2023.03.01
ក្រុមអ្នកជំនាញកិច្ចការបរទេសលើកឡើងថា កម្ពុជានឹងទទួលបានផល «ចំណេញច្រើន» ប្រសិនបើជ្រើសរើសចូលរួមធ្វើជាសមាជិកពេញលេញនៃសមយុទ្ធយោធា «ពស់វែកមាស» (ឬ Cobra Gold) ដែលដឹកនាំដោយអាមេរិក និងថៃ។ ពួកគេយល់ថា ការចូលរួមជាសមាជិកពេញលេញនៃសមយុទ្ធយោធាដ៏ធំប្រចាំតំបន់នេះ អាចនឹងជួយឱ្យកម្ពុជាកសាងទំនុកចិត្តឡើងវិញជាមួយសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិច ជាពិសេសជុំវិញរឿងរ៉ាវចម្រូងចម្រាសនៅកំពង់ផែកងទ័ពជើងទឹករាម។
ក្រុមអ្នកជំនាញកិច្ចការបរទេស និងភូមិសាស្ត្រនយោបាយ យល់ស្របគ្នាថា គឺជារឿងល្អប្រសិនបើកម្ពុជាជ្រើសរើសចូលរួមធ្វើជាសមាជិកពេញលេញនៃសមយុទ្ធយោធាប្រចាំតំបន់ និងជាសមយុទ្ធយោធាដ៏ធំមួយនៅលើពិភពលោក មានឈ្មោះថា «ពស់វែកមាស» ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសថៃ។
បច្ចុប្បន្នសមយុទ្ធនេះមានប្រទេសក្នុងតំបន់អាស៊ីចំនួន៦ ចូលរួមធ្វើជាសមាជិកពេញលេញ ក្នុងនោះមានថៃ (Thailand) សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូណេស៊ី (Indonesia) កូរ៉េខាងត្បូង (South Korea) និង ជប៉ុន (Japan)។ សហរដ្ឋអាមេរិក និងថៃ បានប្រកាសបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនេះឡើងវិញ កាលពីអង្គារ ទី២៨ ខែកុម្ភៈ ក្រោយកាត់បន្ថយសកម្មភាពអស់រយៈពេល ៣ឆ្នាំ ដោយសារបញ្ហាជំងឺរាតត្បាតសាកលកូវីដ១៩។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) បណ្ឌិត អៀ សុផល ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិក ថា កម្ពុជានឹងទទួលបានផលចំណេញច្រើនប្រសិនបើជ្រើសរើសចូលរួមធ្វើជាសមាជិកពេញលេញនៃសមយុទ្ធ«ពស់វែកមាស»នេះ។ លោកពន្យល់ថា ការធ្វើដូច្នេះនឹងផ្តល់សញ្ញាថា កម្ពុជាផ្លាស់ប្ដូរទិសហួសពីប្រទេសចិន។ ជាពិសេសលោកថា ការណ៍នេះនឹងជួយកសាងទំនុកចិត្តឡើងវិញជាមួយសហរដ្ឋអាមេរិក ក្រោយពីមានរឿងរ៉ាវចម្រូងចម្រាសនៅមូលដ្ឋានកងទ័ពជើងទឹករាម។
ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានរងនូវភាពរកាំរកូសខ្លាំងក្រោយកម្ពុជាអនុញ្ញាតឱ្យចិនធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម និងមានព័ត៌មានថា កម្ពុជាលួចចុះកុងត្រាសម្ងាត់រយៈពេល៣០ឆ្នាំជាមួយសាធារណរដ្ឋប្រជាមានិតចិនដែលអនុញ្ញាតឱ្យចិនអាចប្រើប្រាស់កំពង់ផែនេះបាន «ផ្ដាច់មុខ»។ ក៏ប៉ុន្តែ ព័ត៌មាននេះត្រូវបានទាំងភាគីកម្ពុជា និងចិនបដិសេធចោល។ សហរដ្ឋអាមេរិក និងមន្ត្រីលោកខាងលិចសង្ស័យថា ចិនអាចបម្លែងកំពង់ផែកងទ័ពជើងទឹករាមនេះ ធ្វើជាមូលដ្ឋានទ័ពនៅក្រៅប្រទេសរបស់ខ្លួននាពេលអនាគត។
