Wednesday, 29 March 2017
វៀតណាម៧នាក់ទៀតនិងខ្មែរ២នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទកាប់ឈើដោយខុសច្បាប់
ដោយ រដ្ឋា វិសាល
2017-03-29
rfa
សហគមន៍ភូមិឃ្វែង ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចុះល្បាតព្រៃនៅចំណុចអូរតាង៉ត ជិតប៉ុស្តិ៍តម្រួតការពារព្រំដែនខ្មែរ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥។
Photo ADHOC
សមត្ថកិច្ចនគរបាលខេត្តរតនគិរី ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់បន្ថែមទៀត ដែលបានឆ្លងដែនចូលកាប់ឈើក្នុងទឹកដីខ្មែរក្នុងស្រុកលំផាត់។ ក្នុងពេលជាមួយគ្នា សមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរ ២នាក់ដែលជាប់ពាក់ព័ន្ធក្នុងការផ្តល់រថយន្តដឹកជញ្ជូនឈើទៅឲ្យជនជាតិវៀតណាម ទាំងនោះ។
មន្ត្រីស្នងការដ្ឋាននគរបាលខេត្តរតនគិរី សម្រេចបញ្ជូនជនជាតិវៀតណាម ៧នាក់ និងខ្មែរ ២នាក់ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែមីនា ដើម្បីបើកការស៊ើបអង្កេតករណីឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរដោយគ្មានការអនុញ្ញាត។
កាលពីថ្ងៃទី២៨ ខែមីនា ប៉ូលិសការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី បានឃាត់ខ្លួនពលរដ្ឋវៀតណាម ទាំងនោះក្នុងភូមិសាស្ត្រតំបន់ព្រៃសហគមន៍ក្នុងឃុំសេដា ស្រុកលំផាត់ ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់ឈើមូលក្នុងព្រៃ។ សមត្ថកិច្ចក៏បានរឹបអូសម៉ាស៊ីនកាត់ឈើ ៨គ្រឿង និងរថយន្តដឹកជញ្ជូនឈើមួយគ្រឿងផងដែរ។
ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ជា ប៊ុនធឿន បញ្ជាក់ថា នេះជាបទល្មើសព្រៃឈើជាក់ស្តែង ហេតុនេះសមត្ថកិច្ចបានឃាត់ខ្លួនពួកគេចំនួន ៧នាក់ ក្នុងនោះមានពលរដ្ឋវៀតណាម មួយចំនួនទៀតបានរត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។ លោកបន្តថា ជនជាតិខ្មែរពីរនាក់ក៏ត្រូវឃាត់ខ្លួនក្នុងបទផ្តល់មធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ ក្នុងនោះម្នាក់ជាម្ចាស់គោយន្តច្នៃ និងម្នាក់ទៀតជាអ្នកបើកបរ៖ «វាមកអារឈើកំពុងតែអារកាប់ឈើ មានគោយន្តកែច្នៃមួយគ្រឿងរបស់ខ្មែរយើងដែលស៊ីឈ្នួលដឹកសម្ភារដឹកកម្លាំងណា! កម្លាំងយើងចុះទៅហ៊ុមព័ទ្ធចាប់បាន ៧នាក់ ហើយមានបួនប្រាំនាក់ទៀតរត់គេចខ្លួន»។
កាលពីថ្ងៃទី១៨ ខែមីនា ប៉ូលិសការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី បានចាប់ឃាត់ខ្លួនពលរដ្ឋវៀតណាម ចំនួន ៨នាក់ក្នុងបទល្មើសជាក់ស្តែងចូលក្នុងភូមិសាស្ត្រតំបន់ព្រៃសហគមន៍ ក្នុងឃុំយ៉ាទុង និងរឹបអូសម៉ាស៊ីនកាត់ឈើ ៥គ្រឿង រួមទាំងត្រាក់ទ័រ ៣គ្រឿង ខណៈពួកគេគ្មានលិខិតឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែរ។
ចំណែកចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី សម្រេចឃុំខ្លួនជនជាតិវៀតណាម ទាំងនោះនៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន ដើម្បីបំពេញនីតិវិធីស៊ើបអង្កេតទៅលើជនជាប់ចោទទាំងនោះ ក្រោយពេលមន្ត្រីអយ្យការសម្រេចចោទប្រកាន់ជនជាតិវៀតណាម ពីបទឆ្លងដែនគ្មានលិខិតស្នាម និងប្រើប្រាស់គ្រឿងយន្តកាប់ឈើខុសច្បាប់ កាលពីថ្ងៃទី២១ ខែមីនា។
អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី លោក សារ៉ា បូរ៉ាន់ឌី បញ្ជាក់ថា មន្ត្រីស្នងការដ្ឋានប៉ូលិសបានបញ្ជូនជនសង្ស័យទាំង ៩នាក់មកដល់ដៃអយ្យការហើយនៅថ្ងៃទី២៩ ខែមីនា។ លោកថា ជនជាប់ចោទទាំងអស់កំពុងឋិតក្រោមការសាកសួររបស់មន្ត្រីអយ្យការ ទាក់ទិនការឆ្លងដែនខុសច្បាប់ និងប្រព្រឹត្តបទល្មើសព្រៃឈើ៖ «យើងនឹងបើកការស៊ើបសួរឥឡូវល្ងាចហើយ យើងរៀបចំអត់ទាន់។ យើងនឹងរៀបចំនៅថ្ងៃស្អែក»។
ចាប់ពីដើមឆ្នាំ២០១៧ បទល្មើសព្រៃឈើនៅតំបន់ព្រំដែនខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម កើតមានឡើងវិញស្របពេលដែលសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានជាបន្តបន្ទាប់។
មន្ត្រីឃ្លាំមើលព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខុន្នី កត់សម្គាល់ថា ការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែននេះ បង្ហាញឲ្យឃើញថា សមត្ថកិច្ចពាក់ព័ន្ធបានព្យាយាមអនុវត្តច្បាប់ព្រៃឈើបានត្រឹមត្រូវ និងបង្ហាញពីការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
លោកសំណូមពរឲ្យមន្ត្រីតុលាការ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនទាំងឡាយ រួមទាំងអ្នកផ្សំគំនិតទាក់ទិនការកាប់បំផ្លាញព្រៃឈើ បើទោះបីជននោះជាជនបរទេសក៏ដោយ៖ «យើងសាទរដែរចំពោះមន្ត្រីអាជ្ញាធរដែលគាត់ចុះបង្ក្រាបបទល្មើសព្រៃឈើដែលគាត់មានតួនាទី និងកាតព្វកិច្ចចំពោះជនជាតិណាក៏ដោយ ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង កុំឲ្យគាត់ចេះតែចូលមកទន្ទ្រានព្រៃខ្មែរតទៅទៀត»។
រហូតមកទល់នឹងរសៀលថ្ងៃទី២៩ ខែមីនា ជនជាប់ចោទទាំង ៩នាក់ ឋិតក្នុងនីតិវិធីសាកសួររបស់មន្ត្រីអយ្យការ មិនទាន់ចប់នៅឡើយ។ ការសាកសួរនឹងគ្រោងធ្វើបន្តទៅថ្ងៃទី៣០ ខែមីនា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment