Wednesday, 29 January 2025

អ្នកភូមិ​កួយ​ម្នាក់​រង​របួស ក្នុង​ពេល​ចុះ​ឃាត់​គ្រឿងចក្រ​​ក្រុមហ៊ុន​អភិបាល​រង​ខេត្តព្រះវិហារ ដែល​ឈូស​ឆាយ​ព្រៃ​ជំនឿ​



ដោយ ទីន ហ្សាការីយ៉ា
2025.01.28

អ្នកភូមិ​កួយ​ម្នាក់​រង​របួស ក្នុង​ពេល​ចុះ​ឃាត់​គ្រឿងចក្រ​​ក្រុមហ៊ុន​អភិបាល​រង​ខេត្តព្រះវិហារ ដែល​ឈូស​ឆាយ​ព្រៃ​ជំនឿ​ 

ទិដ្ឋភាព​ជនជាតិ​ដើម​ភាគ​តិច​កួយ​ខេត្តព្រះវិហារ ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​របស់​អភិបាល​រង​ខេត្ត លោក អ៊ុក គឹម នៅ​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២៥។


ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្ត​ព្រះវិហារ​ម្នាក់​រង​របួស ដោយសារ​កម្មករ​ក្រុមហ៊ុន​កាប់​នឹង​ដាវ​ក្នុង​ពេល​រូប​គាត់ និង​អ្នកភូមិ​ប្រមាណ ២០០នាក់​ផ្សេង​ទៀត ចុះ​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ឯកជន​មិន​ឱ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជំនឿ និង​បំផ្លាញ​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់។

ពួកគាត់​អះអាង​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​ត្រឹមតែ​មិន​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ​ទេ តែ​បែរ​ជា​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​របស់​អភិបាល​រង​ខេត្តព្រះវិហារ គឺ​លោក អ៊ុក គឹមសាន។

ជន​ជាតិ​ដើម​កួយ​ប្រមាណ ២០០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៨ មករា​ បាន​ធ្វើ​ពិធី​សែន​ព្រេន​ដាក់​បណ្ដាសា​ជា​ថ្មី​ទៀត ព្រម​ទាំង​បាន​ចុះ​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន ដែល​បន្ត​ឈូស​ឆាយ​ព្រៃ​ជំនឿ​របស់​ពួកគាត់​កាន់​តែ​រាល​ធំ​ឡើង​អស់​ជិត ៣០០ហិកតារ នៅ​រយៈ​ពេល​ជាង ៤សប្តាហ៍ កន្លង​ទៅ​នេះ។



អ្នកភូមិ​ថា កម្មករ​របស់​ក្រុមហ៊ុន​បាន​បើក​គ្រឿង​ចក្រ ដេញ​បុក​ពលរដ្ឋ​ បណ្ដាល​ឱ្យ​ម៉ូតូ​របស់​ពួក​គាត់​ចំនួន ៣គ្រឿង ត្រូវ​គ្រឿង​ចក្រ​កិន​កម្ទេច​ខូច​អស់។ ចំណែក​ឯ​គោ​យន្ត ១​គ្រឿង​ខូចខាត ហើយ​ពលរដ្ឋ​ម្នាក់​រង​របួស​ជើង ដោយ​ត្រូវ​កម្មករ​របស់​ក្រុមហ៊ុន កាប់​នឹង​ផ្លែ​ដាវ។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ភូមិ​ដងផ្លិត លោកស្រី ថូង ឆៃ វ័យ ៦៧ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នោះ​ទេ តែ​បែរ​ជា​ កាង​ការពារ​ក្រុមហ៊ុន​ឯកជន​ទៅ​វិញ។

លោកស្រី​ថា ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ ជា​ដី​ព្រៃ​ជំនឿ និង​ស្រែ​ចម្ការ​កេរ​ឪពុក​ម្ដាយ ដែល​អ្នកភូមិ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​កំពុង​ទទួល​រង​ការ​បំផ្លាញ​ជា​ប្រព័ន្ធ។

    លោកស្រី ថូង ឆៃ៖ «និយាយ​ទៅ​អាជ្ញាធរ​មិន​បាន​ជួយ​ដោះស្រាយ​ទេ គឺ​គាត់​ឱ្យ​ចោរ​រួច​ខ្លួន​ទុក​ប្រជាពលរដ្ឋ​វេទនា ខ្ញុំ​ពិត​ជា​សោកស្ដាយ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ឃុំ​ដងផ្លិត​ទាំង​អស់​គ្នា​ឯង​ដូច​ជា​ធនធាន​ធម្មជាតិ​យើង»។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ប្រមាណ ២០០នាក់នោះ រស់​នៅ​ភូមិដងផ្លិត និង​ភូមិណារុង ស្រុកឆែប។ ពួកគាត់​អះអាង​ថា ពិធី​សែន​ព្រេន​នេះ​ធ្វើ​ឡើង​ដើម្បី​ដាក់​បណ្ដាសា លើ​មន្ត្រី​ខិលខូច​ទាំង​ឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​តំបន់​ព្រៃ​ជំនឿ និង​តំបន់​ព្រៃ​អារក្ស​អ្នកតា​របស់​ពួកគាត់។

អ្នកភូមិ​ថា​កម្មករ​ក្រុមហ៊ុន​បាន​បើក​ត្រាក់ទ័រ​ដេញ​បុក​ពួកគាត់ ក្រោយ​ពី​អ្នកភូមិ​បាន​ឃាត់​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​មិន​ឱ្យ​ឈូស​ឆាយ។ បន្ទាប់​មក កម្មករ​របស់​ក្រុមហ៊ុន​រាប់​សិប​នាក់​ប្រដាប់​ដោយ​កាំបិត កាំភ្លើង​ច្នៃ និង ដាវ ជា​ដើម​គំរាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​ហាម​ឃាត់​ពួកគេ​ឈូស​ឆាយ។ រីឯ​សមត្ថកិច្ច​រាប់​សិប​នាក់ មិន​បាន​ចុះ​អន្តរាគមន៍​ជួយ​ការពារ​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ។

ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត លោក រាំ សារ៉ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​កន្លែង​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ ជា​ជង្រុក​អនុផល​ព្រៃឈើ​យ៉ាង​សំខាន់​របស់​ពលរដ្ឋ​ ទាំង ២​ភូមិ ដែល​តែងតែឃ្វាល​គោ​ក្របី ធ្វើ​ស្រែ​ចម្ការ និង​រក​អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត​ជា​ច្រើន​ជំនាន់​មក​ហើយ។

លោក​ថា ជន​ជាតិ​ដើម​ភាគ​តិច​នឹង​លំបាក​វេទនា​មួយ​កម្រិត​ទៀត ប្រសិនបើ​បាត់បង់​ដី​ក្នុង​តំបន់​នោះ។

    លោក រាំ សារ៉ន៖ «ដេញ​បុក ដេញ​បុក​យក​តែ​មែន​ទែន បើ​មនុស្ស​មិន​លោត​ចេញ​ពី​ម៉ូតូ​ទេ គឺ​ងាប់​មែន​ មិនមែន​លេងៗ ទេ ហើយ​ម៉ូតូ​ខូច​ខាត​បួន​ដប់​គ្រឿង សាហាវ​ជាង​អុយ​ទៅ​ទៀត»។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ពី​អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹមសាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ មករា។ រីឯ​អភិបាល​ខេត្ត​ព្រះវិហារ​លោក គីម រិទ្ធី ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​សារទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ​អ្នកភូមិ​ថា អភិបាល​ស្ដីទី​ស្រុកឆែប លោក អ៊ុំ សុភឿន បាន​ចុះ​ទៅ​ឃ្លាំ​មើល​ការ​ឈូស​ឆាយ​នោះ តែ​មិន​បាន​ដោះស្រាយ​ការ​តវ៉ា របស់​ពលរដ្ឋ​នោះ​ទេ តែ​បែរ​ជា​ប្រាប់​ពួកគាត់​ថា ​ទុក​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​សិន​ចុះ ហើយ​ចាំ​ដោះស្រាយ​ពេលក្រោយ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិចកួយ ភូមិ​ដង​ផ្លិត លោក សោម ណៃ ស្ដាយ​ស្រណោះ​ព្រៃឈើ​កេរ​មរតក​ដូនតា ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​អាយុ​ជីវិត​កំពុង​ទទួល​រង​ការ​ហិន​ហោច​អស់​នៅ​សម័យ​នេះ។

    លោក សោម ណៃ៖ «ហើយ​គាត់​ដាក់​បណ្ដាសា​ឱ្យ​រលត់​រលាយ​រាល់​មន្ត្រី​ណា​ដែរ​យក​ដី​នោះ​ ព្រោះ​កន្លែង​នោះ​ជា​កន្លែង​គោរព​បូជា​លោក​តា​លាន​តា​ដេវ​រាប់​រយ​ឆ្នាំ​មក​ហើយ ដែល​គេ​ជំនឿ។ តែ​ឥឡូវ​ឆេះ គេ​អំបុក​យក​អស់​ហើយ នៅ​តែ​ថ្ម​ទេ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ  យល់ថា ក្រុមហ៊ុន​នេះ​បាន​រំលោភ​លើ​សិទ្ធិ​អំណាច​ពលរដ្ឋ និង​ដី​សហគមន៍ ក្នុង​តំបន់​ការពារ​ ដែល​លោក​សង្ស័យ​ថា ទំនង​ជា​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

    លោក ប៉ឹក សោភ័ណ៖ «អាជ្ញាធរ​និង​មន្ត្រី​គឺ​មាន​ការ​គាំទ្រ​ខ្លាំង​ក្លា​ណាស់​ទៅ​លើ​ក្រុមហ៊ុន​ប្រតិបត្តិការ​មួយ​នេះ​ គឺ​វា​មាន​ទ្រង់ទ្រាយ​ធំ​មែន​ទែន​ដែល​សម្ដេច​បវរ​ធិបតី​ជា​ថ្នាក់​ដឹក​នាំ​គួរ​តែ​ពិនិត្យ ពិសេស​អាជ្ញាធរ​ខេត្ត​ដែល​មាន​តួនាទី​នា​ពេល​បច្ចុប្បន្ន​ត្រូវ​តែ​ពិនិត្យ​ឱ្យ​មែន​ទែន​ថា​ យ៉ាង​ម៉េច​ហើយ​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ»។

តំបន់​ព្រៃ​ជំនឿ ព្រៃ​អារក្ស និង​តំបន់​ព្រៃ​អាស្រ័យផល ដែល​កំពុង​ឈូសឆាយ​នោះ មាន​ផ្ទៃ​ដី​ជាង ១ពាន់ ៥០ហិកតារ (១.០៥៥)ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន ២ភូមិ អាស្រ័យផល ធ្វើ​កសិកម្ម​ដាំដុះ​ និង​រក​​អនុផល​ព្រៃឈើ​ច្រើន​ជំនាន់​មក​ហើយ។

ព្រៃ​នៅ​តំបន់​នោះ ក៏​ជា​ជម្រក​សត្វ​ត្មាត​ព្រៃ​ដ៏​កម្រ​ព្រៃ​កប់​សព វាលស្មៅ​ឃ្វាល​គោ​ក្របី និង​អូរ​ធម្មជាតិ​ជា​ច្រើន​កន្លែង។

អ្នកភូមិ​ថា មក​ទល់​ពេល​នេះ​សកម្មភាព​ឈូស​ឆាយ​នៅ​តែ​បន្ត ធ្វើ​ឱ្យ​ដើម​ឈើ​តូច​ធំ​រាប់​ម៉ឺន​ដើម ដែល​ជា​ជម្រក​សត្វ​ត្មាត​ព្រៃ និង​តំបន់​ខ្លះ​ទៀត ជា​ដី​ស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ជា​ច្រើន​ហិកតារ ក៏​ក្រុមហ៊ុន​ឈូស​ឆាយ​អស់​ដែរ៕

1 comment:

Anonymous said...

Development Kanduoy Meh Vear, Khmer people are still very poor. They just confiscate Khmer people's land at will.