2023.03.04
សង្គមស៊ីវិល និងបក្សប្រឆាំងរិះគន់ស្ថាប័នរដ្ឋដែលចេញញត្តិវាយប្រហារលើប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្តបន្ទាប់ដែលផ្ទុយពីច្បាប់ និងមិនបម្រើប្រយោជន៍ដល់ពលរដ្ឋដោយស្មើភាព។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ស្ថាប័នរដ្ឋប្រកាសគាំទ្រការសម្រេចរបស់តុលាការក្រុងភ្នំពេញដែលផ្ដន្ទាទោសមេបក្សប្រឆាំងឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ។
មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិលលើកឡើងថា ក្រសួងស្ថាប័នរដ្ឋចេញញត្តិប្រឆាំងមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលមិនមែនជារឿងថ្មីនោះទេ។ ប៉ុន្តែពួកគេព្រួយបារម្ភថា និន្នាការបែងចែងចែកខ្មែរជាពីរក្រុមបែបនេះប៉ះពាល់ដល់បែកបាក់សាមគ្គីភាព និងឯកភាពជាតិដែលជះឥទ្ធិពលអាក្រក់ដល់សង្គម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ ថ្លែងថា មេដឹកនាំផ្ដាច់ការតែងរិះរកគ្រប់មធ្យោបាយទុច្ចរិតទប់សង្កត់សំឡេងប្រឆាំងប្រជាពលរដ្ឋដើម្បីធានាផលប្រយោជន៍បក្ខពួក និងការគ្រប់គ្រងអំណាចតវង្សត្រកូល។ លោកសង្កេតឃើញថា ចាប់តាំងពី គណបក្សប្រឆាំងទទួលបានការគាំទ្រផុលផុសពីពលរដ្ឋនៅតាមបណ្ដាញសង្គមកាលពីឆ្នាំ២០១៣មក ក្រុមការងារបណ្ដាញព័ត៌មាន (Cyber War Room) ដែលមានកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាប្រធានបានធ្វើសកម្មភាពក្នុងការបង្កើតព័ត៌មានបំពុលសង្គមដោយផ្សព្វផ្សាយព័ត៌មានកេងចំណេញនយោបាយ និងបន្សាបព័ត៌មានរបស់បក្សប្រឆាំងជាដើម។ ជាក់ស្តែងលោកថា ករណីស្ថាប័នជាតិចេញញត្តិលាបពណ៌អ្នកនយោបាយប្រឆាំង ជាពិសេសករណីលោក កឹម សុខា ពេលនេះ គឺរៀបចំជាប្រព័ន្ធពីថ្នាក់លើដល់ថ្នាក់ក្រោម ដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន។ លោកបន្តថា បើសិនប្រធានអង្គភាព ឬមន្ត្រីរាជការណាមិនធ្វើតាមការណែនាំទេ ពួកគេប្រឈមនឹងបាត់បង់ផលប្រយោជន៍តួនាទី លាភសក្ការៈជាជាដើម។
លោក ម៉ែន សុថាវរិន្ទ្រ៖ «គ្រាន់តែយើងមើលជារបបផ្ដាច់ការបាត់ហើយ គេមិនដែលក្រសួងស្ថាប័នរដ្ឋគ្រប់កន្លែងសុខៗថ្នាក់ដឹកនាំតាមក្រសួងចេញអ៊ីចឹងទេ ព្រោះស្ថាប័នទាំងនោះឯករាជ្យ អ៊ីចឹងរឿងនេះគឺជាបញ្ហាដាច់ខាងហើយ ដូចជាប្រទេសកូរ៉េខាងជើងអ៊ីចឹងធ្វើល្អតែលើឆាក ប៉ុន្តែខាងក្រោយគឺផ្ដាច់ការ»។
ចំណែកប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ កត់សម្គាល់ថា ញត្តិគាំទ្រសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញជុំវិញការកាត់ទោស លោក កឹម សុខា ឱ្យជាប់គុក២៧ឆ្នាំនេះបង្កប់នូវកំហុសចំនួនពីរ គឺទី១បង្ហាញឱ្យមហាជនមើលឃើញថា ស្ថាប័នជាតិគ្មានជំហរឯករាជ្យ ហើយខ្លឹមសារញត្តិសំអាងថា ពលរដ្ឋខ្មែរទាំងអស់គាំទ្រចេញញត្តិដោយពួកគេមិនដឹងខ្លួន ខណៈសំណុំរឿងមេបក្សប្រឆាំងនេះមតិជាតិ និងអន្តរជាតិមួយចំនួនចាត់ទុកថាជាសំណុំរឿងនយោបាយ។ ទោះយ៉ាងលោកមើលឃើញថា ការចេញញត្តិពីក្រសួងស្ថាប័ន អង្គភាពរដ្ឋនេះទំនងគ្រាន់តែជាព្រឹត្តិការណ៍ជួយបំពងសំឡេងកុំឱ្យមហាជនមើលឃើញថា ការកាត់ទោសលោក កឹម សុខា ធ្វើឡើងមិនត្រឹមត្រូវតែប៉ុណ្ណោះ។
