2025.01.30

សាច់ញាតិមន្ត្រីគណបក្សកម្លាំងជាតិនៅខេត្តតាកែវលោក ផាន់ សារ៉ាត់ ដែលអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញចាប់ខ្លួន ដោយចោទប្រកាន់អំពីបទញុះញង់ថា ជាការទម្លាក់កំហុសទាំងអយុត្តិធម៌ និងគំរាមកំហែងផ្នែកនយោបាយ។ គណបក្សកម្លាំងជាតិ និងមន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលឲ្យដោះលែងសមាជិកបក្សជំទាស់រូបនេះ ហើយបញ្ឈប់ការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយដែលមាននិន្នាការផ្ទុយតទៅទៀត។
បងប្រុសរបស់លោក ផាន់ សារ៉ាត់ គឺលោក ផាន់ សារ៉េត ប្រាប់វិទ្យុអាស៊ីសេរីថា ប្អូនរបស់លោក គឺជាសកម្មជនបក្សប្រឆាំងម្នាក់ដែលស្អាតស្អំ និងមានប្រជាប្រិយភាពនៅថ្នាក់មូលដ្ឋាន។ លោកឱ្យដឹងថា បញ្ហាសង្គមដែលប្អូនរបស់លោកបញ្ចេញមតិនៅលើបណ្ដាញសង្គមកន្លងទៅ គាត់ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ ដោយគ្មានចេតនាញុះញង់ដូចការចោទប្រកាន់នោះទេ។ លោករិះគន់ការចាប់ខ្លួននេះ ជាការធ្វើទុកបុកម្នេញផ្នែកនយោបាយ ហើយលោកស្នើដល់សមត្ថកិច្ចឱ្យដោះលែងលោក ផាន់ សារ៉ាត់ ត្រឡប់ទៅជួបជុំគ្រួសារ និងធ្វើនយោបាយឡើងវិញ។
លោក ផាន់ សារ៉េត៖ «កាលណាគេ (អាជ្ញាធរ) មើលឃើញថាគាត់ខុសឆ្គងទៅហើយ អ្វីក៏គេអាចចោទប្រកាន់ទម្លាក់បន្ទុកលើប្អូនខ្ញុំបានដែរ។ ខ្ញុំស្គាល់ពីអត្តចរិតប្អូនខ្ញុំ និងប្រជាប្រិយភាពគឺជាមនុស្សគាត់ល្អ គាត់យល់ដឹងពីសង្គម។ ការនិយាយបរិហារ ឬការរិះគន់ហ្នឹងគឺគាត់មិនបានធ្វើទេ ខ្ញុំស្នើសុំអាជ្ញាធរដោះលែងគាត់មកវិញមក ណាមួយជីវភាពគាត់ក៏ក្រ»។
កាលពីល្ងាចថ្ងៃទី២៨ ខែមករា សមត្ថកិច្ចស្លៀកពាក់ស៊ីវិលជិះឡានមួយគ្រឿង មានគ្នាច្រើននាក់ បានសម្រុកចូលចាប់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិខេត្តតាកែវ គឺលោក ផាន់ សារ៉ាត់ ដល់ក្នុងផ្ទុះ ឋិតនៅភូមិធន់មន្ត សង្កាត់បារាយណ៍ ក្រុងដូនកែវ ដោយគ្មានដីកា និងមិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួននោះឡើយ។
ការចាប់ខ្លួននៅពេលនោះ គឺមានរយៈពេលតែ ២ម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ផាន់ សារ៉ាត់ ហៅទូរស័ព្ទទៅមន្ត្រីរដ្ឋបាលសាលាសង្កាត់បារាយណ៍ ដើម្បីសួរនាំរឿងមូលហេតុដកប័ណ្ណក្រីក្រពីលោក នៅ ចំរើន ក្រោយក្លាយសមាជិកគណបក្សកម្លាំងជាតិ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែមករា។
ជុំវិញរឿងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែមករា បញ្ជាក់ថាការឃាត់ខ្លួនលោក ផាន់ សារ៉ាត់ កាលពីថ្ងៃទី២៨ ខែមករា ធ្វើឡើងតាមការស្រាវជ្រាវស៊ើបអង្កេតបទល្មើសជាក់ស្ដែង ដោយមានការសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិដែលប្រព្រឹត្តកន្លងទៅ។
ក្រោយសាកសួររួចហើយ សមត្ថកិច្ចថាលោក ផាន់ សារ៉ាត់ ដែលជាជនសង្ស័យនោះបានធ្វើសកម្មភាពបំភ្លៃព័ត៌មាន និងចែកចាយព័ត៌មានមិនពិត ដែលញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកវិធានការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិខេត្តតាកែវរូបនេះ ថាជាការអនុវត្តច្បាប់ ដោយមិនជាប់ពាក់ព័ន្ធការគាបសង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយលើសិទ្ធិបញ្ចេញមតិនោះទេ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី៣០ ខែមករា ដោយខ្លីថា សមត្ថកិច្ចបានបញ្ជូនលោក ផាន់ សារ៉ាត់ ទៅដល់តុលាការរួចហើយ ដើម្បីចាត់ការតាមនីតិវិធី។
លោក សំ វិច្ឆិកា៖ «យើងបានបញ្ជូនគាត់ទៅតុលាការហើយ ឥឡូវគាត់កំពុងនៅតុលាការ កំពុងអនុវត្តតាមនីតិវិធីបាទ»។
ចំណែកអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក ឃៀង សុណាឌីន ប្រាប់វិទ្យុអាស៊ីសេរី តាមប្រព័ន្ធតេឡេក្រាមនៅយប់ថ្ងៃទីថ្ងៃទី៣០ ខែមករាថា លោក ផាន់ សារ៉ាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស (ម១) ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ទោះជាយ៉ាងណា ក្ដី គណបក្សកម្លាំងជាតិបានចេញសេចក្ដីថ្លែងការណ៍បង្ហាញការសោកស្ដាយ និងចាត់ទុកការចាប់ខ្លួនលោក ផាន់ សារ៉ាត់ នេះ គឺជារូបភាពបំភិតបំភ័យជាថ្មីមួយទៀត ក៏ដូចជាការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ សមាជិកគណបក្សដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងថា សង្គមប្រជាធិបតេយ្យចាត់ទុកការបញ្ចេញមតិ ឬការរិះគន់ស្ថាបនា គឺជាការអនុវត្តសិទ្ធិសេរីភាពស្របតាមច្បាប់ ហើយគណបក្សកម្លាំងជាតិបានត្រៀមមេធាវីសម្រាប់ការពារក្ដីស្វែងរកយុត្តិធម៌ជូនលោក ផាន់ សារ៉ាត់ តាមផ្លូវច្បាប់រួចហើយ។ ទោះយ៉ាងណាក្ដី លោក រ៉ុង ឈុន អំពាវនាវដល់សមត្ថកិច្ចគួរបញ្ឈប់ការចាប់ខ្លួនសកម្មជនបក្សជំទាស់តទៅទៀត ហើយងាកមកបើកលំហសេរីភាពផ្នែកនយោបាយឱ្យប្រសើរវិញ ដោយដោះលែងលោក ផាន់ សារ៉ាត់ និងអ្នកជាប់ឃុំនយោបាយទាំងអស់ ដើម្បីធានាការចូលរួមប្រកួតប្រជែងដោយសេរី និងគ្មានការធ្វើទុក្ខបុកម្នេញ។
លោក រ៉ុង ឈុន៖ «ខ្ញុំស្នើឱ្យអាជ្ញាធរ និងតុលាការពិនិត្យឡើងវិញ ហើយផ្តល់ដំណោះស្រាយដោយដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញ ពីព្រោះយើងមើលថាវាអត់មានផលចំណេញអ្វីសម្រាប់ខ្មែរយើងទេ យើងត្រូវមានសេចក្ដីក្លាហានក្នុងការបើលំហសេរីភាពនយោបាយ ដើម្បីឱ្យបក្សប្រឆាំងមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាព»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ទោះបីជាសមត្ថកិច្ចអះអាងករណីនេះជាបទល្មើសជាក់ស្ដែងក្ដី ក៏សមាគមអាដហុកដែលចុះអង្កេតផ្ទាល់មើលឃើញសមត្ថកិច្ចចុះចាប់លោក ផាន់ សារ៉ាត់ ធ្វើឡើងមិនបានត្រឹមត្រូវតាមនីតិវិធី ស្របពេលសមាជិកគ្រួសារ មិនដឹងពីមូលហេតុនៃការឃាត់ខ្លួន។ លោកយល់ថា សមត្ថកិច្ចមុនចោទប្រកាន់លើ លោក ផាន់ សារ៉ាត់ គួរបើកការស៊ើបអង្កេតបន្ថែមតើ ការបញ្ចេញមតិនៅលើបណ្ដាញសង្គមនោះជារឿងពិត ឬយ៉ាងណា ដើម្បីជៀសវាងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិទាក់ទងការរឹតត្បិតលើសិទ្ធិសេរីភាព និងការរំលោភសិទ្ធិមនុស្ស។
លោក យិន ម៉េងលី៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាល ឬអាជ្ញាធរធ្វើការពិចារណាថាសេរីភាពទាំងអស់ហ្នឹងវាពិតជាសំខាន់ផ្តល់ព័ត៌មាន ដូចជារយៈកាលមកនេះ រដ្ឋាភិបាលក៏បានលើកឡើងអរគុណដល់ប្រជាពលរដ្ឋដែលបញ្ចេញមតិ និយាយដែរ កុំអីរដ្ឋាភិបាលមិនបានដឹងរឿងទេ អ៊ីចឹងការទទួលស្គាល់ថាវាចាំបាច់ វាសំខាន់ហើយ អ៊ីចឹងសេរីភាពទាំងនោះគួរបើកលំហឡើងវិញ ពីព្រោះវាធ្វើឱ្យរដ្ឋាភិបាលទទួលបានព័ត៌មានកាន់តែច្រើនថែមទៀតពីមន្ត្រីអសកម្មនៅតាមមូលដ្ឋានដែលអាចជួយឱ្យរដ្ឋាភិបាលអាចកែទម្រង់បានថែមទៀតបាទ»។
លោក ផាន់ សារ៉ាត់ អាយុ ៤៧ឆ្នាំ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សកម្លាំងជាតិប្រចាំក្រុងដូនកែវ ខេត្តតាកែវ។ កន្លងទៅ ក្រៅពីលោកបង្ហាញពីភាពសកម្មក្នុងការធ្វើសកម្មភាពជាមួយគណបក្សប្រឆាំងនេះហើយ លោកតែងតែប្រើប្រាស់ហ្វេសប៊ុកចែករំលែកទាក់ទងបញ្ហាសង្គមជាបន្តបន្ទាប់ ដូចជាកសិករគ្មានទឹកធ្វើស្រូវ តម្លៃស្រូវចុះថោក ភាពអសកម្មរបស់រដ្ឋាភិបាល រឿងគ្រឿងញៀននៅតាមមូលដ្ឋាន ព្រមទាំងរឿងអយុត្តិធម៌នានាជាដើម។
រយៈពេលចុងក្រោយនេះ មន្ត្រីគណបក្សកម្លាំងបានរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ និងប្រព័ន្ធតុលាការរបស់គណបក្សកាន់អំណាចកាន់តែខ្លាំង។ ជាឧទាហរណ៍ ប្រធានគណបក្សលោក ស៊ុន ចន្ធី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងបិទសិទ្ធិធ្វើនយោបាយអស់មួយជីវិត ចំណែកទីប្រឹក្សាគណបក្សលោក រ៉ុង ឈុន និងមន្ត្រីមួយចំនួនទៀតវិញ ត្រូវរងបណ្ដឹងនៅតុលាការថែមទៀត។
ក្រុមអង្គការជាតិ អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ ថាការចាប់ឃុំខ្លួនទាំងនេះ គឺជារឿងនយោបាយ ពោលគឺរដ្ឋាភិបាលរបស់បក្សកាន់អំណាច យកប្រព័ន្ធតុលាការធ្វើជាអាវុធ ដើម្បីគំរាមកំហែង និងបង្ក្រាបលើសំឡេងប្រឆាំង ហើយទាមទារឱ្យដោះលែងពួកគាត់វិញជាបន្ទាន់ និងឥតលក្ខខណ្ឌ៕
No comments:
Post a Comment