Tuesday, 23 May 2017

លោក កឹម សុខា ពន្យល់​ពី​អត្ថន័យ​ពាក្យ «ដូរ​ឬ​មិន​ដូរ» ដល់​អ្នក​គាំទ្រ​នៅ​ខេត្ត​ព្រះសីហនុ


ដោយ ដែន អយុធ្យា
2017-05-22

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ស្ដាំ) ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ស្ដាំ) ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨។
 RFA/Den Ayuthyea



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នា​ឱកាស​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​ខេត្ត​ព្រះសីហនុ បាន​ពន្យល់​អត្ថន័យ​នៃ​ពាក្យ «ដូរ ឬ​មិន​ដូរ» ដល់​សមាជិក​គាំទ្រ​ក្នុង​ខេត្ត​នេះ និង​បាន​ព្រលយ​លុប​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចោល ដោយ​ផ្តល់​ជំនួស​មក​វិញ​នូវ​ថវិកា​ជាតិ​ជូន​ឃុំ-សង្កាត់​ទាំងអស់​នៅ​ទូទាំង​ប្រទេស ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ បាន​ដឹកនាំ​ប្រទេស​នា​ថ្ងៃ​ខាង​មុខ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ អ្នក​សង្កេតការណ៍​បោះឆ្នោត​ខេត្ត​ព្រះសីហនុ អះអាង​ថា មាន​ដំណើរការ​ល្អ។



គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង បាន​បើក​យុទ្ធនាការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​ទៅ​តាម​រូបភាព​ផ្សេងៗ​គ្នា ដោយ​មាន​ទាំង​រៀបចំ​ពិធី​ជួបជុំ​នៅ​តាម​ទីស្នាក់ការ​បក្ស និង​ហែ​ក្បួន​ឃោសនា​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន និង​បាន​ឃោសនា​អួត​ពី​សមិទ្ធផល និង​គោល​នយោបាយ​ល្អ​របស់​គណបក្ស​នីមួយៗ ដើម្បី​សុំ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។

យុទ្ធនាការ​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះ​មក​ឃោសនា​រក​សំឡេង​ឆ្នោត​រយៈពេល ២​ថ្ងៃ តាម​ឃុំ-សង្កាត់​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ថា បើ​បក្ស​នេះ​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ បាន​ដឹកនាំ​ប្រទេស នឹង​លុប​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចោល ព្រោះ​មិន​បាន​បម្រើ​ដល់​ប្រយោជន៍​ពលរដ្ឋ និង​ចាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ៖ «មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ហើយ​ទៅ​ធ្វើ​បាប​អ្នក​ចាញ់​ទេ មិន​មែន​អ្នក​ឈ្នះ​ទៅ​រាំ​បទ​ញី​កែងជើង ហើយ​អ្នក​ចាញ់​ដេក​គុក​ទេ គឺ​មិន​មែន​អ៊ីចឹង​ទេ។ សង្គ្រោះ​ជាតិ ឈ្នះ គឺ​ខ្មែរ​អ្នក​ឈ្នះ​ទាំងអស់​គ្នា។ អ្នក​ចាញ់​ក៏​ឈ្នះ អ្នក​ឈ្នះ​ក៏​ឈ្នះ គឺ​ខ្មែរ​សុខ​ទាំងអស់​គ្នា»។

លោក កឹម សុខា បាន​ពន្យល់​អត្ថន័យ​ពាក្យ «ដូរ ឬ​មិន​ដូរ» ទៅ​សមាជិក​គាំទ្រ​រាប់​រយ​នាក់​នៅ​តាម​មូលដ្ឋាន​នីមួយៗ។ លោក​ថា ពាក្យ​ដូរ​ក្នុង​ន័យ​នេះ គឺ​ចង់​សំដៅ​ទៅ​លើ​សកម្មភាព​នា​ថ្ងៃ​អនាគត ត្រូវ​ដូរ​មេ​ឃុំ ចៅ​សង្កាត់​មិន​ស្អាតស្អំ ដាក់​ជំនួស​មេ​ឃុំ ចៅ​សង្កាត់​អ្នក​ស្អាតស្អំ ឬ​មិន​បក្សពួក​និយម ហើយ​សកម្មភាព​ការងារ​ជួយ​ដល់​ទុក្ខ​កង្វល់​ពលរដ្ឋ ជាដើម៖ «ដាក់​មេ​ឃុំ​ដែល​ធ្វើ​លិខិត​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា។ ដូរ ឬ​មិន​ដូរ​បង​ប្អូន? ដូរៗៗៗ គ្រាន់​តែ​ពាក្យ​ថា​ដូរ​ប៉ុណ្ណឹង​សោះ ខឹង​ដែរ?»។

