2025.01.06
ក្រុមគ្រួសារសកម្មជនបរិស្ថានលើកឡើងថា សមាជិកគ្រួសារពួកគាត់ដែលធ្វើការលើកិច្ចការងារការពារបរិស្ថានស័ក្ដិសមនឹងទទួលបានការកោតសរសើរ និងលើកកម្ពស់សិទ្ធិពីរដ្ឋាភិបាលក្នុងការចូលរួមការពារធនធានធម្មជាតិ ពុំគួរជាប់ពន្ធនាគារទាំងអយុត្តិធម៌បែបនេះទេ។ ពួកគាត់អះអាងថា ពួកគាត់ចង់រស់នៅជុំជួបក្រុមគ្រួសារដូចគ្រួសារនាយករដ្ឋមន្ត្រីដែរ។
ស្របពេលដែលក្រុមគ្រួសារត្រកូល«ហ៊ុន»រស់នៅជួបជុំគ្នាសប្បាយរីករាយក្នុងឱកាសខួបអាពាហ៍ពិពាហ៍ និងមានមន្ត្រីហែហមមួយចំនួនថ្លែងសារ និងតែងនិពន្ធបទចម្រៀងជូនពរផងនោះ ក្រុមគ្រួសារសកម្មជនបរិស្ថានឯណោះវិញបែរជារស់នៅនិរាសព្រាត់ប្រាសពីប្ដីប្រពន្ធ និងអ្នកខ្លះទៀតកូនព្រាត់ពីឪពុកដោយសារតែរដ្ឋាភិបាលចាប់គ្រួសារពួកគាត់ដាក់ពន្ធនាគារទាំងអយុត្តិធម៌។
ម្ដាយលោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែមករា ថា លោកស្រីសោកស្ដាយ និងខកចិត្តនៅពេលដែលសមត្ថកិច្ចចាប់កូនប្រុសលោកស្រីដាក់ពន្ធនាគារទាំងអយុត្តិធម៌ដោយសារការពារធនធានធម្មជាតិ។ លោកស្រីបន្តថា ប្រសិនបើកូនប្រុសលោកស្រីមានសេរីភាព ពេលនេះកូនប្រុសលោកស្រីកំពុងសិក្សាបន្តថ្នាក់អនុបណ្ឌិត និងរស់នៅជួបជុំគ្នាយ៉ាងមានសុភមង្គល។
ម្ដាយលោក លី ចាន់ដារ៉ាវុត៖ «មកដល់បច្ចុប្បន្នមីងនៅតែស្ដាយការណ៍ដែលកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារ៦ឆ្នាំគឺជាការដែលសម្រាប់មីងមិនគួរមានរឿងហ្នឹងកើតឡើង ពីព្រោះគាត់ជាយុវជនម្នាក់មិនបានទៅប្រព្រឹត្តិអំពើអប្បលក្ខណ៍ ឬអំពើមួយដែលសង្គមស្អប់ខ្ពើម ហើយគាត់ជាមនុស្សម្នាក់ជួយការងារដល់សង្គម»។
ប្រហាក់ប្រហែលគ្នានេះដែរ ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ដែលកំពុងពពោះកូនទី៣ ថ្លែងថា គឺជារឿងឈឺចាប់ និងមិនអាចទទួលយកបានឡើយដែលប្ដីលោកស្រីជាអ្នកការពារភោគទ្រព្យរបស់ជាតិបែរជាជាប់ពន្ធនាគារ។ លោកស្រីបន្តថា លោកស្រីតូចចិត្ត និងអាណិតកូនៗដែលត្រូវរស់នៅនិរាសព្រាត់ប្រាសពីឪពុក ហើយកូនទី៣របស់លោកស្រីដែលនឹងសម្រាលនៅដើមខែមីនា នឹងកើតមកដោយគ្មានវត្តមានឪពុកនៅក្បែរ។
លោកស្រី ប៉ាត់ រស្មី៖ «ចំពោះខ្ញុំចង់រស់នៅជួបជុំគ្រួសារដូចគ្រួសារលោកនាយករដ្ឋមន្ត្រី ដូចលោក ហ៊ុន សែន ដូចពួកគាត់អ៊ីចឹងគាត់ចង់រស់នៅជួបជុំគ្រួសារខ្ញុំក៏ដូចគ្នាដែលចង់រស់នៅជួបជុំគ្រួសារដើម្បីផ្ដល់សុភមង្គលឱ្យកូន ផ្ដល់ភាពកក់ក្ដៅដល់កូនដូចពួកគាត់ដែរ»។
ការលើកឡើងរបស់ក្រុមគ្រួសារសកម្មជនបរិស្ថាននេះគឺស្របពេលដែលក្រុមគ្រួសារត្រកូល«ហ៊ុន»កំពុងតែសប្បាយរីករាយក្នុងឱកាសខួប ៤៩ឆ្នាំ នៃថ្ងៃអាពាហ៍ពិពាហ៍របស់លោក ហ៊ុន សែន និងប្រពន្ធ គឺ អ្នកស្រី ប៊ុន រ៉ានី។ ក្នុងខួបរៀបការរបស់លោក ហ៊ុន សែន នេះក៏មានមន្ត្រីហែហមផ្ញើសារជូនពរព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានសារព័ត៌មានមួយចំនួនដែលស្និទ្ធនឹងត្រកូល«ហ៊ុន»ចុះផ្សាយផងដែរ។ លើសពីនេះលោក ហ៊ុន សែន បានឱ្យគេតាក់តែងនិពន្ធជីវប្រវត្តិស្នេហារបស់លោកជាបទចម្រៀងដើម្បីឃោសនារំលឹកពីការរៀបការខុសប្រពៃណីក្នុងសម័យខ្មែរក្រហមកាលពីឆ្នាំ១៩៧៦ និងរឿងរ៉ាវដែលលោក ហ៊ុន សែន អះអាងដោយខ្លួនឯងថាជារឿងឈឺចាប់ក្នុងសម័យនោះជាដើម។
ថ្ងៃដដែលនេះ លោក ហ៊ុន សែន បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា លោកនឹងសរសេរទៀតនូវជីវិតគ្រួសារបន្ថែមទៀតនៅឆ្នាំ២០២៦ ខាងមុខដោយផ្ដោតលើការកសាងគ្រួសារ។
ថ្វីត្បិតលោក ហ៊ុន សែន ជាមនុស្សអោបក្រសោបកូនចៅ និងស្រឡាញ់គ្រួសាររបស់លោកក្ដី ប៉ុន្តែសម្រាប់ក្រុមគ្រួសារសកម្មជនសង្គម អ្នករិះគន់ និងនយោបាយវិញ រដ្ឋាភិបាលក្រោមការដឹកនាំរបស់គ្រួសារលោក បានចាប់ចងពួកគេដាក់ពន្ធនាគារទាំងអយុត្តិធម៌ និងអ្នកខ្លះទៀតត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ។
ចាប់តាំងពីតុលាការផ្ដន្ទាទោសសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ដល់ ៨ឆ្នាំក្រោមបទចោទ «រួមគំនិតក្បត់»និង«ប្រមាថព្រះមហាក្សត្រ» មកគឺមានរយៈពេលជាង៥ខែមកហើយដែលពួកគាត់កំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌ដោយសារការពារធនធានធម្មជាតិ។
បើទោះបីជាពីខាងក្រៅ ក្រុមគ្រួសារត្រកូលហ៊ុនហាក់ខំឃោសនាពីចំណងសុភមង្គលក្នុងក្រុមគ្រួសារខ្លួនឯង ឱ្យគេឯងឃើញក៏ដោយ ក៏កន្លងទៅទស្សនាវដ្ដីបារាំងមួយឈ្មោះ ឡិចប្រេស (L'Express) ធ្លាប់លាតត្រដាងឱ្យដឹងថា ដោយផ្អែកលើភស្តុតាងមួយចំនួន ប្រពន្ធរបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី មានជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ នាដការីរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញមួយរូបគឺអ្នកស្រី ពិសិដ្ឋ ពិលីកា ដោយសារភ្លើងប្រច័ណ្ឌស្នេហាត្រីកោណរវាង លោក ហ៊ុន សែន និងអ្នកស្រី ពិសិដ្ឋ ពិលីកា។ ក្រៅពីនេះ កូនៗរបស់លោក ហ៊ុន សែន ជាពិសេសលោក ហ៊ុន ម៉ានី រងនូវការចោទប្រកាន់ថា ធ្លាប់បានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវផ្លូវភេទខាំកកេរ ខណៈទង្វើទាំងនេះមិនត្រូវបានតុលាការយកមកចាត់ការតាមផ្លូវច្បាប់ឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៥ ខែមករា។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ប្រសិនបើលោក ហ៊ុន សែន ជាមនុស្សស្រឡាញ់ក្រុមគ្រួសាររបស់ខ្លួនពិតប្រាកដមែននោះ រដ្ឋាភិបាលឪកូននេះមិនគួរចាប់ពង្រាត់គ្រួសារអ្នកទោសមនសិការដាក់ពន្ធនាគារ និងតាមធ្វើទុក្ខបុកម្នេញលើអ្នករិះគន់នៅក្រៅប្រទេសនោះទេ។ លោកបន្តថា ការអួតពីជីវិតហ៊ឺហា និងមានអ្នកហែហមជួយតាក់តែងបទចម្រៀងរំឭកពីប្រវត្តិស្នេហានេះគឺបង្ហាញពី ភាពអាត្មានិយមរបស់លោក ហ៊ុន សែន ខណៈពលរដ្ឋកំពុងរស់នៅក្នុងបំណុលវ័ណ្ឌក។
លោក ស៊ឹង សែនករុណា៖ «ឆ្នាំនេះគួរតែពិនិត្យមើលទៅអ្នកទោសមនសិការសង្គម នយោបាយ បរិស្ថានទាំងអស់ដោះលែងឱ្យពួកគេមានសេរីភាពទៅ ហើយទម្លាក់ចោលរាល់ការចោទប្រកាន់ឱ្យគេអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនឱ្យបានពេញលេញ។ រួម ទាំងទម្លាក់ចោលរាល់ការចោទប្រកាន់ដើម្បីឱ្យអ្នកនៅខាងក្រៅប្រទេសផ្សេងៗឱ្យគេមានឱកាសវិលត្រឡប់ទៅធ្វើនយោបាយតាមបែបប្រជាធិបតេយ្យប្រកួតប្រជែងដោយសេរី ត្រឹមត្រូវតាមរយៈការបោះឆ្នោតដោយយុត្តិធម៌អីទាំងអស់នេះ»។
រយៈពេលចុងក្រោយនេះ ក្រុមគ្រួសារត្រកូល «ហ៊ុន» បានរៀបចំបង្កើតកម្មវិធីសប្បាយជាច្រើនដែលបង្ហាញពីភាពហ៊ឺហាឡូយឆាយរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុករាប់តាំងពិធីខួបកំណើតលោក ហ៊ុន សែន ខួបអាពាហ៍ពិពាហ៍កូនស្រីពៅរបស់លោកគឺ អ្នកស្រី ហ៊ុន ម៉ាលី ខណៈពលរដ្ឋកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចដោយសាររដ្ឋាភិបាលក្រោមការដឹកនាំរបស់ក្រុមគ្រួសារត្រកូល«ហ៊ុន» រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ រីឯក្រុមគ្រួសារបរិស្ថាន សកម្មជនសង្គម និងសកម្មជននយោបាយកំពុងរស់នៅព្រាត់ប្រាសគ្នា៕
1 comment:
Hun Sen was born to facilitate the Vietnamization of Cambodia. When he dies, the Vietnamization of Cambodia will be completed, and finally (maybe 100/200 years from today) Cambodia will become a second Kampuchea Krom.
Post a Comment