Sunday, 12 January 2025

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ចូល​ជួប​កញ្ញា សេង ធារី ក្នុង​ពន្ធនាគារ


ដោយ យ៉ង ចាន់តារា
2025.01.11

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ចូល​ជួប​កញ្ញា សេង ធារី ក្នុង​ពន្ធនាគារ  
លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០២៥ ចូល​ជួប​​កញ្ញា សេង ធារី (អាវ​ពណ៌​ស្លា​ទុំ) ជា​មេធាវី និង​​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាម៉េរិកាំង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២ «ម២» ឬ​ហៅ​ថា ពន្ធនាគារ​ព្រៃស។
រូប៖ ហ្វេសប៊ុកលោក កែវ រ៉េមី
 
 

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា បាន​ចូល​ជួប​មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាម៉េរិកាំង កញ្ញា សេង ធារី ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២ «ម២» ឬ​ហៅ​ថា ពន្ធនាគារ​ព្រៃស។

លោក កែវ រ៉េមី កាល​ពី​ថ្ងៃទី១០ ខែ​មករា បាន​បង្ហោះ​សារ ភ្ជាប់​នឹង​រូបភាព​កាន់​ដៃ​គ្នា​ជាមួយ​កញ្ញា សេង ធារី ក្នុង​សំលៀកបំពាក់​ពណ៌​ស្លាទុំ នៅ​ក្នុង​ពន្ធនាគារ នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) ថា លោក បាន​សួរ​សុខទុក្ខ​កញ្ញា សេង ធារី ជា​លើក​ទី២ ហើយ។ លោក​បន្ត​ថា កញ្ញា សេង ធារី មាន​សុខភាព​ល្អ រួម​ទាំង​មាន​បរិយាកាស និង​ការ​ស្នាក់​នៅ​ល្អ​ប្រសើរ។

ការ​ចូល​សួរ​សុខទុក្ខ​នេះ ធ្វើ​ឡើង​ក្នុង​ពេល ដែល​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្រសួង​សុខាភិបាល ក្រសួង​យុត្តិធម៌ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ចុះ​សួរ​សុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​អ្នក​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២ «ម២» កាល​ពី​ថ្ងៃ​ទី៩ ខែមករា។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ជំនួប​រវាង​កញ្ញា សេង ធារី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី ១១ ខែ​មករា។

 

កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០២៤ មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាម៉េរិកាំង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២ «ម២» កញ្ញា សេង ធារី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ ជា​ពិសេស នៅ​មណ្ឌល​អប់រំ​កែ​ប្រែ «ម២»

អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ​កញ្ញា សេង ធារី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ២០២២ កាត់​ឱ្យ​មាន​ទោស​ជាប់​ពន្ធនាគារ ៦ឆ្នាំ ពី​បទ​ចោទ «រួម​គំនិត​ក្បត់» ក្នុង​សំណុំរឿង​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ កាល​ពី​ឆ្នាំ២០១៩។

កញ្ញា សេង ធារី ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ «ម២» នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា។ ការ​បញ្ជូន​កញ្ញា​ទៅ​ឃុំ​ខ្លួន​នៅ​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ឡើង​វិញ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់ អាច​ចូលរួម​ក្នុង​ដំណើរ​ការ​នយោបាយ​បាន​ដោយ​សេរី។

គិត​មក​ទល់​នឹង​ពេល​នេះ មេធាវី និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​ កញ្ញា សេង ធារី ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​ហើយ។ ការ​កាត់​សេចក្ដី​ឱ្យ​កញ្ញា សេង ធារី មាន​ទោស​បែប​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ សេរី ប្រជាធិបតេយ្យ រួមមាន អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជា​ដើម ចាត់​ទុក​ថា ជា​ចំណាត់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ៕

No comments: