2025.01.31

អាជ្ញាធរក្រុងភ្នំពេញ ឃាត់ខ្លួនកូនស្រីសកម្មជនបឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី សកម្មជនដីធ្លីនៅតំបន់បឹងកក់ គឺលោកស្រី អេង សុខា ដោយពុំមានដីកា កាលពីថ្ងៃទី៣១ មករា។ សមត្ថកិច្ចមិនប្រាប់ពីមូលហេតុ នៃការចាប់ខ្លួននោះឡើយ ព្រមទាំងមិនឲ្យសមាជិកគ្រួសារចូលជួបពេលឃុំខ្លួនបណ្ដោះអាសន្ននោះទេ។
សកម្មជនបឹងកក់ លោក ស្រី ង៉ែត ឃុន ជាម្ដាយ និងមន្ត្រីសិទ្ធិមនុស្ស ថា ការចាប់ខ្លួននេះ ជាការរំលោភសិទ្ធិមនុស្ស និងខុសច្បាប់។
ការចាប់ខ្លួនលោកស្រី អេង សុខា ជាកូនស្រី របស់លោកស្រី ង៉ែត ឃុន ហៅយាយ ម៉ាំមី សកម្មជនដីធ្លីតំបន់បឹងកក់ នៅថ្ងៃទី៣១ ខែមករានោះ ធ្វើឡើងខណៈលោកស្រី អេង សុខា ទៅតវ៉ា និងផ្សាយផ្ទាល់ ឬ live តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅមុខតុលាការក្រុងភ្នំពេញ ដោយរិះគន់តុលាការ ដែលកាត់ក្ដីដោយអយុត្តិធម៌លើសំណុំរឿងម្ដាយរបស់លោកស្រី គឺលោកស្រី ង៉ែត ឃុន ដែលត្រូវក្រុមសន្តិសុខក្រុងភ្នំពេញវាយដំរូបគាត់បែកក្បាលហូរឈាមធ្ងន់ធ្ងរ ពេលចេញតវ៉ារកដំណោះស្រាយជម្លោះដីធ្លីរយៈពេលប្រមាណជា ១០ឆ្នាំកន្លងហើយ។
លោកស្រី ង៉ែត ឃុន ហៅយាយ ម៉ាំមី ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី៣១ មករាថា ការចាប់ខ្លួនកូនគាត់នេះ គឺជាការធ្វើឲ្យរូបគាត់ និងក្រុមគ្រួសារ ឈឺចាប់មួយជាន់ទៀត ខណៈសំណុំរឿងហិង្សាខ្លួនគាត់មិនទាន់ទទួលបានយុត្តិធម៌ ដោយសារជនល្មើសនៅមានសេរីភាពស្ថិតក្រៅសំណាញ់ច្បាប់នៅឡើយ។
លោក ស្រី ង៉ែត ឃុន បញ្ជាក់ទៀតថា សមត្ថកិច្ចមិនបានប្រាប់អំពីមូលហេតុនៃការចាប់ខ្លួនកូនគាត់នោះឡើយ ហើយក៏មិនឃើញមានដីកាចាប់ខ្លួនដែរ។
លោកស្រីបន្តថា ពេលចាប់ខ្លួននោះសមត្ថកិច្ចបានវាយដំកូនស្រីគាត់ធ្ងន់ធ្ងររហូតឈឺពេញខ្លួនប្រាណ និងហើមដៃជាដើម ហើយពេលយកទៅឃុំខ្លួនបណ្ដោះអាសន្ន នៅសាលាខណ្ឌជ្រោយចង្វារ ពួកគេ ព្រមទាំងមិនឲ្យសមាជិកគ្រួសារចូលជួប ដើម្បីផ្តល់អាហារ និងថ្នាំព្យាបាលរបួសនោះដែរ។
សកម្មជនបឹងកក់រូបនេះ ចាត់ទុកទង្វើបែបនេះថា ជារឿងអមនុស្សធម៌ រំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក ស្រី ង៉ែត ឃុន៖ «គេមិនឲ្យជួបទេ ខ្ញុំថា កូនខ្ញុំនឹងខុសអី? ទោសក្បត់ជាតិយ៉ាងណា ចោរប្លន់ សម្លាប់គេ ក៏គង់តែគេឲ្យម៉ែឪបានទៅជួបដែរ ហេតុអីកូនខ្ញុំ គ្រាន់តែទៅ Live ប៉ុណ្ណឹង រឿងអីមិនឲ្យខ្ញុំជួបកូនខ្ញុំ? បើកូនខ្ញុំ ឈឺប្រកាច់ ស្លាប់ពួកអ្នកឯង ត្រូវតែទទួលខុសត្រូវ»។
