Saturday, 15 February 2025

លោក ស៊ន តារា បន្ត​រិះគន់​លោក ហ៊ុន សែន ដែល​ចាប់​ឪពុក​លោក​ធ្វើ​ជា​ចំណាប់​ខ្មាំង


ដោយ ច័ន្ទ ដារ៉ូ
2025.02.14
 
លោក ស៊ន តារា បន្ត​រិះគន់​លោក ហ៊ុន សែន ដែល​ចាប់​ឪពុក​លោក​ធ្វើ​ជា​ចំណាប់​ខ្មាំង  
លោក ស៊ន តារា អ្នក​អត្ថាធិប្បាយ​នយោបាយ ដែល​អាជ្ញាធរលោក ហ៊ុន សែន ចាប់​ឪពុក​លោក​យក​ទៅ​ឃុំក្នុង​ពន្ធនាគារ​រហូត​ដល់​បច្ចុប្បន្ន។
RFA

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា រិះគន់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ចាប់​ឪពុក​ដាក់​ពន្ធនាគារ​រយៈពេល​៣ខែហើយ​ទាំង​គ្មាន​កំហុស។ លោក​បន្ត​ថា​លោក ហ៊ុន សែន ចេះ​ខឹង​ច្រឡោត និង​គំរាម​កម្ទេច​អ្នក ដែល​ប៉ះ​ពារ​លើ​គ្រួសារ​ខ្លួន ដោយ​មិន​ខ្វល់​ពី​យុត្តិធម៌​ជន​ស្លូតត្រង់​ឡើយ។ ប៉ុន្តែ មន្រ្តី​បក្ស​កាន់​អំណាច​បដិសេធ​ការ​លើក​ឡើង​នេះ។

​លោក ស៊ន តារា បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឪពុក​របស់​លោក គឺ​លោក សុខ ស៊ុនណារ៉េត ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ចាប់​ខ្លួន​ធ្វើ​ជា​ចំណាប់​ខ្មាំង​អស់​រយៈ​ពេល ៣ខែ​មក​ហើយ។

លោក ស៊ន តារា ទំនង​ចោទសួរ​សំដៅ​លើ​លោក ហ៊ុន សែន ថា នៅ​ពេល​ដែល​គេ​ប៉ះ​គ្រួសារ​ខ្លួន​ខឹង​ច្រឡោត និង​បង្ហាញ​ការ​ឈឺ​ចាប់​តាម​កម្ទេច​គេ ប៉ុន្តែ លោក ហ៊ុន សែន ធ្វើបាប​ឪពុក​របស់​លោក​ជា​ជន​ស្លូតត្រង់ តើ​មាន​គិត​ដែរ​ទេ? ដូច្នេះ លោក​ថា អ្នក​កុំ​ធ្វើ​អំពើ​ណា ដែល​មិន​ចង់​ឱ្យ​អ្នកដទៃ​ធ្វើ​អំពើ​នោះ​ដាក់​អ្នក​វិញ។

សារ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី លោក ហ៊ុន សែន ខឹង​សម្បារ​រឿង ដែល​លោក​អះអាង​ថា គេ​មាន​គម្រោង​ផ្ដាច់​ជីវិត​លោក និង​គ្រួសារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា​ដ្រូន (Drone) នៅ​ភូមិគ្រឹះ​របស់​លោក​នៅ​ក្រុងតាខ្មៅ ហើយ​លោក​ដាក់​កំហិត​ឱ្យ​ស្ថាន​រដ្ឋមន្ត្រី​ហែហម រួម​ទាំង​គណបក្ស​នយោបាយ​ចេញ​លិខិត​ថ្កោលទោស​តាម​ការ​ចង់​បាន​របស់​លោក។

 

បន្ថែម​ពី​នេះ លោក ស៊ន តារា បាន​ចែករំលែក​សារ ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ពេជ ចន្ទមុន្នី ដែល​សរសេរ​ថា ទោះជា​មនុស្ស​រៀនចប់​ដល់​ណា​ក៏​ដោយ មាន​ចំណេះ​ដឹង​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ បើ​មនុស្ស​គ្មាន​សុជីវធម៌ គ្មាន​គុណធម៌​ហើយ គឺ​មនុស្ស​គ្មាន​មេត្តាធម៌​នៅ​ក្នុង​ខ្លួន​ទេ គ្មាន​អ្នក​ណា​គោរព​នោះ​ទេ។ ការ​លើក​ឡើង​ដូច្នេះ លោក ស៊ន តារា ថា​បើ​តាម​ទ្រឹស្ដី​គុណធម៌ ដែល​អ្នកស្រី ពេជ ចន្ទមុន្នី ប្រាប់​ប្រជាពលរដ្ឋ​នេះ ឪពុក​របស់​លោក​ជា​មនុស្ស​ស្លូតត្រង់​នឹង​មិន​ត្រូវ​ជាប់គុក​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ជូនពរ​ឪពុក​របស់​លោក​ឱ្យ​មាន​សុខភាព​ល្អ ហើយ​លោក​សង្ឃឹម​ថា​ថ្ងៃណាមួយ​នឹង​មាន​ការ​ផ្លាស់ប្ដូរ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​អះអាង​ថា ចំណាត់​ការ​សមត្ថកិច្ច​លើ​លោក សុខ ស៊ុនណារ៉េត កន្លងមក​ជា​ការអនុវត្ត​ច្បាប់ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​នយោបាយ​លោក ស៊ន តារា ដែល​មាន​និន្នការ​ផ្ទុយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ លោក សុខ ឥសាន បដិសេធ​សារ​របស់​លោក ស៊ន តារា ដែល​ថា រឿង​បង្ហោះ​ត្រូន​ប៉ុនប៉ង​ធ្វើឃាត​កើត​ចេញ​ពី​ទង្វើ​របស់​លោក ហ៊ុន សែន ធ្វើបាប​ជន​ស្លូតត្រង់​កន្លង​ទៅ។

លោក សុខ ឥសាន៖ «ឪពុក​លោក ស៊ន តារា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សមត្ថកិច្ច​កម្ពុជា ដោយ​មិនមែន​ពាក់ព័ន្ធ​ជាមួយ​ឪពុក​លោក ស៊ន តារា ទេ ដោយសារ​គាត់​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន ដែល​សមត្ថកិច្ច​មាន​ភស្តុតាង​ច្បាស់លាស់ ក្នុង​ការ​ចាប់​ខ្លួន ដូច្នេះ​ហើយ​ជា​ការអនុវត្ត​ផ្លូវច្បាប់»

កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចាប់ខ្លួន​លោក សុខ ស៊ុនណារ៉េត អំឡុង​ពេល​មេបញ្ជាការ​ភូមិភាគ៣ បាន​ហៅ​លោក​ឱ្យ​ទៅ​ជួប។ តុលាការ​ខេត្តកំពង់ស្ពឺ បាន​ចោទប្រកាន់​លោក ពាក់ព័ន្ធ​ការ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បញ្ជូន​ទៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នេះ។ ប៉ុន្តែ លោក សុខ ស៊ុណារ៉េត បាន​បដិសេធ​ការ​ចោទប្រកាន់ ដោយ​អះអាង​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ តាំង​ពី​ដំបូង​រហូត​ដល់​ចាប់​ខ្លួន និង​មិន​ពាក់ព័ន្ធ​អង្គហេតុ ចោទប្រកាន់​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (Adhoc) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក សុខ ស៊ុនណារ៉េត នឹង​មិន​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល ឬ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ ខណៈ​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ជា​រឿង​នយោបាយ។ លោក​ថា បើសិន​ក្ដីក្ដាំ​នេះ​ជា​រឿង​នយោបាយ ភាគី​ពាក់ព័ន្ធ​គួរតែ​ដោះ​ស្រាយ​តាម​យន្តការ​សម្របសម្រួល ដូច​អ្វី ដែល​អ្នក​នយោបាយ​សន្ទនា​គ្នា​កន្លង​ទៅ ដើម្បី​លើកកម្ពស់​ប្រជាធិបតេយ្យ និង​តម្កល់​ផល​ប្រយោជន៍​ជាតិ​រួម។

លោក យិន ម៉េងលី៖ «នៅ​ក្នុង​រឿង​ហ្នឹង​វា​ក៏​អត់​ល្អ​មើល​ដែរ ពីព្រោះ​គេ​កំពុង​មើល និង​តាមដាន​ទៅលើ​ករណី​របស់​លោក សុខ ស៊ុនណារ៉េត ដែរ តើ​ករណី​នេះ​នឹង​ដំណើរការ​ទៅ​យ៉ាង​ដូច​ម្តេច ដូច្នេះ​តុលាការ​គួរ​ឱ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ទៅ ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​ផង លើក​មុខមាត់​របស់​យើង​ផង ហើយ​វា​អត់​ចំណេញ​អ្វី​ទេ​គ្រាន់តែ​ឃុំខ្លួន​បុគ្គល​ម្នាក់​ហ្នឹង»

ក្នុង​ពេល​កន្លង​ទៅ នៅ​ពេល​អ្នកតស៊ូ​នៅ​ក្រៅ​ប្រទេស​រិះគន់​លោក ហ៊ុន សែន ម្ដងៗ លោក ហ៊ុន សែន បាន​និយាយ​ទាំង​កំហឹង​ថា បើ​ទោះ​ជា​អ្នក​រិះគន់​ទាំង​នោះ​រស់នៅ​ក្រៅ​ប្រទេស ដែល​លោក​មិន​អាច​តាម​ចាប់​ដាក់​គុក ឬ​តាម​ធ្វើបាប​ដូច​អ្នក​ក្នុង​ស្រុក​ក្ដី លោក​បញ្ជា​បាន​ឱ្យ​សមត្ថកិច្ច​ស្វែងរក​សាច់ញាតិ ឬ​ឪពុក​ម្ដាយ​របស់​អ្នក​ទាំង​នោះ ដើម្បី​គំរាម​កំហែង​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ឬ​ចាប់​ដាក់​គុក​តែ​ម្ដង ដូច​ករណី​ឪពុក​លោក ស៊ន តារា និង​ប្អូន​លោក​ប្រុស​របស់​លោក ហៃ វណ្ណា ជា​ដើម។

គណបក្សប្រឆាំង អ្នកឃ្លាំមើល​ចាត់​ទុក​សំណុំរឿង​នេះ​ថា ជា​ការ​គាប​សង្កត់​ឆ្លងដែន ដោយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រើ​លេស​ចាប់​លោក សុខ ស៊ុនណារ៉េត ធ្វើ​ជា​ចំណាប់​ខ្មាំង​ក្នុង​គោលដៅ​ដាក់​សម្ពាធ​លើ​លោក ស៊ន តារា ពីព្រោះ​កន្លង​មក​លោក ហ៊ុន សែន អូសទាញ​លោក ស៊ន តារា ឱ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្សប្រឆាំង​មិន​បាន​ដូច​បំណង។ ពួកគាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក សុខ ស៊ុនណារ៉េត ឱ្យ​មាន​សេរីភាព ដោយ​ឥត​លក្ខខណ្ឌ៕

No comments: