2025.02.13

គណបក្សកម្លាំងជាតិកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីជំរុញរដ្ឋាភិបាលកម្ពុជាឱ្យងាកទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។ យុទ្ធនាការ និងការស្វែងកិច្ចអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីតុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតបង់សំណងការខូចខាតដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ។
មន្ត្រីគណបក្សកម្លាំងជាតិ ជួបជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិច វីល្លៀម (Dominic Williams) ជជែកផ្ដោតសំខាន់អំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា ជំនួបនេះ លោកនិងសហការីបានលើកឡើងពីបញ្ហារឹតត្បិតលំហសេរីភាពផ្នែកនយោបាយ សង្គមស៊ីវិលនៅកម្ពុជា ហើយលោកបានស្នើសុំឱ្យអគ្គរាជទូតអង់គ្លេសជួយអន្តរាគមន៍ករណីសំណុំរបស់លោកនៅតុលាការ រួមទាំងករណីសកម្មជនដែលជាប់ឃុំក្រោមហេតុនយោបាយជាផង។ លោកឱ្យដឹងថា លោកអគ្គរាជទូតអង់គ្លេសបង្ហាញក្តីបារម្ភ ដោយបញ្ជាក់ថា អង់គ្លេសយកចិត្តទុកដាក់ ចំពោះដំណើរការប្រជាធិបតេយ្យ ដែលជួយពលរដ្ឋខ្មែរឱ្យមានសេរីភាព ជីវភាព និងការងារល្អប្រសើរ។ លោក រ៉ុង ឈុន រំពឹងថា ស្ថានទូតអង់គ្លេស នឹងជួយអន្តរាគមន៍ករណីទាំងអស់នេះ ព្រោះអង់គ្លេសជាប្រទេសមហាអំណាចមួយដែលមានទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្ម និងជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។
លោក រ៉ុង ឈុន៖ «ខ្ញុំបានស្នើអគ្គរាជទូតអង់គ្លេសឱ្យធ្វើម៉េចចូលរួមឃ្លាំមើលបញ្ហាដូចខ្ញុំ ក៏ដូចជាអ្នកនយោបាយផ្សេងៗ ទីពីរស្នើសុំឱ្យជួយអន្តរាគមន៍ដោះលែងអ្នកនយោបាយ សង្គម ក៏ដូចជាមេសហជីព សមាគម ជាដើម ជំរុញធ្វើយ៉ាងណាឱ្យជួយបើកលំហសេរីភាពបញ្ចេញមតិ សេរីភាពនយោបាយផង ហើយខ្ញុំក៏ស្នើឱ្យជួយអន្តរាគមន៍ករណីរបស់ខ្ញុំ ដែលជាប់សំណង ៤០០លានរៀលផងដែរ»។
ជំនួបរវាងលោក រ៉ុង ឈុន ជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ បានចេញសេចក្ដីជូនដំណឹងបង្គាប់ឱ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និង លោក តុន និមល រួមគ្នាសងសំណងការខូចខាតចំនួន១០ម៉ឺនដុល្លារទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ចំណែកប្រាក់ទាំងនោះ ត្រូវបង់ទៅឱ្យម្ចាស់បំណុល នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទទួលបានលិខិត។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងទូតអង់គ្លេស ដើម្បីបកស្រាយពីលទ្ធផល នៃកិច្ចប្រជុំនឹង លោក រ៉ុង ឈុន បាននៅឡើយទេ នៅថ្ងៃទី១៣ កុម្ភៈនេះ។
ការបង្គាប់ឱ្យបង់ប្រាក់នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្ដន្ទាទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងបង់ប្រាក់ពិន័យចូលរដ្ឋ ២លានរៀល អំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធសេចក្ដីថ្លែងការណ៍ អំពីបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ នៅក្បែរតំបន់ព្រំដែន ខេត្តត្បូងឃ្មុំ នៅក្រោមការកាន់កាប់របស់ប្រទេសវៀតណាម។ រីឯ សកម្មជនពីរនាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល ក៏ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋក្នុងម្នាក់ៗ ចំនួន ២លានរៀលអំពីបទញុះញង់ដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៣ ខែកុម្ភៈ។
