Thursday 22 October 2020

លោក ហ៊ុន សែន បាន​ព្រមាន លោក សម រង្ស៊ី ​ថា កុំ​ចង់​ចូលរួម​សាមគ្គី​ជា​មួយបាតុករ​ថៃ​លើក​ម្រាម​ដៃ៣


ដោយ ទីន ហ្សាការីយ៉ា
2020-10-22

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លើក​ម្រាម​ដៃ ៣ បង្ហាញ​សាមគ្គីភាព​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លើក​ម្រាម​ដៃ ៣ បង្ហាញ​សាមគ្គីភាព​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។
រូប៖ ហ្វេសប៊ុក​លោក សម រង្ស៊ី

លោក ហ៊ុន សែន បាន​ព្រមាន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ថា កុំ​ចង់​ចូលរួម​សាមគ្គី​ជា​មួយ​បាតុករ​ថៃ​លើក​ម្រាម​ដៃ៣ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឲ្យ​សោះ។ លោក​អះអាង​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ឡើយ ពីព្រោះ​ថា រឿង​ថៃ និង​ខ្មែរ​ជា​ពីរ​ផ្សេង​គ្នា៖ «អ៊ីចឹង​ខ្ញុំ​គ្រាន់​តែ​ផ្កាំ​ផ្ញើ កំពុង​តែ​ទឹក​ជំនន់​ផង​កូវីដ​ផង កុំ​រញ៉េរញ៉ៃ ហើយ​កុំ​ទៅ​លើក​ម្រាម​ដៃ ៣អី (ថា) ចូលរួម​ជាមួយ​ថៃ ឃើញ​ថៃ​គេ​ដាក់​ត្រឡប់​មក​វិញ​ថា កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ថៃ។ អីណា ! ចង់​សាមគ្គីភាព​ជាមួយ​នឹង​ការ​តស៊ូ​ជាមួយ​ប្រជាជន​ថៃ រឿង​ថៃ​រឿង​របស់​ថៃ ខ្មែរ​រឿង​របស់​ខ្មែរ គ្រាន់​តែ​បញ្ជាក់​ជូន​ប៉ុណ្ណឹង តម្រូវ​ការ​ពេល​នេះ គឺ​កម្លាំង​ទាំង​អស់​ត្រូវ​ប្រមូល​ផ្ដុំ​ជួយ​ប្រជាពលរដ្ឋ ក្នុង​គ្រា​មាន​អាសន្ន»។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ នៅ​ចំពោះ​មុខ​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ខែត្រ​បន្ទាយ​មាន​ជ័យ នា​ថ្ងៃ​ទី២១ តុលា។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៨តុលា បាន​បង្ហោះ​រូបភាព និង​សារ តាម​រយៈ​គណនី​ហ្វេសប៊ុក និង​ធ្វីតទ័រ (@RainsySam) របស់​លោក ដោយ​លើក​ម្រាម​ដៃ ៣ ភ្ជាប់​ជាមួយ​រូប​ថត​លើក​ម្រាម​ដៃ ៣ ដោយ​សរសេរ​សារ​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ សម្ដែង​សាមគ្គីភាព​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ដែល​កំពុង​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ និង​ស្នើ​ឲ្យ​វិសោធនកម្ម​ច្បាប់ ដែល​ទោស​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ណា​ដែល​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​នោះ៕

 

1 comment:

Anonymous said...

9-finger campaign did not work, too many fingers. 3-finger campaign will succeed.