Wednesday, 15 January 2025

តុលាការ​ថៃ​ចេញ​ដីកា​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​គឺ​លោក លី រតនរស្មី ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា


ដោយ ថា ថៃ
2025.01.15

តុលាការ​ថៃ​ចេញ​ដីកា​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​គឺ​លោក លី រតនរស្មី ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា  
ជនសង្ស័យក្នុងអំពើឃាតកម្មលើ​លោក លិម គិមយ៉ា គឺ​លោក លី រតនរស្មី (ស្ដាំ) ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថតរូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ បណ្ដាញសង្គម
 

ក្រុម​ស៊ើបអង្កេត​របស់​ប៉ុស្តិ៍​នគរបាល​តំបន់​ឆាណាក់ សុងក្រាម (Chana Songkhram) នៃ​ទីក្រុង​បាងកក បាន​រាយការណ៍​ប្រាប់​សារព័ត៌មាន​ថៃ នៅ​ថ្ងៃទី​១៥ ខែ​មករា ថា តុលាការ​ព្រហ្មទណ្ឌ​នៅ​ទីក្រុង​បាងកក បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក លី រតនរស្មី ដែល​មាន​ឈ្មោះ​នៅ​ប្រទេស​ថៃ​ថា ស៊ុមវ៉ាំង បាមរុងគីត (Somwang Bamrungkit) អាយុ ៤៣ ឆ្នាំ ជនជាតិ​ខ្មែរ។ តុលាការ​ព្រហ្មទណ្ឌ​បាន​ចោទ​ប្រកាន់​ឈ្មោះ លី រតនរស្មី ចំនួន ៣ គឺ ទី​១ បទ​ឃាតកម្ម​គិតទុក​ជាមុន ទី​២ ការ​កាន់​អាវុធ​នៅ​ទី​សាធារណៈ​ដោយ​ខុសច្បាប់ និង​ទី​៣ ការ​បាញ់​កាំភ្លើង​នៅក្នុង​ក្រុង។

បទ​ចោទ​ទាំង​នេះ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នៅ​បាងកក កាលពី​ថ្ងៃទី​៧ ខែមករា ដែល​ខ្មាន់កាំភ្លើង​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បាញ់សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់​ម្នាក់ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៧ មករា។

 

ក្នុងករណី​ឃាតកម្ម​លើ លោក លិម គិមយ៉ា ទោះបី​ខ្មាន់កាំភ្លើង​មិន​សារភាព​ប្រាប់​ពី​អ្នក ពាក់ព័ន្ធ​ក្ដី ក៏​ក្រុម​ស៊ើបអង្កេត​របស់​ប៉ុស្តិ៍​នគរបាល នៃ​តំបន់​ឆាណាក់​សុងក្រាម បាន​បើក​ការស៊ើបអង្កេត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​ចំណាយពេល​ត្រឹមតែ ១​សប្ដាហ៍ ក្រុម​អ្នកស៊ើប​អង្កេត​ថៃ​ប្រមូល​បាន​ភស្តុតាង​ដ៏​សម្បូរ​បែប រហូត​ឈាន​ដល់​ការ​ស្នើសុំ​ដីកា​ពី​តុលាការ​ចាប់ខ្លួន​ជនជាតិ​ថៃ​ចំនួន ២​នាក់​ដែល​ជា​ខ្មាន់កាំភ្លើង គឺ​លោក អេកាឡាក់ ផែណយ និង​អ្នក​បើក​រថយន្ត​ភីកអាប់ (Pick Up) ដឹកជញ្ជូន​ខ្មាន់កាំភ្លើង​រត់​គេច​ខ្លួន ឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) និង ២​នាក់​ទៀត​គឺជា​ជនជាតិ​ខ្មែរ រួមមាន​អ្នក​ចង្អុល​បង្ហាញ​គោលដៅ លោក ពេជ្រ គឹមស្រ៊ិន និង​អ្នកបញ្ជា​ឱ្យ​សម្លាប់ គឺ​លោក លី រតនរស្មី ដែល​មាន​ឈ្មោះ​ជា​ភាសា​ថៃ ថា ស៊ុមវ៉ាំង បាំរុងគីត។

ទោះជា​បែបនេះ​ក្ដី ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​នេះ ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ ២​នាក់ ដែល​ជា​អ្នកទទួល​បញ្ជា ឬ​ស៊ីឈ្នួល ខណៈ​អ្នកបញ្ជា និង​អ្នក​ប្រាប់​ពី

​គោលដៅ ដែល​ជា​ជនសង្ស័យ​សំខាន់​ក្នុង​ករណី​ឃាតកម្ម ហើយ​បាន​រត់គេច​ខ្លួន​ទៅ​កម្ពុជា​នោះ អាជ្ញាធរ​កម្ពុជា​នៅ​មិន​ទាន់​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ថៃ​តាម​ការ​ស្នើ​សុំ​បាន​នៅ​ឡើយ៕

1 comment:

Anonymous said...

Ah Chas Tum Ting Moung Hun Manet.