Khmer Circle:
They say that men will eventually become what they have always condemned and, this couldn't be truer of the present generation of unconscionable, morally rotten Cambodian elite: the Khmer Rich.
^^^
2025.02.22

បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ចំពោះពិធីមង្គលការកូនស្រី របស់ឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន និងត្រូវជាចៅក្មួយរបស់លោក ហ៊ុន សែន ដែលមានការសម្ញែងសម្ភារៈនិយម និងគ្រឿងអលង្ការប្រណិតៗ ពេលនេះកូនចៅរបស់មន្ត្រីអភិជនទាំងនេះ បានបង្កើតព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនគ្រឿងអលង្ការវិញម្ដង។ អ្នកឃ្លាំមើល លើកឡើងថា កម្មវិធីបង្ហាញគ្រឿងអលង្ការរបស់កូនចៅអ្នកមានអំណាចនេះ ប្រៀបដូចជាការបញ្ឈឺចិត្តប្រជាពលរដ្ឋ ដែលកំពុងញាំញីដោយភាពក្រីក្រ និងជាការមើលងាយដល់កេរ្តិ៍ដំណែលបុព្វបុរសជំនាន់ដើម។
នៅក្នុងពិធីបង្ហាញម៉ូតផលិតផលរបស់ក្រុមហ៊ុនគ្រឿងអលង្ការ ឈ្មោះ ប៊ុលការី (BVLGARI) របស់អ៊ីតាលី នៅមុខប្រាសាទបាយ័ន មានវត្តមានតារាបរទស ដែលជាអ្នកតំណាងក្រុមហ៊ុន ក៏ប៉ុន្តែ កម្មវិធីនេះ មិនឱ្យពលរដ្ឋទូទៅចូលទស្សនាឡើយ។ អ្នកដែលចូលរួមក្នុងកម្មវិធី សុទ្ធសឹងជាអភិជនដែលមកពីបណ្ដាប្រទេសផ្សេងៗ ប្រមាណជាង ៤រយនាក់ និងសមាជិកគ្រួសាររបស់មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយមានការសម្របសម្រួលពីប្រពន្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ្រ ច័ន្ទមុនី កាលពីថ្ងៃទី២១ កុម្ភៈ។
នៅក្នុងកម្មវិធីបែបអភិជននេះ គ្រួសារ និងកូនចៅរបស់អ្នកមានអំណាចដែលចូលរួមនោះ ពួកគេពាក់គ្រឿងអលង្ការរួមមានខ្សែក ខ្សែដៃ ក្រវិល និងចិញ្ចៀនថ្លៃៗ អង្គុយលើកៅអីទទួលទានស្រាថ្លៃៗ និងទស្សនាការបង្ហាញម៉ូតគ្រឿងអលង្ការ។ កូនចៅរបស់មន្ត្រីអភិជនទាំងនោះរួមមាន ចៅស្រីរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺលោកស្រី យឹម បូណ៌មី និងកញ្ញា យឹម លីនដា, ប្រពន្ធរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងត្រូវជាក្មួយស្រីរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន គឹមឡេង ជាមួយកូនស្រីពៅរបស់លោកស្រី ប្រពន្ធរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា គឺលោកស្រី ទៀង អេង រួមទាំងមន្ត្រីជាន់ខ្ពស់ និងឈ្មួញពាណិជ្ជករមួយចំនួនទៀត។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែកុម្ភៈ ថា កម្មវិធីបង្ហាញគ្រឿងអលង្ការ របស់គ្រួសារមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅមុខប្រាសាទបាយយ័ន នេះ ប្រៀបបានទៅនឹងការបញ្ឈឺចិត្តប្រជាពលរដ្ឋ ដែលកំពុងប្រឈមមុខនឹងភាពក្រីក្រ។ លោកបន្តថា ការសម្ញែងទ្រព្យសម្បត្តិហ៊ឺហារបស់គ្រួសារ និងកូនចៅអ្នកមានអំណាចនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋមើលឃើញកាន់តែច្បាស់ ពីអំពើពុករលួយនៅក្នុងគ្រួសារមេដឹកនាំ។
លោក ស៊ឹង សែនករុណា៖ «យើងឃើញហើយ បើពិនិត្យមើលឱ្យមែនទែន វាជារឿងអកុសល ដែលប្រទេសកម្ពុជា មានមេដឹកនាំប្រភេទនេះ។ ក្រុមគ្រួសារអ្នកទាំងអស់នេះ ជាអ្នកដឹកនាំប្រទេស ក៏ប៉ុន្តែ ការដឹកនាំប្រទេសហ្នឹង ដើម្បីតែមួយក្រុមពួកគាត់ហ្នឹងឯង។ សប្បាយអរ ហើយទទួលបាននូវលាភសក្ការៈ តែមួយក្រុមហ្នឹង»។
ពាក់ព័ន្ធរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២២ ខែកុម្ភៈ ថា មូលហេតុដែលរៀបចំកម្មវិធីបង្ហាញម៉ូតគ្រឿងអលង្ការនេះឡើង គឺដោយសារក្រុមហ៊ុនមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ។
ផ្ទុយពីការលើកឡើងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ឃើញថា កម្មវិធីបង្ហាញម៉ូតគ្រឿងអលង្ការនេះ រៀបចំឡើងសម្រាប់ក្រុមអភិជន ដែលជាកូនចៅបក្ខពួករបស់មេដឹកនាំ ដើម្បីអួតសម្ញែងសម្ភារៈនិយម និងភាពហ៊ឺហារបស់ពួកគេប៉ុណ្ណោះ និងគ្មានផ្ដល់ផលប្រយោជន៍ចំពោះកម្ពុជាឡើយ។
លោក គឹម សុខ៖ «ប៉ុន្តែការដែលគេព្យាយាមបង្ហាញម្ដងហើយម្ដងទៀត មិនមែនប្រជាពលរដ្ឋមិនដឹងថាពួកគេពុករលួយនោះទេ។ ប៉ុន្តែពួកគេហ៊ានធ្វើដូច្នេះ ទីមួយ ពួកគេយល់ឃើញថា ប្រព័ន្ធតុលាការត្រូវអ្នកកាន់អំណាចត្រួតត្រាទៅហើយ។ ទីពីរ ពួកគេដឹងច្បាស់ថា ប្រព័ន្ធអាជ្ញាធរជាតិផ្សេងៗ ដែលធ្វើការលើអំពើពុករលួយ ក៏ស្ថិតនៅក្រោមអំណាចរបស់ពួកគេដែរ»។
ការសម្ញែងទ្រព្យសម្បត្តិរបស់សមាជិកក្រុមគ្រួសារអ្នកមានអំណាចនៅកម្ពុជា ដែលជាប្រទេសក្រីក្រនេះ បានក្លាយជាទម្លាប់មួយដ៏សាមញ្ញទៅហើយ ដោយពួកគេមានចំណង់ចំណូលចិត្ត និងរបៀបសម្ញែងផ្សេងៗ គ្នា ដូចជា លោក ហ៊ុន សែន ដែលជាមេគ្រួសារធំ ចូលចិត្តសម្ញែងនាឡិកាដៃថ្លៃៗ ចំណែកកូនចៅ និងសែស្រឡាយរបស់លោក ចូលចិត្តសម្ញែងឡានទំនើប មាសពេជ្រ កែវកង កាបូប និងខោអាវជាដើម។
ទោះជាបែបនេះក្ដី ពួកគេចូលចិត្តបង្ហាញសម្ភារៈនិយមនេះ តែនៅក្នុងកម្មវិធីជួបជុំ ឬពិធីមង្គលការប៉ុណ្ណោះ ដោយមិនហ៊ានប្រកាសទ្រព្យសម្បត្តិជាសាធារណៈប្រកបដោយតម្លាភាពនោះឡើយ៕
1 comment:
This Yuon's slave Hun Sen was born to facilitate the Vietnamization of Cambodia and to make Cambodia a part of Vietnam.
Post a Comment