Tuesday, 11 October 2016
វៀតណាមមួយក្រុមត្រូវបានសង្ស័យថាកំពុងស្រាវជ្រាវរ៉ែគ្មានច្បាប់នៅខេត្តរតនគិរី
Manekseka Sangkum: Only 'one group'? Wouldn't it be better to do this mining "legally" anyway?
>>>
ដោយ រដ្ឋា វិសាល
2016-10-11
ឧបករណ៍ដែលពលរដ្ឋអះអាងថា ជារបស់ជនជាតិវៀតណាម ប្រើខួងយករ៉ែនៅភ្នំលាក់កាំភ្លើង ក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ រូបថតថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦
រូបថតផ្ដល់ឲ្យដោយប្រជាសហគមន៍
ប្រជាពលរដ្ឋរស់នៅភូមិពីរ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ប្រទះឃើញជនជាតិវៀតណាម មួយក្រុមកំពុងបោះរោងស្នាក់នៅ និងប្រើប្រាស់គ្រឿងម៉ាស៊ីនខួងចុះទៅក្នុងដីច្រើនកន្លែងនៅតំបន់ភ្នំលាក់កាំភ្លើងដើម្បីរករ៉ែ។ អ្នកភូមិសង្ស័យថា ក្រុមវៀតណាម ទាំងនោះកំពុងខួងរ៉ែគ្មានច្បាប់។
ក្រុមសមត្ថកិច្ចប៉ូលិស និងមន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី ចាត់វិធានការបន្ទាន់ចុះទៅទីតាំងកើតហេតុនៅថ្ងៃទី១១ ខែតុលា ខណៈទទួលបានព័ត៌មានថា ជនជាតិវៀតណាម មួយក្រុមកំពុងខួងរ៉ែនៅភ្នំលាក់កាំភ្លើង ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន ចាត់ទុកសកម្មភាពប្រើម៉ាស៊ីនខួងរ៉ែថា ជាអំពើរំលោភច្បាប់ ពីព្រោះក្រសួងរ៉ែ និងថាមពល មិនបានចេញអាជ្ញាប័ណ្ណណាមួយឲ្យជនជាតិវៀតណាម ទាំងនោះធ្វើអាជីវកម្ម ឬសិក្សាស្រាវជ្រាវរ៉ែអ្វីនៅតំបន់នោះទេ។
លោកទទួលស្គាល់ថា កន្លងទៅមានក្រុមហ៊ុនវៀតណាម មួយមកទាក់ទងជាមួយមន្ទីរជំនាញក្នុងគោលបំណងសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មថ្មម៉ាបនៅស្រុកកូនមុំ ក៏ប៉ុន្តែមិនទាន់បានស្នើសុំផ្លូវការនៅឡើយ៖ «អ្នកឯងបើគ្រាន់តែទៅមើលដុំថ្មីអត់ស្អី តែបើប្រើឧបករណ៍ខួងអត់បានទេ ត្រូវតែហាមឃាត់»។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិពីរ ឃុំត្រពាំងក្រហម ដែល ទៅឃើញទីតាំងវៀតណាម កំពុងខួងរ៉ែ និងបានថតរូបរណ្ដៅរ៉ែដែលខួងរួច រួមទាំងម៉ាស៊ីនដែលជនជាតិវៀតណាម ប្រើប្រាស់ដើម្បីខួងយករ៉ែថ្មពីក្នុងដីហើយយករូបវត្ថុតាងទាំងនោះជូនការិយាល័យការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី នៅថ្ងៃទី១១ ខែតុលា ដើម្បីជួយអន្តរាគមន៍ទៅអាជ្ញាធរស៊ើបអង្កេតករណីនេះ។
ប្រជាពលរដ្ឋរស់នៅភូមិពីរ ឃុំត្រពាំងក្រហម លោក សួស ពិសី បញ្ជាក់ថា ជនជាតិវៀតណាមមួយក្រុមនេះមានគ្នា ៦នាក់ សង់រោងប្រក់កៅស៊ូតង់នៅជើងភ្នំ ហើយប្រើម៉ាស៊ីនដើរខួងយករ៉ែនៅជួរភ្នំលាក់កាំភ្លើង និងភ្នំជើងទៀន តាំងពីមុនបុណ្យភ្ជុំរហូតមក៖ «គេប្រើម៉ាស៊ីនខួងរណ្ដៅរ៉ែ ប៉ុន្តែមិនដឹងខួងរកអ្វីប្រជាពលរដ្ឋគាត់ឆ្ងល់គាត់សួរសមត្ថកិច្ច សមត្ថកិច្ចថា អត់ដឹង»។
អធិការប៉ូលិស ស្រុកកូនមុំ លោក ភោគ បូរិទ្ធ បញ្ជាក់ថា ក្រុមជនជាតិវៀតណាម ទាំងនេះមានលិខិតឆ្លងដែនត្រឹមត្រូវ ហើយបានជូនដំណឹងមកអាជ្ញាធរថា ពួកគេគ្រោងស្រាវជ្រាវរ៉ែថ្មនៅតំបន់នោះដើម្បីធ្វើអាជីវកម្មថ្មការ៉ូ ក៏ប៉ុន្តែលោកមិនប្រាកដថា ពួកគេមានលិខិតអនុញ្ញាតធ្វើអ្វីនោះទេ៖ «យើងនៅមិនទាន់ស៊ីជម្រៅទេ កំពុងចុះទៅ។ សុំខាងអន្តោប្រវេសន៍ខេត្តដើម្បីសហការគ្នាធ្វើ»។
ចំណែកស្នងការរងប៉ូលិសខេត្តរតនគិរី លោក ជា ប៊ុនធឿន បញ្ជាក់នៅរសៀលថ្ងៃទី១១ ខែតុលា ថា ប៉ូលិសបានទៅកាន់ទីតាំងនោះហើយ ក៏ប៉ុន្តែដោយសារទូរស័ព្ទទាក់ទងមិនអាចភ្ជាប់បាន ហេតុនេះលទ្ធផលបែបណាមិនទាន់ដឹងនៅឡើយ។ លោកថា ព័ត៌មានបឋមជនជាតិវៀតណាម នៅទីនោះមួយចំនួនបានចាកចេញចោលទីតាំងនោះហើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ចាត់ទុកករណីនេះថា ជាការចន្លោះប្រហោងរបស់អាជ្ញាធរមូលដ្ឋានផ្ទាល់។ លោកអំពាវនាវឲ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ទៅលើជនជាតិវៀតណាម ជាពិសេសត្រួតពិនិត្យលក្ខណៈអន្តោប្រវេសន៍របស់ពួកគេ៖ «ពាក់ព័ន្ធជនអន្តោប្រវេសន៍ជនជាតិវៀតណាម ចូលមកស្រាវជ្រាវ ហើយសមាគមអាដហុក កំពុងស៊ើបអង្កេតរឿងនេះ»។
អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យសាលាខេត្តរតនគិរី លោក មឹង ស៊ីនាដ បដិសេធថា អាជ្ញាធរខេត្តមិនបានចេញលិខិតអនុញ្ញាតទាក់ទិនការសិក្សារ៉ែ របស់ក្រុមវៀតណាម នោះទេ។ លោកចាត់ទុកករណីនេះថាជាអំពើខុសច្បាប់៕
Subscribe to:
Post Comments (Atom)
1 comment:
Why Ah Kouk Hun Sen does not say anything regarding his Yuon master?
Post a Comment