Saturday, 22 February 2025

សង្គម​ស៊ីវិល​ និង​អ្នក​ធ្វើ​ការ​ផ្នែក​ដោះ​មីន​សប្បាយចិត្ត ដែល​អាមេរិក​ផ្ដល់​ជំនួយ សម្រាប់​ដោះ​មីន​នៅ​កម្ពុជា​ឡើងវិញ

 

ដោយ សុខ មនោហត្ថា
2025.02.21
 
សង្គម​ស៊ីវិល​ និង​អ្នក​ធ្វើ​ការ​ផ្នែក​ដោះ​មីន​សប្បាយចិត្ត ដែល​អាមេរិក​ផ្ដល់​ជំនួយ សម្រាប់​ដោះ​មីន​នៅ​កម្ពុជា​ឡើងវិញ  
អ្នក​ជំនាញផ្នែក​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៃ​អង្គភាព​ដោះមីន CMAC កំពុង​រៀបចំ​បន្សាប​គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ជាង ២៣០គីឡូក្រាម​ ស្ថិតនៅឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ នៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៥។
រូប៖ ហ្វេសប៊ុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC

សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការ​ផ្នែក​ដោះ​មីន​សប្បាយចិត្ត ដែល​អាមេរិក​ផ្ដល់​ជំនួយ​ឥត​សំណង​ឡើង​វិញ ក្រោយ​ពី​ផ្អាក​ជិត ១ខែ តាម​រយៈ​ទីភ្នាក់ងារ សហរដ្ឋ​អាមេរិក​​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID ក្រោម​រដ្ឋបាល​ថ្មី នៃ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ។ អ្នក​ឃ្លាំ​មើល​ថា រដ្ឋាភិបាល ត្រូវ​តែ​រៀបចំ​កញ្ចប់​ថវិកា​ជាតិ​ខ្លះ សម្រាប់​បេសកកម្ម​សម្អាត​មីន​ដោយ​ខ្លួន​ឯង ដើម្បី​ទប់ស្កាត់​បញ្ហា​ជាប់​គាំង​មួយ​ចំនួន ដោយ​សារ​តែ​ការ​ផ្ដាច់​ជំនួយ​ម្ដង​ទៀត។

ស្រប​ពេល​ដែល​មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មីន​កម្ពុជា​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​បុគ្គលិក​ដោះ​មីន​ កម្ពុជា ជាង ១ពាន់​នាក់ ដោយ​សារ​តែ​បាត់បង់​ការងារ គ្មាន​ប្រាក់​ចំណូល ក្រោយ​ពី​សហរដ្ឋអាមេរិក​បាន​ផ្អាក​ផ្ដល់​ជំនួយ​នោះ ប៉ុន្តែ នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ​នេះ អាមេរិក​បាន​ផ្ដល់​ជំនួយ​ឥត​សំណង់​ឡើង​វិញ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​បោស​សម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ទៅ​តាម​កិច្ចសន្យា ដែល​មាន​ស្រាប់។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន (CMAC) លោក ហេង រតនា បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) បស់​លោក នៅ​ថ្ងៃ​ទី២០ កុម្ភៈ​ថា អង្គភាព​ស៊ីម៉ាក់ បាន​ទទួល​ព័ត៌មាន​ថា អាមេរិក​បាន​ទទួល​ការ​លើក​លែង​ឱ្យ​បើក និង​បន្ត​កិច្ច​សហប្រតិបត្តិការ​បោស​សម្អាត​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ ដែល​មិន​ទាន់​ផ្ទុះ​ឡើង​វិញ ទៅ​តាម​កិច្ចសន្យា ដែល​មាន​ស្រាប ដើម្បី​បន្ត​បេសកកម្ម​ឡើង​វិញ​​ បាន​ធម្មតា។

 

ការ​ផ្ដល់​ជំនួយ​ឥត​សំណង់​ឡើងវិញ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា រយៈ​ពេល ៣ខែ​តាម​រយៈ​ទីភ្នាក់ងារ សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ក្រោម​រដ្ឋបាល​ថ្មី​នៃ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)

