Thursday, 16 January 2025

ខ្មាន់កាំភ្លើង​បង្ហាញ​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ក្រោយ​ពេល​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក លី រតនរស្មី

 

ដោយ សុជីវី
2025.01.15

ខ្មាន់កាំភ្លើង​បង្ហាញ​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ក្រោយ​ពេល​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក លី រតនរស្មី  
 
(ឆ្វេង) ខ្មាន់​កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) ដែល​បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​សារភាព​ប្រាប់​ទៅ​ប៉ូលិស​ហើយ​ថា ជនជាតិ​ខ្មែរ ឈ្មោះ លី រតនរស្មី (ស្ដាំ) ជាអ្នក​បញ្ជា​។
រូប៖ ហ្វេសប៊ុកសារព័ត៌មាន AMARIN TV
 

បន្ទាប់​ពី​ព្យាយាម​លាក់បាំង​ពី​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ពេល​នេះ ខ្មាន់​កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាន​ព្រម​សារភាព​ប្រាប់​ទៅ​ប៉ូលិស​ហើយ​ថា អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​ជនជាតិ​ខ្មែរ ឈ្មោះ លី រតនរស្មី ដែល​បច្ចុប្បន្ន ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន។

ស្នងការ​នគរបាល​ក្រុង​បាងកក ប្រាប់​អ្នក​សារព័ត៌មាន​ថៃ​ថា ខ្មាន់​កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាន​ទទួល​ស្គាល់​ថា លោក លី រតនរស្មី ដែល​ជា​ជនជាតិ​ខ្មែរ ប្រើ​ឈ្មោះ​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត (Somwang Bamrungkit) នោះ គឺជា​អ្នក​ជួល និង​បញ្ជា​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា ពិតប្រាកដ​មែន។

មូលហេតុ ដែល​ជំរុញ​ឱ្យ​ខ្មាន់កាំភ្លើង​ព្រម​សារភាព​នេះ គឺ​ដោយសារ​ក្រុម​ស៊ើបអង្កេត​បាន​បង្ហាញ​ភស្តុតាង​រឹងមាំ និង​សម្បូរ​បែប ដែល​ធ្វើ​ឱ្យ​លោក អេកាឡាក់ ផែណយ ប្រកែក​មិន​បាន ទើប​លោក​ព្រម​សារភាព និង​ផ្ដល់​សក្ខីកម្ម​បញ្ជាក់​ដល់​ប៉ូលិស។

 

ខ្មាន់កាំភ្លើង​ឈ្មោះ អេកាឡាក់ ផែណយ បាន​ប្រាប់​ប៉ូលិស​បន្ថែម​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​នេះ ត្រូវ​បាន​លោក លី រតនរស្មី ប្រាប់​ថា ដោយសារ​ជម្លោះ​ផ្ទាល់​ខ្លួន។ ខ្មាន់​កាំភ្លើង​អះអាង​ថា នៅ​មុន​បាញ់​សម្លាប់ គាត់​មិន​ស្គាល់​ពី​អត្តសញ្ញាណ និង​សាវតារ​ពាក់ព័ន្ធ​រឿង​នយោបាយ​របស់​ជន​រង​គ្រោះ​ឡើយ ដោយ​ការ​កំណត់​គោលដៅ គឺ​មាន​អ្នក​ផ្ញើ​សារ​មក​ប្រាប់​តាម​ទូរស័ព្ទ​ពី​ភិនភាគ និង​ទីតាំង​របស់​ជន​រងគ្រោះ។

ទោះ​ជា​ខ្មាន់​កាំភ្លើង​បាន​អះអាង​ដោយ​យោង​តាម​សម្ដី​របស់​ជន​សង្ស័យ​ឈ្មោះ លី រតនរស្មី បែប​នេះ​ក្ដី ក៏​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ស្និទ្ធ​នឹង​ជន​រងគ្រោះ គឺ​លោក លិម គិមយ៉ា បាន​អះអាង​ថា កាល​នៅ​មាន​ជីវិត លោក លិម គិមយ៉ា មិន​ដែល​មាន​ទំនាក់ទំនង និង​វិវាទ​ជាមួយ​ជន​សង្ស័យ​ឡើយ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ខ្មាន់​កាំភ្លើង​ហើយ​នោះ តុលាការ​ព្រហ្មទណ្ឌ​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៤ ខែមករា បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​លោក លី រតនរស្មី ដែល​ប្រើ​ឈ្មោះ​នៅ​ប្រទេស​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត ដោយ​ចោទ​ប្រកាន់​ចំនួន ៣ ករណី គឺ ទី១ បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ទី២ ការ​កាន់​អាវុធ​នៅ​ទី​សាធារណៈ ដោយ​ខុស​ច្បាប់ និងទី៣ ការ​បាញ់​កាំភ្លើង​នៅ​ក្នុង​ក្រុង។

បទ​ចោទ​ទាំង​នេះ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នៅ​ក្រុងបាងកក កាល​ពី​ថ្ងៃ​ទី៧ ខែមករា ដែល​ខ្មាន់​កាំភ្លើង​ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ម្នាក់។

ជន​សង្ស័យ​ឈ្មោះ លី រតនរស្មី គឺ​ជា​អតីត​ប្រធាន​ក្រុម​ការងារ​ផ្នែក​ពលករ​ប្រចាំ​ប្រទេសថៃ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​នយោបាយ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​ឆ្នាំ២០១៧ ប៉ុន្តែ​ក្រោយ​មក បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ នៅ​ឆ្នាំ២០២២។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ជា​អ្នក​រៀបចំ​ពិធី​ទទួល​លោក លី រតនរស្មី និង​មនុស្ស​មួយ​ចំនួន​ទៀត ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រោយ​មក លោក លី រតនរស្មី ត្រូវ​បាន​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន តែងតាំង​ជា​ទីប្រឹក្សា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ប៉ូលិស​អន្តោប្រវេសន៍​ថៃ បាន​បញ្ជាក់​ថា ជន​សង្ស័យ​ជា​ជនជាតិ​ខ្មែរ ដែល​ប្រើ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត នេះ គឺ​គ្មាន​នៅ​ក្នុង​បញ្ជី​ជាតិ​ឈ្មោះ​ប្រជាពលរដ្ឋ​របស់​ប្រទេស​ថៃ​ឡើយ ដោយ​ឈ្មោះ​ពិត​ប្រាកដ គឺ លី រតនរស្មី ហើយ ជន​សង្ស័យ​ដែល​ប្រើប្រាស់​ឈ្មោះ ស៊ុមវ៉ាំង នេះ បាន​ចេញ​ចូល​តាម​ព្រំដែន និង​ធ្វើ​ធុរកិច្ច​នៅ​លើ​ទឹកដី​ថៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជាពិសេស នៅ​ក្នុង​ខេត្តឈុនបុរី (Chonburi)

ក្នុង​ករណី​ឃាតកម្ម​លើ លោក លិម គិមយ៉ា ក្រុម​ស៊ើប​អង្កេត​របស់​ប៉ុស្តិ៍​នគរបាល នៃ​តំបន់ ឆាណាក់ សុងក្រាម បាន​បើក​ការ​ស៊ើប​អង្កេត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​ចំណាយ​ពេល​ត្រឹម​តែ ១សប្ដាហ៍ ក្រុម​អ្នក​ស៊ើប​អង្កេត​ថៃ​ប្រមូល​បាន​ភស្តុតាង​ដ៏​សម្បូរបែប រហូត​ឈាន​ដល់​ការ​ស្នើសុំ​ដីកា​ពី​តុលាការ​ចាប់​ខ្លួន​ជនជាតិ​ថៃ​ចំនួន ២នាក់ដែលជាខ្មាន់កាំភ្លើង គឺ​លោក អេកាឡាក់ ផែណយ និង​អ្នក​បើក​រថយន្ត​ភីកអាប់ (Pick Up) ដឹក​ជញ្ជូន​ខ្មាន់​កាំភ្លើង​រត់​គេច​ខ្លួន ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) និង ២នាក់​ទៀត គឺ​ជា​ជនជាតិ​ខ្មែរ រួម​មាន អ្នក​ចង្អុល​បង្ហាញ​គោលដៅ​សម្លាប់ លោក ពេជ្រ គឹមស្រ៊ិន និង​អ្នក​បញ្ជា​ឱ្យ​សម្លាប់ គឺ​លោក លី រតនរស្មី ដែល​មាន​ឈ្មោះ​ជា​ភាសា​ថៃ ថា ស៊ុមវ៉ាំង បាំរុងគីត។

ទោះ​ជា​បែប​នេះ​ក្ដី ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​នេះ ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​ជនជាតិ​ថៃ ចំនួន ២នាក់ ដែល​ជា​អ្នក​ទទួល​បញ្ជា ឬ​ស៊ីឈ្នួល ខណៈ​អ្នក​បញ្ជា និង​អ្នក​ប្រាប់​ពី​គោលដៅ​សម្លាប់ ដែល​ជា​ជន​សង្ស័យ​សំខាន់ ក្នុង​ករណី​ឃាតកម្ម ហើយ​បាន​រត់​គេច​ខ្លួន​ទៅ​កម្ពុជា​នោះ អាជ្ញាធរ​កម្ពុជា​នៅ​មិន​ទាន់​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ថៃ តាម​ការ​ស្នើសុំ​បាន​នៅ​ឡើយ។

ប៉ូលិស​ក្រុងបាងកក បាន​អះអាង​ថា អាជ្ញាធរ​ថៃ​បាន​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជញ្ជួន​ខ្លួន​ជន​សង្ស័យ​ទាំង ២នេះ​រួច​ហើយ ខណៈ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល ក៏​បាន​ចេញ​និវេទន៍​ក្រហម​ស្វែងរក និង​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង ២នាក់​នេះ​ដែរ៕

No comments: