2025.01.12
ស្នងការនគរបាលក្រុងបាងកក សង្កាត់១ លោក អដ្ឋាផន វង្សសិរិព្រីដា(Arthaphorn Wongsiripreeda) ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមករា ថា ខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) ដែលធ្វើឃាតអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា បានសារភាពប្រាប់ប៉ូលិសថៃថា រូបគេបានទទួលសំណើរឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ពីជនជាតិថៃម្នាក់ដែលជាអ្នកមានគុណបំណាច់លើរូបលោក កាលពីលោកត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌទាហានដំបូង។
លោក អដ្ឋាផន បន្តថា ដំបូងឡើយខ្មាន់កាំភ្លើងមិនទទួលភារកិច្ចសម្លាប់លោក លិម គិមយ៉ា ឡើយ ប៉ុន្តែអ្នកបញ្ជានោះ បានបង្ខំរូបគេជាច្រើនដង រហូតព្រមទទួលភារកិច្ចនេះនៅមុនពេលកើតហេតុ ២៤ម៉ោង ក្នុងតម្លៃឈ្នួលចំនួន ៦ម៉ឺនបាត ឬជាង ១ពាន់ ៧រយដុល្លារ ដោយខ្មាន់កាំភ្លើងប្រាប់ថា រូបគេទទួលភារកិច្ចនេះ គឺចង់តបស្នងសងគុណចំពោះអ្នកបញ្ជា ដែលជាជនជាតិថៃនោះ។
ស្នងការនគរបាលក្រុងបាងកកសង្កាត់១ រូបនេះ បន្តថា ខ្មាន់កាំភ្លើងបានសារភាពទៀតថា ក្នុងប្រតិបត្តិការបាញ់សម្លាប់លោក លិម គិមយ៉ា គឺមានអ្នករៀបចំគម្រោងជាប្រព័ន្ធ ដោយមានជនជាតិខ្មែរ ប្រើឈ្មោះជាភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ជាអ្នកផ្ទេរប្រាក់ឈ្នួលនៅមុនកើតហេតុចំនួន ៣ម៉ឺនបាត ឬជាង ៩រយដុល្លារ និងបន្ទាប់ពីសម្រេចភារកិច្ចចំនួន ៣ម៉ឺនបាត។ លោកបន្តថា ខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ សារភាពចំពោះប្រតិបត្តិការសម្លាប់ ដោយរូបគេបានទទួលសារនៅលើបណ្ដាញទំនាក់ទំនងឡាញ(Line) ដែលមានអ្នកប្រាប់ពីអត្តសញ្ញាណលោក លិម គិមយ៉ា ពេលវេលា និងទីតាំងចំណតរថយន្ត។ លោក អដ្ឋាផន បញ្ជាក់ពីចម្លើយសារភាពថា ក្រោយពេលបាញ់សម្លាប់លោក លិម គិមយ៉ា រួច ខ្មាន់កាំភ្លើងបានរត់គេចខ្លួន តាមការចង្អុលបង្ហាញរបស់បណ្ដាញអ្នកបញ្ជាឱ្យសម្លាប់ ដោយប្រើប្រាស់តាមជំហាន និងឧបាយកលដើម្បីបោកបញ្ឆោតមន្ត្រីស៊ើបអង្កេត រហូតពួកគេបាននាំលោកទៅដល់ព្រំដែន ស្រុកខៅដិន (Khao Din) ខេត្តស្រះកែវ (SaKeo) មានយុវជនចំនួន ២នាក់ជាជនជាតិខ្មែរ ចាំទទួលលោក និងដឹកតាមម៉ូតូចុះតាមច្រកស្រុកសំពៅលូន ខេត្តបាត់ដំបង។
ស្នងការនគរបាលក្រុងបាងកក សង្កាត់១ លោក អដ្ឋាផន វង្សសិរិព្រីដា ប្រាប់ថា សមត្ថកិច្ចនិងស្នើសុំដីកាឃុំខ្លួន លោក អេកាឡាក់ ផែណយ ពីតុលាការព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែមករានេះ ដើម្បីបន្តដំណើរការនីតិវិធីស៊ើបសួរបន្ត។
1 comment:
The murderer Hun Sen kept killing because he has always gotten away with his crimes: from the execution of the K5 project, the 97 grenade attack, the 1997 coup d'Etat, the killing of Chea Vichea, Chhut Vuthy, Ven. Sam Buntheun, etc....to the shooting of Dr. Kem Ley.
Hun Sen just recently warned that Phon Phana must be captured dead or alive and brought back from Thailand.
Post a Comment