Wednesday, 28 December 2016

អ្នក​ច្បាប់​ថា​ការ​ដំឡើង​ឋានៈ​មន្ត្រី​កំពុង​មាន​ទោស​ជា​អំពើ​ខុស​ច្បាប់


ដោយ​ សុ ជីវី

ជន​ជាប់​ចោទ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ ម៉ៅ ហឿន (ឆ្វេង) និង ចាយ សារិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
ជន​ជាប់​ចោទ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ ម៉ៅ ហឿន (ឆ្វេង) និង ចាយ សារិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Morm Moniroth



រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ដំឡើង​ឋានៈ​មន្ត្រី ២​នាក់​នៃ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អ្នក​ទាំង​២​នោះ​ទើប​ចេញ​ពី​ពន្ធនាគារ​ពី​បទ​ព្រួត​គ្នា​វាយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ២​រូប។ មន្ត្រី​ទាំង ២​នាក់​នោះ​កំពុង​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ​ដោយ​ការ​ព្យួរទោស។

ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​ដំឡើង​ឋានន្តរសក្ដិ​ដល់​អ្នក​ដែល​កំពុង​អនុវត្ត​ទោស​បែប​នេះ ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹមសួន យល់​ឃើញ​ថា គេ​អាច​តែងតាំង ឬ​ដំឡើង​ឋានៈ​មន្ត្រី​ណា​ម្នាក់​បាន​លុះ​ត្រា​តែ​អ្នក​នោះ​គ្មាន​ទោស​ជាប់​ខ្លួន៖ «កាលណា​ប្រកាស​ជា​សាលក្រម​មាន​ទោស​ទណ្ឌ​ផ្នែក​ព្រហ្មទណ្ឌ​ហើយ គឺ​អត់​មាន​ការ​លើកលែង​ណា​មួយ។ បើ​តែ​មាន​ព្រះរាជ​ប្រទាន​លើកលែង​ទោស​ហើយ អា​ហ្នឹង​គឺ​អាច​ធ្វើ​បាន ដោយ​មាន​ន័យ​ថា បាន​គ្រប់គ្រាន់​តាម​សាលក្រម​ហើយ។ ប៉ុន្តែ​បើ​កំពុង​តែ​ឋិត​នៅ​ក្នុង​ការ​ផ្ដន្ទាទោស ឬ​ទទួល​ទោស​ដោយ​តុលាការ​ទេ គឺ​មិន​អាច​ទេ»។



អនុក្រឹត្យ​ចេញ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បាន​ដំឡើង​ឋានន្តរសក្ដិ​ដល់​លោក សុត វណ្ណី និង​លោក ម៉ៅ ហឿន ពី​វរសេនីយ៍ទោ ទៅ​វរសេនីយ៍​ឯក។ អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំង ២​រូប​នេះ​បាន​ចូល​រួម​ព្រួត​គ្នា​វាយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា។

ប្រធាន​គ្រប់គ្រង​ផ្នែក​​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រៅ​ពី​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ករណី​បែប​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស៖ «វា​បង្ហាញ​អំពី​ភាព​មិន​ស្មើ​គ្នា​ចំពោះ​ច្បាប់ ហើយ​បន្ត​វប្បធម៌​និទ្ទណ្ឌភាព​ត​ទៅ​ទៀត។ បើ​ទោះ​ជា​ចង់ ឬ​មិន​ចង់ វា​នឹង​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​ការ​លើក​ទឹក​ចិត្ត គឺ​អ្នក​ប្រព្រឹត្ត​ល្មើស​ត្រូវ​បាន​ឡើង​ស័ក្តិ»។

ក្នុង​ចំណោម​មនុស្ស​ជាង ១០​នាក់​ដែល​បាន​ព្រួត​គ្នា​វាយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មាន​មន្ត្រី​កង​អង្គរក្ស​ចំនួន ៣​នាក់ លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី បាន​ចេញ​សារភាព​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជន​ទាំង ៣​នាក់​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ដោយ​អនុវត្ត​ទោស​តែ ១​ឆ្នាំ​ទេ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​ក្រុម​តំណាងរាស្ត្រ។ ពួកគេ​ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​តុលាការ​សម្រេច​ព្យួរ​ទោស​ដែល​នៅ​សល់​ចំនួន ៣​ឆ្នាំ​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ត្រូវ​បាន​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ស្រង់​សម្ដី​យក​មក​ចុះ​ផ្សាយ​ថា អ្នក​ទាំង​២ បាន​ទទួល​ទោស​តាម​ច្បាប់​រួច​ហើយ ហើយ​ក្រសួង​ការពារ​ជាតិ​បាន​ទទួល​ពួកគេ​អោយ​បំពេញ​ការងារ​វិញ។ លោក​ថា ជា​ទូទៅ​ការ​ដំឡើង​ឋានៈ​បុគ្គល​នីមួយៗ​ផ្អែក​ទៅ​សកម្មភាព​ការងារ ហើយ​ជា​ទូទៅ​ពី​មុន​ការ​ដំឡើង​ឋានៈ​ក្រុម​វិន័យ ឬ​ក្រុម​ទទួល​បន្ទុក​ដំឡើង​ឋានៈ​បាន​ពិនិត្យ​សកម្មភាព​ទាំង​អស់​របស់​ពួកគេ​ពី​មុន​ពេល​ដំឡើង​ឋានៈ។

ចំណែក​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏​លើក​ឡើង​ដែរ​ថា ករណី​ទាំង​២​នេះ​ខុស​គ្នា។ មួយ​ជា​ការ​អនុវត្ត​ទោស​ផ្ទាល់​ខ្លួន វា​ដាច់​ដោយ​ឡែក​ពី​ពេល​មន្ត្រី​ណា​មួយ​ពី​អង្គភាព​ឯកសណ្ឋាន​មួយ​ត្រូវ​បាន​ណែនាំ​អោយ​ធ្វើ​អ្វី​មួយ។ ជាប់​ពន្ធនាគារ​រួច​ហើយ​ជា​ការ​សម្រេច​របស់​តុលាការ ចំពោះ​មុខ​អាជីព​ជា​ការ​សម្រេច​របស់​មេបញ្ជាការ​ពួកគេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា បន្ត​ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក៖ «អ៊ីចឹង​រដ្ឋាភិបាល​នេះ​ខ្ញុំ​មើល​ឃើញ​ថា ការ​ដំឡើង​ស័ក្តិ​នេះ​គេ​ដំឡើង​តាម​ស្នាដៃ​ដែល​គេ​អនុញ្ញាត គេ​រៀបចំ ឬ​គេ​បញ្ជា​ឲ្យ​គេ​វាយ​តំណាងរាស្ត្រ​ចឹង គេ​មាន​ស្នាដៃ​ចំពោះ​បក្ស ចំពោះ​រដ្ឋាភិបាល​កាន់​អំណាច។ ខ្ញុំ​មើល​ឃើញ​ថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ដូចជា​ជន​រងគ្រោះ​ដទៃ​ទៀត​ដែរ។ ជាទូទៅ មន្ត្រី​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​បទល្មើស​ពុក​រលួយ​ធ្ងន់ធ្ងរ តែ​ត្រូវ​គេ​ផ្លាស់ប្ដូរ​ពី​ទី​ទាប​ទៅ​ទី​ខ្ពស់ ហើយ​អ្នក​រងគ្រោះ​នៅ​តែ​រងគ្រោះ​ដដែល»។

ក្នុង​ផ្នែក​ទី​២ នៃ​ក្រម​ព្រហ្មទណ្ឌ​ស្ដីពី​ទោស​បន្ថែម​បាន​និយាយ​ដល់​ការ​ប្រកាស​ទោស​ដែល​នាំ​អោយ​បាត់បង់​សិទ្ធិ​បុគ្គល ក្នុង​នោះ​រួម​ទាំង​ការ​អនុវត្ត​តួនាទី​ជា​មន្ត្រី​រាជការ​សាធារណៈ ការ​ទទួល និង​ប្រគល់​គ្រឿង​ឥស្សរិយយស​ជា​ដើម៕

2 comments:

Anonymous said...

The Karma will follow these motherf**kers all the way. These bastards will be not safe any where in Cambodia.

Anonymous said...

These bastards should be aware that the large number of millions of Cambodian people are rising if the f**krs try to escape from committed crimes.