ក្រោយ​មក​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន ហៅ​កាត់​ថា CMAC បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ​ថា ក្រោយ​ផ្ដាច់​ជំនួយ​ភ្លាមៗ របស់​រដ្ឋាភិបាល​អាមេរិក នៅ​ថ្ងៃ​ទី២៥ ខែមករា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្លាំង​ជំនាញ​បច្ចេកទេស​អង្គភាព CMAC ចំនួន ២១០នាក់ ត្រូវ​ផ្អាក​ការងារ ខណៈ​ដែល​បេសកកម្ម​បោស​សម្អាត​មីន កំពុងតែ​ធ្វើ​សកម្មភាព​ស្ថិត​ក្នុង​ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្ត​ព្រៃវែង ក្រោម​ការ​គាំទ្រ​របស់​អាមេរិក។ ទោះ​យ៉ាង​ណា​ក្ដី លោក ហេង រតនា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​ស្រុក​ថា នៅ​ពេល​នេះ បុគ្គលិក​ចំនួន ២១០នាក់ បន្ត​ភារកិច្ច​ក្នុង​អង្គភាព​ស៊ីម៉ាក់ បាន​ធម្មតា​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន (CMAC) លោក ហេង រតនា និង​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ លោក មាស សុភ័ណ្ឌ ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ កុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទាក់ទិន​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ សេក សុជាតិ លើក​ឡើង​ថា ការ​ផ្ដល់​ជំនួយ​ឥត​សំណង់ សម្រាប់​បោសសម្អាត​មីន​ឡើង​វិញ របស់​សហរដ្ឋ​អាមេរិក គឺ​ជា​រឿង​ដ៏​ល្អ ព្រោះ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន មាន​តំបន់​មាន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ មាន​ជា​ច្រើន​កន្លែង ដែល​បង្ក​ជា​ក្ដី​បារម្ភ​ដល់​ពលរដ្ឋ និង​សត្វ​ព្រៃ​ជា​ដើម។ ទន្ទឹម​នឹង​នោះ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ រៀបចំ​កញ្ចប់​ថវិកា​ជាតិ​ខ្លះ ដើម្បី​ទុក​ចំណាយ​លើ​ការ​បោស​ស្អាត​មីន ដោយ​ខ្លួន​ឯង ក្នុង​ករណី​ដាច់​ជំនួយ​ម្ដង​ទៀត។

សេក សុជាតិ៖ «រដ្ឋាភិបាល​ខ្លួន​ឯង ក៏​គួរតែ​គិតគូរ និង​ពិចារណា​ទៅ​ដល់​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ ដែល​ជា​ចំណាយ​បន្ទុក​របស់​រដ្ឋ ហើយ​ដាក់​ទៅ​ស្នើ​សុំ​សភា រៀង​រាល់​ឆ្នាំ​ដើម្បី ជា​កញ្ចប់​មួយ​ដែល​អាច​ធានា​នូវ​និរន្តរភាព​ថវិកា ប្រាក់​បៀវត្សរ៍​សម្រាប់​មន្ត្រី​ទាំង​អស់ ដើម្បី​កុំ​ឱ្យ​ពេល​ពេល​ដែល​ជួប​វិបត្តិ​ណា​មួយ​ ពេល​ដែល​ដាច់​ជំនួយ ធ្វើ​ឱ្យ​ពួក​គាត់​អត់​ការងារ»

ជាមួយ​គ្នា​នេះ ភ្លាមៗ ក្រោយ​ពី​អាមេរិក​ផ្អាក​ជំនួយ​រដ្ឋាភិបាល​ចិន កាល​ពី​ថ្ងៃ​ទី៥ ខែកុម្ភៈ បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន ៤លាន ៤សែន​ដុល្លារ មក​ឱ្យ​កម្ពុជា សម្រាប់​ការងារ​បោស​សម្អាត​គ្រាប់​មីន។ គម្រោង​នេះ មាន​រយៈ​ពេល ១២ខែ ដើម្បី​ប្រតិបត្តិការ​នៅ​លើ​ភូមិ​សាស្ត្រ​ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ​ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​ ព្រម​ទាំង​មណ្ឌល​សុនខ នៅ​ខេត្តកំពង់ឆ្នាំង។ ទន្ទឹម​នឹង​នោះ​ជំនួយ​នេះ នឹង​គាំទ្រ​អ្នក​ជំនាញ​បច្ចេកទេស​ជាង ៤០០នាក់​របស់​អង្គភាព CMAC និង ត្រូវ​អនុវត្ត​កិច្ច​ប្រតិបត្តិការ​សកម្មភាព​សំខាន់ៗ មួយ​ចំនួន​ដូច​ជា ការ​បោស​សម្អាត​ផ្ទៃ​ដី ដែល​មាន​បញ្ហា​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ចំនួន​ជាង ៣ពាន់ ៤រយ (.៤០០ហិកតា)

បច្ចុប្បន្ន កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​មាន​គ្រាប់​មីន​ជាង ១ពាន់ ៦រយ( .៦០០) គីឡូម៉ែត្រ​ក្រឡា ខណៈ​ប្រជាជន​ប្រមាណ ១លាន​នាក់ រស់​នៅ​តំបន់​នោះ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់។ របាយការណ៍​របស់​អាជ្ញាធរ​មីន ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ២០២៤ ជន​រងគ្រោះ ដែល​បាន​ស្លាប់​ដោយ​សារ​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ​២ម៉ឺន ( ២០.០០០) នាក់ និង​អ្នក​របួស​មាន​ចំនួន​ជាង ៤ម៉ឺន ៥ពាន់ ( ៤៥.០០០) នាក់៕

No comments: