The Thais are under pressure to agree to the ceasefire agreement, so their constant provocations and encroachments that undermine this agreement are their effective means of sabotaging it while blaming Cambodia for lying or not honouring the same agreement - as usual!
យោធាថៃបន្តរាយបន្លាលួសព័ទ្ធយកដីនៅតាមព្រំដែនដោយឯកតោភាគី បំពានលើលក្ខខណ្ឌបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ។ មន្ត្រីគណបក្សប្រឆាំងបានយល់ឃើញថា រដ្ឋាភិបាលគួរតែទប់ស្កាត់ទាហានថៃឱ្យបញ្ឈប់ការរាយបន្លាលួសរំលោភយកដីតាមព្រំដែន។

អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែសីហាថា យោធាថៃប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមករាយបន្លាលួសនិងដាក់កង់ឡាននៅច្រកជោគជ័យ រួមទាំងបានព័ទ្ធយកផ្ទះសម្បែងពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកស្រីបានបញ្ជាក់ថា នេះជាសកម្មភាពរំលោភលើលក្ខខណ្ឌបទឈប់បាញ់ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា ថាមិនត្រូវចល័តទ័ព ឬដើរល្បាតរុលចូលទីតាំងឈរជើងភាគីម្ខាងទៀត និងមិនត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតាមព្រំដែន ដោយតំបន់ដែលមិនទាន់ឯកភាពគ្នា ត្រូវរង់ចាំការចរចាដោះស្រាយពីក្រុមគណៈកម្មាធិការព្រំដែនចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក (JBC) របស់ប្រទេសទាំងពីរ។
កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ រាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសមាញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
— អ្នកស្រី ម៉ាលី សុជាតា
កងទ័ពថៃបានចាប់ផ្ដើមដើររាយបន្លាលួសតាមព្រំដែនតាំងពីថ្ងៃទី០៤ ខែសីហាមក ដោយរួមទាំងបានបញ្ជូនគ្រឿងចក្រធន់ធ្ងន់ ឈូសឆាយធ្វើផ្លូវ និងជីកធ្វើលេណដ្ឋាន។ នៅច្រកអានសេះ និងនៅចក្រជោគជ័យ ទាហានថៃបានរាយបន្លាលួសព័ទ្ធទាំងផ្ទះពលរដ្ឋ និងបានរុះរើផ្ទះពលរដ្ឋខ្មែរ រួមទាំងការយកបាវខ្សាច់ធ្វើលេណដ្ឋាននៅក្នុងប្រាសាទតាមាន់ធំជាដើម។
ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានយល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរតែមានវិធានការជាក់លាក់ បញ្ជាទៅទាហានខ្មែរឈរជើងតាមព្រំដែន ឱ្យទប់ស្កាត់ទាហានថៃបញ្ឈប់ការដាក់រាយបន្លាលួសរំលោភយកដី និងផ្ទះសម្បែងពលរដ្ឋខ្មែរនៅតាមព្រំដែន។
ប្រសិនបើរដ្ឋាភិបាលមិនទប់ស្កាត់ក្នុងការររាំងទាហានថៃ កុំឱ្យរាយបន្លាលួសបន្តទៀតទេ គឺប្រាកដជាទឹកដីរបស់យើងនៅតាមព្រំដែន នឹងត្រូវបាត់ជាបន្តបន្ទាប់ទៀត អាចបាត់រហូតដល់រាប់រយគីឡូទៅរាប់ពាន់គីឡូម៉េត្រការ៉េនៅតាមព្រំដែន បើបាត់ហើយពិបាកយកមកវិញណាស់។
— លោក អ៊ុំ សំអាន
លោកបានបន្តទៀតថា ក្រៅពីនេះ រដ្ឋាភិបាលគួរតែពន្លឿនក្នុងការដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយបញ្ចូលបន្ថែមតំបន់មួយចំនួនទៀត ដូចនៅតំបន់ភ្នំទ្រព្យ និងតំបន់អានសេះជាដើម។
ស្របពេលទាហានថៃបន្តរំលោភលើបទឈប់បាញ់គ្នា ក្រសួងការពារជាតិកម្ពុជា ក៏បានជំរុញឱ្យភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕
1 comment:
Hun Sen and Hun Manet said we will never let Thai take even one millimeter of Khmer land. But it is OK for THAI to take one kilometer and up.
Post a Comment