លោក កើត សារ៉ាយ៖ «ខ្ញុំគិតថាវាធ្វើឱ្យបាត់បង់វិជ្ជាជីវៈហើយ ហើយបង្ហាញភាពញែកដាក់ពីគ្នាជាពីររវាងខ្មែរនឹងខ្មែរ ដែលក្នុងនាមជាខ្មែរព្យាយាមបង្ហាញពីភាពស្អប់ខ្ពើមគ្នាខ្លាំងទៅ សូម្បីស្ថាប័នសាមីក្រសួងដែលមិនប្រកាន់និន្នាការបក្សនយោបាយទៅជាចេញសេចក្តីប្រកាសគាំទ្រមួយពីរបីបែបនេះ ខ្ញុំឃើញថាវាអាក្រក់ណាស់ចំពោះរឿងនេះបាទ»។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួង ស្ថាប័នរដ្ឋ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សបានចេញញត្តិផ្សព្វផ្សាយតាមបណ្ដាញសង្គមព្រោងព្រាតដោយយកឈ្មោះស្ថាប័នរដ្ឋ រួមទាំង ពលរដ្ឋខ្មែរទៅវាយប្រហារលើលោក កឹម សុខា ក្រោយពេលតុលាការក្រុងភ្នំពេញផ្ដន្ទាទោសមេបក្សប្រឆាំងរូបនេះឱ្យជាប់គុក២៧ឆ្នាំ និងដកហូតសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយផ្សេងទៀត ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី០៤ ខែមីនា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត មាស នី លើកឡើងថា បុគ្គលគ្រប់រូបមានសិទ្ធិបង្ហាញការគាំទ្រ ឬមិនគាំទ្រ ប៉ុន្តែការចេញញត្តិក្នុងនាមស្ថាប័នរដ្ឋជាប់ពាក់ព័ន្ធអ្នកនយោបាយជារឿងមិនត្រឹមត្រូវនោះទេ។ លោកយល់ថា អ្នកនយោបាយត្រូវមានសីលធម៌មួយសំខាន់ គឺមិនត្រូវយកឈ្មោះពលរដ្ឋ ឬបុគ្គលណាមួយទៅបញ្ចូលក្នុងញត្តិ ឬលិខិតគាំទ្រដោយគ្មានការយល់ព្រមពីសាមីខ្លួននោះឡើយ។
បណ្ឌិត មាស នី៖ «សម្រាប់សីលធម៌អ្នកនយោបាយគួរកុំយកឈ្មោះអ្នកដែលគេមិនដឹងខ្លួនសោះយកទៅដាក់ ឬចុះដើម្បីបង្ហាញពីការគាំទ្រ ប៉ុន្តែសាមីខ្លួនមិនដឹង អាហ្នឹងវារំលោភលើសេចក្តីទុកចិត្ត ហើយវាអាចរំលោភលើសិទ្ធិបុគ្គលមិនបានដឹង ហើយយកឈ្មោះគេទៅប្រើផ្តេសផ្តាសនេះនាំឱ្យខូច និងក្លាយជាវប្បធម៌អាក្រក់ទៅថ្ងៃក្រោយទៀត បើយើងធ្វើបានអ្នកដទៃទៀតក៏ធ្វើបានដូចគ្នា អ៊ីចឹងវាក្លាយជារឿងមួយដែលយើងនាំគ្នាកុហកទៅមកដែលប្រព័ន្ធសង្គមមួយរស់នៅដោយភាពកុហកគ្នា»។
ច្បាប់ច្បាប់បោះឆ្នោត បានហាមឃាត់ដាច់ខាតការប្រើប្រាស់តួនាទី និងសកម្មភាពជាអព្យាក្រឹត្យ និងការយកសម្ភារៈ ពេលវេលា និងធនធានរបស់រដ្ឋប្រើប្រាស់ដើម្បីកេងប្រយោជន៍សម្រាប់នយោបាយ។ ប៉ុន្តែលោក ហ៊ុន សែន ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជាមេដឹកនាំដែលប្រើអំណាចកៀបសង្កត់លើក្រសួងស្ថាប័នរដ្ឋ ព្រមទាំងស្ថាប័នរដ្ឋសភា និងតុលាការដែលធ្វើឱ្យស្ថាប័នទាំងនោះអនុវត្តតួនាទីលែងអព្យាក្រឹត្យ និងប៉ះពាល់លទ្ធផលការងាររដ្ឋផ្សេង និងធ្វើឲ្យរាំងស្ទះដល់អភិបាលកិច្ចល្អក្នុងសង្គម៕
1 comment:
Ah Prett Hun Sen knows how to hold on to power at the expense of Khmer people and Cambodia.
Post a Comment