2025.01.01
មេបក្សជំទាស់នៅក្រៅប្រទេសលោក សម រង្ស៊ី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមថែផ្កាឱ្យរីកទូទាំងប្រទេស ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរមេដឹកនាំក្រុងភ្នំពេញនៅឆ្នាំ២០២៥។ ចំណែកមន្ត្រីសិទ្ធិមនុស្សចង់ឃើញក្រុមមេដឹកនាំនយោបាយទាំងអស់ងាកមកផ្សះផ្សាជាតិ ដោះស្រាយបញ្ហាជាតិរួមគ្នាឡើងវិញ ដើម្បីឱ្យកម្ពុជាឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស និងមានសន្តិភាពពិតប្រាកដ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥។
ប្រធានស្ដីទីគណបក្សបក្សសង្គ្រោះជាតិ លោក សម រង្សី នៅថ្ងៃទី៣១ ខែធ្នូ ក្នុងឱកាសឆ្នាំថ្មីនេះ លោកបានបង្ហោះសារនៅលើហ្វេសប៊ុកដោយអំពាវនាវដល់ពលរដ្ឋចូលរួមដាំ និងថែទាំផ្កានៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសឱ្យរីកនៅឆ្នាំ២០២៥។ សារនយោបាយនេះទំនងជាយុទ្ធនាការមួយដែលលោកហៅថា «ផ្ការីក» ក្នុងគោលបំណងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរងើបតតាំងនឹងរបបដឹកនាំដោយត្រកូល "ហ៊ុន"។
ចំណែកប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហូរ បានបង្ហោះសារខ្លី ដោយជូនពរដល់ពលរដ្ឋខ្មែរ និងប្រទេសជាតិទាំមូលសូមឱ្យទទួលបាននូវសិទ្ធិ សេរីភាព យុត្តិធម៌ និងសន្តិភាពពិតប្រាដក។
ដោយឡែកមេដឹកនាំបក្សកាន់អំណាច គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មកដល់ពេលនេះមិនទាន់បង្ហាញសារនយោបាយសម្រាប់ឆ្នាំថ្មីនេះនៅឡើយ បើគិតត្រឹមត្រឹមល្ងាចថ្ងៃទី៣១ ខែធ្នូ។
ប៉ុន្តែមេដឹកនាំឪពុកកូនទាំងពីរ បានសរសេរសារជូនពរ និងអួតសរសើរគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារចាត់ទុកឪពុករបស់លោកថា ជាមេដឹកនាំឆ្នើម ហើយលោកជូនពរឱ្យលោក ហ៊ុន សែន មានអាយុយឺនយូរ។ រីឯលោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាវិញ ចាត់ទុកកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ថាជាមេដឹកនាំគំរូបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសគ្រប់វិស័យ។
ទោះយ៉ាងណា បើទោះបីជា លោក ហ៊ុន សែន និងកូនប្រុសអួតអាងថា កម្ពុជាមានសុខសន្តិភាពក្ដី ក៏អ្នកនយោបាយបក្សប្រឆាំង និងអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា អះអាងថាកម្ពុជាគ្មានសន្តិភាពពិតប្រាកដនោះទេ តែកម្ពុជាកំពុងមានការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរ ដោយសារការដឹកនាំបែបផ្ដាច់ការគាបសង្កត់ និងរឹតត្បិតសិទ្ធិសេរីភាព ស្របពេលប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងជាប់បំណុលវ័ណ្ឌកជាដើម។
ឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ នេះដែរ ក្រុមគណបក្សជំទាស់នៅក្នុងស្រុកវិញបានផ្ញើសារនយោបាយព្រមៗគ្នាទាមទារឱ្យសមេដឹកនាំបក្សកាន់អំណាច បញ្ឈប់ការចាត់ទុកអ្នកនយោបាយ និងប្រជាពលរដ្ឋដែលមានទស្សនៈផ្ទុយជាសត្រូវ ហើយងាកមកផ្សះផ្សាជាតិ ការដោះស្រាយបញ្ហានយោបាយ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ខែធ្នូ ថា លំហនយោបាយ និងស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានៅក្នុងឆ្នាំ២០២៤ កាន់តែរួមតូច ដោយរូបលោក រួមជាមួយអ្នកនយោបាយប្រឆាំងផ្សេងទៀតត្រូវរងបណ្តឹងនៅតុលាការ ហើយអ្នកខ្លះត្រូវចាប់ខ្លួនដាក់ពន្ធនាគារទាំងអយុត្តិធម៌។ លោកសង្ឃឹមថា ឆ្នាំថ្មីនេះរដ្ឋាភិបាលងាកមកបើកលំហសេរីភាពផ្នែកនយោបាយ ដោះលែងអ្នកទោសមនសិការ តបតាមការទាមទាររបស់សហគមន៍ជាតិ និងអន្តរជាតិ ដើម្បីបញ្ចៀសទណ្ឌកម្មពីប្រទេសលោកសេរី និងដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋឱ្យប្រសើរ។
លោក ទាវ វណ្ណុល៖ «សូមឱ្យរដ្ឋាភិបាលបើកលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរអាចធ្វើនយោបាយ ការប្រកួតប្រជែងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសយើង ចែងថា ប្រទេសកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស»។
ស្រដៀងគ្នានេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន លើកឡើងថា ការកៀបសង្កត់លើគណបក្សប្រឆាំង និងអ្នករិះគន់នៅឆ្នាំចាស់កន្លងទៅ បានធ្វើឱ្យស្ថានភាពប្រជាធិបតេយ្យ សេដ្ឋកិច្ចជាតិ រួមទាំងជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែយ៉ាប់យ៉ឺន។ លោកយល់ថាការដោះស្រាយបញ្ហាចំពោះមុខ គឺមានតែអ្នកនយោបាយផ្សះផ្សាគ្នា ការស្ដារលទ្ធិប្រជាធិបតេយ្យ ការដោះលែងអ្នកទោសនយោបាយ ព្រមទាំងបើកលំហសិទ្ធិសេរីភាពឱ្យបានពេញ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយស្មើមុខស្មើមាត់ទេ ទើបជាប្រយោជន៍សម្រាប់សង្គមជាតិពិតប្រាកដ។ ឆ្នាំថ្មី២០២៥ នេះដែរ លោក រ៉ុង ឈុន បួងសួងសូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់បានស្គាល់នូវយុត្តិធម៌ និងសេរីភាពពេញលេញ។
លោក រ៉ុង ឈុន៖ «បើសិននៅបែបហ្នឹងបន្តទៀត ខ្ញុំគិតថាអ្នកដែលទទួលរងគ្រោះគឺប្រជាពលរដ្ឋ និងជាតិ អ៊ីចឹងហើយបានមតិអន្តរជាតិ និងជាតិចង់ឃើញកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ហើយមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដូចមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ជាការល្អប្រសើរមែនទែន ហើយយើងបើកលំហនយោបាយឡើងវិញ ប្រកួតប្រជែងគ្នាទៅ អ្នកដែលទទួលផលគឺពលរដ្ឋ»។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ទទូចដល់ភាគីនយោបាយខ្មែរទាំងអស់រួមគ្នា តម្កល់ផលប្រយោជន៍ជាតិធំ ដោយបញ្ចប់គំនុំគំនួន ការធ្វើទុក្ខបុកម្នេញនយោបាយដែលនាំឱ្យមានការបែកបាក់ជាតិ ហើយងាកមកប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១។
លោក ស៊ឹង សែនករុណា៖ «ត្រូវងាកមកគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ឱ្យបានត្រឹមត្រូវ ដោយការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯកភាពជាតិ គោរពសិទ្ធិពលរដ្ឋ និងនយោបាយ»។
ក្រោមការគ្រប់គ្រងរយៈពេលជាង ១ ឆ្នាំរបស់លោក ហ៊ុន ម៉ាណែត អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយ សមាជិកសង្គមស៊ីវិល សកម្មជន និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលលើសពី ១០០ នាក់ ក្នុងនោះមនុស្សជាង៨០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។
ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៥ ដែលឈានមកដល់នេះ អ្នកនិយមប្រជាធិបតេយ្យ និងប្រជាពលរដ្ឋទូទៅ ទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ងាកមកបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិឡើងវិញ ដើម្បីរួមគ្នាដោះស្រាយវិបត្តិសង្គម វិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕
No comments:
Post a Comment