ដោយ មាន ឫទ្ធិ
2025.02.24
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នាយឧត្ដមសេនីយ៍ រ៉ូណាល់ ភី ខ្លាក (Ronald P. Clark) នៅវិមានសន្តិភាព នៅថ្ងៃទី២៤ កុម្ភៈ ២០២៥។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឬហៅកាត់ថា USARPAC កំពុងដឹកនាំមន្ត្រីជំនាញជួបមេដឹកនាំ និងមន្ត្រីយោធាកម្ពុជា ដើម្បីជជែកពិភាក្សាក្នុងការកសាងទំនុកចិត្តដល់គ្នាទៅវិញទៅមក ក្នុងដំណើរទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ ក្រុមថ្នាក់ដឹកនាំកម្ពុជាបន្តស្នើឱ្យភាគីអាមេរិកពិនិត្យពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ជាពិសេសសមយុទ្ធ «ឆ្មាំអង្គរ» ឡើងវិញ។
មេទ័ពជើងគោកកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកនាយឧត្ដមសេនីយ៍ រ៉ូណាល់ ភី ខ្លាក (Ronald P. Clark) មកកម្ពុជា គឺជាការរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។
មេទ័ពកម្ពុជាអរគុណរដ្ឋាភិបាលអាមេរិក
ក្នុងជំនួបជាមួយនាយឧត្ដមសេនីយ៍ រ៉ូណាល់ ភី ខ្លាក នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលោក វង្ស ពិសេន បានអរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងដំណើរការបង្រួបបង្រួមជាតិ និងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍ឆ្នាំ៩០ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) និងចូលរួមជួយអភិវឌ្ឍកម្ពុជាលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ដោះមីន មនុស្សធម៌ និងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រមកកម្ពុជាវិញជាដើម។ ក្រៅពីនេះ លោកក៏បានអរគុណសហរដ្ឋអាមេរិក ចំពោះការផ្ដល់ឡើងវិញនូវវគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម និងភាសាអង់គ្លេស ដល់នាយទាហានកម្ពុជាពង្រឹងសមត្ថភាពបន្ថែម។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានឱ្យដឹងថា ក្នុងជំនួបទ្វេភាគីនោះលោក វង្ស ពិសេន បានសង្កត់ធ្ងន់ដោយស្នើដល់ភាគីអាមេរិកឱ្យពិនិត្យលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធ «ឆ្មាំអង្គរ» ដែលបានខកខានចាប់តាំងពីក្រោយការរម្លាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ និងបន្តកិច្ចសហការក្នុងស្មារតីជាមិត្តភាព និងការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។
ក្រៅពីជំនួបទ្វេភាគីជាមួយលោក វង្ស ពិសេន មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នាយឧត្ដមសេនីយ៍ រ៉ូណាល់ ភី ខ្លាក ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោក ម៉ៅ សុផាន់ ដែរនៅថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកម្ពុជា ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសស្ដារទំនាក់ទំនងយោធារវាងប្រទេសទាំងពីរឱ្យល្អប្រសើរឡើងវិញ។
សមយុទ្ធឆ្មាំអង្គរ
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា លោក រ៉ូណាល់ ភី ខ្លាក បានឆ្លើយតបនឹង លោក វង្ស ពិសេន ថា កិច្ចពិភាក្សាទាក់ទងនឹងសំណើឱ្យអាមេរិកពិនិត្យលើលទ្ធភាពរៀបចំធ្វើសមយុទ្ធ ឆ្មាំអង្គរ ឡើងវិញលោក បានជជែកជាមួយលោក ហ៊ុន ម៉ាណែត និងបានពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថា កងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន។
ភាគីកម្ពុជា និងអាមេរិកមិនទាន់បង្ហាញលទ្ធផលលម្អិតនៃជំនួបរវាងលោក រ៉ូណាល់ ភី ខ្លាក ជាមួយលោក ហ៊ុន ម៉ាណែត នៅឡើយទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។
កងទ័ពជើងគោកកម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក រ៉ូណាល់ ភី ខ្លាក គឺស្របពេលខួបលើកទី៧៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ហើយក៏ជាលើកទី២ ដែរ ដែលមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកមកបំពេញទស្សនកិច្ចនៅកម្ពុជាដែលលើកទី១ គឺកាលពីឆ្នាំ២០១៤។
ជុំវិញរឿងនេះ អ្នកសិក្សាសង្គម និងនយោបាយ លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរីថា ការប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងមហាអំណាចអាមេរិក និងចិន កំពុងកើនឡើងកម្ដៅ ហើយប្រទេសនៅតំបន់អាស៊ាន គឺជាទីតាំងអំណោយផល និងមានសក្ដានុពល ដែលជាហេតុធ្វើឱ្យមហាអំណាចទាំងពីរប្រជែងឥទ្ធិពលគ្នា។ លោកយល់ថា ដំណើរទស្សនកិច្ចរបស់មេទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិកមកកម្ពុជា គឺជាយុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។ លោកបន្ថែមទៀតថា កម្ពុជាដែលស្ថិតក្នុងប្រទេសសមាជិកអាស៊ាន គួរថ្លឹងថ្លែងឱ្យមានតុល្យភាពក្នុងការបង្កើតទំនាក់ទំនងជាមួយអាមេរិក និងចិន។
លោក ប៉ោ មករា៖ «អ្វីដែលសហរដ្ឋអាមេរិកចង់បានគឺទប់ទល់នឹងឥទ្ធិពលរបស់ចិនក្នុងការវាតទីភូមិសាស្ត្រនយោបាយទីមួយ។ ទីពីរ សហរដ្ឋអាមេរិកចង់បានឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញ បរិបូរណ៍ មានសិទ្ធិសេរីភាពច្បាស់លាស់ ដែលធ្វើឱ្យប្រជាជនកម្ពុជាមានការរីកចម្រើន ឬក៏មានសិទ្ធិក្នុងការចូលរួមកសាងជាតិពិតប្រាកដ។ តុល្យភាពរវាងទាំងសហរដ្ឋអាមេរិក ទាំងចិន កម្ពុជាគួរតែមានយន្តការមួយគឺត្រូវផ្ដល់ឱ្យមានទំនាក់ទំនងស្មើភាពគ្នាក្នុងនាមជាសមាជិកអាស៊ានមួយរូបដែរ»។
នៅមុនជំនួបពិភាក្សាជាមួយនាយឧត្ដមសេនីយ៍ រ៉ូណាល់ ភី ខ្លាក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ក៏មានជំនួបទ្វេភាគីជាមួយក្រុមថ្នាក់ដឹកនាំចិនដែរ ដើម្បីបញ្ជាក់ពីជំហរក្នុងការបន្តដោយឥតងាករេ ដើម្បីកសាងទំនាក់ទំនង និងការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនកុម្មុយនិស្ត។
លោក ហ៊ុន ម៉ាណែត បានសរសេរ លើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ក្នុងជំនួបជាមួយលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តប្រចាំក្រុងប៉េកាំងគឺលោក យីន លី (Yin Li) ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពកម្ពុជា និងចិន និងជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្នុងក្របខ័ណ្ឌរដ្ឋ បក្ស និងប្រជាជន។ ប្រភពដដែលឱ្យដឹងថា លោក ហ៊ុន ម៉ាណែត បានអរគុណភាគីចិនដែលតែងតែជួយគាំទ្រ និងជំរុញអ្នកវិនិយោគមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងតែងតែផ្ដល់ប្រាក់កម្ចី និងជំនួយក្នុងការជួយកសាងហេដ្ឋារចនាសម្ពន្ធនៅកម្ពុជា។ ភាគីកម្ពុជា និងចិនក៏បានជជែកគ្នាដោយផ្ដោតលើការពង្រឹងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថល សិល្បៈវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាដើម៕
No comments:
Post a Comment