Monday, 7 April 2025

អ្នកឃ្លាំមើលថា សេដ្ឋកិច្ចកម្ពុជានឹងដួលរលំ បើកម្ពុជាបរាជ័យចរចាជាមួយអាមេរិក


អ្នកឃ្លាំមើលលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងអាចដួលរលំ ហើយសង្គមនឹងកើតមានចលាចល ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បរាជ័យក្នុងការចរចាជាមួយសហរដ្ឋអាមេរិក សុំឱ្យលុបចោលវិញនូវការដំឡើងពន្ធ។ ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលក៏ទទួលស្គាល់ថា កម្ពុជានឹងអាចរងផលប៉ះពាល់ពីការដំឡើងពន្ធរបស់អាមេរិក។

Hun Manet in National Assembly Meeting
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមប្រជុំនៅក្នុងរដ្ឋសភា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ (AFP)

អ្នក​ឃ្លាំមើល​យល់ឃើញ​ថា កម្ពុជា​អាច​ចរចា​សុំ​ពន្យារ​ពេល​ការ​ដំឡើង​ពន្ធ​ពី​សហរដ្ឋអាមេរិក ឬ​សុំ​ឱ្យ​អាមេរិក​បន្ធូរបន្ថយ​ពន្ធ​បាន​ខ្លះ ប៉ុន្តែ​ប្រហែល​ពិបាក​ក្នុង​ការ​ចរចា​បញ្ចុះបញ្ចូល​សុំ​ឱ្យ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ដូរ​ចិត្ត​មក​ដូច​ដើម​ក្នុង​ការ​លុប​ចោល​ការ​ដំឡើង​ពន្ធ​៤៩% មក​លើ​ទំនិញ​កម្ពុជា។

អ្នក​ឃ្លាំមើល​សង្គម​និង​នយោបាយ​លោក គឹម សុខ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៥​មេសា​ថា មាន​ហេតុផល​ជាច្រើន ដែល​ឱ្យ​កម្ពុជា​ពិបាក​ក្នុង​ការ​ទៅ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​នោះ​អាមេរិក​អាច​លើកឡើង​ថា អាមេរិក​បាន​ជួយ​អនុគ្រោះពន្ធ​ដល់​កម្ពុជា​ជាង​៣០​ឆ្នាំ​ហើយ និង​ស្របពេល​លេច​ឮ​ថា អាមេរិក​រកឃើញ​ថា​ចិន​បាន​លួច​នាំចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​ប្រើប្រាស់​ឈ្នោះ​ជា​ផលិតផល​ខ្មែរ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះពន្ធ។ លោក​បន្ត​ថា ការ​ដំឡើង​ពន្ធ​ពី​អាមេរិក នឹង​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាត់បង់​អ្នក​វិនិយោគ ហើយ​ពលរដ្ឋ​នឹង​គ្មាន​ការងារ​ធ្វើ។

កម្ពុជា​យើង ល្បី​តែ​ខាង​អំពើ​ពុករលួយ និង​បក្ខពួក​និយម ដូច្នេះ កត្តា​ទាំង​នេះ កម្ពុជា​មិន​ត្រឹម​តែ​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី​ៗ បាន​ទេ សូម្បី​តែ​អ្នក​កំពុង​រកស៊ី​នៅ​កម្ពុជា ក៏​រើ​ចេញ​ដែរ ពីព្រោះ​គេ​អាច​លែង​ធ្វើ​ជំនួញ​ទៅ​មុខ​រួច។ ស្ថានភាព​បែប​នេះ ក៏​ធ្វើ​ឱ្យ​រដ្ឋ​បាត់​ពន្ធ​កាន់​តែ​ច្រើន ប្រជាពលរដ្ឋ​គ្មាន​ការងារ គ្មាន​ចំណូល ហើយ​ពលរដ្ឋ​៩០​% ជាង​ជំពាក់​បំណុល​ធនាគារ មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក គ្មាន​លុយ​បង់​សង​បំណុល​ទៅ​កាន់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។ ដូច្នេះ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក៏​ជួប​វិបត្តិ​បិទ​បណ្ដើរ​ៗ ដែរ។ ពេល​នោះ សេដ្ឋកិច្ច​នឹង​ដួលរលំ ចលាចល​សង្គម។

—  លោក គឹម សុខ

 

