លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការចំពោះកិច្ច ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្វែងរកដំណោះស្រាយ បម្លាស់ទីពលរដ្ឋរស់នៅលើបឹងទន្លេសាបក្នុងខេត្តទាំង៥ ឱ្យឡើងមកលើគោក ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។

គណៈកម្មការចំពោះកិច្ច ដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សុ ខា ជាប្រធាន មានអនុប្រធាន និងសមាជិកសរុបចំនួន ២៦នាក់ ក្នុងនោះក៏មានអភិបាលខេត្តទាំង ៥ជាប់បឹងទន្លេសាបដែរ។
សេចក្ដីសម្រេចចុះកាលពីថ្ងៃទី១០ ខែកក្កដា បានបង្គាប់ឱ្យប្រធានគណៈកម្មការចំពោះកិច្ច ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ ក្នុងការបម្លាស់ទីផ្ទះបណ្ដែតទឹកលើបឹងទន្លេសាបមកលើគោកជាជំហានៗ និងត្រូវចាត់វិធានការហាមឃាត់ការតាំងទីលំនៅថ្មី រួមទាំងរុះរើបែចិញ្ចឹមត្រីចេញពីលើទឹក និងរៀបចំទីតាំងដែលអាចបន្តរស់នៅលើទឹកបាន និងទីតាំងដែលត្រូវបានហាមឃាត់។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យរៀបចំផែនការផ្ដល់ដីសម្បទានសង្គមកិច្ច ការផ្ដល់ជំនួយឧបត្ថម្ភ ការបង្កើតការងារក្រៅពីរបរនេសាទនិងចិញ្ចឹមត្រី ដល់ពលរដ្ឋខ្មែរដែលបម្លាស់ទីចេញពីទន្លេសាប ហើយត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអន្តោប្រវេសន៍រស់នៅលើបឹងទន្លេសាបដោយខុសច្បាប់។
ពលរដ្ឋដែលរស់នៅលើផ្ទះបណ្ដែតទឹកលើបឹងទន្លេសាបក្នុងខេត្តទាំង៥ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប មានចំនួន ១៧០ភូមិ ឬស្មើប្រមាណ ៨ម៉ឺននាក់។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរីថា ពលរដ្ឋវៀតណាមដែលរស់នៅលើបឹងទន្លេសាបជាជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបណ្ដេញទៅវៀតណាមវិញ និងមិនគួរផ្ដល់ប័ណ្ណស្នាក់នៅ ឬផ្ដល់ដីឱ្យឡើងមករស់នៅលើគោកនោះទេ។
ការបម្លាស់ទីផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមឡើងគោក ហើយផ្ដល់ដីសម្បទានសង្គមកិច្ចទៅឱ្យពួកគេ និងផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពួកគេ និងផ្ដល់សញ្ជាតិដល់ពួកគេហ្នឹង។ ខ្ញុំយល់ថា ជាគ្រោះថ្នាក់មួយទៅដល់បូរណភាពទឹកដីកម្ពុជាយើងនាពេលអនាគត។ កម្ពុជាយើងអាចក្លាយជាកម្ពុជាក្រោមទី២ ឬប្រទេសចម្ប៉ាទី២ នាពេលអនាគត។
— លោក អ៊ុំ សំអាន
ចំណែកប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មិនជំទាស់ទេចំពោះផែនការរៀបចំបម្លាស់ទីពលរដ្ឋចេញពីបឹងទន្លេសាប ប៉ុន្តែលោកយល់ឃើញថា រដ្ឋាភិបាលគួរអនុវត្តតាមច្បាប់ ចំពោះពលរដ្ឋវៀតណាមរស់នៅខុសច្បាប់ និងពលរដ្ឋវៀតណាមដែលរស់នៅស្របច្បាប់។
ពលរដ្ឋរស់នៅលើបឹងទន្លេសាប គឺមានលក្ខណៈចម្រុះ មានខ្មែរផង មានវៀតណាមផង។ រឿងសំខាន់ រដ្ឋាភិបាលគួរតែមើលថាតើ ការបម្លាស់ទី ឱ្យមករស់នៅលើគោក ឬផ្ដល់ដីសម្បទានសង្គមកិច្ចឱ្យពួកគាត់ចិញ្ចឹមជីវិតបាន ថាតើគាត់ជាប្រជាពលរដ្ឋ (វៀតណាម) រស់នៅស្របច្បាប់ឬអត់។
— លោក នី សុខា
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលត្រកូល ហ៊ុន ធ្លាប់បានផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ៤០ហិកតារ ដើម្បីផ្ដល់ឱ្យពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកជាង ២ពាន់គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាមក្នុងខេត្តកំពង់ឆ្នាំង ឱ្យឡើងមករស់នៅលើគោក ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋវៀតណាមមួយចំនួន បានវិលទៅរស់នៅលើទឹកវិញ ដោយមិនមានការឃាត់ហាមពីអាជ្ញាធរឡើយ៕
1 comment:
This one eyed monster Hun Sen was born to facilitate the Vietnamization of Cambodia. He is the most faithful, most effective Yuon’s slave ever.
Hun Sen did whatever it took at the expense of Khmer people and Cambodia to stay in power to fulfill Vietnam’s ambition – the creation of Indochina federation.
Post a Comment