីវិលយល់ឃើញថា ការអះអាងរបស់លោក ថាក់ស៊ីន គឺជាតម្រុយមួយ សម្រាប់អាជ្ញាធរកម្ពុជាចុះបង្ក្រាប។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានលើកឡើងថា លោកនឹងជួយជំរុញឱ្យមានការចាត់វិធានការ ចំពោះករណីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ(Call Center) និងប្រតិបត្តិការហិរញ្ញវត្ថុលើគណនីធនាគាររបស់ថៃខុសច្បាប់ ដែលលោកអះអាងថា មានមូលដ្ឋាននៅក្នុងទឹកដីកម្ពុជា និងមីយ៉ាន់ម៉ា(Myanmar)។
ថ្លែងក្នុងសុន្ទរកថាក្នុងពិធីជួបជុំសមាជិកបក្ស នៅខេត្តឈៀងម៉ៃ(Chiang Mai) កាលពីថ្ងៃទី២៤ ខែធ្នូ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានលើកឡើងថា មានពលរដ្ឋថៃដែលរងគ្រោះពីការបង្ខាំង និងធ្វើទារុណកម្មបង្ខាំងឱ្យឆបោកតាមអនឡាញ បានមកប្រាប់លោកអំពីភាពក្ដៅក្រហាយ និងទុក្ខវេទនា បន្ទាប់ពីទទួលរងការធ្វើបាបពីសំណាក់ក្រុមឆបោក និងចាប់ជំរិតដែលមានមូលដ្ឋាននៅលើទឹកដីកម្ពុជា និងមីយ៉ាន់ម៉ា(Myanmar)។ លោក ថាក់ស៊ីន បានបញ្ជាក់ថា លោកកំពុងរាយការណ៍ករណីឆបោកនេះ ទៅកាន់រដ្ឋាភិបាលកម្ពុជា ពីទីតាំងឆបោកនៅអាគារលេខ២៥ ជាន់ទី២ ក្នុងក្រុងប៉ោយប៉ែត និងប្រាប់ទៅក្រុមកម្លាំងបះបោររបស់សហភាពជាតិការ៉ែន (KNU) ក្នុងប្រទេសមីយ៉ាន់ម៉ា ពីទីតាំងឆបោកនៅក្នុងក្រុង មីយ៉ាវ៉ាឌី(Myawaddy) ហើយប្រសិនបើអាជ្ញាធរប្រទេសទាំងនោះមិនអាចដោះស្រាយករណីនេះបានទេ នោះលោកនឹងដាក់សំណើទៅកាន់រដ្ឋាភិបាលប្រទេសទាំងនេះ ដើម្បីបញ្ជូនកម្លាំងសមត្ថកិច្ចថៃឱ្យទៅចាត់វិធានការដោយខ្លួនឯង។
លោក ថាក់ស៊ីន បានថ្លែងបន្ថែមថា នៅឆ្នាំក្រោយនេះ លោកនឹងជំរុញឱ្យមានការលុបបំបាត់ចោលទាំងស្រុងនូវករណីឆបោកតាមអនឡាញ នេះឱ្យអស់ពីទឹកដីថៃ ដើម្បីឱ្យពលរដ្ឋថៃ មានសេចក្ដីសុខ។
ការថ្លែងរបស់លោក ថាក់ស៊ីន នេះធ្វើឡើងនៅក្រោយពេលដែលអាជ្ញាធរថៃ បានរកឃើញទីតាំង និងចាប់ខ្លួនឧក្រិដ្ឋជនឆបោកតាមអនឡាញ ជាច្រើនករណីនៅចុងឆ្នាំ២០២៤ នេះ ដែលមេខ្លោងរបស់ឧក្រិដ្ឋជនភាគច្រើនគឺជាជនជាតិចិន ក្នុងនោះមួយចំនួនកាន់លិខិតឆ្លងដែន និងមានសញ្ជាតិខ្មែរថែមទៀតផង។ អាជ្ញាធរថៃបានរកឃើញថា ឧក្រិដ្ឋជនឆបោកទាំងនេះ មានខ្សែបណ្ដាញចេញពីទឹកដីកម្ពុជា ឡាវ (Laos) និងមីយ៉ាន់ម៉ា(Myanmar) ជាដើម។
ជុំវិញរឿងនេះ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោក ស៊ា សៅឌី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូ ថា លោកនឹងរាយការណ៍ពីករណីឆបោកតាមអនឡាញ ដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន បានអះអាងនេះ ទៅកាន់ថ្នាក់លើដើម្បីចាត់វិធានការបន្ទាន់។
