2025.01.01
ឧបទ្ទវហេតុអគ្គិភ័យឆាបឆេះ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ បានកើតឡើងជាលើកដំបូងដែលធ្វើឱ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងថា ជាការធ្វេសប្រហែសរបស់ អាជ្ញាធរក្រុងភ្នំពេញ និងប្អូនប្រុសនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គឺ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍មួយនេះ។
ពលរដ្ឋខ្លះចាត់ទុក ឧបទ្ទវហេតុនេះ គឺជាប្រផ្នូលមិនល្អ ពាក់ព័ន្ធនឹង ការដឹកនាំប្រទេសជាតិរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» ក្នុងឆ្នាំថ្មី ខណៈដែលកម្ពុជាកំពុងមានរឿងអាស្រូវច្រើន ជាពិសេស បញ្ហារំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងវិបត្តិបំណុលវ័ណ្ឌក របស់ប្រជាពលរដ្ឋ កាន់តែកើនឡើង។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ឆន ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមករា ថា ឧបទ្ទវហេតុ ភ្លើងឆេះ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនេះ គឺជារឿងដែល គួរឱ្យសោកស្ដាយ។ លោកថា ករណីនេះជា ការធ្វេសប្រហែស ធ្ងន់ធ្ងរ របស់អាជ្ញាធរដែលរៀបចំពិធីពុំបានល្អ។
លោកសង្កេតឃើញថា ក្រោយកើត ឧបទ្ទវហេតុនេះ មានសាធារណជន ជាច្រើនបានបង្ហោះរូបភាព និង វីដេអូ លើបណ្ដាញសង្គម ប៉ុន្តែ ត្រូវបានបុគ្គលមួយក្រុមចេញសារហាមឃាត់បង្កាប់ ឱ្យពួកគាត់លុបចោលវិញ។
លោក ឆន ម៉ៅ៖ «វាតែងតែមានការរិះគន់ហើយ យើងមើលឃើញជាក់ស្ដែង អាជ្ញាធរ ត្រូវតែហ៊ានទទួល ព្រោះការរិះគន់វាតែងតែមានហើយ។ យើងគួរតែយកការរិះគន់នោះទៅ ដើម្បីធ្វើជាការស្ថាបនាផ្សេងៗ ហើយយើងយកទៅកែលម្អ។ យើងយកទៅរៀបចំធ្វើឱ្យបានល្អទៅទៀត តែបើយើងមិនទទួលមតិរិះគន់ពីសំណាក់មហាជនទូទៅ វានឹងកើតមានដដែល»។
នៅរាត្រីថ្ងៃទី៣១ ខែធ្នូ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អគ្គិភ័យបាន ឆាបឆេះរូបព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី យ៉ាងសន្ធោសន្ធៅនៅមុខ ព្រះបរមរាជវាំង។ ការឆាបឆេះនេះ កើតឡើង ក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំក្នុងថ្ងៃឆ្លងឆ្នាំសាកល២០២៥ ខណៈ ប្រជាពលរដ្ឋ និងយុវជន នាំគ្នា ចូលរួមយ៉ាងច្រើនកុះករ។
ទោះជាយ៉ាងណា គេនៅពុំទាន់ដឹងនៅទេថា តើ ឧបទ្ទវហេតុ អគ្គីភ័យ ឆាបឆេះរូបព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រនេះបណ្ដាលមកពីអ្វីនោះទេ។ ប៉ុន្តែការឆាបឆេះ បានកើតឡើង ស្របពេលដែលមនុស្សម្នាជាច្រើន កំពុងតែ ស្រែក អរសប្បាយ ជាមួយការបាញ់ កាំជ្រួច និងការប្រគំតន្ត្រី នៅពីមុខព្រះបរមរាជវាំង។
វិទ្យុ អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និង ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេនៅថ្ងៃទី១ ខែមករា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
យ៉ាងណា លោក ហ៊ុន ម៉ានី បានបង្ហោះសារលើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃដដែលនេះថា ព្រឹត្តិការណ៍«សាទរកម្ពុជា»បានប្រព្រឹត្តទៅសប្បាយរីករាយ និងបានជួបជុំជាមួយមហាគ្រួសារខ្មែរ។ ទន្ទឹមនឹងនោះ លោកថា ជាការសោកស្ដាយ នៅចុងបញ្ចប់នៃកម្មវិធី កើតមានឧបទ្ទវហេតុអគ្គិភ័យ ប៉ុន្តែ ភ្លាមៗនោះ សមត្ថកិច្ចបានអន្តរាគមន៍ទាន់ ហើយ គ្មានពលរដ្ឋណាម្នាក់រងគ្រោះ នោះទេ។ លោកបន្តថា សមត្ថកិច្ចកំពុង ស្រាវជ្រាវរកមូលហេតុនៃអគ្គីភ័យនេះ។
បើទោះជា លោក ហ៊ុន ម៉ានី បានអះអាងថា សមត្ថកិច្ចបានទប់ស្កាត់អគ្គីភ័យបានទាន់ពេលក្ដី ក៏រូប ព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សីហមុនី ត្រូវបានភ្លើងឆាបឆេះ ស្ទើរតែទាំងស្រុង។
ទាក់ទិនរឿងនេះ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរី លើកឡើងថា ករណីអគ្គីភ័យឆាបឆេះ រូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ គឺជាការថ្លោះធ្លោយ របស់អាជ្ញាធរ។ លោកបន្តថា ប្រសិនបើកម្ពុជា ពិតជាបារម្ភរឿងប៉ះពាល់ មុខមាត់ប្រទេសជាតិមែន ពីហេតុការណ៍អគ្គីភ័យនេះ កម្ពុជាគួរតែដោះស្រាយបញ្ហាមួយចំនួនដូចជា អំពើពុករលួយ ស្ដារប្រជាធិបតេយ្យ និង គោរពសិទ្ធិមនុស្សឡើងវិញ នោះទើបជាការប្រសើរ។
លោក ម៉ា ចិត្រា៖ «រដ្ឋាភិបាលគួរតែគិតពីបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ចប្រជាពលរដ្ឋ បញ្ហាគ្រឿងញៀន បញ្ហាជួញដូរមនុស្ស ដែលល្បីល្បាញ ទាំងអស់នោះដែលរដ្ឋាភិបាល ត្រូវគិតគូរដោះស្រាយឱ្យបាន ដើម្បីឱ្យយើងមានមុខមាត់ល្អឡើងវិញ។ វាមិនមែនតែរឿង ភ្លើងឆេះព្រះឆាយាល័ក្ខណ៍នោះ ដែលធ្វើឱ្យយើងមានកេរ្តិ៍ ឬខ្មាសបរទេសនោះទេ» ។
ក្រោយពីកើតហេតុការណ៍ អគ្គិភ័យបាន ឆាបឆេះរូបព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ រួចមក មានបណ្ដាញហ្វេសប៊ុក មួយចំនួននាំគ្នាបង្ហោះវីដេអូ និងរូបភាពព្រោងព្រាត អំពើអគ្គិភ័យមួយនេះ ប៉ុន្តែ ការបង្ហោះទាំងនោះ អ្នកខ្លះបានលុបវិញ ក្រោយពីមានគណនីហ្វេសប៊ុកខ្មោច ឬហៅថា ក្រុមអ្នករកស៊ី តាមអនឡាញ (MMO) បានចូលទៅបញ្ចេញមតិជេរ និងបង្ខំ ឱ្យម្ចាស់ហ្វេសប៊ុក ទាំងនោះលុបចោលនូវរូបភាពនិងវីដេអូ ទាំងនោះវិញ។ គណនីហ្វេសប៊ុកខ្លះ សរសេរថា ការបង្ហោះ រូបភាព និងវីដេអូ ទាំងនោះ ពុំល្អនោះទេ ព្រោះថា នឹងប៉ះពាល់មុខមាត់រដ្ឋាភិបាល និង ប្រទេសជាតិជាដើម៕
1 comment:
The extremist FIRE must be prosecuted.
Thank You PEACE, Khmer Oss Koh, Khmer Oss Dey.
Post a Comment