Saturday 4 March 2017

ការ​បំពាន​សិទ្ធិ​នៃ​ជីវភាព​ឯកជន​រាល​ដល់​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"


ដោយ មួង ណារ៉េត
2017-03-02

គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។
គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។
 Global Witness Photo



សារ​សន្ទនា​គ្នា​ជា​លក្ខណៈ​ឯកជន​ច្រើន​រយ​ទំព័រ​ដែល​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន" និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​បែក​ធ្លាយ​ដល់​បណ្ដាញ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ពុធ ទី​១ ខែ​មីនា កន្លង​ទៅ​នេះ។

ក្នុង​សារ​ឆ្លើយឆ្លង​ដែល​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ទាំង​នោះ​នៅ​ឡើយ មាន​ជាប់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត អ្នកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាលី លោក ហូ សុទ្ធី ប្រធាន​ខុទ្ទកាល័យ និង​មនុស្ស​ជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត។



សារ​ទាំង​នេះ​ត្រូវ​បាន​ប្រភព​មួយ​មាន​ឈ្មោះ​ថា “អង្គរបុរី” (Angkor Borey) ផ្ញើ​ទៅ​កាន់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។ ប៉ុន្តែ​លោក សម រង្ស៊ី បាន​បញ្ជូន​បន្ត​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្នុង​សារ​សន្ទនា​គ្នា​ដែល​បែក​ធ្លាយ​នេះ មាន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កិច្ចការ​ជំនួញ​របស់​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន" យុទ្ធសាស្ត្រ​នយោបាយ​បំភ័យ​គណបក្ស​ប្រឆាំង រឿង​ក្តី​របស់​លោក ហ៊ុន ម៉ាណែត នៅ​តុលាការ​អាមេរិក ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តុលាការ ព្រម​ទាំង​រឿង​ស្រី​ញី និង​ទំនាក់​ទំនង​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍​ផង ។ល។

អាស៊ីសេរី​កំពុង​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ភាគី​ដែល​ពាក់ព័ន្ធ ជាពិសេស​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សារ​ដែល​បាន​បែក​ធ្លាយ​នេះ។ អាស៊ីសេរី នឹង​ផ្សាយ​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អ្នក​ទាំង​នោះ។

សារព័ត៌មាន​ក្នុង​ស្រុក ជាពិសេស​សារព័ត៌មាន ហ្វ្រេសញូវ (Fresh News) ដែល​ស្និទ្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្សព្វផ្សាយ​សារ​សន្ទនា​គ្នា​ជា​លក្ខណៈ​ឯកជន​ជា​ច្រើន​ខែ​កន្លង​មក​នេះ ដែល​ភាគ​ច្រើន​នៃ​សារ​ទាំង​នោះ គឺ​បាន​មក​ពី​ប្រភព​ដែល​គេ​ដាក់​ឈ្មោះ​ថា "រឿង​ពិត CNRP” និង​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ “សីហា”។ ខ្សែ​អាត់​សំឡេង​ដែល​បញ្ចេញ​តាម​សារព័ត៌មាន ហ្វ្រេសញូវ គឺ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​រឿង​ស្រី​ញី និង​ចុង​ក្រោយ​រឿង​កិច្ចការ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ច្បាប់​ចាត់​ទុក​ថា ការ​ផ្សព្វផ្សាយ​ការសន្ទនា​ឯកជន​បែប​នេះ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​លើ​សិទ្ធិ​នៃ​ជីវភាព​ឯកជន (ការសម្ងាត់​ឯកជន) ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ ដោយសារ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​ករណី​ទាំង​នេះ ទើប​ការ​រំលោភ​ការសម្ងាត់​ឯកជន​នេះ​នៅ​តែ​កើត​មាន៕

3 comments:

Anonymous said...

Boy George: Karma karma karmilia you come and go.......

Anonymous said...

When will Ah Hun family become ashes?

Anonymous said...

7:39 pm

The Khmer people shall start July 2018 !!! ⚔️⚔️⚔️