លោក អ៊ី រិន្ទ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២ ខែកុម្ភៈថា ការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាសងសំណងជាប្រាក់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន គឺជាការអនុវត្តច្បាប់។ លោកបន្តថា ក្នុងករណីកូនបំណុលពុំមានប្រាក់សង នឹងត្រូវអនុវត្តទៅតាមនីតិវិធីនៃការអនុវត្តបង្ខំទារសំណងរដ្ឋប្បវេណី ពិនិត្យទៅលើទ្រព្យសម្បត្តិ ដែលអាចដកហូតបាន។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរសារនៅលើហ្វេសប៊ុករបស់លោកថាករណីលោក រ៉ុង ឈុន ដែលត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឱ្យសងជំងឺចិត្ត ១០ម៉ឺនដុល្លារជាអំពើស្មោកគ្រោក លោកបញ្ជាក់ថា មិនយូរទេ អំណាចលោក ហ៊ុន សែន ដួលរលំ។
ទោះជាយ៉ាងណាក្ដី សមាជិកបក្សជំទាស់ និងឃ្លាំមើលមួយចំនួនលើកឡើងនៅលើបណ្ដាញសង្គម ថាលោក រ៉ុង ឈុន មិនគួរបង់ប្រាក់តាមការបង្គាប់របស់តុលាការនោះទេ ពីព្រោះនេះជាល្បែងនយោបាយរបស់លោក ហ៊ុន សែន ហើយលោក រ៉ុង ឈុន នឹងនៅតែបន្តរងការធ្វើទុក្ខបុកម្នេញពីប្រព័ន្ធតុលាការស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាចដដែល។
ឆ្លើយតបរឿងនេះ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់បញ្ជាក់ជំហរច្បាស់លាស់ថាតើលោកនឹងសងប្រាក់ទៅ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ឬក៏យ៉ាងណានៅឡើយទេ។
លោក រ៉ុង ឈុន៖ «ការអំពាវនាវ ឬការប្រកាសរបស់ប្រជាពលរដ្ឋ និងគណបក្សកម្លាំងជាតិថា អ្នកដែលឈឺឆ្អាលរឿងអយុត្តិធម៌សង្គមហ្នឹងមានទំហំធំធេង ឬមានទំហំបែបណា វាជាម៉ែត្រវាស់មួយដែលស្ថិតនៅក្នុងយុទ្ធសាស្ត្ររបស់គណបក្សកម្លាំងជាតិ ហើយសូមប្រកាសជំហររបស់ខ្ញុំថាមិនអាចយកអ្វីមកដាក់បន្ទុកឱ្យខ្ញុំធ្វើការផ្លាស់ប្ដូរជំហររបស់ខ្ញុំបានទេ ជំហររបស់ខ្ញុំពីមុនមិច ឥឡូវនេះគឺអ៊ីចឹង»។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថាចំណាត់ការតាមរយៈប្រព័ន្ធតុលាការលើ លោក រ៉ុង ឈុន ជាបន្តបន្ទាប់មកនេះ គឺជាការដាក់សម្ពាធផ្នែកនយោបាយ។
លោក ស៊ឹង សែនករុណា៖ «យុទ្ធនាការរៃអង្គាសប្រាក់ពីគណបក្សកម្លាំងជាតិ ត្បិតយើងមើលឃើញពាក់ព័ន្ធថវិកា ប៉ុន្តែខ្ញុំមើលឃើញជាវិធីសាស្ត្រមួយចង់បង្ហាញឱ្យសាធារណជនបានឃើញ ក៏ដូចរដ្ឋាភិបាល និងតុលាការឱ្យឃើញដែរថា ការធ្វើបាបសកម្មជននយោបាយដែលស្លូតត្រង់ គ្មានលុយកាក់បែរជាត្រូវអ្នកគាំទ្រដែលជាប្រជាពលរដ្ឋហ្នឹង រៃអង្គាសប្រាក់ដល់រាប់ម៉ឺន សែនដុល្លារ យកមកជួយទៅដល់សកម្មជននយោបាយហ្នឹង ហើយជាការបង្ហាញថាលុយកាក់ទាំងហ្នឹងវាមិនមែនជារបស់គាត់ទេ គាត់ជាអ្នកនយោបាយ ជាសកម្មជន មេសហជីពពីមុនមកគ្មានថវិកាទេ »។
គណបក្សកម្លាំងជាតិលើកឡើងថាការចូលរួមលះបង់ថវិការបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ឬសកម្មជនបក្សនេះសម្រាប់ជួយសម្រាលបន្ទុកលោក រ៉ុង ឈុន ក្នុងកាលៈទេសៈនេះជានិន្នាការសាមគ្គីភាព រួមគ្នាតស៊ូទាមទារសិទ្ធិសេរីភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបូរណភាពទឹកដី៕
No comments:
Post a Comment