អ្នកសិក្សាស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា ក៏យល់ស្របដែរថា បើកម្ពុជាជ្រើសរើសចូលជាសមាជិកពេញលេញនៃសមយុទ្ធយោធា«ពស់វែកមាស»នេះ នោះនឹងជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិដោយអាចបញ្ជាក់ថា កម្ពុជាមិនចាប់យកភាគីណាមួយផ្ដាច់មុខខាងវិស័យយោធានោះទេ។
លោក វណ្ណ ប៊ុនណា៖ «វាជាការពិតហើយនៅពេលដែលកម្ពុជាមានទំនាក់ទំនងពេញលេញ ឬក៏ការធ្វើសមយុទ្ធយោធាជាមួយបណ្តាប្រទេសលោកខាងលិច ជាពិសេសវាបង្ហាញពីកម្ពុជាដើរតួនាទីក្នុងការទូតរបស់ខ្លួន ព្យាយាមមិនចាប់យកភាគីណាផ្ដាច់មុខ។ ប៉ុន្តែ ព្យាយាមបង្កើនទំនាក់ទំនងបែប hedging strategies របស់ខ្លួននៅក្នុងយុទ្ធសាស្ត្រទំនាក់ទំនងជាមួយយោធាផ្សេងទៀត។ វាធ្វើឱ្យកម្ពុជាអាចរួចផុតពីការមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកអំពីភាពដែលអាចកើតមាននៃវត្តមានយោធាចិននៅកម្ពុជា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំប្រតិកម្មជុំវិញថាតើកម្ពុជាអាចនឹងពិចារណាចូលធ្វើជាសមាជិកពេញលេញនៃសមយុទ្ធយោធា«ពស់វែកមាស»នេះដែរឬទេ គិតត្រឹមយប់ថ្ងៃទី២៨ ខែកុម្ភៈ។
ក្រោយលុបចោលសមយុទ្ធយោធា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធយោធា «ដនគោព្រៃ» ជាមួយប្រទេសអូស្ត្រាលីនៅមុនព្រឹត្តិការណ៍បោះឆ្នោតជាតិកាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជាបានបង្កើនទំនាក់ទំនងវិស័យយោធាជាមួយប្រទេសចិន និងវៀតណាមគួរឱ្យកត់សម្គាល់។ កម្ពុជានៅតែបន្តធ្វើសមយុទ្ធយោធា «នាគមាស» ជាមួយប្រទេសចិន ហើយប្រកាសថា នឹងបន្តធ្វើសមយុទ្ធយោធា«នាគមាស»ជាមួយចិននៅចុងខែមីនាខាងមុខ។
ប្រមុខការពារជាតិកម្ពុជា លោក ទៀ បាញ់ អះអាងដដែលៗថា ការធ្វើសមយុទ្ធយោធារវាងកម្ពុជា និងចិននេះពុំបានគំរាមកំហែងប្រទេសណាមួយនោះទេ ប៉ុន្តែសមយុទ្ធយោធានេះធ្វើឡើងក្នុងបំណងលើកកម្ពស់គុណភាព និងសមត្ថភាពរបស់កងទ័ពកម្ពុជា។
ក្រៅពីភាគីចិន កម្ពុជាក៏បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិជាមួយប្រទេសវៀតណាមកាន់តែខ្លាំងបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។ ភាគីទាំងពីរកាលពីថ្ងៃទី១៩ ខែកុម្ភៈ បានចុះហត្ថលេខាអនុម័តផែនការកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិរវាងប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗមួយចំនួនដូចជា បង្កើនការចែកចាយព័ត៌មាន និងធ្វើសកម្មភាពល្បាតរួមគ្នាដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំប្រទល់ដីគោក និងសមុទ្ររវាងប្រទេសទាំងពីរ។
