Thursday, 2 January 2025

យុវជន​រិះគន់​ដែល​បង្ខំ​ឱ្យ​យុវជន​ធ្វើ​វីដេអូ​សុំទោស​រដ្ឋាភិបាល​ដើម្បី​ប្ដូរ​យក​សិទ្ធិ​សេរីភាព


ដោយ យ៉ង ចាន់តារា
2025.01.01

យុវជន​រិះគន់​ដែល​បង្ខំ​ឱ្យ​យុវជន​ធ្វើ​វីដេអូ​សុំទោស​រដ្ឋាភិបាល​ដើម្បី​ប្ដូរ​យក​សិទ្ធិ​សេរីភាព  
យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ​ហៅ​កាត់​ថា YRDP ទាំង ៦នាក់ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​ឃុំឃាំង នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០២៤ ដោយ​​​ចោទ​ប្រកាន់​អំពី​បទ​រួម​គំនិត​ក្បត់។
រូប៖ ហ្វេសប៊ុក

យុវជន​ឈឺ​ឆ្អាល​ការងារ​សង្គម និង​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ថា ការ​បង្ខំ​ឱ្យ​យុវជន​ធ្វើ​វីដេអូ​សារភាព​ទោសកំហុស​ជា​ថ្នូរ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ គឺជា​ជាន់​ឈ្លី​លើ​ប្រព័ន្ធ​តុលាការ និង​ជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ។ ប្រតិកម្ម​របស់​ក្រុម​យុវជន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ឪពុក​កូន​គឺ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដាក់​សម្ពាធ​លើ​ក្រុម​យុវជន​សង្គម​ឱ្យ​សុំទោស និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​ថា ជា​ការ​បង្គាប់​បញ្ជា​ឱ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

យុវជន និង​អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា ការ​បង្ខំ ឬ​ការ​បំភិតបំភ័យ​ឱ្យ​យុវជន​សារភាព​ទោស​កំហុស​ដែល​ខ្លួន​មិន​ប្រព្រឹត្ត​ខុស ឬ​បង្ខំ​ឱ្យ​ពួកគេ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ទទួល​បាន​សិទ្ធិ​សេរីភាព គឺជា​ការ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គ្រួសារ​ត្រកូល«ហ៊ុន»

យុវជន​តាម​ដាន​កិច្ច​ការងារ​នយោបាយ លោក ធូ វ៉ាឃីម ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣១ ខែធ្នូ ថា ការ​បង្ខំ​ឱ្យ​ក្រុម​យុវជន​ធ្វើ​វីដេអូ​សុំទោស​រដ្ឋាភិបាល​ទាំង​ដែល​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នេះ ជា​អំពើ​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ឡើយ។ លោក​បន្ត​ថា ការ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​យុវជន​នេះ​មិន​អាច​ធ្វើ​ឱ្យ​យុវជន​ដែល​គិត​ពី​បញ្ហា​សង្គម​បោះបង់​គោលជំហរ​ឈប់​ឈឺឆ្អាល​ពី​បញ្ហា​សង្គម​ឡើយ។ 

 

លោក ធូ វ៉ាឃីម៖ «ខ្ញុំ​មើល​ឃើញ​តុលាការ​ស្រុក​ខ្មែរ​គ្មាន​ផ្ដល់​យុត្តិធម៌​ឱ្យ​ពួកគាត់​យុវជន​ទេ​មាន​តែ​ជិះជាន់​យុវជន​ទៅ​វិញ​ទេ​មិន​ថា យុវជន មិន​ពលរដ្ឋ​ផ្សេងៗ​ទៀត មិន​ថា​ពលរដ្ឋ​ទាមទារ​ដីធ្លី​គឺ​រង​សម្ពាធ​ពី​អ្នក​នយោបាយ»

ស្រដៀង​គ្នា​នេះ ប្រធាន​គណៈកម្មការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ម៉ាត់ វណ្ណី ថ្លែង​ថា ការ​ចាប់​ខ្លួន​យុវជន​យក​ទៅ​ដាក់​ពន្ធនាគារ​ហើយ​បង្ខំ​ឱ្យ​ពួកគេ​ចុះចូល​ជាមួយ​រដ្ឋាភិបាល ឬ​បង្ខំ​ឱ្យ​សុំទោស​គ្រួសារ​ត្រកូល«ហ៊ុន» គឺ​បង្ហាញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ប្រទេស​ផ្ដាច់ការ។ លោក​បន្ត​ថា ប្រព័ន្ធ​យុត្តិធម៌​សព្វថ្ងៃ​នេះ​មិន​បាន​ឈរ​លើ​គោលការណ៍​ឯករាជ្យ និង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពលរដ្ឋ​នោះ​ឡើយ ពីព្រោះ​ប្រសិនបើ តុលាការ​ឯករាជ្យ​យុវជន​ដែល​ឈឺឆ្អាល​ពី​បញ្ហា​សង្គម​ទាំងនោះ​គឺ​មិន​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ឡើយ។

លោក ម៉ាត់ វណ្ណី៖ «អ៊ីចឹង​ហើយ​បាន​យើង​ចង់​បញ្ជាក់​ថា សង្គម​មួយ​ដែល​អត់​មាន​នីតិរដ្ឋ​បាន​ន័យ​ថា មិនមែន​យក​ច្បាប់​ជា​ធំ​គឺ​យក​បុគ្គល​ជា​ធំ​ហ្នឹង​គឺ ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ដោះស្រាយ​បាន​ទេ​រឿង​ជម្លោះ​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​រឿងកំប៉ិកកំប៉ុក​រឿង​រដ្ឋប្បវេណី​បន្តិចបន្តួច​ទេ។ ប៉ុន្តែ​បើ​រឿង​យុត្តិធម៌​តែ​ម្ដង​មិន​អាច​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​បាន​ទេ​ដូច្នេះ​បាន​ជា​យើង​មិន​អាច​ពឹង​ពាក់​លើ​ប្រព័ន្ធ​យុត្តិធម៌ មិន​អាច​ពឹងពាក់​លើ​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់»

ប្រតិកម្ម​របស់​ក្រុម​យុវជន​ទាំងនេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល ដាក់​សម្ពាធ​លើ​យុវជន២​រូប​នៃ​សមាជិក​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​បុគ្គល​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​គឺ កញ្ញា សើន ស្រីម៉ៃ និង​អ្នកស្រី សាក់ កន្និការ កាល​ពី​យប់​ថ្ងៃទី៣០ ខែធ្នូ ឱ្យ​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ដោយ​អះអាង ខ្លួន​បាន​ដើរ​តាម​ឧបាយកល​ទុច្ចរិត​ដែល​មាន​ជន​បរទេស​នៅ​ពីក្រោយ​ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ថ្លែង​ថា ការ​សុំទោស​របស់​ក្រុម​យុវជន​ទាំង​នេះ មិន​ពាក់ព័ន្ធ​នឹង​ការ​បង្ខិតបង្ខំ​របស់​បក្ស​កាន់​អំណាច​ឡើយ។ លោក​អះអាង​ថា គឺជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​យុវជន​ទាំង​នោះ។ លោក សុខ ឥសាន បន្ថែម​ថា ប្រសិនបើ​ក្រុម​អ្នក​រិះគន់ ឬ​យុវជន​ទាំងនោះ​សុំ​ទោស​រដ្ឋាភិបាល​គឺ​នឹង​ទទួល​បាន​ការ​ដោះលែង។

លោក សុខ ឥសាន៖ «យុវជន​ដែល​សារភាព​ហើយ​ខ្ញុំ​ទទួល​ស្គាល់​ការ​ទទួល​ខុស​ត្រូវ​របស់​សាមីជន​ពីរ​នាក់​ដែល​សារភាព​នោះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ទទួល​ស្គាល់​កំហុស​របស់​គាត់​ក៏​ជា​សិទ្ធិ​របស់​គាត់​ដែរ។ តែ​អ្នក​និយាយ​ផ្សេង​ថា មាន​ការ​គាបសង្កត់​ពីរ​ហ្នឹង​ឱ្យ​សារភាព​អា​ហ្នឹង​ខ្ញុំ​មិន​សារភាព​ទេ​អ្នកឯង​រំលោភ​សិទ្ធិ​អ្នកដទៃ​ហើយ​ពីព្រោះ​ខ្លួនឯង​មិនមែន​សាមី​ខ្លួន​ទេ​ខ្លួន​ឯង​គ្រាន់តែ​អ្នក​មើល​ពី​ក្រៅ​ទេ»

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់​ខ្លួន​យុវជន​សង្គម​ចំនួន ៨នាក់​ដែល​រដ្ឋាភិបាល​អះអាង​ទាំង​គ្មាន​ភស្តុតាង​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដាច់​ឡែក​ពី​គ្នា​ដោយ​តុលាការ​បាន​ចោទប្រកាន់​យុវជន​ចំនួន​៧នាក់​រួមមាន លោក ធី ថន លោក ឈាង រិទ្ធី កញ្ញា ចៀន សុណា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា រៀម ស្រីពេជ្ររតនា និង​អ្នកស្រី សាក់ កន្និការ ពី​បទ«រួម​គំនិត​ក្បត់»។ ចំណែក​ឯ កញ្ញា សើន ស្រម៉ៃ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ«ញុះញង់»។ ប៉ុន្តែ​រយៈ​ពេល​ចុងក្រោយ​នេះ មាន​ការរៀបចំ​ឱ្យ​ក្រុម​យុវជន​ធ្វើ​វីដេអូ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដើម្បី​ជា​ថ្នូរ​ប្ដូរ​យក​សេរីភាព ដែល​គិត​មក​ទល់​ពេល​នេះ​គឺ​មាន​យុវជន​ចំនួន៦​នាក់​ហើយ​ក្នុង​នោះ​រួមមាន គឺ​កញ្ញា កាត់ ស៊ីណាត កញ្ញា ចៀន ស៊ីណា កញ្ញា នឿន ស្រីណែត លោក ឈាង រិទ្ធី និង​ករណី​ចុង​ក្រោយ​នេះ​គឺ កញ្ញា សើន ស្រីម៉ៃ និង​អ្នកស្រី សាក់ កន្និការ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង កញ្ញា សើន ស្រីម៉ៃ និង​អ្នកស្រី សាក់ កន្និការ ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣១ ខែធ្នូ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ក្រុម​យុវជន​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ ក៏​ប៉ុន្តែ​ពួកគាត់​អនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​តាម​ច្បាប់។

កាលពី​ថ្ងៃទី១៦ ខែ​កញ្ញា អង្គការ​លីកាដូ (LICADO) រក​ឃើញ​ថា មាន​មនុស្ស​ជិត ១០០នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន និង​កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជុំវិញ​ការ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម​ ដែល​ហៅ​កាត់​ថា CLV-DTA ថ្វីត្បិត​កម្ពុជា​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយ​ក៏​ដោយ​ក្រោយ​ពី​ផ្ទុះ​ការ​តវ៉ា និង​ខឹង​សម្បារ​ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រួច​មក ក៏​រដ្ឋាភិបាល​ឪពុក​កូន​ត្រកូល​ហ៊ុន​មិន​ព្រម​ដោះលែង​ក្រុម​យុវជន​ទាំងអស់​នោះ​ដែរ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​អាវុធ​ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់ និង​ចាប់​ខ្លួន​សកម្មជន​សង្គម ក្រុម​អ្នក​រិះគន់ និង​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត។

ក្រុម​យុវជន និង​អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ប្រកាន់ និង​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​អាច​ឱ្យ​ពួកគាត់​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល២០២៥៕

1 comment:

Anonymous said...

Ah Hun Sen's paranoid disease has deepened, even young children are considered as extremist terrorists.