Wednesday, 2 August 2017

តុលាការ​ខេត្ត​តាកែវ​ឃុំ​ខ្លួន​បុរស​បង្ហោះ​ព័ត៌មាន​វៀតណាម​ចាប់​ក្មេង​ជា​បណ្ដោះអាសន្ន


ដោយ វ៉ាន វណ្ណដេត
2017-08-02

សាលា​ដំបូង​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧
សាលា​ដំបូង​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧
 RFA/Yang Chandara



ម្ចាស់​គណនី​ហ្វេសប៊ុក (facebook) ឈ្មោះ ឡា ឆាយ៉ា «La chhaya» គឺ​លោក លី ឆៃយ៉ា ដែល​សមត្ថកិច្ច​ចោទ​ថា​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា មាន​ជនជាតិ​វៀតណាម ដើរ​ចាប់​ក្មេង​នៅ​ខេត្ត​តាកែវ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​ចប់​សព្វគ្រប់។



អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​តាកែវ លោក លឹម សុខន ឲ្យ​ដឹង​ថា តាម​របាយការណ៍​សមត្ថកិច្ច ជន​សង្ស័យ​ឈ្មោះ លី ឆៃយ៉ា ដែល​បង្ហោះ​ព័ត៌មាន​វៀតណាម ចាប់​ក្មេង គឺ​ជា​ពូ​របស់​ក្មេង​ស្រី​រងគ្រោះ៖ «បាទ! គេ​បញ្ជូន​ទៅ​ចៅក្រម​ហើយ​ណា! ចៅក្រម​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន»។

សមត្ថកិច្ច​ខេត្ត​តាកែវ បាន​ចោទ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឡា ឆាយ៉ា «La chhaya» ពី​បទ​ក្លែង​ឯកសារ និង​ញុះញង់។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឡា ឆាយ៉ា «La chhaya» លោក លី ឆៃយ៉ា កាល​ពី​ចុង​ខែ​កក្កដា បាន​បង្ហោះ​វីដេអូ​ឃ្លីប​ថា មាន​ករណី​ជនជាតិ​វៀតណាម ដើរ​ចាប់​ក្មេង​នៅ​ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ។ ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ដល់​លំនៅឋាន​ក្មេង​ស្រី​នៅ​ភូមិ​ស្វាយទង ឃុំ​ខ្វាវ ស្រុក​សំរោង តែ​បញ្ជាក់​ថា​មិន​មែន​ជា​រឿង​ពិត និង​ជា​ករណី​យល់​ច្រឡំ។

សង្គម​ស៊ីវិល​ស្នើ​គួរ​តែ​អប់រំ ឬ​ព្រមាន​ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​សុំ​ទោស​ជា​សាធារណៈ ជាជាង​ការ​ប្ដឹង​ផ្តល់ និង​កាត់​ទោស​ដាក់​ពន្ធនាគារ៕

No comments: