2025.01.05
សង្គមស៊ីវិលព្រមានថា បើរដ្ឋាភិបាលភ្នំពេញមិនស្ដារប្រជាធិបតេយ្យទេ គេចមិនផុតពីទណ្ឌកម្មបន្ថែមទៀតរបស់សហភាពអឺរ៉ុបឡើយ ហើយបង្កការខាតបង់ កាន់តែធំដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ ការលើកឡើងនេះ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានកោតសរសើរអំពីការរួមចំណែករបស់សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍរបស់ ប្រទេសកម្ពុជា។
សង្គមស៊ីវិល និងសហជីពសាទរពេលឮអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ប៉ុន្តែព្រមានថា ប្រសិនបើការលើកឡើងនេះ គ្រាន់តែជាភាសានយោបាយការទូតឱ្យតែពីរោះស្ដាប់ ខណៈភាគីកម្ពុជា មិនព្រមវិលទៅកាន់ការស្ដារប្រជាធិបតេយ្យ នោះរដ្ឋាភិបាលកម្ពុជា គេចមិនផុតពីទណ្ឌកម្មរបស់សហភាព អឺរ៉ុបនោះទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែមករា ថា ពិតណាស់សហភាពអឺរ៉ុបប្រកាន់ជំហរចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ យ៉ាងណាលោកថា សហភាពអឺរ៉ុបក៏មិនភ្លេចដែរ នូវគោលការណ៍នៃការអភិវឌ្ឍ ដែលត្រូវស្រប និងលក្ខខណ្ឌប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ជាពិសេសការទាមទារ ឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក នី សុខា៖ «មកដល់ពេលសហគមន៍អឺរ៉ុបនៅតែបន្ត លើកទឹកចិត្តកម្ពុជា ដើរទៅតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ខ្ញុំយល់ថា ប្រសិនចង់ឱ្យមានកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អឺរ៉ុបដើម្បីទទួលបានផ្លែផ្កាដើម្បីទទួល បានអត្ថប្រយោជន៍ខ្ញុំគិតថា អ្វីដែលសហគមន៍អឺរ៉ុប បានស្នើនៅក្នុងសេចក្ដីថ្លែងការណ៍កន្លងមកទាក់ទងទៅនឹងការស្នើឱ្យកម្ពុជា ធ្វើការដោះស្រាយពីរឿងបញ្ហាវិបត្តិនយោបាយ ក៏ដូចជា រឿងរ៉ាវលើកកម្ពស់លំហសេរីភាពសិទ្ធិមនុស្សអី ទាំង អស់ហ្នឹងហើយ ដែលជាគោលដៅសហគមន៍អឺរ៉ុបចង់បាន»។
ការលើកឡើងនេះ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានកោតសរសើរពីការរួមចំណែករបស់សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍរបស់កម្ពុជា នៅក្នុងជំនួបជាមួយឯក អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គោរ៍ ទ្រីសម៉ាន (Igor Driesmans) កាលពីថ្ងៃទី២ ខែមករា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បន្ទាប់ពីជំនួបនោះបានលើកឡើងពីការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អំពីការប្ដេជ្ញាចិត្តពីសហភាពអឺរ៉ុប ក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗ ដូចជា ការកាត់បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំនិងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សង្គមប្រកបដោយបរិយាបន្ន និងវិបុលភាព។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងដែរថា ក្នុងទំនាក់ទំនងនយោបាយ ភាគីទាំងពីរសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សា ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំកម្ពុជា និងសហភាពអឺរ៉ុប ដូចដែលកើតមានឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានពង្រឹងភាពជាដៃគូ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ការយោគយល់គ្នា និងការគោរពគ្នា។
លើការផ្លាស់ប្ដូរយោបល់ពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋវិញ លោក ប្រាក់ សុខុន បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់នីតិរដ្ឋដូចដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
ចំណែកឯ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) បានបង្ហោះលើបណ្ដាញសង្គម អ៊ីច (X) ដោយនិយាយអំពីខ្លឹមសារ នៃជំនួបនោះថា លោកនិងលោក ប្រាក់ សុខុន ពិភាក្សាគ្នាលើទំនាក់ទំនង ទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប រួមមានពាណិជ្ជកម្ម ការអភិវឌ្ឍ វិស័យជលផល និងការផ្លាស់ប្ដូរយោបល់គ្នា លើស្ថានភាពនៅប្រទេសភូមា។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក អាត់ ធន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែមករា ថា កិច្ចព្រមព្រៀងរវាង សហភាពអឺរ៉ុបជាមួយកម្ពុជា បានចែងច្បាស់ណាស់អំពីការគោរពសិទ្ធិពលរដ្ឋ សិទ្ធិកម្មករ និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ លោកថា បើភាគីរដ្ឋាភិបាលកម្ពុជា នៅតែមិនអាចអនុវត្តបានតាមកិច្ចព្រមព្រៀងនេះ ហើយអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែម នោះធ្វើឱ្យកម្ពុជាខាតបង់កាន់តែច្រើនដូចជា កម្ពុជាថយចុះការនាំចេញ រីឯប្រជាពលរដ្ឋ បាត់បង់ការងារ និងប្រាក់ចំណូលថែមទៀត។
លោក អាត់ ធន់៖ «អ្នកដែលមិនមានការងារធ្វើ រកការងារធ្វើមិនបានមិនមានប្រាក់ចំណូលអាហ្នឹង គឺប្រឈមខ្លាំងណាស់ ព្រោះបច្ចុប្បន្នយើងដឹងហើយ ទី១ តម្រូវការរស់នៅប្រចាំថ្ងៃ កូនរៀន តម្រូវការសង្គម រួមទាំងការជំពាក់លុយឯកជនមួយចំនួនទៀត។ អ៊ីចឹងបើអត់មានសូម្បីតែការងារតើអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹង ម៉េច អាហ្នឹងហើយដែលជាបញ្ហា»។
ដោយសារមូលហេតុមិនស្ដារលទ្ធិប្រជាធិបតេយ្យ ការបន្តរំលោភសិទ្ធិមនុស្ស និង ការមិនគោរពតាមគោលការណ៍នីតិរដ្ឋ នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិកមិនបានបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ហើយសហភាពអឺរ៉ុបបានកាត់ EBA ២០% តាំងពី ឆ្នាំ២០២០មក។ ជាលទ្ធផលជាក់ស្ដែង កម្ពុជាស្រុះចុះវិនិយោគគួរឱ្យកត់សម្គាល់ ទាំងពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក រួមទាំងចិនផង ហើយកើនតែអ្នកវិនិយោគវៀតណាមប៉ុណ្ណោះ។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ទុនវិនិយោគពីប្រទេសលោកសេរីស្រុតចុះខ្លាំង ដូចជាកាណាដា មានតែជាង១%(១.២៧%) ហើយសហរដ្ឋអាមេរិក និងអង់គ្លេស ដាក់ទុនវិនិយោគក្រោម ១% ខណៈអ្នកវិនិយោគចិន ដែលធ្លាប់តែឈរលើកំពូលតារាងនៅកម្ពុជា ក៏ធ្លាក់មកនៅលំដាប់លេខរៀងទី២ នៅពីក្រោមវៀតណាម ដែលហក់ឡើងលេខ១។
លើសពីនេះទៀត តារាងស្ដីពីប្រភពទុនវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្មានតួលេខរាប់ឡើយ សម្រាប់អ្នកវិនិយោគពីប្រទេសអឺរ៉ុបធំៗ ដូចជា បារាំង និង អាល្លឺម៉ង់ ជាដើម។បន្តពីស្ថានភាពយ៉ាប់យ៉ឺននេះ នៅចុងខែវិច្ឆិកា សភាសហភាពអឺរ៉ុប ថែមទាំងបាន ចេញសេចក្ដីសម្រេច ដោយជំរុញឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប និងសហគមន៍ អន្តរជាតិ ចាត់វិធានការដាក់ទណ្ឌកម្មឱ្យមានប្រសិទ្ធភាព លើក្រុមមនុស្ស ដែល ទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង។
អ្នកឃ្លាំមើលលើកឡើងថា កាលណាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកព្រមាន ដាក់ទណ្ឌកម្មហើយ មហាអំណាចទាំងពីរនេះ មិនទម្លាក់ចោលឡើយ ប្រសិនបើ រដ្ឋាភិបាលត្រកូលហ៊ុន មិនស្ដារប្រជាធិបតេយ្យ មិនធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងមិនអនុវត្តបានតាមគោលការណ៍នីតិរដ្ឋ៕
1 comment:
Hun Sen’s principles to perpetuate the Hun’s family power:
“Kampuchea Oss Ey Oss Touv, EBA, GSP, Oss Koh (island) Ey Oss Touv, Oss Ponmarn Khet (province) Oss Touv, Kom Oy Teh Anh Oss Amnach”.
“Khmer Ngorp PonMarn Kor Ngorp Touv, KomTich Oy Ktich Puok Ah Chrul Niyum, Kom Oy Teh Anh Oss Amnach”.
In Hun Sen’s language: “ Reaksa Sante Pheap Oy Barn Tuos Knong Damley Na Kor Doy”.
Post a Comment