បណ្ឌិត អៀ សុផល យល់ថា ឥទ្ធិពលស្អិតល្មួតរវាងកម្ពុជា និងចិនក្នុងនាមជាមិត្តដែកថែបនាពេលបច្ចុប្បន្ននេះ ទំនងជាមិនអាចឱ្យកម្ពុជាពង្រីកទំនាក់ទំនងក្នុងក្របខណ្ឌសមយុទ្ធយោធា«ពស់វែកមាស» ហួសពីភាពជាអ្នកសង្កេតការណ៍នោះទេ។ លោកមិនមានសង្ឃឹមថាកម្ពុជានឹងចូលជាសមាជិកសមយុទ្ធយោធានេះក្នុងពេលនេះទេ ស្របពេលដែលបច្ចុប្បន្ននេះ គឺជារដូវកាលមុនការបោះឆ្នោត ហើយអាជ្ញាធរកម្ពុជាកំពុងជាប់រវល់បង្កបញ្ហាដល់ក្រុមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យផងនោះ។
រីឯអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា វិញ លោកយល់ថា កម្ពុជាហាក់មានការប្រយ័ត្នប្រយែងខ្លាំងដោយសុខចិត្តជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាជាងចូលធ្វើជាសមាជិកពេញលេញនៃសមយុទ្ធយោធា «ពស់វែកមាស» នេះ។ លោកពន្យល់ថា ការណ៍នេះគឺដោយសារតែបណ្តាប្រទេសចូលធ្វើជាសមាជិករបស់សមយុទ្ធយោធានេះ សុទ្ធតែគាំទ្រគោលនយោបាយរបស់សហរដ្ឋអាមេរិក។
លោក ឯម សុវណ្ណារ៉ា៖ «ការចូលរួមរបស់ខ្មែរនៅក្នុងក្របខណ្ឌជាអ្នកសង្កេតការណ៍ ពីព្រោះទីមួយកម្ពុជាយើង កម្រិតនៃបច្ចេកទេសយោធា និងកម្លាំងនៅមានកម្រិតដែរ។ ទីពីរ កម្រិតទំនាក់ទំនងនៅក្នុងការជាមួយរដ្ឋ និងរដ្ឋ ហាក់ដូចជាមានការប្រយ័ត្នប្រយែងណាស់ពីព្រោះនៅក្នុងក្របខណ្ឌនេះ បើយើងមើលមែនទែនទៅបណ្តាប្រទេសដែលចូលរួមជាមួយសមយុទ្ធយោធាពស់វែកមាសនេះ ថៃនិងអាមេរិកដែលរៀបចំ គឺវាមានលក្ខណៈមួយដូចជាមានការគាំទ្រទៅលើគោលនយោបាយជាមួយសហរដ្ឋអាមេរិកច្រើន។ ដោយឡែក កម្ពុជាយើងប្រកាន់តែជាមួយចិនទេ»។
សមយុទ្ធយោធា«ពស់វែកមាស» ត្រូវបានរៀបចំធ្វើឡើងជាលើកដំបូងរួមគ្នាជាសមយុទ្ធលម្ហសមុទ្ររវាងប្រទេសថៃ និងសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៨២ ហើយត្រូវបានពង្រីកសកម្មភាពជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ សមយុទ្ធនេះក្លាយជាសមយុទ្ធពហុជាតិសាសន៍ដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានប្រទេសចំនួន៣០ ចូលរួមធ្វើជាដៃគូ ឬអ្នកសង្កេតការណ៍។ សមយុទ្ធ«ពស់វែកមាស» កំពុងប្រព្រឹត្តទៅរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១០ ខែមីនា នៅប្រទេសថៃ ដោយមានការចូលរួមពីបុគ្គលិកយោធាសរុបជិត ៧ពាន់ ៤រយនាក់ ក្នុងនោះ មានបុគ្គលិកយោធាអាមេរិក និងថៃជិត ៧ពាន់នាក់។ សមយុទ្ធនេះផ្ដោតលើការបណ្តុះបណ្តាលក្នុងសមរភូមិ លំហាត់បញ្ជាទ័ព ការជួយសង្គ្រោះពីគ្រោះមហន្តរាយ និងលំហាត់ផ្នែកមនុស្សធម៌។ ប្រទេសចិន (China) ឥណ្ឌា (India) និងអូស្ត្រាលី (Australia) ក៏ចូលរួមធ្វើជាដៃគូនៃសមយុទ្ធយោធានេះដែរដោយផ្ដោតលើលំហាត់ជំនួយមនុស្សធម៌៕
1 comment:
Cambodia's interest is not in Ah Prett Hun Sen's dictionary.
Post a Comment