2024.12.31
អាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួនប្រជាសហគមន៍ការពារព្រៃឈើឧត្ដមស្រែពស់ម្នាក់ បន្ទាប់ពីក្រុមទាហានង៧០ឈូសឆាយដីព្រៃសហគមន៍ និងប្ដឹងប្រជាសហគមន៍ពីបទប្រើប្រាស់អំពើហិង្សា។ តំណាងសហគមន៍ថា ការឃាត់ខ្លួនសមាជិករបស់ខ្លួន គឺជារឿងអយុត្តិធម៌ ពីព្រោះក្រុមទាហាន៧០ជាអ្នកព្រួតវាយប្រជាសហគមន៍។
ប្រជាសហគមន៍ព្រៃឈើ ឧត្ដមស្រែពស់ អះអាងថា អាជ្ញាធរខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនសមាជិកសហគមន៍ម្នាក់ ឈ្មោះ ប៉ឹក ខ្មៅ កាលពីថ្ងៃទី២៩ ខែធ្នូ ក្រោយពីក្រុមទាហានជាច្រើនអ្នកបានព្រួតវាយធ្វើបាបគាត់ម្នាក់ឯង បន្ទាប់ពីសហគមន៍នាំគ្នាដេកយាមសម្ភារៈនៅខ្ទម ដើម្បីការពារព្រៃឈើ ក្នុងព្រៃសហគមន៍ឧត្ដមស្រែពស់ កាលពីថ្ងៃទី២៨ ខែធ្នូកន្លងទៅ។
តំណាងសហគមន៍ឧត្ដមស្រែពស់ លោក ឃន សារិត អះអាងប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនសហគមន៍ឧត្ដមស្រែពស់ គឺលោក ប៉ឹក ខ្មៅ ដើម្បីសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឹ អស់រយៈពេល ១យប់២ថ្ងៃហើយ មិនទាន់ដោះលែងត្រឡប់មកវិញនោះទេ។ លោកថា អាជ្ញាធរឃាត់ខ្លួន លោក ប៉ឹក ខ្មៅ ដោយសារក្រុមទាហានង៧០ប្ដឹង លោកពីបទប្រើប្រាស់អំពើហិង្សា ប៉ុន្តែជាក់ស្ដែងក្រុមទាហានង៧០ជាច្រើននាក់ទៅវិញទេ ដែលជាអ្នកព្រួយវាយធ្វើបាបលោក កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ។
លោក ឃន សារិត៖ «វាអយុត្តិធម៌ណាស់សម្រាប់សហគមន៍ បទល្មើសរកមិនឃើញហើយមិនមានដំណោះស្រាយ ឥឡូវស្រាប់តែមកចោទប្រើអំពើហិង្សា ហើយចោទយើងអ៊ីចឹងថែមទៀត សហគមន៍ខ្ញុំរងនូវអយុត្តិធម៌ណាស់ គួរតែលើកទឹកចិត្តគាត់ ដែលគាត់ការពារនៅសម្បត្តិរបស់រដ្ឋ គួរតែលើកទឹកចិត្តគាត់មិនគួរធ្វើបែបនេះដាក់គាត់ទេ គាត់ការពារនេះមិនមែនទុកជារបស់ខ្លួនគាត់ទេ គាត់ការពារទុកជារបស់រដ្ឋដដែល»។
ជុំវិញរឿងនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោក ឃឹម សុកខៃ ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី៣០ ខែធ្នូថា ការឃាត់ខ្លួនលោក ប៉ឹក ខ្មៅ គឺគាត់បានបង្កអំពើហិង្សា ដោយដកកាំបិតចាក់ទៅលើភាគីមួយទៀត ។
លោក ឃឹម សុកខៃ៖ «គាត់បង្កអំពើហិង្សាយកកាំបិតចាក់គេ ហើយគាត់បានសារភាពអស់ហើយ ដូច្នេះក្នុងនាមខ្ញុំជាសមត្ថកិច្ចត្រូវតែនាំគាត់មកស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត មានតែប៉ុណ្ណឹង»។
នេះមិនមែនជាលើកទី១នោះទេ ដែលសហគមន៍ឧត្ដមស្រែពស់ រងការប្រើប្រាស់អំពើហិង្សា និងប្ដឹងទៅតុលាការ ពាក់ព័ន្ធនឹងការការពារព្រៃសហគមន៍ឧត្ដមស្រែពស់ មិនឲ្យក្រុមទាហានង៧០ ឈូសឆាយយកដីព្រៃឈើជាកម្មសិទ្ធិ។ កន្លងទៅទាំងសហគមន៍ អង្គការសង្គមស៊ីវិល និងអាជ្ញាធរ បាននាំគ្នាដាំកូនឈើគ្រប់ប្រភេទឡើងវិញ នៅកន្លែងដែលក្រុមទាហានង៧០បានឈូសឆាយ រាប់ពាន់ដើម ប៉ុន្តែក្រោយមក ក្រុមទាហានង៧០ក៏បន្តឈូសឆាយដីព្រៃ និងលួចយកសម្ភារៈប្រើប្រាស់របស់សហគមន៍មួយចំនួនថែមទៀត។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ដែលកំពុងតាមដានរឿងនេះ យល់ឃើញថា អាជ្ញាធរមិនគួរឃាត់ខ្លួនសហគមន៍ ដែលលះបង់កម្លាំងកាយចិត្តការពារធនធានធម្មជាតិនោះទេ។ លោកថា អាជ្ញាធរគួរតែចាត់វិធានការទៅលើក្រុមអ្នកបំផ្លាញធនធានធម្មជាតិ ទើបជារឿងល្អប្រសើរ។ លោកបន្ថែមថា អាជ្ញាធរត្រូវតែពិចារណា និងសិក្សាបញ្ហានេះឡើងវិញ ដើម្បីផ្ដល់ភាពយុត្តិធម៌ទៅជនរងគ្រោះពិតប្រាកដ។
លោក ហេង គឹមហុង៖ «ខ្ញុំពិតជាមានការសោកស្ដាយនៅពេលដែលឮថាប្រព្រឹត្តអំពើហិង្សាដោយភាគី អះអាងថាខ្លួនឯងជាយោធា ប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋការពារខ្លួនអំពីការប្រព្រឹត្តអំពើហិង្សាត្រូវបានឃាត់ខ្លួន ដូច្នេះខ្ញុំទទូចឲ្យមានការពិនិត្យឡើងវិញ ក្នុងការឃាត់ខ្លួននេះ ហើយអ្នកផ្ដើមប្រព្រឹត្តអំពើហិង្សានេះគួរតែត្រូវបានចាប់ខ្លួន និងមិនបណ្ដែតបណ្ដោយឲ្យមានការប្រព្រឹត្តអំពើហិង្សាផ្សេងៗ»។
ព្រៃសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានផ្ទៃដី ជិត៩រយហិកតារ (៨៨៧) ដែលធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វាជាដើម។ ប៉ុន្តែបច្ចុប្បន្នព្រៃសហគមន៍មួយនេះ ត្រូវបានក្រុមអ្នកមានអំណាច មន្ត្រីយោធា ពលរដ្ឋ និងឈ្មួញខិលខូចមួយចំនួន ឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ ដែលធ្វើឲ្យបាត់បង់ព្រៃឈើ និងសត្វព្រៃស្ទើរតែទាំងស្រុង។ ចំណែកអាជ្ញាធរនៅតំបន់នោះ មិនបានចាត់វិធានការទៅលើឧក្រិដ្ឋជនទាំងនោះឡើយ ផ្ទុយទៅវិញអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញទៅលើសហគមន៍ការពារព្រៃឈើ៕
No comments:
Post a Comment