Tuesday, 23 May 2017
លោក កឹម សុខា ពន្យល់ពីអត្ថន័យពាក្យ «ដូរឬមិនដូរ» ដល់អ្នកគាំទ្រនៅខេត្តព្រះសីហនុ
ដោយ ដែន អយុធ្យា
2017-05-22
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) ថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
RFA/Den Ayuthyea
ប្រធានគណបក្សសង្គ្រោះជាតិ នាឱកាសចុះឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នាខេត្តព្រះសីហនុ បានពន្យល់អត្ថន័យនៃពាក្យ «ដូរ ឬមិនដូរ» ដល់សមាជិកគាំទ្រក្នុងខេត្តនេះ និងបានព្រលយលុបក្រសួងអភិវឌ្ឍន៍ជនបទ ចោល ដោយផ្តល់ជំនួសមកវិញនូវថវិកាជាតិជូនឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍមូលដ្ឋាន បើសិនគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ បានដឹកនាំប្រទេសនាថ្ងៃខាងមុខ។
យុទ្ធនាការឃោសនាបោះឆ្នោតនេះ អ្នកសង្កេតការណ៍បោះឆ្នោតខេត្តព្រះសីហនុ អះអាងថា មានដំណើរការល្អ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ និងខេត្តកោះកុង បានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំទៅតាមរូបភាពផ្សេងៗគ្នា ដោយមានទាំងរៀបចំពិធីជួបជុំនៅតាមទីស្នាក់ការបក្ស និងហែក្បួនឃោសនាតាមមូលដ្ឋានរៀងៗខ្លួន និងបានឃោសនាអួតពីសមិទ្ធផល និងគោលនយោបាយល្អរបស់គណបក្សនីមួយៗ ដើម្បីសុំការគាំទ្រពីម្ចាស់ឆ្នោត។
យុទ្ធនាការនេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចុះមកឃោសនារកសំឡេងឆ្នោតរយៈពេល ២ថ្ងៃ តាមឃុំ-សង្កាត់មួយចំនួននាខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា បានប្រកាសប្រាប់អ្នកគាំទ្រថា បើបក្សនេះឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ បានដឹកនាំប្រទេស នឹងលុបក្រសួងអភិវឌ្ឍន៍ជនបទ ចោល ព្រោះមិនបានបម្រើដល់ប្រយោជន៍ពលរដ្ឋ និងចាយថវិកាជាតិខ្ជះខ្ជាយ៖ «មិនមែនគណបក្សសង្គ្រោះជាតិ ឈ្នះហើយទៅធ្វើបាបអ្នកចាញ់ទេ មិនមែនអ្នកឈ្នះទៅរាំបទញីកែងជើង ហើយអ្នកចាញ់ដេកគុកទេ គឺមិនមែនអ៊ីចឹងទេ។ សង្គ្រោះជាតិ ឈ្នះ គឺខ្មែរអ្នកឈ្នះទាំងអស់គ្នា។ អ្នកចាញ់ក៏ឈ្នះ អ្នកឈ្នះក៏ឈ្នះ គឺខ្មែរសុខទាំងអស់គ្នា»។
លោក កឹម សុខា បានពន្យល់អត្ថន័យពាក្យ «ដូរ ឬមិនដូរ» ទៅសមាជិកគាំទ្ររាប់រយនាក់នៅតាមមូលដ្ឋាននីមួយៗ។ លោកថា ពាក្យដូរក្នុងន័យនេះ គឺចង់សំដៅទៅលើសកម្មភាពនាថ្ងៃអនាគត ត្រូវដូរមេឃុំ ចៅសង្កាត់មិនស្អាតស្អំ ដាក់ជំនួសមេឃុំ ចៅសង្កាត់អ្នកស្អាតស្អំ ឬមិនបក្សពួកនិយម ហើយសកម្មភាពការងារជួយដល់ទុក្ខកង្វល់ពលរដ្ឋ ជាដើម៖ «ដាក់មេឃុំដែលធ្វើលិខិតជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។ ដូរ ឬមិនដូរបងប្អូន? ដូរៗៗៗ គ្រាន់តែពាក្យថាដូរប៉ុណ្ណឹងសោះ ខឹងដែរ?»។
ប្រតិកម្មរបស់លោក ផៃ ស៊ីផាន ទាក់ទងការលើកឡើងរបស់លោក កឹម សុខា រឿងលុបក្រសួងអភិវឌ្ឍន៍ជនបទ ចោល នៅពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ដោយចាត់ទុកការលើកឡើងនេះនាំឲ្យភ្ញាក់ផ្អើលដល់មតិសាធារណជន ជាពិសេសបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ។
លោក ផៃ ស៊ីផាន បានចាត់ទុកការប្រកាសលុបចោលក្រសួងអភិវឌ្ឍន៍ជនបទ ថាមិនខុសគ្នាពីយុទ្ធនាការបំបែកឆ្នាំងបាយ និងបំផ្លាញជីវភាពកម្មករកម្ពុជា ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានញុះញង់កុំឲ្យអ្នកបណ្ដាក់ទុនរបស់សហគមន៍បរទេសមកកាន់កម្ពុជា កន្លងមកដែរ។
លោក ផៃ ស៊ីផាន បានចោទមេដឹកនាំគណបក្សសង្គ្រោះជាតិ ថាមានបំណងបំផ្លាញជីវភាពនៃការរីកចម្រើនរបស់ប្រជាកសិករនៅតាមទីជនបទនាថ្ងៃអនាគត។
អ្នកអង្កេតការណ៍បោះឆ្នោតអង្គការខុមហ្វ្រែល (COMFREL) អ្នកស្រី ជៀប សុធារី និងជាអ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ផ្តល់សម្ភាសថា កម្មវិធីឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗមានដំណើរការល្អ ដោយគ្មានវិវាទអ្វីកើតឡើងនោះទេ។ អ្នកស្រីផ្តល់តម្លៃខ្ពស់ទៅលើសកម្មភាពដឹកនាំរបស់តំណាងគណបក្សនយោបាយនីមួយៗ ជាពិសេសគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទាំងនៅទីប្រជុំជន រហូតដល់មូលដ្ឋាននានាទូទាំងខេត្តព្រះសីហនុ បានបង្ហាញភាពចាស់ទុំ និងមានសុជីវធម៌ខាងនយោបាយក្នុងតួនាទីជាអ្នកដឹកនាំ។
អ្នកស្រី សុធារី អះអាងថា ចាប់តាំងពីថ្ងៃទី២០ ខែឧសភា មក សកម្មភាពចុះឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នាខេត្តព្រះសីហនុ មានដំណើរការរលូន និងមានកម្លាំងនគរបាល បានដាក់ពង្រាយនៅតាមមូលដ្ឋាននីមួយៗរង់ចាំការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ពេលហែក្បួនតាមផ្លូវសាធារណៈ ជាដើម។
នាឱកាសជួបជុំសមាជិកគាំទ្រកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា នាទីស្នាក់ការធំគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ លោក កឹម សុខា បានលើកយកគោលនយោបាយ ឬចំណុចល្អចំនួន៥ របស់គណបក្សនេះ នៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះជាមេឃុំ ចៅសង្កាត់នៅថ្ងៃទី៤ ខែមិថុនា មានដូចជា ផ្តល់សិទ្ធិអំណាចជូនប្រជាពលរដ្ឋក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍដោយធានាការការពារធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនពុករលួយ ធានាការពារសន្តិសុខដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងស៊ីសង និងចោរកម្ម និងវិមជ្ឈការអំណាចសេវាសាធារណៈ ហើយឃុំ-សង្កាត់នៅទូទាំងប្រទេស នឹងទទួលបានថវិកា ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់អភិវឌ្ឍឃុំ-សង្កាត់នីមួយៗ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ ខេត្តព្រះសីហនុ មានគណបក្សនយោបាយចំនួន ៥ បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕
Subscribe to:
Post Comments (Atom)
1 comment:
What kind of Defense of Minister Ah Kandor Krun Tea Banh is?
He is even afraid of the word change.
Ah Kandor Krun Tea Banh !!
Post a Comment