Thursday, 2 January 2025

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​បញ្ចេញមតិ​និង​ផ្សះផ្សា​ជាតិ ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​ល្អ​ទាក់ទាញ​ទេសចរ

 

ដោយ ហ៊ុំ ចំរើន
2025.01.02

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​បញ្ចេញមតិ​និង​ផ្សះផ្សា​ជាតិ ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​ល្អ​ទាក់ទាញ​ទេសចរ  
ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរដ្ឋាភិបាលរៀបចំឡើង​អបអរសាទរចូលឆ្នាំសកល នៅមុខព្រះបរមរាជវាំង កាលពីថ្ងៃទី៣១ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុក សសយក

ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​បង្កើត​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​រួមមាន ​ស្នាម​ញញឹម​កម្ពុជា ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ និង​ព្រឹត្តិការណ៍​សាទរ​កម្ពុជា ជាដើម ដើម្បី​លើក​តម្កើង​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​ ក្រោយ​ពី​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​។

ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​វាយ​តម្លៃ​ថា ការ​រៀបចំ​របស់​រដ្ឋាភិបាល​បែបនេះ​នៅ​មិន​ទាន់​ចំ​ចំណុច​ស្នូល​នៅ​ឡើយ​ទេ ប្រសិន​បើ​វិបត្តិ​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស រួម​ទាំង​ឧក្រិដ្ឋកម្ម​ផ្សេងៗ នៅ​តែ​កើតមាន ​ធ្វើ​ឱ្យ​អ្នក​ទេសចរ​បរទេស​ខ្លាច​ញញើត​មក​លេង​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ព្យាយាម​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​បំណង​ស្តារ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើង​វិញ​​យ៉ាង​ណា​ក្តី​ ក៏ប៉ុន្តែ​ទង្វើ​នេះ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ ដរាបណា​រដ្ឋាភិបាល​នៅ​តែ​មានះ ​មិន​បន្ទន់ឥរិយាបថ ស្ដារ​ប្រជាធិបតេយ្យ បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​  ពង្រឹង​យុត្តិធម៌​សង្គម និង​លុប​បំបាត់​អំពើ​ឧក្រិដ្ឋកម្ម​ក្នុង​សង្គម​នោះ​ទេ។

 

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុ​ជា (ANSA) លោក សន ជ័យ ពន្យល់​ថា​ លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ជា​ចំណុច​ស្នូល​យ៉ាង​សំខាន់ និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​សង្គម នយោបាយ ដែល​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​បាន​ច្រើន​មក​ទស្សនា​កម្ពុជា។

ហេតុនេះ​លោក​ថា រដ្ឋាភិបាល​គួរតែ​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​គ្រប់​ៗគ្នា មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់ ក្នុង​ន័យ​ស្ថាបនា​វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេង​ទៀត​ ដែល​ជា​ផ្នែក​មួយ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ

លោក សន ជ័យ៖ «កាល​ណា​ប្រទេស​មួយ​ដែល​ជា​ប្រទេស​ឱ្យ​ពលរដ្ឋ​ចូលរួម​សកម្ម ក្នុង​រឿង​សកម្មភាព​នយោបាយ​ និង​សេដ្ឋកិច្ច​សង្គម​ជា​ធាតុ​ចូល​រួម​ក្នុង​ន័យ​ស្ថាបនា​គឺ​មាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ជំរុញ​អ្នក​នយោបាយ ជា​ជាង​ឱ្យ​ពួកគាត់​លើក​មតិ​មក​ថា​ជា​ក្រុម​ប្រឆាំង​ រិះ​គន់​តិច​ថា​មាន​បរទេស​មក​ពី​ក្រោយ​ អា​ទាំង​អស់​ហ្នឹង​សុទ្ធ​សឹង​តែ​ជា​សេរីភាព​មូលដ្ឋាន​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​បទឧក្រិដ្ឋ ចាប់ជំរិត អំពើ​ជួញ​ដូរ​មនុស្ស ការ​ឆបោក​លើ​បណ្ដាញ​អ៊ីនធឺណិត ​និង​បញ្ហា​ចោរកម្ម ជាដើម ជះឥទ្ធិពល​មិន​ល្អ​ដល់​វិស័យ​ទេសចរណ៍។

ចំណែក​អ្នក​ផ្តល់​សេវាកម្ម​ទេសចរ​នៅ​ខេត្ត​សៀមរាប លោកស្រី ជិន ស៊ីនួន សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ពលរដ្ឋ​មួយចំនួន មិន​ហ៊ាន​បញ្ចេញ​មតិ រិះគន់​អាជ្ញាធរ​ក្នុង​ន័យ​ស្ថាបនា​នោះ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ចោទ​ប្រកាន់​ថា ​ជា​ក្រុម​បក្ស​ប្រឆាំង​ និង​ចាប់​ដាក់​គុក។

លោកស្រី​បន្ថែម​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​បង្កើត​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​ក្តី ក៏​ពលរដ្ឋ​នៅតែ​ជួប​ការ​លំបាក​ច្រើន​ ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត  ដោយសារ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ៖

លោកស្រី ជិន ស៊ីនូន៖ «ការ​លក់ដូរ​គឺ​អត់​ដាច់​ទេ​ស្ងាត់​ណាស់ អត់​មាន​ភ្ញៀវ​ផង!ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ​ជួយ​ទាក់ទាញ​ភ្ញៀវ​មក​ខ្មែរ​ឱ្យ​ច្រើន ព្រោះ​សេដ្ឋកិច្ច​ឥឡូវ​អត់​សូវ​ដើរ​សោះ»

ប្រតិកម្ម​របស់​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​អាជ្ញាធរ​បាន​រៀបចំ​កម្ម​វិធី​ថ្មី​មួយ​ទៀត គឺ​ព្រឹត្តិការណ៍ «សាទរ​កម្ពុជា​» ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០២៤ ដល់​ថ្ងៃ​ទី១ មករា ឆ្នាំ ២០២៥ ។

អាជ្ញាធរ​ចាត់​ទុក ព្រឹត្តិការណ៍​នេះ​បង្ហាញ «​មោទនភាព​នូវ​សមិទ្ធផល​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ ​រក្សា​​អត្តសញ្ញាណ​ជាតិ និង​ប្រជាជន ព្រមទាំង​អបអរ​ដល់​ការ​រួមរស់​ ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ នៅ​ថ្ងៃ​ទី១ មករា។ រីឯ​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

តែ​យ៉ាង​ណា រដ្ឋបាល​ខេត្ត​សៀមរាប បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១ មករា​ថា នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវ​ទេសចរ​ជាតិ​មក​ទស្សនា​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ កើន​ឡើង​ច្រើន​ជាង​ឆ្នាំមុន

ទោះ​ជា​យ៉ាង​ណា​អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ិន គង់ជិត បារម្ភ​ថា រដ្ឋាភិបាលបាន​ប្រឹងប្រែងរៀបចំ​កម្ម​វិធី​ល្អៗ​យ៉ាងណា​ក្តី​ ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ ​ឱ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែងនោះ​ឡើយ   ប្រសិន​បើ​កម្ពុជា​នៅ​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស  ​អយុត្តិធម៌​សង្គម​ ថយ​ចុះ​ប្រជាធិបតេយ្យ​ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​​​បញ្ចេញ​មតិ

លោក អ៊ិន គង់ជិត៖ «បើ​សិន​បើ​អនុវត្ត​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​ខ្ជាប់ខ្ជួន​ ហើយ​លំហ​ប្រជាធិបតេយ្យ​ឱ្យ​ប្រជាជន​បញ្ចេញ​មតិ​ឬ​ក៏​មាន​ការ​រិះគន់​ដោយ​ស្ថាបនា ​ទាំងនេះ​ប្រសិន​បើ​គាត់​បើក​បេះដូង​ទទួល​យក​ទើប​ធ្វើ​ឱ្យ​អ្វីៗ​មាន​ការ​អភិវឌ្ឍ​ឡើង​ទាក់ទាញ​ទេសចរ​ជឿ​ទុក​ចិត្ត​មក​លេង​បាន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ដើម្បី​ស្តារ​វិស័យ​ទេសចរ​ឱ្យ​ងើប​ឡើង​វិញ​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​តម្លៃ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស  ដោះស្រាយ​សន្តិសុខ​សង្គម​ និង​ការ​បង្រួប​បង្រួម​ជាតិ​ឡើង​វិញ​ នោះ​ទើប​កម្ពុជា​​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រយៈ​ពេល​វែង។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​សកល​២០២៥​ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើរ​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​ជាង ៣​សែន ៣ ម៉ឺន​នាក់ ៣៣៣​៦៦០នាក់កើន​ឡើង​ប្រមាណ ៩.៧៣%​ ដោយ​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ជាង ១ម៉ឺននាក់ (១០,២៦០កើន​ឡើង ១៣.២០បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ កាល​ពី​ឆ្នាំ២០២៣។

មន្ត្រី​សង្គម​ស៊ីវិល​បន្ថែម​ថា ក្នុង​ពេល​ភ្ញៀវ​ទេសចរ​ថយ​ចុះ ​មិន​ត្រឹមតែ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ទៀត នឹង​​ក្ស័យធន​ ហើយ​កន្លែង​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​ជា​ច្រើន ​រួមមាន សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​ជាដើម​ នឹង​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់៕

1 comment:

Anonymous said...

Thanks to the magic power of Samdach AchKor Hun Sen, that terrorist FIRE can burn only the King's picture, not the physical body of the King. This FIRE must be prosecuted severely.