លោក ស្រី ង៉ែត ឃុន បញ្ជាក់ឲ្យដឹងបន្ថែមទៀត អំពីស្ថានភាពសុខភាពរបស់កូនគាត់ថា ក្រៅពីរបួសធ្ងន់ដោយសារសមត្ថកិច្ចវាយដំនោះ កូនគាត់កំពុងមានជំងឺប្រចាំកាយផងដែរ ដូចជា បញ្ហាខួរក្បាល ខ្សោយកម្លាំង ដែលធ្លាប់មានអាការៈសន្លប់ជាញឹកញាប់។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបកស្រាយបញ្ហានេះពីមន្ត្រីអាជ្ញាធរខណ្ឌជ្រោយចង្វារ បាននៅឡើយទេ កាលពីថ្ងៃទី៣១ មករា។
មន្ត្រីសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការចាប់ខ្លួននេះ សមត្ថកិច្ច បានអនុវត្តលើសពីតួនាទីរបស់ខ្លួនរហូតរំលោភមន្ត្រីសិទ្ធិមនុស្ស និងខុសពីច្បាប់ ដែលចែងតែម្ដង។
លោក យិន ម៉េងលី៖ «ការប្រើប្រាស់មធ្យោបាយ ដើម្បីស្វែងរកយុត្តិធម៌នេះ មិនមែនជាបទល្មើសទេ គឺវាជាសេរីភាពស្របច្បាប់របស់ពួកគាត់ សំខាន់ការទៅចាប់មនុស្សដោយអត់មានដីការនេះ គឺខុសទៅនឹងនីតិវិធី»។
លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី ឲ្យដឹងថា គាត់ និងក្រុមគ្រួសារ នឹងទៅសុំជួបកូនស្រីគាត់ គឺលោកស្រី អេង សុខា ជាថ្មីទៀត និងទាមទារឲ្យដោះលែងកូនឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈនេះ។
លោកស្រី ង៉ែត ឃុន គិតត្រឹមឆ្នាំ២០២៥ គាត់មានអាយុ ៨៤ឆ្នាំហើយ។ គាត់ជាសកម្មជនដីធ្លីដ៏សកម្មមួយរូប និងមានវ័យចាស់ជាងគេ ក្នុងចំណោមសកម្មជនតវ៉ាទាមទារសិទ្ធិលំនៅឋាននៅក្នុងសហគមន៍បឹងកក់ ដែលភាគច្រើនជាស្ត្រី។
លោកស្រី ង៉ែត ឃុន មានកូន ៧នាក់ក្នុងបន្ទុក ក្នុងនោះលោកស្រី អេង សុខា ជាកូនពៅ អាយុ ៣១ឆ្នាំ ។
លោកស្រី ង៉ែត ឃុន បានប្រើពេលជាង ១០ឆ្នាំ ក្នុងការចេញតវ៉ាតាមគ្រប់មធ្យោបាយ ទម្រាំបានដីមកវិញខ្លះ សម្រាប់សង់ផ្ទះរស់នៅនឹងកន្លែង នៅតំបន់បឹងកក់ នៅក្រោយឆ្នាំ២០១៥។សកម្មភាពចេញតវ៉ាទាមទាររកដំណោះស្រាយជុំវិញជម្លោះដីធ្លីរវាងក្រុមហ៊ុនស៊ូកាគូ ជាមួយប្រជាពលរដ្ឋបឹងកក់ បានកើតឡើងក្នុងឆ្នាំ២០០៧ មក។
ក្នុងពេលចេញតវ៉ាម្ដងលោកស្រី ង៉ែត ឃុន ត្រូវរងអំពើហិង្សាលើរាងកាយធ្ងន់ធ្ងរពីសំណាក់សមត្ថកិច្ចរាជធានីភ្នំពេញ ដែលតែងតែចេញមកបង្ក្រាបដោយហិង្សាដោយប្រើដំបងឆក់ និងអាវុធ។
ក្នុងអំឡុងពេលនោះរូបគាត់
ត្រូវក្រុមសន្តិសុខក្រុងភ្នំពេញវាយដំចាប់អូសតាមផ្លូវរហូតបែកក្បាលហូរឈាមធ្ងន់ធ្ងរ
នៅឆ្នាំ២០១១។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី ក៏រងបណ្ដឹងនៅតុលាការដែរ។
នៅឆ្នាំ២០១២ គាត់ត្រូវបានតុលាការចាប់ខ្លួនដាក់ពន្ធនាគារមួយរយៈ ជាមួយសកម្មជនដទៃទៀត ក៏ប៉ុន្តែ ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅឆ្នាំដដែលនោះ ក្រោយពីរឿងក្ដីនោះឡើងដល់តុលាការកំពូល។
ក្រៅពីការតវ៉ារឿងដីធ្លីនៅបឹងកក់ លោកស្រី ង៉ែត ឃុន ក៏ចូលរួមតវ៉ាទាមទាររកយុត្តិធម៌ជាមួយសហគមន៍ផ្សេងៗ ទៀតដែរ រហូតមកដល់ពេលនេះ៕
No comments:
Post a Comment