Wednesday, 2 August 2017
ក្រុមអ្នកអភិរក្សរកឃើញសម្បុកត្រយងយក្ស១៩សម្បុកក្នុងខេត្តព្រះវិហារ
ដោយ សន ចាន់រដ្ឋា
2017-08-02
សត្វត្រយងយក្ស នៅខេត្តព្រះវិហារ។
Provided photo
ក្រុមអ្នកអភិរក្សរកឃើញសម្បុកត្រយងយក្សចំនួន ១៩សម្បុកនៅតំបន់ខ្ពង់រាបភាគខាងជើងស្ថិតក្នុងខេត្តព្រះវិហារ។ សេចក្តីប្រកាសព័ត៌មានរបស់សមាគមអភិរក្សសត្វព្រៃ ដែលចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឲ្យដឹងថា គិតត្រឹមខែសីហា នេះ ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃ និងប្រជាសហគមន៍ រកឃើញសម្បុកត្រយងយក្សទាំង ១៩សម្បុក ក្នុងនោះ ១៤សម្បុករកឃើញក្នុងដែនជម្រកសត្វព្រៃឆែប ចំណែក ៥សម្បុកផ្សេងទៀតរកឃើញក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
សត្វត្រយងយក្ស គឺជាសត្វជិតផុតពូជបំផុតនៅលើពិភពលោក ខណៈចំនួនរបស់វាមានតិចជាង ២០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ វត្តមានសត្វត្រយងយក្ស គឺមានរស់នៅក្នុងប្រទេសឡាវ វៀតណាម ថៃ និងភាគច្រើននៅប្រទេសកម្ពុជា។
កម្ពុជា បានជ្រើសយកសត្វត្រយងនេះជានិមិត្តសញ្ញាតំណាងឲ្យប្រទេសកម្ពុជា ក្នុងប្រភេទសត្វស្លាប។
ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃឆែប លោក ថោង សុខា បញ្ជាក់ថា ក្រុមអ្នកអភិរក្សកំពុងបន្តស្វែងរកសម្បុករបស់សត្វត្រយងយក្សបន្ថែមទៀត ទាំងនៅក្នុងដែនជម្រកសត្វព្រៃទាំងពីរ។ លោកសង្ឃឹមថា ក្រុមអ្នកអភិរក្សនឹងរកឃើញបន្ថែមទៀតនៅអំឡុងពេលសត្វត្រយងយក្សនេះពងកូនចាប់ពីខែមិថុនា រហូតដល់ខែកញ្ញា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment