2025.01.29

សមាជិកសភា និងព្រឹទ្ធសភាថៃមួយចំនួន ស្នើឱ្យបោះឆ្នោតធ្វើប្រជាមតិ ដើម្បីដោះស្រាយបញ្ហាវិវាទក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» រវាងកម្ពុជា-ថៃ ដោយលើកហេតុផលថា ប្រទេសទាំងពីរ នឹងគ្មានឱកាសចរចាគ្នាប្រកបដោយជោគជ័យឡើយ។ អ្នកឃ្លាំមើលកម្ពុជាយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថៃបើកឱ្យធ្វើប្រជាមតិ អាចនឹងមានសំឡេងភាគច្រើន បោះឆ្នោតឱ្យលុបចោល ដោយសារអ្នកជាតិនិយមថៃ តែងតែជំរុញឱ្យរដ្ឋាភិបាលដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាជាមួយកម្ពុជា។
ក្រសួងការបរទេស និងគណៈកម្មាធិការកិច្ចការបរទេស របស់ថៃ (Thailand) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «OCA កម្ពុជា-ថៃ ការពិត និងជម្រើស» កាលពីថ្ងៃទី២៨ ខែមករា ដើម្បីពិភាក្សាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍន៍រួមគ្នាសម្រាប់វិស័យធនធានថាមពល (OCA) ដែលហៅកាត់ថា MOU44 ដែលបង្កើតឡើងកាលពីឆ្នាំ២០០១ ដោយមានការចូលរួមពីសមាជិកសភា ព្រឹទ្ធសភា និងតំណាងមកពីស្ថាប័នពាក់ព័ន្ធនានា។
នៅក្នុងឱកាសនោះ សមាជិករដ្ឋសភាថៃ មកពីកូតាគណបក្សភឿថៃ (Pheu Thai) និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស អ្នកស្រី សារ៉ាត់សាណាន់ អាណានុបផន (Saratsanan Ananopporn) លើកឡើងថា អ្នកស្រីឱ្យតម្លៃទៅលើសំឡេងប្រជាពលរដ្ឋ ក្នុងការចូលរួមបញ្ចេញមតិ និងសម្រេចក្នុងរឿងវិវាទដែនសមុទ្រ នៅក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជា។
ស្រដៀងគ្នានេះដែរ សមាជិកព្រឹទ្ធសភាថៃ និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេស នៃព្រឹទ្ធសភា លោក ឈីប ជីតនិយម (Chib Chitniyom) លើកឡើងថា សម្រាប់ព្រឹទ្ធសភា មានទាំងមតិគាំទ្រ និងមិនគាំទ្រ ចំពោះការលុបចោល MOU44 ជាមួយកម្ពុជា ហើយបញ្ហានេះ គួរតែឆ្លងកាត់ការពិចារណាទៅលើគុណវិបត្តិ និងគុណសម្បត្តិ បើទោះជារដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) មកចរចាជាមួយកម្ពុជាក្ដី ក៏មិនប្រាកដថា បញ្ហាការចរចានេះ នឹងទទួលបានជោគជ័យ ឬមួយនៅតែបន្តជាប់គាំងនោះឡើយ។
សមាជិកព្រឹទ្ធសភាថៃរូបនេះលើកឡើងទៀតថា ប្រការនេះហើយ ដែលជំរុញឱ្យសមាជិកព្រឹទ្ធសភាមួយចំនួន បានស្នើសុំធ្វើប្រជាមតិ ដើម្បីបិទបញ្ចប់ជម្លោះ រឿងរុករកប្រភពថាមពលនៅក្នុងតំបន់ឈូងសមុទ្រ ដែលកម្ពុជា និងថៃ ទាមទារយកចំណែកភាគច្រើនរៀងៗ ខ្លួន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថៃបើកឱ្យធ្វើប្រជាមតិ ដើម្បីសម្រេចលើការលុបចោល ឬរក្សាទុក MOU44 ជាមួយកម្ពុជា នោះអាចនឹងមានសំឡេងភាគច្រើន បោះឆ្នោតឱ្យលុបចោល។ លោក អ៊ុំ សំអាន បញ្ជាក់ថា មូលហេតុនេះ គឺដោយសារអ្នកជាតិនិយមថៃ តែងតែជំរុញឱ្យរដ្ឋាភិបាលដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាជាមួយកម្ពុជា និងទាញយកប្រភពថាមពលក្រោមបាតសមុទ្រដោយខ្លួនឯង។
លោក អ៊ុំ សំអាន៖ «ថៃគេមានគោលជំហរច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដីរបស់គេ ការពារកោះគជ់ កុំឱ្យបាត់បង់មកខាងកម្ពុជា ដល់ខាងខ្មែរយើងវិញ គិតតែពីរឿងអំណាច ធ្វើម៉េចឱ្យតែថៃហ្នឹងជួយបង្ក្រាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជានៅថៃ ទោះបីបាត់កោះគជ់ និងតំបន់ត្រួតស៊ីគ្នាក៏បាត់ទៅ ឱ្យតែបានតំបន់ត្រួតស៊ីគ្នាតែបន្តិចបន្តួចក៏បានដែរ កោះគជ់បាត់ក៏បាតទៅ»។
នៅក្នុងកម្មវិធីសិក្ខាសាលានេះដែរ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក រ៉ាស្ម៊ី ឆាលីចាន់ (Rasam Chalichan) បានប្រាប់សារព័ត៌មានថៃ ថា ការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) កំពុងតែដំណើរការ ដោយរង់ចាំឱ្យគណៈរដ្ឋមន្ត្រីត្រួតពិនិត្យ និងសម្រេច។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៩ ខែមករា។
ជម្លោះទាមទារសិទ្ធិអភិវឌ្ឍលើតំបន់ដែលរដ្ឋាភិបាលកម្ពុជា និងថៃអះអាងថា «ត្រួតស៊ីគ្នា» ក្នុងឈូងសមុទ្រថៃនេះ បានចាប់ផ្ដើមតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០ មកម្ល៉េះ។ វិវាទទាមទារផលប្រយោជន៍នេះ បានជំរុញឱ្យកម្ពុជា និងថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្ដីពីការអភិវឌ្ឍន៍រួមគ្នាសម្រាប់វិស័យធនធានថាមពល (OCA) ដែលហៅកាត់ថា MOU44 កាលពីឆ្នាំ២០០១។ ក៏ប៉ុន្តែ កិច្ចចរចានេះបានផ្អាកទៅវិញ នៅពេលថៃប្ដូរនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៩ និងជាប់គាំងជាលើកទី២ ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩។
តំបន់ ដែលភាគីថៃអះអាងថា ជាតំបន់ «ត្រួតស៊ីគ្នា» នេះ អាចមានកំណប់ប្រេង និងឧស្ម័ន ដែលមានតម្លៃយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា ការចូលរួមដោះស្រាយបញ្ហាវិវាទដែនសមុទ្រនៅក្នុងតំបន់ ដែលអះអាងថា «ត្រួតស៊ីគ្នា» របស់សមាជិកសភារបស់ថៃ គឺមានតុល្យភាពអំណាច ដែលផ្ទុយពីសមាជិកសភាកម្ពុជា ក្នុងការសម្រេចក្នុងរឿងនេះ គឺអាស្រ័យលើបបូរមាត់របស់លោក ហ៊ុន សែន។
លោក ម៉ែន ណាត៖ «វានៅតែគ្មានដំណោះស្រាយដដែលហ្នឹង ទោះបីជាថៃលុប MOU44 ហ្នឹង ហើយថៃអនុវត្តការបូមប្រេងកន្លែងផ្សេងគឺនៅតែមានទំនាស់ដដែល ឱ្យតែពាក់ព័ន្ធនឹងលំហូរប្រេងពីដែនសមុទ្រកម្ពុជាទៅស្រុកថៃ។ ម្ល៉ោះហើយ ដើម្បីដោះស្រាយបញ្ហាហ្នឹងឱ្យជ្រះស្រឡះដូចប្រទេសម៉ាឡេស៊ីធ្លាប់ធ្វើជាមួយថៃអ៊ីចឹង គឺគេបូមប្រេងដែរ ប៉ុន្តែគេកំណត់ព្រំដែនមុន»។
ពាក់ព័ន្ធទៅនឹងបញ្ហាកោះគជ់នេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា កាលនៅមានជីវិត លោកបានរិះគន់មេដឹកនាំកម្ពុជា ដែលរក្សាភាពស្ងៀមស្ងាត់ ក្នុងរឿងជម្លោះកោះគជ់ និងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» នេះ ដោយលោកចោទថា មេដឹកនាំកម្ពុជារបស់ត្រកូល ហ៊ុន និងមេដឹកនាំថៃ នៃត្រកូល ស៊ីណាវ៉ាត់ បានគប់គិតគ្នា ចែកផលប្រយោជន៍គ្នា នៅក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា»។ ក្រោយមក លោក លិម គិមយ៉ា ត្រូវបានសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន បានបញ្ជាឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់រូបលោក នៅទីក្រុងបាងកក ប្រទេសថៃ ចំខួបទិវាជ័យជម្នះ ៧មករា នៃគណបក្សប្រជាជនកម្ពុជា។
អ្នកឃ្លាំមើលកម្ពុជា ស្នើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបើកសិទ្ធិឱ្យប្រជាពលរដ្ឋបញ្ចេញមតិជុំវិញបញ្ហាតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» និងជម្លោះលើដែនអធិបតេយ្យកោះគជ់ ដូចដែលរដ្ឋាភិបាលថៃបានធ្វើកន្លងមកនេះដែរ៕
No comments:
Post a Comment