លោក ស៊ា សៅឌី៖ « បាទ! ខ្ញុំទើបតែបានទទួលពេលដែលប្រាប់អំបាញ់មិញហ្នឹងឯង។ ខ្ញុំនឹងរាយការណ៍រឿងនេះជូនលោកអធិការ»។
ថ្លែងនៅក្នុងទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៨ កាលពីថ្ងៃទី១២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា បទល្មើសជួញដូរមនុស្សនៅលើទឹកដីកម្ពុជាកាន់តែទំនើប និងធ្វើឱ្យប៉ះពាល់ដល់ជនរងគ្រោះ និងមុខមាត់កម្ពុជាទាំងមូល។ ក៏ប៉ុន្តែ ទន្ទឹមនឹងការទទួលស្គាល់នេះ លោក ហ៊ុន ម៉ាណែត បានប្រតិកម្មទៅនឹងរបាយការណ៍អន្តរជាតិ ដែលផ្ដល់ចំណាត់ថ្នាក់ដល់កម្ពុជាក្នុងកម្រិតអន់ ជាប្រទេសមានអំពើជួញដូរមនុស្សធ្ងន់ធ្ងរ ដោយលោកចាត់ទុកថា មិនឆ្លុះបញ្ចាំងពីការពិត មិនយុត្តិធម៌ និងមានចេតនាសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លើកឡើងថា អាជ្ញាធរកម្ពុជាគួរតែសហការជាមួយភាគីថៃ ដើម្បីបង្ក្រាបបទល្មើសឆបោកនេះ ព្រោះករណីនេះជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការធនាគាររបស់ថៃ ខណៈការសហការនេះ អាចនឹងធ្វើឱ្យការចុះបង្ក្រាបមានវិសាលភាពកាន់តែខ្លាំងឡើង។
លោក នី សុខា៖ «ក៏ប៉ុន្តែបើសិនមានការលើកឡើងពីលោក ថាក់ស៊ីន ថា ប្រសិនបើកម្ពុជាមិនមានវិធានការ ឬបង្ក្រាបអីយ៉ាងម៉េចនោះគេនឹងដាក់កម្លាំងមក ខ្ញុំគិតថាមិនមែនជាកិច្ចសហប្រតិបត្តិការទេ ព្រោះអានេះវានៅក្នុងដែនដីនៃប្រទេសមួយ។ ដូច្នេះបើសិនជាយើងនិយាយពីកម្រិតត្រឹមតែកិច្ចសហប្រតិបត្តិការ បង្កើនឱ្យមានកិច្ចសហប្រតិបត្តិការល្អ អាហ្នឹងវាជារឿងមួយដ៏ត្រឹមត្រូវ។ ប៉ុន្តែប្រសិនជាយើងលូកដៃចូលជ្រៅ ហើយមិនមានកិច្ចសហប្រតិបត្តិការហើយយើងមកធ្វើលើទឹកដីមួយ អាហ្នឹងក៏មិនអាចទៅរួចដែរ»។
រយៈពេល ៣ឆ្នាំចុងក្រោយនេះកម្ពុជាបន្តជាប់ក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជានៅតែមានស្ថានភាពអាក្រក់ ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិក។ អាមេរិករកឃើញថា អំពើពុករលួយ កង្វះនៃការអនុវត្តច្បាប់ និងការឃុបឃិតរវាងមន្ត្រីក្នុងជួររដ្ឋាភិបាលកម្ពុជាមួយចំនួនជាមួយក្រុមជនល្មើស គឺជាហេតុធ្វើឱ្យអំពើជួញដូរមនុស្សនៅតែកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជា៕
No comments:
Post a Comment