ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កងទ័ពថៃបន្តរំលោភកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដោយប្រើគ្រឿងចក្រឈូសឆាយធ្វើផ្លូវ ជីកលេណដ្ឋានថ្មីក្នុងដី និងបញ្ជូនលេណដ្ឋានបេតុង ចូលមកតំបន់អានសេះ រំលោភលើបូរណភាពទឹកដីកម្ពុជា។

ក្រសួងការពារជាតិបានបង្ហោះលើហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា កងទ័ពថៃបានដឹកលេណដ្ឋានបេតុង រួមទាំងកង់ឡាន និងលូ មកទម្លាក់នៅខាងមុខប៉ុស្ដិ៍របស់ខ្លួន រួមទាំងបន្តប្រើគ្រឿងចក្រជីកលេណដ្ឋានថ្មីក្នុងដី និងបញ្ជូនគ្រឿងចក្រចូលទៅឈូសឆាយដីនៅខាងក្រោយប៉ុស្ដិ៍ប៉ូលិស ដែលស្ថិតនៅចម្ងាយ១៥ម៉ែត្រពីទីតាំងឈរជើងរបស់កងទ័ពកម្ពុជា។
ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកថា នេះជាសកម្មភាពគឃ្លើន បំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីកម្ពុជា បើទោះបីជាកងទ័ពកម្ពុជា បានជំរុញជាបន្តបន្ទាប់ ឱ្យកងទ័ពថៃដកគ្រឿងចក្រ និងរុះរើបន្លាលួសជាបន្ទាន់យ៉ាងណាក្ដី។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៥ ខែសីហាថា កម្ពុជាបន្តគោរពតាមបទឈប់បាញ់យ៉ាងពេញលេញ និងដោយស្មោះត្រង់ និងជំរុញឱ្យកងទ័ពថៃឈប់បំពានកិច្ចព្រមព្រៀងនេះតទៅទៀត ដើម្បីឈានទៅរកសន្ដិភាពយូរអង្វែង។
ក្រសួងការពារជាតិ សូមជំរុញយ៉ាងម៉ឺងម៉ាត់ ឱ្យព្រះរាជាណាចក្រថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់អំពើអរិយភាពទាំងឡាយ។
— អ្នកស្រី ម៉ាលី សុជាតា
No comments:
Post a Comment