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ដាក់​លិខិត​សុំ​បើក​កិច្ច​ចរចា និង​ស្នើសុំ​ពន្យារ​ពេល​ការ​អនុវត្ត​ពន្ធ​៤៩% ទៅ​លោក​ប្រធានធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ។ នៅ​ក្នុង​លិខិត​នោះ លោក ហ៊ុន ម៉ាណែត ក៏​បញ្ជាក់​ថា កម្ពុជា​ប្ដេជ្ញា​ជំរុញ​ការ​នាំ​ចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក រួម​ទាំង​បន្ថយ​អត្រា​ពន្ធ​លើ​ទំនិញ​១៩​ប្រភេទ​របស់​អាមេរិក ពី​៣៥​%​មក​នៅ​ត្រឹម​៥​%។

នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​៤​មេសា លោក ហ៊ុន ម៉ាណែត ទទួល​ស្គាល់​ថា កម្ពុជា​នឹង​ចៀស​មិន​រួច​ពី​ការ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ដំឡើង​ពន្ធ​របស់​អាមរិក ប៉ុន្តែ​លោក​ថា នឹង​មិន​ធ្ងន់ធ្ងរ​ដូច​មតិ​មួយ​ចំនួន​លើកឡើង​ឡើយ។

ឯរី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល ក៏​បាន​ផ្ញើ​លិខិត​ដាច់​ដោយ​ឡែក ដើម្បី​សុំ​ជួប​ចរចា​ជាមួយ​ប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​លោក Jamieson Greer ជុំវិញ​វិធានការ​ដំឡើង​អត្រា​ពន្ធ​គយ​របស់​សហរដ្ឋអាមេរិក មក​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា។ អ្នកស្រី ចម និម្មល ក៏​បាន​លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣​មេសា​ថា រដ្ឋាភិបាល​បាន​ដឹង​តាំង​ពី​ពីរ​បី​ខែ អំពី​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​កម្ពុជា​ពី​សហរដ្ឋអាមេរិក ហើយ​ក៏​បាន​ត្រៀម​លក្ខណៈ​ដោះស្រាយ​មួយ​ចំនួន​ហើយ​ដែរ។

លោកស្រី​ថា ប្រជាពលរដ្ឋ​មិន​គួរ​ព្រួយ​បារម្ភ​ពេក​ទេ ហើយ​ត្រូវ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ អ្នកស្រី​បន្ថែម​ថា ការ​ដំឡើង​អត្រា​ពន្ធគយ​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក ជា​អ្នក​រង​ផល​ប៉ះពាល់​មុន​គេ ហើយ​កម្មករ និង​អ្នក​រកស៊ី​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា នឹង​រង​ផល​ប៉ះពាល់​បន្ទាប់​ប៉ុណ្ណោះ។

ថែម​ពន្ធ មាន​ន័យ​ថា ផលិតផល​ឡើង​ថ្លៃ ហើយ​វា​នឹង​ឡើង​ថ្លៃ​នៅ​ប្រទេស​គោលដៅ ប្រទេស​នាំ​ចូល។ ដូច្នេះ ការ​ដំឡើង​ពន្ធ​បន្ថែម គឺ​មាន​ន័យ​ថា ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក ជា​អ្នក​បញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា​នោះ ជា​អ្នក​រង​ផល​ប៉ះពាល់​ដំបូង។

—   អ្នកស្រី ចម និម្មល

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កាល​ពី​ថ្ងៃ​ទី​២​មេសា បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​កម្ពុជា​៤៩% ជា​អត្រា​ពន្ធ​ខ្ពស់​បំផុត ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ដែល​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ ការ​ដំឡើង​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា អាច​ធ្វើ​ឱ្យ​រោចក្រ​កាត់ដេរ​នៅ​កម្ពុជា រង​ផល​ប៉ះពាល់​និង​ត្រូវ​បិទទ្វារ ខណៈ​មាន​កម្មករ​ជិត​១​លាននាក់ និង​ពលរដ្ឋ​ជិត​៣​លាន​នាក់ កំពុង​ទទួល​បាន​ផល​ដោយ​ផ្ទាល់​និង​ប្រយោល​ពី​វិស័យ​មួយ​នេះ៕

1 comment:

Anonymous said...

Ah Techo Koy Hun Sen has often dared the US to cut GSP. So 49% tax raise is no big deal. The Hun family will survive.