Wednesday, 2 August 2017
បក្សប្រឆាំងបញ្ជាក់ជំហរពីភាពស្អាតស្អំក្នុងការធ្វើនយោបាយមិនដូចការចោទប្រកាន់
ដោយ ម៉ម មុនីរតន៍
2017-08-02
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Brach Chev
RFA/Brach Chev
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរថា ការធ្វើនយោបាយរបស់បក្សប្រឆាំង គឺមិនបន្លែបន្លំ ឬធ្វើនយោបាយក្នុងអំពើទុច្ចរិតឡើយ។ ការឆ្លើយតបនៅពេលនេះរបស់គណបក្សប្រឆាំង ក្រោយពេលដែលលោក ហ៊ុន សែន ព្រមានថា បក្សដែលត្រូវគេកម្ទេចមុនគេដោយធ្វើនយោបាយចង់ចំណេញតាមរយៈការចុះផ្សាយពីការស្លាប់របស់លោកនោះ គឺបក្សប្រឆាំងទៅវិញទេ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ពីភាពស្អាតស្អំផ្ទៃក្នុងបក្សថា ចាប់ពីថ្នាក់កំពូលរហូតដល់មូលដ្ឋាន គណបក្សពុំបានណែនាំដល់សកម្មជន និងអ្នកគាំទ្រធ្វើនយោបាយក្នុងអំពើស្មោកគ្រោក ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រីធ្លាប់ព្រមានជាញឹកញាប់នោះទេ។
ការឆ្លើយតបនៅពេលនេះរបស់គណបក្សប្រឆាំង ក្រោយពេលមួយថ្ងៃដែលលោកនាយករដ្ឋមន្ត្រីព្រមានពីគ្រោះអាក្រក់ដល់ជោគវាសនាបក្សប្រឆាំង ប្រសិនបើបក្សនេះនៅតែស្រមើស្រមៃធ្វើនយោបាយប្រមាថអាយុជីវិតរបស់លោកទៀត។
ទាក់ទិនរឿងនេះ ត្រូវបានអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា ប្រសិនបើបក្សកាន់អំណាចសង្ស័យថា ចលនានយោបាយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជា ឬមេដឹកនាំបក្សកាន់អំណាចណាមួយនោះ វាពុំមែនជាគោលជំហរ និងចេតនានយោបាយរបស់បក្សប្រឆាំងឡើយ។ ជាងនេះទៀត គណបក្សសង្គ្រោះជាតិ មានគោលការណ៍ដ៏ត្រឹមត្រូវក្នុងក្របខ័ណ្ឌគោលនយោបាយ សុចរិតភាព និងវិជ្ជាជីវៈ។ លោកបន្តថា «គណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិ ប្រកាន់ភ្ជាប់នូវការតស៊ូដោយសន្តិវិធី ដោយអហិង្សា ដោយសុចរិតភាព និងដោយក្រមសីលធម៌។ ដូច្នេះ បុគ្គលណាមានមតិយ៉ាងម៉េច អាហ្នឹងទៅទំនាក់ទំនងជាមួយបុគ្គលហ្នឹងទៅ។ ប៉ុន្តែចំពោះគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយសកម្មជនគណបក្សសង្គ្រោះជាតិ មិនត្រូវបានអនុញ្ញាតឲ្យធ្វើបែបនេះទេ»។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតរាប់ពាន់នាក់នៅកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១ សីហា លោកនាយករដ្ឋមន្ត្រីបានព្រមានចាត់វិធានការជាថ្មីទៀតចំពោះមេដឹកនាំបក្សប្រឆាំង ប្រសិនបើនៅតែបើកផ្លូវឲ្យសកម្មជន និងអ្នកគាំទ្រ រៀនធ្វើនយោបាយវាយប្រហារតាមរយៈការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយប្រមាថអាយុជីវិតលោកតទៅទៀត។
ការព្រមានពីគ្រោះអាក្រក់របស់លោក ហ៊ុន សែន ចំពោះជោគវាសនាបក្សប្រឆាំង មិនខុសពីលើកមុនៗនោះទេ ត្រូវបានអ្នកវិភាគសង្គម និងនយោបាយយល់ឃើញថា អាចមានកត្តា ២សំខាន់ដែលនាំឲ្យអ្នកនយោបាយជាន់ដីផ្អៀងបាន ក្នុងនោះឥទ្ធិពលនយោបាយគ្របដណ្ដប់ទៅលើប្រព័ន្ធច្បាប់ទាំងឡាយ និងចំណុចទី២ អ្នកនយោបាយនៅមិនទាន់ស្គាល់តម្លៃប្រជាធិបតេយ្យពិតប្រាកដ។
អ្នកជំនាញផ្នែកអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល មានប្រសាសន៍ថា កាលណាអ្នកនយោបាយនៅមានសីលធម៌ទាប ឃើញអំណាចជាដុំមាសពេជ្រ និងមិនខ្វល់ថាពលរដ្ឋជាអ្នកផ្ដល់អំណាចឲ្យទេ បញ្ហារឿងរំលោភអំណាចនៅក្នុងសង្គមនៅតែជារឿងថ្មីដដែល។ សំខាន់ជាងនេះទៀត គឺតុលាការ។ លោកបណ្ឌិត ចាន់ វិបុល យល់ឃើញថា ដរាបណាតុលាការមិនឯករាជ្យ ហើយច្បាប់ទាំងឡាយនៅតែមិនស្ថិតនៅកំពូលទេ នោះនឹងធ្វើឲ្យអ្នកនយោបាយដែលមានប្រៀបជាង នៅតែមានទីលានប្រកួតប្រជែងផ្នែកនយោបាយ អាចធ្វើអ្វីបានតាមចិត្ត។ លោកបន្តថា «ហេតុអីបានយើងចាត់ទុកថាអំណាចឯករាជ្យរបស់តុលាការ ពីព្រោះថានៅពេលដែលតុលាការឯករាជ្យ។ អ៊ីចឹងអ្នកនយោបាយមិនធ្វើអ្វីតាមតែអំពើចិត្តបាន»។
មន្ត្រីក្នុងជួររដ្ឋាភិបាលសព្វថ្ងៃរងការរិះគន់ថា ជាអ្នកនយោបាយពេលនិយាយស្ដីមិនសូវមានសីលធម៌។ ក្រៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រើសម្ដីធំៗ និងគំរាមចាត់វិធានការសង្គមស៊ីវិល និងបក្សប្រឆាំងហើយ គេសង្កេតឃើញថា ឥរិយាបថនយោបាយដូចគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏ធ្លាប់គំរាមជាសាធារណៈថា នឹងវាយអ្នកតវ៉ាឲ្យបាក់ធ្មេញ។
ការគំរាមកំហែងដែលធ្លាប់តែរងការរិះគន់ថា អាចកើតឡើងតែក្នុងក្របខ័ណ្ឌយោធាទេ ប៉ុន្តែថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ដែលជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលស្ថិតក្នុងក្របខ័ណ្ឌស៊ីវិល ក៏ព្រមានសំពងក្បាលនឹងគល់ឫស្សីចំពោះសកម្មជនគណបក្សប្រឆាំងណាដែលនឹងតវ៉ាអំពីលទ្ធផលឆ្នោតឆ្នាំ២០១៨ ដែលមិនទាន់មកដល់នៅឡើយផងនោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment