Tuesday, 7 January 2025

ក្រុម​គ្រួសារ​សកម្មជន​សង្គម​ចង់​រស់នៅ​ជួបជុំ​គ្នា​ដូច​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ដែរ

 

ដោយ ទីន ហ្សាការីយ៉ា
2025.01.06

ក្រុម​គ្រួសារ​សកម្មជន​សង្គម​ចង់​រស់នៅ​ជួបជុំ​គ្នា​ដូច​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ដែរ  
(ពីឆ្វេង​ទៅស្ដាំ) សកម្មជន​ការពារ​បរិស្ថាន ៥នាក់ រួមមាន ​លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី និង​លោក ថុន រដ្ឋា ​យក​ផ្កា​កុលាប​ជូន​សមត្ថកិច្ច ដែល​ជា​អ្នក​យាម​ការពារ​សណ្ដាប់ធ្នាប់ ច្រក​ចូល​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​របស់​ពួក​គេ ចំពោះ​អាជ្ញាធរ និង​មនុស្ស​គ្រប់​គ្នា។
រូបពីពលរដ្ឋ
 

ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​លើកឡើង​ថា សមាជិក​គ្រួសារ​ពួកគាត់​ដែល​ធ្វើ​ការ​លើ​កិច្ច​ការងារ​ការពារ​បរិស្ថាន​ស័ក្ដិសម​នឹង​ទទួល​បាន​ការ​កោត​សរសើរ និង​លើក​កម្ពស់​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ពុំ​គួរ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ។ ពួកគាត់​អះអាង​ថា ពួកគាត់​ចង់​រស់នៅ​ជុំ​ជួប​ក្រុម​គ្រួសារ​ដូច​គ្រួសារ​នាយករដ្ឋមន្ត្រី​ដែរ។

ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»រស់នៅ​ជួប​ជុំ​គ្នា​សប្បាយ​រីករាយ​ក្នុង​ឱកាស​ខួប​អាពាហ៍ពិពាហ៍ និង​មាន​មន្ត្រី​ហែហម​មួយ​ចំនួន​ថ្លែង​សារ និង​តែង​និពន្ធ​បទ​ចម្រៀង​ជូនពរ​ផង​នោះ ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​ឯណោះ​វិញ​បែរជា​រស់នៅ​និរាស​ព្រាត់ប្រាស​ពី​ប្ដី​ប្រពន្ធ និង​អ្នក​ខ្លះ​ទៀត​កូន​ព្រាត់​ពី​ឪពុក​ដោយសារ​តែ​រដ្ឋាភិបាល​ចាប់​គ្រួសារ​ពួកគាត់​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

ម្ដាយ​លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៥ ខែ​មករា ថា លោកស្រី​សោកស្ដាយ និង​ខកចិត្ត​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់​កូនប្រុស​លោកស្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ដោយសារ​ការពារ​ធនធាន​ធម្មជាតិ។ លោកស្រី​បន្ត​ថា ប្រសិនបើ​កូន​ប្រុស​លោកស្រី​មាន​សេរីភាព ពេល​នេះ​កូនប្រុស​លោកស្រី​កំពុង​សិក្សា​បន្ត​ថ្នាក់​អនុបណ្ឌិត និង​រស់នៅ​ជួប​ជុំ​គ្នា​យ៉ាង​មាន​សុភមង្គល។

ម្ដាយ​លោក លី ចាន់ដារ៉ាវុត៖ «មក​ដល់​បច្ចុប្បន្ន​មីង​នៅតែ​ស្ដាយ​ការណ៍​ដែល​កាត់​ទោស​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​៦ឆ្នាំ​គឺជា​ការ​ដែល​សម្រាប់​មីង​មិន​គួរ​មាន​រឿង​ហ្នឹង​កើត​ឡើង ពីព្រោះ​គាត់​ជា​យុវជន​ម្នាក់​មិន​បាន​ទៅ​ប្រព្រឹត្តិ​អំពើ​អប្បលក្ខណ៍ ឬ​អំពើ​មួយ​ដែល​សង្គម​ស្អប់​ខ្ពើម ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ជួយ​ការងារ​ដល់​សង្គម»

 

ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ដែល​កំពុង​ពពោះ​កូនទី៣ ថ្លែង​ថា គឺជា​រឿង​ឈឺចាប់ និង​មិន​អាច​ទទួល​យក​បាន​ឡើយ​ដែល​ប្ដី​លោកស្រី​ជា​អ្នក​ការពារ​ភោគទ្រព្យ​របស់​ជាតិ​បែរជា​ជាប់​ពន្ធនាគារ។ លោកស្រី​បន្ត​ថា លោកស្រី​តូច​ចិត្ត និង​អាណិត​កូនៗ​ដែល​ត្រូវ​រស់នៅ​និរាស​ព្រាត់ប្រាស​ពី​ឪពុក ហើយ​កូនទី៣​របស់​លោកស្រី​ដែល​នឹង​សម្រាល​នៅ​ដើម​ខែ​មីនា នឹង​កើត​មក​ដោយ​គ្មាន​វត្តមាន​ឪពុក​នៅ​ក្បែរ។

លោកស្រី ប៉ាត់ រស្មី៖ «ចំពោះ​ខ្ញុំ​ចង់​រស់នៅ​ជួបជុំ​គ្រួសារ​ដូច​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ដូច​លោក ហ៊ុន សែន ដូច​ពួកគាត់​អ៊ីចឹង​គាត់​ចង់​រស់នៅ​ជួបជុំ​គ្រួសារ​ខ្ញុំ​ក៏​ដូច​គ្នា​ដែល​ចង់​រស់នៅ​ជួបជុំ​គ្រួសារ​ដើម្បី​ផ្ដល់​សុភមង្គល​ឱ្យ​កូន ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ដូច​ពួកគាត់​ដែរ»

ការ​លើកឡើង​របស់​ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​នេះ​គឺ​ស្រប​ពេល​ដែល​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»កំពុង​តែ​សប្បាយ​រីករាយ​ក្នុង​ឱកាស​ខួប ៤៩​ឆ្នាំ នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​លោក ហ៊ុន សែន និង​ប្រពន្ធ​ គឺ អ្នកស្រី ប៊ុន រ៉ានី។ ក្នុង​ខួប​រៀបការ​របស់​លោក ហ៊ុន សែន នេះ​ក៏​មាន​មន្ត្រី​ហែហម​ផ្ញើ​សារ​ជូនពរ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​សារព័ត៌មាន​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​ត្រកូល«ហ៊ុន»ចុះ​ផ្សាយ​ផង​ដែរ។ លើស​ពី​នេះ​លោក ហ៊ុន សែន បាន​ឱ្យ​គេ​តាក់តែង​និពន្ធ​ជីវប្រវត្តិ​ស្នេហា​របស់​លោក​ជា​បទ​ចម្រៀង​ដើម្បី​ឃោសនា​រំលឹក​ពី​ការ​រៀបការ​ខុស​ប្រពៃណី​ក្នុង​សម័យ​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ១៩៧៦ និង​រឿងរ៉ាវ​ដែល​លោក ហ៊ុន សែន អះអាង​ដោយ​ខ្លួន​ឯង​ថា​ជា​រឿង​ឈឺ​ចាប់​ក្នុង​សម័យ​នោះ​ជាដើម។

ថ្ងៃ​ដដែល​នេះ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​ថា លោក​នឹង​សរសេរ​ទៀត​នូវ​ជីវិត​គ្រួសារ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២៦ ខាងមុខដោយ​ផ្ដោត​លើ​ការ​កសាង​គ្រួសារ។

ថ្វីត្បិត​លោក ហ៊ុន សែន ជា​មនុស្ស​អោប​ក្រសោប​កូន​ចៅ និង​ស្រឡាញ់​គ្រួសារ​របស់​លោក​ក្ដី ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​សកម្មជន​សង្គម អ្នក​រិះគន់ និង​នយោបាយ​វិញ រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​លោក បាន​ចាប់​ចង​ពួកគេ​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌ និង​អ្នក​ខ្លះ​ទៀត​ត្រូវ​បង្ខំចិត្ត​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ។

ចាប់​តាំង​ពី​តុលាការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន​ចំនួន ៥នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦ឆ្នាំ ដល់ ៨ឆ្នាំ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់»និង«ប្រមាថ​ព្រះ​មហាក្សត្រ» មក​គឺ​មាន​រយៈពេល​ជាង៥ខែមក​ហើយ​ដែល​ពួកគាត់​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ដោយសារ​ការពារ​ធនធាន​ធម្មជាតិ។

បើ​ទោះបី​ជា​ពី​ខាងក្រៅ ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ហាក់​ខំ​ឃោសនា​ពី​ចំណង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ខ្លួន​ឯង ឱ្យ​គេ​ឯង​ឃើញ​ក៏ដោយ ក៏​កន្លងទៅ​ទស្សនាវដ្ដី​បារាំង​មួយ​ឈ្មោះ ឡិច​ប្រេស (L'Express) ធ្លាប់​លាតត្រដាង​ឱ្យ​ដឹង​ថា ដោយ​ផ្អែកលើ​ភស្តុតាង​មួយ​ចំនួន ប្រពន្ធ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់ នាដការី​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ល្បីល្បាញ​មួយ​រូប​គឺ​អ្នកស្រី ពិសិដ្ឋ ពិលីកា ដោយសារ​ភ្លើង​ប្រច័ណ្ឌ​ស្នេហា​ត្រីកោណ​រវាង លោក ហ៊ុន សែន និង​អ្នកស្រី ពិសិដ្ឋ ពិលីកា។ ក្រៅ​ពី​នេះ កូន​ៗ​របស់​លោក ហ៊ុន សែន ជា​ពិសេស​លោក ហ៊ុន ម៉ានី រង​នូវ​ការ​ចោទ​ប្រកាន់​ថា ធ្លាប់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​ផ្លូវ​ភេទ​ខាំ​កកេរ ខណៈ​ទង្វើ​ទាំងនេះ​មិន​ត្រូវ​បាន​តុលាការ​យក​មក​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី៥ ខែ​មករា។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក ហ៊ុន សែន ជា​មនុស្ស​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ខ្លួន​ពិត​ប្រាកដ​មែន​នោះ រដ្ឋាភិបាល​ឪ​កូន​នេះ​មិន​គួរ​ចាប់​ពង្រាត់​គ្រួសារ​អ្នក​ទោស​មនសិការ​ដាក់​ពន្ធនាគារ និង​តាម​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​បន្ត​ថា ការ​អួត​ពី​ជីវិត​ហ៊ឺហា និង​មាន​អ្នក​ហែហម​ជួយ​តាក់តែង​បទ​ចម្រៀង​រំឭក​ពី​ប្រវត្តិ​ស្នេហា​នេះ​គឺ​បង្ហាញ​ពី ភាព​អាត្មា​និយម​របស់​លោក ហ៊ុន សែន ខណៈ​ពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​បំណុល​វ័ណ្ឌក។

លោក ស៊ឹង សែនករុណា «ឆ្នាំនេះ​គួរតែ​ពិនិត្យ​មើល​ទៅ​អ្នក​ទោស​មនសិការ​សង្គម នយោបាយ បរិស្ថាន​ទាំងអស់​ដោះលែង​ឱ្យ​ពួកគេ​មាន​សេរីភាព​ទៅ ហើយ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ឱ្យ​គេ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ឱ្យ​បាន​ពេញ​លេញ។ រួម ទាំង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ដើម្បី​ឱ្យ​អ្នក​នៅ​ខាង​ក្រៅ​ប្រទេស​ផ្សេងៗ​ឱ្យ​គេ​មាន​ឱកាស​វិលត្រឡប់​ទៅ​ធ្វើ​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ​ប្រកួតប្រជែង​ដោយសេរី ត្រឹមត្រូវ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​អី​ទាំងអស់​នេះ»

រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» បាន​រៀបចំ​បង្កើត​កម្មវិធី​សប្បាយ​ជា​ច្រើន​ដែល​បង្ហាញ​ពី​ភាព​ហ៊ឺហា​ឡូយ​ឆាយ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រាប់​តាំង​ពិធី​ខួប​កំណើត​លោក ហ៊ុន សែន ខួប​អាពាហ៍ពិពាហ៍​កូនស្រី​ពៅ​របស់​លោក​គឺ អ្នកស្រី ហ៊ុន ម៉ាលី ខណៈ​ពលរដ្ឋ​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន» រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ រីឯ​ក្រុម​គ្រួសារ​បរិស្ថាន សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​កំពុង​រស់នៅ​ព្រាត់ប្រាស​គ្នា៕

1 comment:

Anonymous said...

Hun Sen was born to facilitate the Vietnamization of Cambodia. When he dies, the Vietnamization of Cambodia will be completed, and finally (maybe 100/200 years from today) Cambodia will become a second Kampuchea Krom.