ដោយ សុ ជីវី
ជនជាប់ចោទវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឈ្មោះ ម៉ៅ ហឿន (ឆ្វេង) និង ចាយ សារិទ្ធ ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។
RFA/Morm Moniroth
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដំឡើងឋានៈមន្ត្រី ២នាក់នៃកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអ្នកទាំង២នោះទើបចេញពីពន្ធនាគារពីបទព្រួតគ្នាវាយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ២រូប។ មន្ត្រីទាំង ២នាក់នោះកំពុងអនុវត្តទោសនៅក្រៅពន្ធនាគារដោយការព្យួរទោស។
ទាំងអ្នកការពារសិទ្ធិមនុស្ស និងអ្នកច្បាប់លើកឡើងថា ការដំឡើងឋានន្តរសក្ដិដល់អ្នកដែលកំពុងអនុវត្តទោសបែបនេះ ផ្ទុយពីអ្វីដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន យល់ឃើញថា គេអាចតែងតាំង ឬដំឡើងឋានៈមន្ត្រីណាម្នាក់បានលុះត្រាតែអ្នកនោះគ្មានទោសជាប់ខ្លួន៖ «កាលណាប្រកាសជាសាលក្រមមានទោសទណ្ឌផ្នែកព្រហ្មទណ្ឌហើយ គឺអត់មានការលើកលែងណាមួយ។ បើតែមានព្រះរាជប្រទានលើកលែងទោសហើយ អាហ្នឹងគឺអាចធ្វើបាន ដោយមានន័យថា បានគ្រប់គ្រាន់តាមសាលក្រមហើយ។ ប៉ុន្តែបើកំពុងតែឋិតនៅក្នុងការផ្ដន្ទាទោស ឬទទួលទោសដោយតុលាការទេ គឺមិនអាចទេ»។
អនុក្រឹត្យចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោ ទៅវរសេនីយ៍ឯក។ អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង ២រូបនេះបានចូលរួមព្រួតគ្នាវាយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ក្រៅពីអនុវត្តផ្ទុយពីច្បាប់ករណីបែបនេះ គឺជាការលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើស៖ «វាបង្ហាញអំពីភាពមិនស្មើគ្នាចំពោះច្បាប់ ហើយបន្តវប្បធម៌និទ្ទណ្ឌភាពតទៅទៀត។ បើទោះជាចង់ ឬមិនចង់ វានឹងត្រូវចោទប្រកាន់ថាជាការលើកទឹកចិត្ត គឺអ្នកប្រព្រឹត្តល្មើសត្រូវបានឡើងស័ក្តិ»។
ក្នុងចំណោមមនុស្សជាង ១០នាក់ដែលបានព្រួតគ្នាវាយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមានមន្ត្រីកងអង្គរក្សចំនួន ៣នាក់ លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និងលោក សុត វណ្ណនី បានចេញសារភាពកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជនទាំង ៣នាក់ជាប់ពន្ធនាគារ ៤ឆ្នាំ ដោយអនុវត្តទោសតែ ១ឆ្នាំទេ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោសលើក្រុមតំណាងរាស្ត្រ។ ពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន ៣ឆ្នាំទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ត្រូវបានកាសែតភ្នំពេញ ប៉ុស្តិ៍ ស្រង់សម្ដីយកមកចុះផ្សាយថា អ្នកទាំង២ បានទទួលទោសតាមច្បាប់រួចហើយ ហើយក្រសួងការពារជាតិបានទទួលពួកគេអោយបំពេញការងារវិញ។ លោកថា ជាទូទៅការដំឡើងឋានៈបុគ្គលនីមួយៗផ្អែកទៅសកម្មភាពការងារ ហើយជាទូទៅពីមុនការដំឡើងឋានៈក្រុមវិន័យ ឬក្រុមទទួលបន្ទុកដំឡើងឋានៈបានពិនិត្យសកម្មភាពទាំងអស់របស់ពួកគេពីមុនពេលដំឡើងឋានៈ។
ចំណែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏លើកឡើងដែរថា ករណីទាំង២នេះខុសគ្នា។ មួយជាការអនុវត្តទោសផ្ទាល់ខ្លួន វាដាច់ដោយឡែកពីពេលមន្ត្រីណាមួយពីអង្គភាពឯកសណ្ឋានមួយត្រូវបានណែនាំអោយធ្វើអ្វីមួយ។ ជាប់ពន្ធនាគាររួចហើយជាការសម្រេចរបស់តុលាការ ចំពោះមុខអាជីពជាការសម្រេចរបស់មេបញ្ជាការពួកគេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា បន្តចាត់ទុកករណីនេះថា ជារឿងអយុត្តិធម៌សម្រាប់រូបលោក៖ «អ៊ីចឹងរដ្ឋាភិបាលនេះខ្ញុំមើលឃើញថា ការដំឡើងស័ក្តិនេះគេដំឡើងតាមស្នាដៃដែលគេអនុញ្ញាត គេរៀបចំ ឬគេបញ្ជាឲ្យគេវាយតំណាងរាស្ត្រចឹង គេមានស្នាដៃចំពោះបក្ស ចំពោះរដ្ឋាភិបាលកាន់អំណាច។ ខ្ញុំមើលឃើញថាវាជារឿងអយុត្តិធម៌សម្រាប់ពួកខ្ញុំ ដូចជាជនរងគ្រោះដទៃទៀតដែរ។ ជាទូទៅ មន្ត្រីរដ្ឋាភិបាលដែលប្រព្រឹត្តបទល្មើសពុករលួយធ្ងន់ធ្ងរ តែត្រូវគេផ្លាស់ប្ដូរពីទីទាបទៅទីខ្ពស់ ហើយអ្នករងគ្រោះនៅតែរងគ្រោះដដែល»។
ក្នុងផ្នែកទី២ នៃក្រមព្រហ្មទណ្ឌស្ដីពីទោសបន្ថែមបាននិយាយដល់ការប្រកាសទោសដែលនាំអោយបាត់បង់សិទ្ធិបុគ្គល ក្នុងនោះរួមទាំងការអនុវត្តតួនាទីជាមន្ត្រីរាជការសាធារណៈ ការទទួល និងប្រគល់គ្រឿងឥស្សរិយយសជាដើម៕
2 comments:
The Karma will follow these motherf**kers all the way. These bastards will be not safe any where in Cambodia.
These bastards should be aware that the large number of millions of Cambodian people are rising if the f**krs try to escape from committed crimes.
Post a Comment