ប្រតិកម្ម​របស់​លោក ផៃ ស៊ីផាន ទាក់ទង​ការ​លើក​ឡើង​របស់​លោក កឹម សុខា រឿង​លុប​ក្រសួង​អភិវឌ្ឍន៍​ជនបទ ចោល នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ដោយ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​នាំ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មតិ​សាធារណជន ជាពិសេស​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ។

លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​ការ​ប្រកាស​លុប​ចោល​ក្រសួង​អភិវឌ្ឍន៍​ជនបទ ថា​មិន​ខុស​គ្នា​ពី​យុទ្ធនាការ​បំបែក​ឆ្នាំង​បាយ និង​បំផ្លាញ​ជីវភាព​កម្មករ​កម្ពុជា ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី បាន​ញុះញង់​កុំ​ឲ្យ​អ្នក​បណ្ដាក់ទុន​របស់​សហគមន៍​បរទេស​មក​កាន់​កម្ពុជា កន្លង​មក​ដែរ។

លោក ផៃ ស៊ីផាន បាន​ចោទ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​មាន​បំណង​បំផ្លាញ​ជីវភាព​នៃ​ការ​រីក​ចម្រើន​របស់​ប្រជា​កសិករ​នៅ​តាម​ទី​ជនបទ​នា​ថ្ងៃ​អនាគត។

អ្នក​អង្កេត​ការណ៍​បោះឆ្នោត​អង្គការ​ខុមហ្វ្រែល (COMFREL) អ្នកស្រី ជៀប សុធារី និង​ជា​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ថា កម្មវិធី​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ​មាន​ដំណើរការ​ល្អ ដោយ​គ្មាន​វិវាទ​អ្វី​កើត​ឡើង​នោះ​ទេ។ អ្នកស្រី​ផ្តល់​តម្លៃ​ខ្ពស់​ទៅ​លើ​សកម្មភាព​ដឹកនាំ​របស់​តំណាង​គណបក្ស​នយោបាយ​នីមួយៗ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​ទីប្រជុំជន រហូត​ដល់​មូលដ្ឋាន​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ភាព​ចាស់​ទុំ និង​មាន​សុជីវធម៌​ខាង​នយោបាយ​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ។

អ្នកស្រី សុធារី អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា មក សកម្មភាព​ចុះ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​ខេត្ត​ព្រះសីហនុ មាន​ដំណើរការ​រលូន និង​មាន​កម្លាំង​នគរបាល បាន​ដាក់​ពង្រាយ​នៅ​តាម​មូលដ្ឋាន​នីមួយៗ​រង់ចាំ​ការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់ធ្នាប់​ពេល​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ ជាដើម។

នា​ឱកាស​ជួបជុំ​សមាជិក​គាំទ្រ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២១ ខែ​ឧសភា នា​ទីស្នាក់ការ​ធំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក កឹម សុខា បាន​លើក​យក​គោល​នយោបាយ ឬ​ចំណុច​ល្អ​ចំនួន​៥ របស់​គណបក្ស​នេះ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ជា​មេ​ឃុំ ចៅ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា មាន​ដូចជា ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ឃុំ-សង្កាត់ លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍ​ដោយ​ធានា​ការ​ការពារ​ធនធាន​ធម្មជាតិ​សម្រាប់​ប្រជាពលរដ្ឋ ផ្តល់​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​រើសអើង មិន​ពុក​រលួយ ធានា​ការពារ​សន្តិសុខ​ដោយ​ទប់ស្កាត់​បំបាត់​គ្រឿង​ញៀន ល្បែង​ស៊ី​សង និង​ចោរកម្ម និង​វិមជ្ឈការ​អំណាច​សេវា​សាធារណៈ ហើយ​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស នឹង​ទទួល​បាន​ថវិកា ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អភិវឌ្ឍ​ឃុំ-សង្កាត់​នីមួយៗ តាម​រយៈ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មាន​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។ ខេត្ត​ព្រះសីហនុ មាន​គណបក្ស​នយោបាយ​ចំនួន ៥ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

1 comment:

Anonymous said...

What kind of Defense of Minister Ah Kandor Krun Tea Banh is?

He is even afraid of the word change.

Ah Kandor Krun Tea Banh !!